​ព្យុះ​ថ្មី​ចំនួន​ពីរ​កើតមាន​ព្រម​ពេល​ជាមួយគ្នា​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​បន្ត​

269
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ព្យុះ​ទី​១៣​និង​ព្យុះ​ទី​១៤​ដែល​បាន​កើតមានឡើង​ព្រម​ពេល​ជាមួយគ្នា​មិនបាន​ស្រូប​ទាញ​ខ្លាំង​ដល់​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​នោះទេ​ទើប​ធ្វើឱ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយប៉ាយ​ល្អ​ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​នៅក្នុង​ប្រទេស​កម្ពុជា​ជាពិសេស​តំបន់​មាត់សមុទ្រ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២​ខែកញ្ញា​ថា​ព្យុះ​ទី​១៣​មានឈ្មោះ​លីង​លីង​(LINGLING)​ដែល​កើតមាន​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន​។​មានដំណើរ​ទៅរក​កោះ​តៃវ៉ាន់​ឯ​វិ​សម្ពាធ​(TD)​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​កោះ​ហៃណាំ​នឹង​វិ​វត្ត​ទៅជា​ព្យុះ​ទី​១៤​នាពេល​បន្ទាប់​នឹងមាន​ដំណើរ​ទៅរក​ហុងកុង​គ្មាន​ឥទ្ធិពល​អ្វី​ខ្លាំង​មកលើ​តំបន់​អាង​ទន្លេមេគង្គ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ព្យុះ​និង​វិ​សម្ពាធ​ខាងលើ​មិនមាន​កម្លាំង​ស្រូប​ខ្លាំង​ដល់​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ)​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​នោះទេ​ដូច្នេះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ច្រើន​នៅ​តំបន់​នោះ​។​នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ​ដែរ​ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​។​ទឹកទន្លេ​មេគង្គ​នៅ​ភាគ​ខាងលើ​ស្រក​ចុះ​បន្តិច​នៅពេល​មួយថ្ងៃ​ឬ​ពីរ​ខាង​មុខតែ​វា​នឹង​ងើប​ឡើងវិញ​បន្ទាប់ពី​ព្យុះ​ទី​១៣​និង​១៤​រលាយ​ទៅវិញ​។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​ជូនដំណឹង​បន្ថែម​ស្តីពី​ស្ថានភាព​អាកាសធាតុ​ថា​ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ទទួលរង​ឥទ្ធិពល​ពី​ជ្រ​ល​សម្ពាធ​ទាប​(ITCZ)​ដែល​អូសបន្លាយ​លើ​ប្រទេស​ថៃ​ឡាវ​និង​វៀតណាម​។​ការកកើតឡើង​នូវ​វិ​សម្ពាធ​(TD)​រហូតដល់​ទៅ​ពីរ​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​មួយ​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​អាច​បំ​ផ្លែង​ខ្លួន​ទៅជា​ព្យុះ​នាពេលខាងមុខ​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​អាកាសធាតុ​ដូចខាងលើ​ធ្វើឱ្យ​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៩​ខែកញ្ញា​នៅ​បណ្តា​ខេត្ត​ក្រុង​នានា​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​។​នៅ​ថ្ងៃទី​៣​និង​ទី​៤​ខែកញ្ញា បណ្តា ខេត្ត​នៅ​ភាគ​ពាយព្យ​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរ៉ែក​និង​ខ្ពង់រាប​ភាគ​ឦសាន​ដែលមាន​ព្រំ ប្រទល់​ជាប់​ប្រទេស​វៀតណាម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​ចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៩​ខែកញ្ញា​បរិមាណ ភ្លៀង​កាន់តែ​កើនឡើង ក្នុង​កម្រិត ពី​បង្គួរ​ទៅ ច្រើន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​បណ្តា​ខេត្ត​នៅជាប់​មាត់សមុទ្រ​ជាពិសេស​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​និង​រលក​ខ្លាំង​ពិសេស​ពីថ្ងៃ​ទី​៤​ដល់​ថ្ងៃទី​៧​ខែកញ្ញា​។​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​យោងតាម​ការ​ព្យាករ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​សាធារណៈជន​ជ្រាប​និង​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ចំពោះ​បាតុភូត​ទឹកជំនន់ ភ្លៀងខ្យល់​ផ្គរ​រន្ទះ​និង​រលក​សមុទ្រ​បោក​ប់​ខ្លាំង​៕S/

​ផ្លូវលំ​ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ត្រូវបាន​ដាច់​ដោយសារ​ទឹក​ហូរ​កាត់​លើ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​កម្រិត​ជាង​២០០​មី​លី​ម៉ែត្រ​(​ធនធានទឹក​)​ច្រាំងទន្លេ​មេគង្គ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​បាក់​ជា​បន្តបន្ទាប់​មកដល់​ផ្លូវ​ដោយសារ​មុខទឹក​បុក​ចំ​

#