​ព្យុះ​ទី​៥​កើតឡើង​បន្ទាប់​ព្យុះ​ទី​៤​រលាយ​ធ្វើឱ្យ​លើ​ផ្ទៃសមុទ្រ​កម្ពុ​ជាមាន​រលក​ខ្ពស់ៗ​

973
ចែករម្លែក

​ដោយៈ​ប​.​ខុន​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ដល់​ប្រជា​នេសាទ​និង​អ្នកដំណើរ​តាម​សមុទ្រ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ព្រោះ​លើ​ផ្ទៃសមុទ្រ​ចាប់ពី​ថ្ងៃ​៨​ដល់​១៣​ខែមិថុនា​នឹងមាន​ភ្លៀង​និង​ខ្យល​បក់់​ខ្លាំង​ដែល​បង្ករ​ជា​រលក​សមុទ្រ​ខ្ពស់ៗ​បន្ទាប់ពី​ព្យុះ​ទី​៤​រលាយ​និង​មាន​ព្យុះ​ទី​៥​កើត​បាន​មាន​ឡើង​។​
​ ​
​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៨​ថា​កូន​ព្យុះ​ទី​៤​ឈ្មោះ​”​អី​វី​ណៀ​”EWINIAR​ដែល​បាន​វិវត្តន៍​មកពី​វិ​សម្ពាធ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​បានធ្វើ​ដំណើរ​ដល់​ក្បែរ​ឆ្នេរ​ភាគខាងត្បូង​ប្រទេស​ចិន និង ខាងជើង​កោះ​ហៃណាំ​។​ព្យុះ​នេះ​បាន​នឹង​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ​និង​សម្ពាធ​ទាប​នៅ​ថ្ងៃទី​៨​ខែមិថុនា​។​

មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ដោយឡែក​វិ​សម្ពាធ​មួយ​ដែល​បានកើត​មាន​នៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត​ប្រទេស​ហ្វីលីពីន​នោះ​នឹង​បន្ត​វិវត្តន៍​ទៅជា​ព្យុះ​ទី​៥​ដោយមាន​ឥទ្ធិពល​ស្រូប​ខ្លាំង​លើ​ប្រទេស​កម្ពុជា​។​

ស្ថានភាព​បែបនេះ​លោក​ចាន់​យុ​ត្ថា​បាន​បញ្ជាក់ថា​ធ្វើ​ឲ្យ​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ តែ​ខេត្ត​ដទៃទៀត​ភ្លៀង​មាន​ថមថយ​ចុះ​ជាពិសេស​ខេត្តកំពត តាកែវ កំពង់ស្ពឺ កណ្តាល និង រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​តិចតួច ចាប់ពី​ថ្ងៃទី​៨ ដល់ទី​១៥​ខែមិថុនា​ឆ្នាំ​២០១៨​។​

លោក​ចាន់​យុ​ត្ថា​និយាយ​ដោយ​អំពាវ​នា​ថា​ក្នុង​រយៈពេល​ខាងលើនេះ​ប្រជា​នេសាទ​និង​អ្នកដំណើរ​លើ​សមុទ្រ​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ព្រោះ​លើ​ផ្ទៃសមុទ្រ​នឹងមាន​ភ្លៀងខ្យល​បក់់​ខ្លាំង​ដែល​បង្ករ​ជា​រលក​សមុទ្រ​ខ្ពស់​ចាប់ពី​ថ្ងៃទី​៨​ដល់​១៣​ខែមិថុនា​ឆ្នាំ​២០១៨៕S/
​ ​