​ព្យុះ​ទី​៨​កើតមាន​បន្ទាប់ពី​ព្យុះ​វី​ផា​រំកិល​ទៅ​កៀក​ឆ្នេរសមុទ្រ​វៀតណាម​

225
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ្យល់​បាន​ថយឥទ្ធិពល​និង​ភ្លៀង​កម្រិត​ខ្សោយ​បាន​ធ្លាក់​រាយប៉ាយ​នៅ​ស្ទើរ​ទូទាំងប្រទេស​បន្ទាប់​ពី​ព្យុះ​វី​ផា​បាន​រំកិល​ទៅដល់​កៀក​ឆ្នេរ​ប្រទេស​វៀតណាម​ភាគ​ខាងជើង​ខណៈពេល​ព្យុះ​ទី​៨​ឈ្មោះ​FRANCISCO​បាន​កើតមានឡើង​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ដោយមាន​ដំណើរ​ទៅរក​ឧបទ្វីប​កូរ៉េ តែ​មិនទាន់មាន កម្លាំង​ស្រូប​ខ្លាំង​នៅឡើយ​ទេ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​ថា​ព្យុះ​វី​ផា​បា​រំកិល​ទៅជិត​ឆ្នេរ​របស់​ប្រទេស​វៀតណាម​ភាគ​ខាងជើង​។​ឡើងគោក​នៅក្រោម​(​ត្បូង​)​ទីក្រុង​ហាណូយ​នា​ថ្ងៃទី​៣​ខែសីហា​ដោយ​នៅតែ​ស្ថិតក្នុង​កម្រិត​ជា​កូន​ព្យុះ និង​ជា​វិ​សម្ពាធ​( TD)​ពេលទៅដល់​វៀង​ច​ន្ទ័​ប្រទេស​ឡាវ​នា​អំឡុង​ថ្ងៃទី​៥​ខែសីហា​។​

​ស្ថានភាព​ព្យុះ​ដូចខាងលើ​នេះ​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ថា​បានធ្វើឱ្យ​ខ្យល់​ថយឥទ្ធិពល​មក​នៅត្រឹម​ល្បឿន​១២​ម៉ែត្រ​ក្នុង​មួយ​វិនាទី​និង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​រាយប៉ាយ​ស្ទើរ​ទូទាំងប្រទេស​តែ​នៅ​តំបន់​មាត់សមុទ្រ​និង​តំបន់​ទំនាប​ភាគខាងត្បូង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​នៅក្រោយពេល​ព្យុះ​នេះ​រលាយ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ទាំង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹង​ផងដែរ​ថា​ព្រម​ពេល​ជាមួយគ្នា​នឹង​ព្យុះ​ទី​៧​បាន​រំ​កឹ​ល​ទៅជិត​ឆ្នេរ​របស់​ប្រទេស​វៀតណាម​នេះ​មាន​ព្យុះ​ទី​៨​ថ្មី​មួយទៀត​ឈ្មោះ​FRANCISCO​បាន​កើតមានឡើង​នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ដោយមាន​ដំណើរ​ទៅរក​ឧបទ្វីប​កូរ៉េ​តែ​ពេលនេះ​វា​ស្ថិតនៅ​ឆ្ងាយ​មិនទាន់​មិនទាន់មាន​កម្លាំង​ស្រូប​ខ្លាំង នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​រូបនេះ​បញ្ជាក់ថា​ប្រសិនបើ​ព្យុះ​ទី​៨​មាន​កម្លាំង​ស្រូប​ខ្លាំង​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ខ្សោយ​ទៅវិញ​ក្រោយពី​ព្យុះ​ទី​៧​រលាយ​និង​អាចមាន​ហ្វឺ​ន​កើតឡើង​ជាថ្មី​នៅ​តំបន់​ក្រោយ​ជួរ​ភ្នំក្រវាញ​។​ក្រុមមន្ត្រី​ជំនាញ​កំពុងធ្វើការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អាកាសធាតុ​ប្រែប្រួល​នេះ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៩​ខែកក្កដា​ដល់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៩​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​កាត់​ពីលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ​និង​ប្រទេស​ឡាវ​។​

ព្រម​ពេល​នៅ​ប៉ែក​ខាងលើ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នឹង​កកើត ព្យុះ ទី​៧​នឹង ធ្វើឱ្យ​ខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង​ស្វាយ រៀង ក្រចេះ​ព្រះវិហារ​ស្ទឹងត្រែង​មណ្ឌល​គី​រី​កោះកុង​និង​ខេត្ត​ព្រះសីហនុ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា ខេត្ត​ប៉ៃលិន បាត់ដំបង សៀម រាប បន្ទាយ​មាន​ជ​យ័ ឧ​ត្ត​រ​មាន​ជ​យ័​និង​ខេត្ត​រតនគីរី នឹង មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ខ្សោយ​។ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កណ្តាល​និង​រាជធានី​ភ្នំពេញ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៤​ខែសីហា​នៅ​តំបន់​មាត់សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់​៕S/​