​ព្យុះ​សុន​ការ​លាយ​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ច្រើន​ទឹកទន្លេ​មេគង្គ​ជន់​ខ្លាំង​

1080
ចែករម្លែក

​(​ភ្នំពេញ​)៖​ព្យុះ​ទី​៨​ឈ្មោះ​សុន​កា​បាន​ឡើងគោក​នៅ​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ក្នុងប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​និង​ទន្លេ​បី​ផ្សេងទៀត​នៅ​កម្ពុជា​ជន់​ឡើង​ខ្លាំង​អាច​ដល់​កម្រិត​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រយ័ត្ន​នៅ​ខេត្តស្ទឹងត្រែង​។​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង ភាគ​ឦសាន​របស់​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ច្រើន​។ ឯ​តំនៅ​បន់​មាត់សមុទ្រ​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ខ្យល់​ខ្លាំង និង រលក​សមុទ្រ​ខ្ពស់ៗ​ដែរ​។​
​ ​
លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និយាយប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៧​ថា​ព្យុះ​ទី​៨​ឈ្មោះ​សុន​កា​នៅ​ល្ងាច​ថ្ងៃនេះ​(២៥​កក្កដា​)​បាន​ទៅដល់​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​ហើយ​រលាយ​ពេល​ឡើងគោក​នៅ​យប់​នេះ​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅពេល​បានមក​ដល់​ឆ្នេរ ដោយសារ​ល្បឿន​រំកិល​របស់​ព្យុះ​នេះ​យឺត​ក្នុង​រយៈពេល​ពី​៦៣​ទៅ​៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ក្រោយពេល​ព្យុះ​នេះ​រលាយ​នឹងមាន​ភ្លៀង​ធ្លាក់​មក​កាន់តែច្រើន​ទៀត ជាពិសេស​នៅ​តំបន់​ផ្ទៃ​រង​អាង​ទន្លេមេគង្គ​លើ ដែល​នឹងធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​អាច​ដល់​កម្រិត​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​នៅ​ខេត្តស្ទឹងត្រែង​។​
​ ​
លោក​ចាន់ យុ​ត្ថា​បាន​ឲ្យ​ដឹង​ទៀតថា ព្យុះ​នេះ​បាន​បង្ក​ឲ្យ​តំបន់​មាត់សមុទ្រ​របស់​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​ខ្លាំង​និ​រលក​សមុទ្រ​ខ្ពស់​មាន​ពីមួយ​ម៉ែត្រ​កន្លះ​ទៅ​ពីរ​ម៉ែត្រ​កន្លះ​បងប្អូន​ប្រជា​នេសាទ​សមុទ្រ​និង​អ្នកដំណើរ​តាម​សមុទ្រ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​។ ឯ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​ខ្ពង់រាប​ភាគ​ឦសាន​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែរ​ពី​ថ្ងៃទី​២៥​ដល់ទី​២៧​ខែកក្កដា​។​
​ ​
​ប្រភព​ព​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា ភ្លៀង​ធ្លាក់​ជាប់​គ្នា​ពីរ​បី​ថ្ងៃ​ដោយសារ​ជ្រលង​សម្ពាធ​ទាប​កន្លងទៅនេះ បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លើ​សង្កាត់​មួយចំនួន​នៅក្នុង​ខេត្តព្រះវិហារ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​១២០​មី​លី​ម៉ែត្រ​កាលពី​យប់​ថ្ងៃទី​២៤​ខែកក្កដា ធ្វើ​ឲ្យ​ទឹកស្ទឹង​សែន​ឡើង​ហួស​ពី​កម្ពស់​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​រួចមក ។ ទឹ​លិច​នៅ​ខេត្តព្រះវិហារ​បាន​ស្រក​វិញ​បន្តិច​នៅថ្ងៃនេះ​(២៥​កក្កដា​) តែ​ទឹក​ស្ទឹងសែន​ក្នុង​ខេត្តកំពង់ធំ​នៅ​បន្ត​ជន់​ឡើង​ថែមទៀត​។​
​ ​
លោក​ចាន់ យុ​ត្ថា បញ្ជាក់ថា​នៅពេល​ព្យុះ​ទី​៨​នេះ​រលាយ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ធ្វើ​ឲ្យ​តំបន់​នោះ​មាន​ភ្លៀង​ធ្លាក់​ច្រើន អាចធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ជន​ឡើង​ឯ​ទន្លេ​បី​ផ្សេងទៀត ដូចជា​ទន្លេស្រែពក ទន្លេសេកុង​និង​ទន្លេសេសាន​ហក់​ឡើង​ធ្វើ​ឲ្យ​ខេត្តស្ទឹងត្រែង​ព្រ​ឈម​នឹង​កម្ពស់​ទឹក​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​នៅពេល​ទឹកទន្លេ​មេគង្គ​ក្នុង​ខេត្ត​នេះ​ឡើងដល់​កម្ពស់​១០.៧០​ម៉ែត្រ​។​
​ ​
ព្រឹត្តិបត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​ដែល​ផ្សាយ​ដោយ​ក្រ​សួ​ធនធានទឹក​និង​ឧតុនិយម​នា​ថ្ងៃទី​២៥​ខែកក្កដា​បានបង្ហាញ​ឲ្យ​ឃើញថា នៅ​ខេត្តស្ទឹងត្រែង​ទឹក​មាន​កម្ពស់​៨.៧៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែកក្កដា​០.២៧​ម៉ែត្រ នៅ​ខេត្តក្រចេះ​ទឹក​មាន​កម្ពស់​១៨.៧៧​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែកក្កដា ០.១២​ម៉ែត្រ នៅ​ខេត្តកំពង់ចាម ទឹក​មាន​កម្ពស់​១២.៤៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែកក្កដា ០.០៦​ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ ទឹក​មាន​កម្ពស់​៧.៤៥​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែ កក្កដា ០.០៥​ម៉ែត្រ​និង​នៅ​បឹង​ទន្លេសាប ក្រគរ​កំពង់​លួង ទឹក​មាន​កម្ពស់​៤.២៦ ខ្ពស់ជាង​ថ្ងៃទី​២៤​ខែកក្កដា ០.១៥​ម៉ែត្រ​៕S/​ដោយៈ​ប​.​ខុន​

​ជំនន់​ទឹកភ្លៀង​លិច​ភូមិឋាន​ក្នុង​ខេត្តព្រះវិហារ​(​ធនធានទឹក​)