​ព្រឹក​នេះ ​ព្រះមហាក្សត្រ​ បាន​យាង​ជា​ព្រះ​កិត្តិយស​ចូលរួម​ពិធី​អបអរសាទរ​ខួប ២៥ ឆ្នាំ នៃ ICC-Angkor នៅ​ទីក្រុង​ប៉ារីស​

823
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ ទី​២៣​ខែឧសភា​នេះ​ ព្រះអង្គ​បាន​យាង​ទៅកាន់​ប្រទេស​បារាំង​ ដើម្បី​ធ្វើជា​ព្រះ​កិត្តិយស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ​នៃ​សកម្មភាព​គណៈក​ម្មា​ធិ​ការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិរក្ស​តំបន់​អង្គរ​ ដែល​ហៅ​កាត់​ថា ICC-Angkor​។​

​អញ្ជើញ​យាង​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រួមមាន ​​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​,​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​, សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត​។

​ព្រះមហាក្សត្រ​ខ្មែរ​នឹង​គង់ប្រថាប់​នៅ​ប្រទេស​បារាំង​រហូតដល់​ថ្ងៃទី​២៦​ខែឧសភា​ទើប​យាង​និវត្តមកកាន់​ប្រទេស​កម្ពុជា​វិញ ។​សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ នឹង​បំពេញភារកិច្ច​ផ្សេងៗ​ជំនួស​ព្រះមហាក្សត្រ​ខ្មែរ​ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី​ក្នុង​អំឡុង​ព្រះ​អវត្តមាន​របស់​ព្រះអង្គ​។​

​សូមបញ្ជាក់ថា ​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​ហៅ​កាត់​ថា ICC-Angkor ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ ១៩៩៣ ក្នុង​គោលដៅ​អភិរក្ស​និង​អភិវឌ្ឍន៍​អង្គរ​ បន្ទាប់ពី​ប្រាសាទ​ជាម​រតក​ដ៏​មានតម្លៃ​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ក្នុង​កិច្ចប្រជុំ​នៅ​សា​ន់តា​ហ្វេ​សហរដ្ឋអាម៉េរិក​នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​

ICC-Angkor មានបារាំង​និង​ជប៉ុន​ជា​សហប្រធាន​,​លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​ទទួលបន្ទុក​ដោយ​ការិយាល័យ​តំណាង​អង្គការយូណេស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​អាជ្ញាធរ​ជាតិ​អប្សរា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​។ សមាជិក ICC-Angkor មាន​ចំនួន ៣៧ ប្រទេស​មកពី​៥​ទ្វីប និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត ។ ចំនួន​អ្នកជំនាញ​បច្ចេកទេស ចូលរួម​ក្នុង​កិច្ចប្រជុំ ICC Angkor ក៏បាន​កើនឡើងជា​លំដាប់​ផងដែរ​ពី​ចំនួន​៥០​នាក់មក​ក្នុង​ចន្លោះ ៣៥០​នាក់​នាពេល​បច្ចុប្បន្ននេះ​។​

ICC-Angkor មាន​តួនាទី​និង​ភារកិច្ច​សំខាន់​ក្នុងការ​ស្រោចស្រង់​អភិរក្ស និង​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប អង្គរ ។ ICC-Angkor បានបញ្ចប់​ដំណាក់កាល​ស្រោចស្រង់​អង្គ​រហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាល​បច្ចុប្បន្ន នេះ​គឺ​ការអភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (២០០៤ មកដល់​បច្ចុប្បន្ន​)​។ សមិទ្ធផល​សំខាន់ៗ ដែល ICC-Angkorសម្រេចបានក្នុង​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​អង្គរ​នោះ​មានដូចជា​៖​កិច្ចការ​ជួសជុល​ប្រាសាទ​និង​អភិរក្ស​បេតិកភណ្ឌ​,គម្រោង​បណ្តុះបណ្តាល​ថែទាំ​ប្រាសាទ​ ស្រាវជ្រាវ​អភិវឌ្ឍ​និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​,លើក​តម្លៃ​រមណី យដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​,ការពង្រីក​ប្រព័ន្ធ​ទូរ​គមនាគ​មន៍​,បណ្តុះបណ្តាល​ភ្នាក់ងារទេសចរណ៍​ប្រចាំការ​តាម​ប្រាសាទ​, សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង​សារមន្ទីរ​កុលា​លភាជន៍​អង្គរ​នៅ​ភូមិ​តានី ​ក្រោម​ជំនួយ​របស់​ជប៉ុន​,សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីអាគ្នេយ៍ក្រោម​កិច្ចសហការ​ទន្លេមេគង្គ​-​គង្គា(MEKONG-GANGA COOPERATION- MGC)​និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រទេស​ឥណ្ឌា​,​បន្ត​សិក្សា​និង​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​នៅ​អង្គរ​(TMP) ដោយ​សហការ​ជាមួយ​ប្រទេស​អូស្ត្រាលី​,​ការងារ​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ក្រោម​ជំនួយ​អន្តរជាតិ​និង​មាន​បដិភាគ​របស់អាជ្ញាធរ​ជាតិ​អប្សរា​, ការងារ​ត​បណ្តាញ​អគ្គិសនី និង​ការថែទាំ​ស្ទឹង​សៀមរាប និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​បង្ការ​ទឹកជំនន់​ជាដើម​។​

​ការរៀបចំ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor​នេះ​មាន​គោលបំណង​សំខាន់ៗ​មួយចំនួន​រួមមាន​៖​គឺ​អបអរ​សាទរភាព​ជោគជ័យ​ដែល​កើតចេញ​មកពី​យន្តការ អាយ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជា​គំរូ​នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្រាប់​បណ្តា​ប្រទេស​នានាលើ​សាកលលោក ។ បង្ហាញ​មោទនភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​មហាអំណាច​វប្បធម៌​និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ​ព្រមទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ។សម្តែង​កតញ្ញុតាធម៌​និង​គុណូបការៈ​ចំពោះ​វីរជនឥស្សរជននិង​បុព្វបុរស​គ្រប់​ជំនាន់ដែល​បាន​លះបង់​កាយ​ចិត្ត​ស្មារតី​ក្នុង​ការកសាង​ថែរក្សា​ការពារនិង​អភិរក្ស​មរតក​វប្បធម៌ ។ បណ្តុះ​ស្មារតី​យុវជន​និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះស្រលាញ់​ចូលរួម​ថែរក្សា​ការពារ​និង​លើកតម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ផូរផង់​របស់​កម្ពុជា​។ បង្ហាញ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​បេតិកភណ្ឌ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វប្បធម៌ និង​ទេសចរណ៍​ទៅកាន់​ឆាក​អន្តរជាតិ​។​

​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ ខួប២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អ​ធឹ​ក​អធម​នៅលើ​ទឹកដី​សៀមរាប​អង្គរ​ ក្រោមអធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ពិធី​អបអរសាទរ​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​,​ប្រធាន​អង្គការ​យូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO ផងដែរ ៕BR/Ha


#