​ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» នៅលើ​ភ្នំ​ដងរែក ក្នុងស្រុក​អន្លង់វែង​

953
ចែករម្លែក

ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ​ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» នៅលើ​ភ្នំ​ដងរែក ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​ជាការ​ចាប់ផ្តើម​ថ្មី​សម្រាប់​ស្រុក​អន្លង់វែង និង​ដើម្បី​គាំទ្រ​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព នៅក្នុង​តំបន់​តស៊ូ​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម​។​

​ទិដ្ឋភាព​មើល​ពីលើ​ភ្នំ​ដងរែក​មក​ទីប្រជុំជន​ស្រុក​អន្លង​វែង​

​ព្រឹត្តិការណ៍​កីឡា​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​សៅរ៍ ទី​៥ ខែមករា ឆ្នាំ​២០១៩ ដែល​ចាប់ផ្តើម​ចេញដំណើរ​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​អន្លង់វែង ឬ​សារមន្ទីរ​អតីត​ផ្ទះ​តា​ម៉ុក និង​ច្រក​អន្តរជាតិ​ជាំ​។​
​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» គឺជា​ព្រឹត្តិការណ៍​សង្គម​ដំបូងបង្អស់ ដើម្បី​ប្រារព្ធ​ខួប​ទី​២០​ឆ្នាំ​នៃ​ការទទួលបាន​សន្តិភាព​ពេញលេញ​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ការធ្វើ​សមា​ហរ​ណ​ក​ម្មចុ​ង​ក្រោយ​នៅ​ស្រុក​អន្លង់វែង នៅក្នុង​ឆ្នាំ​១៩៩៨​។​

​អន្លង់វែង​គឺជា​ស្រុក​តូច​មួយ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ អន្លង់វែង​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ និង​សម្បូរ​ណ៍​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​សោកសង្រេង​ជាច្រើន​របស់​កម្ពុជា​។ ខ្មែរក្រហម​គឺជា​ឈ្មោះ​របស់​របប​កុម្មុយនីស្ត​មួយ ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​នៅក្នុង​ខែមេសា ឆ្នាំ​១៩៧៥​។ អស់​រយៈពេល​ប្រហែល​៤​ឆ្នាំ​ក្រោយមក ប្រជាជន​កម្ពុជា​បានទទួល​រង​នូវ​ការធ្វើការ​ដោយ​បង្ខំ គ្រោះ​ទុរ្ភិក្ស អំពើ​ទារុណកម្ម និង​ការសម្លាប់​រង្គាល​។ នៅក្រោម​របប ប៉ុល ពត របប​នេះ​ធ្វើ​ឲ្យ​ប្រជាជន បាត់បង់​ជីវិត និង​ស្ទើរតែ​បាន​បំផ្លិចបំផ្លាញ​មូលដ្ឋានគ្រឹះ​របស់​សង្គម​កម្ពុជា​ទាំងស្រុង ដោយ​រាប់ទាំង​សាសនា និង​វប្បធម៌​។ គ្រួសារ​នីមួយៗ​ត្រូវ​បែកខ្ញែក​គ្នា មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ត្រូវបាន​បំបែក ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់ខ្លួន និង​សម្លាប់ចោល​។ នៅពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​នៅ​ខែមករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​បាន​គ្របដណ្តប់​ទៅដោយ​រណ្តៅ​សាកសព​រួម​ជាច្រើន​។ បើទោះជា​របប​នេះ​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​នៅ​ឆ្នាំ​១៩៧៩​យ៉ាងណាក៏ដោយ ក៏​សមាជិក​ខ្មែរក្រហម​ជាច្រើន​បន្តធ្វើ​សង្គ្រាម​ទ័ពព្រៃ​។ អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍ ចលនា​ខ្មែរក្រហម​បាន​គ្រប់គ្រង​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​។ អន្លង់វែង​ត្រូវបាន​ស្គាល់​ថា​ជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​នេះ​។ អន្លង់វែង​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​នៃ​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ហើយ​អតីត​កម្មាភិបាល​ជាច្រើន​បន្ត​រស់នៅក្នុង​តំបន់​នេះ​រហូតដល់​សព្វថ្ងៃនេះ​។
​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​ព្យាយាម​តម្រង់​ការចាប់អារម្មណ៍​ទៅលើ​សារសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​របស់​អន្លង់វែង និង​ទៅលើ​ចំណុច​គោល​នៃ​សន្តិភាព សន្តិសុខ និង​វិបុលភាព​របស់​ប្រទេស​កម្ពុជា​។ អន្លង់វែង​គឺជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម ប៉ុន្តែ​តំបន់​នេះ​ក៏​ជា​ចំណុច​របត់​និមិត្តរូប​មួយ​នៃ​ការ​ងើប​ចេញពី​អតីតកាល​ដ៏​សោកសង្រេង​របស់​កម្ពុជា​ដែរ​។ ការធ្វើសមាហរណកម្ម​របស់​អន្លង់វែង​មានន័យ​ស្មើនឹង​ការចាប់ផ្តើម​សាជាថ្មី​របស់​ប្រជាជន​កម្ពុជា​នៅក្នុង​តំបន់​នេះ ដែល​តស៊ូ​ជម្នះ​ទៅនឹង​សង្គ្រាម និង​ផលវិបាក​ទាំងឡាយ ដោយ​រាប់បញ្ចូល​ទាំង​ជំងឺ ពិការភាព ភាពក្រីក្រ និង​ការបាត់​បង់ជីវិត​។ ការធ្វើសមាហរណកម្ម​របស់​តំបន់​នេះ​ក៏មាន​ន័យ​ស្មើនឹង​ការចាប់ផ្តើម​សាជាថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ដែរ ដែល​បានបញ្ចប់​នូវ​រយៈកាល​ជាង​បី​ទសវត្សរ៍​នៃ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​។

​ទិដ្ឋភាព​មើល​ពីលើ​ភ្នំ​ដងរែក​មក​ទីប្រជុំជន​ស្រុក​អន្លង​វែង​

​សព្វថ្ងៃនេះ អន្លង់វែង​បង្កប់​នូវ​ភាពអាថ៌កំបាំង ដំណើរ​ផ្សងព្រេង ស​ម្ភ​ស្ស​ធម្មជាតិ និង​ហានិភ័យ​ខ្លះ​ដែរ​។ តំបន់​នេះ​ធ្លាប់ជា​ចំណុច​ជួរមុខ​នៃ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​តំបន់​ព្រៃស្រោង​មួយចំនួន​នៅតែ​មិនអាច​ចូល​ទៅដល់​ដោយសារតែ​គ្រាប់មីន​ជាដើម​។​ប៉ុន្តែ​ខណៈដែល​សៀវភៅ​មគ្គុទ្ទេសក៍​មុនៗ​អាច​ពណ៌នា​អន្លង់វែង​ថា​ជា​គោលដៅ​នៃ​ដំណើរ​ផ្សងព្រេង​យ៉ាង​ប្រថុយប្រថាន តំបន់​នេះ​បែរជា​ទទួលបាន​នូវ​សុខ​សុវត្ថិភាព និង​សន្តិភាព ដែល​មិន​នឹកស្មាន​ដល់​។ ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​នេះ​ព្យាយាម​គូសបញ្ជាក់​ពី​តម្លៃ​ទាំង​អម្បាល​មាណ​នេះ តាមរយៈ​ផ្លូវ​ដើរ​ប្រកបដោយ​ទេសភាព​ដ៏​ស្រស់បំព្រង​ដែល​បាន​នាំ​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» និង​សាធារណជន​ទាំងឡាយ​ទៅកាន់​ទីតាំង​ដ៏​ស្រស់​សោភា​ជាច្រើន​របស់​ស្រុក​អន្លង់វែង​។​

​តំបន់​នេះ​ពោរពេញ​ទៅដោយ​ស​ម្ជ​ស្ស​ធម្មជាតិ​ចម្រុះ​និង​សម្បូរ​ណ៍​បែប ដែល​អាច​មើលឃើញ​ក្នុងពេលនោះ​តែម្តង​។ អ្នកចូលរួម​ក៏​អាច​មើលឃើញ​ជ្រលង​ដងអូរ​តូចៗ​ដូច​ម្រាមដៃ វាលស្រែ​ស្រូវ​ដ៏​លន្លង់លន្លោច ត្រពាំង​បឹងបួរ​ដែលមាន​ទឹកថ្លា​ឈ្វេង និង​ទឹកជ្រោះ​ដ៏​អាថ៌កំបាំង​ក៏​មាននៅ​ទីនោះ​ដែរ ហើយក៏​អាច​មើលឃើញ​ប្រទេស​ថៃ​ពី​ច្រាក​ភ្នំ​ប្រកបដោយ​ទេសភាព​ដ៏​ស្រស់ស្អាត​។ ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​ក៏មាន​ផ្នែក​ខ្លះ​ដែល​ស្ថិតនៅ​ជាប់​នឹង​ទីតាំង និង​អគារ​ប្រវត្តិសាស្ត្រ រួមមាន​ទីបញ្ជាការ និង​កន្លែង​ស្នាក់​សំខាន់ៗ​របស់​មេដឹកនាំ​ខ្មែរក្រហម​ទៀតផង​។​
​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​ក៏មាន​គោលបំណង​ផ្តល់ជូន​សាធារណជន​នូវ​ឱកាស​ក្នុង​ការធ្វើ​ទស្សនកិច្ច​នៃ​អតីតកាល​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ឆ្លុះបញ្ចាំង​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា​។ តាម​ទស្សនៈ​ជាច្រើន ប្រទេស​កម្ពុជា​បានក្លាយ​ជាទី​ស្មសាន​ចំពោះ​អំពើអាក្រក់​ទាំងឡាយ ឬ​មនោគមន៍វិជ្ជា ភាពជា​សត្រូវ​និង​យុទ្ធសាស្ត្រ​ដែល​បរាជ័យ​។ ប៉ុន្តែ បើទោះជា​ជម្លោះ​និង​ភាព​ត្រដាបត្រដួស​នៅក្នុង​ប្រវត្តិសាស្ត្រ​ក៏ដោយ ប្រទេស​កម្ពុជា​តំណាង​ឲ្យ​ទឹកដី​នៃ​សេចក្តីសង្ឃឹម និង​ឱកាស​។ ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​នេះ​បាន និង​កំពុង​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​«​ថ្មើរជើង​ប្រវត្តិសាស្ត្រ​»​សម្រាប់​ជាការ​ឆ្លុះបញ្ចាំង និង​ដើរ​ឆ្ពោះទៅកាន់​ផ្ទះ​របស់ ប៉ុល ពត ដែល​ជាការ​ស្តែង​ឲ្យ​ឃើញ​ជា​និមិត្តរូប​នៃ​សមត្ថភាព​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​រៀនសូត្រ និង​តស៊ូ​ជម្នះ​ទៅនឹង​អតីតកាល​របស់ខ្លួន​។ ខណៈដែល​យើង​មិនអាច​គេចចេញ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង យើង​ក៏​មិនត្រូវ​ក្លាយជា​ទាសករ​របស់​ប្រវត្តិសាស្ត្រ​ដែរ​។ មានតែ​ការរៀនសូត្រ​ពី​អតីតកាល​តែប៉ុណ្ណោះ​ទេ ទើប​យើង​អាចមាន​សេចក្តីសង្ឃឹម​ក្នុងការ​បោះជំហាន​ទៅមុខ​តទៅទៀតបាន​។​
​គួរ​បញ្ជាក់ថា​ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រដ្ឋបាល​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ សាលាស្រុក​អន្លង់វែង និង​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​៕ ល​