​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ធ្វើឱ្យ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កាន់តែ​អធិកអធម​

1245
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ជាមួយនឹង​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ដែល​កើតចេញ​រូបរាង​ជា​លើកដំបូង​នោះបាន​ធ្វើឱ្យ​ខេត្ត​ទេសចរណ៍​ភាគ​និរតី​មួយ​នេះ​មាន​ភាព​អធិកអធម​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​។ ភ្ញៀវទេសចរ​បាន​កើន​បរិមាណ រហូតដល់​ជាង​៤៥​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។​

​លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី បុណ្យចូលឆ្នាំថ្មី ដោយ​គិតពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ខេត្តកំពត​ទទួលភ្ញៀវ​បាន​ចំនួន​១៣៤.៩៣០​នាក់​ក្នុងនោះ​ទេសចរ​បរទេស​មាន​៣.០៧៩​នាក់​។​បរិមាណ​នេះ​បាន​កើនឡើង​៤៥,២១ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។​

សន្ទុះ​នៃ​ការកើនឡើង​បានកើត​មួយផ្នែក​ពី​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ដែល​ទើប​មាន​វត្តមាន​ជា​លើកដំបូង​ក្នុង​ទឹកដី​នៃ​ខេត្តកំពត​។ លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ទោះបី​មោទនភាព​បែបនេះ​ក្តី​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម​ព្រោះតែ​ភ្ញៀវ​ខ្លះ​បាន​បោះចោល​ពាសវាល​ពាស​ដោយ​មិនមាន​ស្មារតី​ចូលរួម​សម្អាត​អនាម័យ​និង​លម្អ​បរិស្ថាន​ដើម្បី​ស័ក្តិ​សមជា​អ្នករស់នៅ​ក្នុងសង្គម​ស៊ី​វិ​ល័យ​មួយ​នោះ​។​

ដោយឡែក​របាយការណ៍​ពី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លួ​វ​គោគ​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន ឱ្យដឹងថា​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ នៅ​ទូទាំង​ខេត្ត​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ប្រាំ​លើក​បណ្តាលឱ្យ​បាត់បង់​ជីវិត​មនុស្ស​បីនាក់ របួសធ្ងន់​ប្រាំ​នាក់ និង​របួសស្រាល​ម្នាក់​។ ករណីនេះ​មានការ​កើន​ចំនួន​ពីរលើក ខណៈដែល​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​កើតមាន​តែ​បី​លើក និង​មនុស្ស​ស្លាប់​តែ​ម្នាក់​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៨ ឱកាស​នៃ​ការបើក​សម្ពោធ​ដំណើរការ កំពត​សង្ក្រាន្ត លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​កំពត​សង្ក្រាន្ត​ដែល​ចាប់ផ្តើម​ជា​លើកដំបូង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នា​ឆ្នាំនេះ​សង្ឃឹមថានឹង​បង្កើន​ក្តី​រីករាយ​បន្ថែម​សម្រាប់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​ទាំងអស់​។

នេះ​អាច​ចាត់ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទោះបី​ការរៀបចំ​មាន​រយៈពេល​ខ្លី​ក៏ដោយ​។ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា​តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ដោយមាន​តាំង​បង្ហាញ​ផលិត ផល​ឧស្សាហកម្ម ផលិតផល​កសិកម្ម ការ​ដាក់លក់​ម្ហូបអាហារ​ប្រចាំខេត្ត ការលេង​ល្បែង​ប្រជាប្រិយ​ជាដើម​នេះ​នឹងធ្វើ​ឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍​មកលើ​ខេត្តកំពត​កាន់តែ​ខ្លាំងក្លា​ឡើង​។

ដូច្នេះ​សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ អាជ្ញាធរ​នឹង​រៀបចំ​កំពត​ស​ង្ក្រា​ន​ឱ្យបាន​កាន់តែ​គគ្រឹកគគ្រេង ព្រមទាំង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​៕S/

​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ធ្វើឱ្យ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កាន់តែ​អធិកអធម​