​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

1044
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ​ជំនន់​ទឹកភ្លៀង​បានកើត​ឡើង​នៅ​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង ខេត្តកំពង់ស្ពឺ ជាដើម ។ ក្នុងនោះ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្ពាន​ស្ទឹង​សំរោង ក្នុងស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវ​ទឹក​ជន់​លិច ២​លើក គឺ​កាលពី​ថ្ងៃទី​១៥ ខែកក្កដា និង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ។ យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​ធ្វើ​ចរាចរណ៍​។ ក៏ប៉ុន្តែ​មកដល់​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ទឹកបាន​ស្រក​ចុះ ហើយ​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក៏បាន​បើក​ឲ្យ​ចរាចរណ៍​ឡើងវិញ សម្រាប់​រថយន្ត​ធុន​តូច រីឯ​រថយន្ត​ធុន​ធំ ដែល​ដឹកទំនិញ​ធ្ងន់ៗ រហូតដល់​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ទើប​អនុញ្ញាត​ឲ្យ​បើក​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​លិច​ទឹក​នោះ ជាធម្មតា​ឡើងវិញ​។​

.​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ចាប់តាំងពី​ថ្ងៃ​ចន្ទ ទី​១៦ ខែកក្កដា បើទោះបីជា​អាកាសធាតុ​អាប់អួរ ដោយមាន​ភ្លៀង និង​គ្រោះទឹកជំនន់​នៅ​តំបន់​មួយចំនួន​ផង តែ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ នៅតែ​បន្ត​។ ជាមួយគ្នា​នោះ​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា មាន​អ្នកសង្កេតការណ៍​មកពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ចំនួន ៧ ប្រទេស បានសម្រេច​បញ្ជូន​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន មក​ឃ្លាំមើល​ការបោះឆ្នោត នៅ​កម្ពុជា នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

.​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានធ្វើ​តេស​សាកល្បង​ជ្រលក់​ដៃ​នឹង​ទឹកខ្មៅ​លុបលាង​មិន​ជ្រះ ដែល​គ​.​ជ​.​ប បាន​ទិញ​មកពី​ប្រទេស​ឥណ្ឌា​។ ក្រោយ​ការពិសោធន៍ គ្រប់ភាគី​បាន​អះអាងថា ទឹកខ្មៅ​នេះ ពិត​ជាមាន​គុណភាព មិនអាច​លុបលាង​បាន​មែន​។ គ​.​ជ​.​ប នឹង​ប្រើប្រាស់​ទឹកខ្មៅ​សរុប ៥១.០០០ ដប ដែល​ទិញ​ពី​ប្រទេស​ឥណ្ឌា តម្លៃ​ប្រមាណ ៨០​ម៉ឺន​ដុល្លារ សម្រាប់​សម្គាល់​អ្នកបោះឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា​។​

.​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ម៉ូតូ ១.៦៤៦ គ្រឿង ជូន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ ទាំង ១.៦៤៦ ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ដោយ​ប៉ុស្តិ៍នគរបាល​នៅ​ឃុំ​សង្កាត់​១ ទទួលបាន​ម៉ូតូ ១​គ្រឿង​។ សម្តេច​ក្រឡាហោម បាន​ចាត់ទុកថា ការផ្តល់​ម៉ូតូ​ទៅដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ លើក​ទី​៤ នៅពេលនេះ នឹង​អាចជួយ​ជា​មធ្យោបាយ​របស់​ប៉ូលិស​ឃុំ​សង្កាត់ ក្នុងការ​បំពេញភារកិច្ច រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន កាន់​តែមាន​ប្រសិទ្ធភាព​។

.​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទស្សនា​ខ្សែចង្វាក់​ផលិតកម្ម​រោងចក្រ​កាត់ដេរ ថប សាមីត ហ្គា​មិន អ៊ី​ន ស្ថិតនៅ​សង្កាត់​កំបូល រាជធានី​ភ្នំពេញ​។ រោងចក្រ​កាត់ដេរ​នេះ បាន​បើក​ដំណើរ​ផលិត​សំលៀកបំពាក់ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​។ រោងចក្រ​កាត់ដេរ​នេះ​ប្រើប្រាស់​កំលាំង​ពលកម្ម​ក្នុងស្រុក ប្រមាណ​ជាង ៣​ពាន់​នាក់​។ បន្ទាប់ពី​ទស្សនា​ខ្សែរ​ចង្វាក់​ផលិតកម្ម​និង​ទទួលទាន​អាហារ​រួមគ្នា​ជាមួយ​កម្មករ​និង​កម្មការិនី​ប្រកបដោយ​ភាព ស្និទ្ធស្នាល​រួចមក សម្តេច​តេ​ជោ បានប្រកាស​ជាថ្មី​ថា ក្រោយ​បោះឆ្នោត​រួច សម្តេច​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និង​កម្មការិនី​បន្តទៀត ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​កម្ពុជា​។

.​កាលពី​ថ្ងៃទី​១៩ ខែកក្កដា លោក ញឹម វណ្ណដា អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួម​ដំណើរ​ដោយ​អភិបាលខេត្ត ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​។ លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បាន​លើកឡើងថា ជំនន់​ទឹកភ្លៀង បាន​បណ្តាលអោយ​ប្រជាពលរដ្ឋ​ម្នាក់​ស្លាប់ នៅ​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​១៩ ខែកក្កដា​។ ជាមួយនេះ ខេត្ត​ចំនួន ៧ បាន​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង រួមមាន ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្ត​កែប ខេត្តបាត់ដំបង និង ខេត្ត​ប៉ៃលិន ។ លោក ញឹម វណ្ណដា បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​អាច​គ្រប់គ្រង​បាន រីឯ​តំបន់​ដែល​រង​ផលប៉ះពាល់ ក៏​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន​រៀបចំ​វិធានការ​ដោះស្រាយ​ហើយ​ផងដែរ​។

.​កាលពី​ថ្ងៃទី​១៩ ខែកក្កដា លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានប្រកាសថា គណបក្ស​របស់លោក នៅតែ​បន្ត​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខនេះ បើទោះជា​សំណើរ​ពាក់ព័ន្ធ​នឹង​ការ​គូស​សន្លឹកឆ្នោត ទៅកាន់​គ​.​ជ​.​ប ត្រូវបាន​ច្រានចោល​ក៏ដោយ​។ លោក ខឹម វាសនា ដែល​មិនបាន​ឈរឈ្មោះ​បោះឆ្នោត​ជា​បេក្ខជន​តំណាងរាស្ត្រ នៅក្នុង​ការបោះឆ្នោត ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​លើកឡើងថា ការបោះឆ្នោត​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​ជ័យជម្នះ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​បន្តទៀត​។

.​កាលពី​ថ្ងៃទី​២០ ខែកក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៍​៦ នឹង​ប្រព្រឹត្តទៅ​តែ ១​ថ្ងៃ​គត់ គឺ​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ គ​.​ជ​.​ប ក៏​បានចេញ​សេចក្តីណែនាំ ស្តីពី​ការសង្កេត​ការណ៍​បោះឆ្នោត​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ផងដែរ​។​

.​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​រួម​ដំណើរ​ដោយ​អភិបាលខេត្ត​បាន​ចុះទៅពិនិត្យ​ជំនន់​ទឹកភ្លៀង ដែល​បាន​លិច​ផ្លូវ នៅ​ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តកំពត ជាដើម​។ ជា​ជំ​ហ៊ាន​ដំបូង​នេះ​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា ជំនន់​ទឹកភ្លៀង បាន​បំផ្លិចបំផ្លាញ​ផ្លូវថ្នល់​ជាង ៨៦ គីឡូម៉ែត្រ​នៅ​ទូទាំងប្រទេស ហើយ​បើ​គិតតែ​កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​ទទួលរង​ការ​ជន់​លិច ដោយ​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃ​មកនេះ គឺ​រាជរដ្ឋាភិបាល​ត្រៀម​ថវិកា​ប្រមាណ ១១០ លាន​ដុល្លារ ដើម្បី​ស្តារឡើងវិញ​ដោយ​ពង្រីក​ទទឹងផ្លូវ​ពី ៧​ម៉ែត្រ ដល់ ១១ ម៉ែត្រ និង​លើក​ផ្លូវ​ឲ្យ​ខ្ពស់ជាង​មុន ដើម្បី​កុំ​ឲ្យ​ទឹក​លិច​តទៅទៀត​៕ ល​