​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

873
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ រដ្ឋសភា បាន​ប្រារព្ធ​ពិធី​សម្ពោធ​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​ក្បាល​និយាយ​ពី​ប្រវត្តិ​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ សៀវភៅ​នេះ មាន​ចំណងជើង​ថា “​ការតស៊ូ​របស់​ប្រជាជន​: កម្ពុជា​រស់​ឡើងវិញ​”​។ សៀវភៅបោះពុម្ព​ជា​ភាសា​អង់គ្លេស​មួយ​ក្បាល​នេះ បាន​សរសេរ​អំពី​ដំណើរ​តស៊ូ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​របស់​សម្ដេច ហេង សំរិន​។ ដោយឡែក សៀវភៅ​ជា​ភាសា​ខ្មែរ ត្រូវបាន​បោះពុម្ព ចេញផ្សាយ​រួចហើយ កាលពី​ឆ្នាំ​២០១៣​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​( ស​.​ស​.​យ​.​ក​) ដែលមាន​លោក ហ៊ុន ម៉ា​នី ជា​ប្រធាន បានរៀបចំ​មហាសន្និបាត​លើក​ទី​៤ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែវិច្ឆិកា ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំង​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មកពី​ទូទាំង ២៥ រាជធានី​-​ខេត្ត ប្រមាណ ១.៣០០​នាក់​។ គោលបំណង​នៃ​មហាសន្និបាត​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​២៦-២៧ ខែវិច្ឆិកា គឺ​ពិនិត្យ​លទ្ធផល​នៃ​ការងារ​ដាក់ចេញ កន្លងមក ព្រមទាំង​ដាក់ចេញ​នូវ​ផែនការ​ថ្មី​បន្ថែមទៀត​។​

​បន្ទាប់ពី​បង្ហាញខ្លួន​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូ​ករួ​ចមក ទូកង​វែង​ជាង​លើ​ពិភពលោក ឈ្មោះថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ត្រូវបាន​រំកិល​មក​ដាក់តាំង​បង្ហាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅក្នុង​រោង មុខ​វាល​ព្រះមេរុ ខាងជើង​ជាប់​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ ដើមឡើយ ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នេះ គ្រោង​នឹងដាក់​ជូន​មហាជន​ទស្សនា ត្រឹមតែ​ថ្ងៃទី​៣០ ខែវិច្ឆិកា​ប៉ុណ្ណោះ តែដោយសារ​មាន​កំណើន​មហាជន​ច្រើនឡើងៗ មក​ទស្សនា ទើប​គណៈកម្មការ​ផលិត​ទូកង ដឹកនាំ​ដោយ​លោក ស សុខា កូនប្រុស​សម្តេច​ក្រឡាហោម ស ខេង បានសម្រេច​ដាក់តាំង​បង្ហាញ រហូតដល់​ថ្ងៃអាទិត្យ ទី​០២ ខែធ្នូ​។​

​កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​តំណាង​ទូទាំងប្រទេស លើក​ទី​៤ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​បទពិសោធន៍​ជោគជ័យ​មួយចំនួន ក្នុងការ​ដឹកនាំ​របស់​សម្តេច​។ បទពិសោធន៍​ទាំងនេះ រួមមាន ការដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​, ការបង្កើត និង​ដឹកនាំ​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ និង​កា​ដឹកនាំ​ប្រទេស​កម្ពុជា ពី​អតីត​ប្រទេស​ក្រីក្រ រហូត​មាន​ការវិវឌ្ឍ ដូច​ស្ថានភាព​បច្ចុប្បន្ន ជាដើម​។

​ជាថ្មី​ម្តងទៀត កាលពី​ថ្ងៃទី​២៧ ខែ​វិ​ចិ្ឆ​កា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរម្លឹក​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ថា សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ មាន​សិទ្ធិ​ពេញលេញ ក្នុង​ការធ្វើសកម្មភាព​ស្របច្បាប់ ដោយ​ពុំ​ចាំបាច់ ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន ដូច​មុន​ឡើយ​។

​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តកណ្តាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាស់តឿន​ជាថ្មី​ម្តងទៀត អោយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ រួមគ្នា​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​កម្មករ​កម្មការិនី ដើម្បី​ធានាថា ការដំឡើង​ប្រាក់​ឈ្នួល ១៨២ ដុល្លារ នា​ឆ្នាំ​២០១៩ ខាងមុខ នឹង​ក្លាយជា​ប្រយោជន៍​ផ្ទាល់​ដល់​កម្មករ​កម្មការិនី​ទាំងអស់ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឲ្យ​ក្រសួង​ការងារ និង​ក្រសួងយុត្តិធម៌ ព​ន្លឿ​ន​ការដោះស្រាយ​សំណុំរឿង​របស់​សហជីព​កម្មករ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​។​

​ទីបំផុត​ទៅ ល្ខោនខោល របស់​កម្ពុជា បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចាត់ទុក​ដំណឹង​នេះ ថា​ជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​។ កម្ពុជា​បាន​អបអរសាទរ ដោយ​វាយគង ទូងស្គ ទះ​ប៉ោត និង​គោះ​ត្រដោក ជាដើម នៅតាម​វត្ត​អា​រ៉ា​ម និង​ទីសាធារណៈ ជាដើម កាលពី​ម៉ោង ១០​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា យ៉ាង​កងរំពង​ទូទាំងប្រទេស​។​

​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​ដឹងថា តម្លៃ​ស្នាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​កម្ពុជា នឹងមាន​ភាពប្រសើរឡើង​វិញ ខណៈ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាច្រើន កំពុង​ព​ន្លឿ​ន​ដំណើរការ​សាងសង់ ហើយនឹង​រួចរាល់ នៅ​ឆ្នាំ​២០១៩ ខាងមុខ​។ ការប្រកាស​ផ្ទាល់មាត់​របស់​រដ្ឋមន្ត្រី​ដូច្នេះ បន្ទាប់ពី​មាន​ការលើក​ឡើងជា​បន្ត​បន្ទាប់​របស់​ប្រជាពលរដ្ឋ អំពី​តម្លៃ​ម្ហូបអាហារ និង​ការ​ស្នាក់នៅ ឡើងថ្លៃ​ខ្ពស់កប់ពពក​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ខណៈដែល​វត្តមាន​របស់​ជនជាតិ​ចិន កាន់តែច្រើន ចូលមក​កាន់​ខេត្ត​ព្រះសីហនុ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ នៅ​ប្រទេស​នេ​ប៉ាល់​។​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ ទៅកាន់​ប្រទេស​នេ​ប៉ាល់ ពេលនេះ គឺជា​ទស្សនកិច្ច លើក​ទី​១ និង​ជា​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ប្រទេស​ទាំងពីរ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ នៅ​ឆ្នាំ​១៩៩៩​។ ក្រៅពី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់ នា​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់ ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០២ ខែធ្នូ​ផងដែរ​។​

​ដំណើរ​ថ្មើរជើង ៤០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​ទីតាំង​ប្រវត្តិសាស្ត្រ វិមាន ២​ធ្នូ នៅ​ស្រុក​ស្នួល ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានចាប់ផ្ដើម កាលពី​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​។ អ្នក​ថ្មើរជើង ដែល​បាន​ចុះឈ្មោះ​ប្រមាណ ៧០០​នាក់ បានមក​ជួបជុំ នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ មុននឹង​ឡើង​រថយន្ត ចេញដំណើរ ទៅកាន់​ខេត្តក្រចេះ ព្រមទាំង​ចាប់ផ្ដើម​ថ្មើរជើង​ជា​ក្រុម​រយៈពេល ១​យប់ ២​ថ្ងៃ ទៅកាន់​គោលដៅ គឺ​វិមាន ២​ធ្នូ នៅក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។

​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា កិច្ចប្រជុំពេញអង្គ​ព្រឹទ្ធសភា បាន​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដើម្បី​បើកផ្លូវ​ឲ្យ​រាជរដ្ឋាភិបាល យក​ច្បាប់​នេះ ទៅ​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការបម្រើ​ផលប្រយោជន៍ ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។ សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដឹកនាំ​ដោយ​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​នេ​ប៉ាល់​។ ក្នុងពេល​អញ្ជើញ​ទៅដល់​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី​២៩​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក ខាត់ ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី (Khadga Prasad Sharma Oli) នៅ​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ ( Kathmandu )​។ ក្នុង​កិច្ចប្រជុំ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ព្រមព្រៀង លើកលែង​ទិដ្ឋាការ សម្រាប់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ ព្រមទាំង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ជាដើម​។
​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា សមយុទ្ធ​ជា​លក្ខណៈ​សង្គ្រោះ បង្ការ​ក្នុងករណី​មាន​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ ត្រូវបាន​ធ្វើឡើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​។ រូបភាព​មួយចំនួន ស្តីពី កងកម្លាំង​មាន​សមត្ថកិច្ច ចេញ​អន្តរាគមន៍ រូបភាព​ជនរងគ្រោះ និង​រូបភាព​ភ្លើង​ផ្សែង ជាដើម ត្រូវបាន​បង្ហាញ ក្នុង​ប្រតិបត្តិការ​សមយុទ្ធ ជា​លក្ខណៈ​សង្គ្រោះ ដើម្បី​បង្ការ​ក្នុងករណី​មាន​ហេតុការណ៍​គ្រោះថ្នាក់​យន្តហោះ​ណាមួយ​។ សមយុទ្ធ​សង្គ្រោះ​នេះ រៀបចំឡើង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​សម្តេច​អគ្គម​ហាច​ក្តី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានរដ្ឋសភា អញ្ជើញ​ក្នុង​មិ​ទ្ទីង​រម្លឹក​ខួប ៤០​ឆ្នាំ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ ២ ធ្នូ ១៩៧៨ ដើម្បី​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជំនះ​ទាំងស្រុង នា​ថ្ងៃ ៧ មករា ១៩៧៩ រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ មិ​ទ្ទិញ​ជួប​អបអរសាទរ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន ២​ធ្នូ ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​៕ ល​