​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1006
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ទី​៣ ក្នុង​ខែសីហា ឆ្នាំ​២០១៨ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ក្នុងនោះ មាន​ព្រឹត្តិការណ៍​លេចធ្លោ​មួយចំនួន​គឺ​ការប្រឡង​បាក់​ឌុប ព្រមទាំង​ការដោះលែង​សកម្មជន​ដីធ្លី អតីត​អ្នកកាសែត ព្រមទាំង​អ្នកនយោបាយ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២១ ខែសីហា រហូតដល់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពី​គម្រោង​ទូល​ស្នើ​ព្រះមហាក្សត្រ ដើម្បី​ដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ ដែល​ក្នុងនោះ ក៏មាន​អ្នកនយោបាយ ជាប់ពន្ធនាគារ ១២ នាក់ ក្នុងពេល​បុណ្យប្រពៃណី​ចុងឆ្នាំ​នេះ ដូចជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពិធីបុណ្យ​អ៊ុំ​ទូក ឬក៏​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែសីហា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប បានចាប់ផ្តើម​នៅ​ទូទាំងប្រទេស​។ ដំណើរការ​ប្រឡង​បាក់​ឌុប រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែសីហា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ក្នុងនោះ ក្រសួង​អប់រំ បានប្រកាសថា ក្នុង​រយៈពេល ២​ថ្ងៃនេះ មាន​បេក្ខជន​អវត្តមាន ចំនួន ១៨៩៩ នាក់ ត្រូវជា ១,៦៥ ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ជាង ១១​ម៉ឺន​នាក់​។ ក្នុងនោះ បេក្ខជន មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ មាន​ចំនួន ៦៤​ករណី​។ តាម​ការគ្រោងទុក លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប ឆ្នាំនេះ នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា សម្រាប់​មណ្ឌល​ភ្នំពេញ និង​ខេត្តកណ្តាល ចំណែក​ខេត្ត​ផ្សេងៗ​ទៀត នឹង​ចេញ​នៅ​ថ្ងៃទី​១២ ខែកញ្ញា​។​

​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​ជួបប្រជុំ​ជាមួយ​ប្រធាន​គណបក្សនយោបាយ​ចំនួន ១៦ គណបក្ស​ក្នុងចំណោម​គណបក្ស​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។ ជា​លទ្ធផល កិច្ចប្រជុំ បាន​ឯកភាព​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ មាន​ភារកិច្ច​សំខាន់ ក្នុងការ​ផ្តួចផ្តើម​គំនិត និង​ផ្តល់យោបល់​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​ការបំពេញ​តួនាទី​ដឹកនាំ​ប្តូរ​វេន​រយៈពេល​មួយខែ​ម្តង រវាង​គណបក្ស​នីមួយៗ រហូតដល់​អាណត្តិ​រាជរដ្ឋាភិបាល​ថ្មី ត្រូវ​បញ្ចប់ នា​ឆ្នាំ​២០២៣ ខាងមុខ​។

​កាលពី​យប់​ថ្ងៃទី​២០ ខែសីហា សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វ​ន្នី ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ តាម​ព្រះរាជក្រឹត្យ​លើកលែងទោស របស់​ព្រះករុណា ព្រះមហាក្សត្រ​។ ជាមួយគ្នា​នោះ នៅ​យប់​ថ្ងៃទី​២១ ខែសីហា អតីត​អ្នកយកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ២​រូប ក៏​ត្រូវបាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ដោះលែង​ចេញពី​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​។ នៅក្នុង​សប្តាហ៍​នេះ ពោលគឺ​កាលពី​យប់​ថ្ងៃទី​២៣​សីហា លោក​សួន​សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ក៏ត្រូវ​បាន​ដោះលែង ចេញពី​ពន្ធនាគារ ខណៈដែល​លោក គឹម សុខ អ្នកវិភាគ​សង្គម​នយោបាយ​កម្ពុជា ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃទី​១៧ ខែសីហា​។​

​កាលពី​ថ្ងៃទី​២២ ខែសីហា លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ការបរទេស ចក្រភព​អង់គ្លេស ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​។ លោក​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា មុននឹង​បន្ត​ជួបប្រជុំ​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង និង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន​។ ក្រៅពី​ប្រកាស​ពី​ការបន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ និង​ការដោះមីន អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ក៏បាន​ប្រកាស​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុនសែន ដែល​ផ្តួចផ្តើម​បង្កើត “​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​” រវាង​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល សម្រេច​តម្កល់​ការវិនិច្ឆ័យ​របស់​តុលាការ​ឧទ្ធរណ៍​ទុកជាបានការ​។ ពោលគឺ​តុលាការ​កំពូល សម្រេច​មិន​ដោះលែង​លោក កឹម សុខា ឱ្យនៅ​ក្រៅ​ឃុំ​នោះឡើយ​។ លោក កឹម សុខា ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ហើយ​ភ្លាមៗ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក កឹម​សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ជាប់​ព្រំដែន​វៀតណាម​។​

​កាលពី​ម៉ោង​ជិត ១២ ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា ចោរប្លន់​មួយក្រុម ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ បាន​ចូល​ប្លន់​ធនាគារ RHB Indochina Bank (​អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិត​ស្ថានទូត​ចិន ក្នុង​រាជធានី​ភ្នំពេញ​។ រហូតដល់​ថ្ងៃទី​២៥ ខែសីហា ប៉ូលិស​មិនទាន់​ចាប់បាន​ចោរប្លន់​ទាំង​នោះទេ ហើយ​ទំហំ​នៃ​ការបាត់​បង់លុយ មិនត្រូវ​បានប្រកាស​ជា​ផ្លូវការ​ទេ​។ តែ​សេចក្តីរាយការណ៍ បង្ហាញថា ក្រុមចោរប្លន់ យកលុយ​បាន​ជាង ១០​ម៉ឺន​ដុល្លារ​។ សកម្មភាព​ចោរប្លន់​ទាំងនោះ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅក្នុង​ធនាគារ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ក្នុង​ពិធី​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​ទូល​ស្នើ​ព្រះមហាក្សត្រ ដើម្បី​ដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ ក្នុងឱកាស​ពិធីបុណ្យ​ជាតិ​ធំៗ នៅ​ចុងឆ្នាំ​២០១៨​នេះ ក្នុងនោះ ក៏មាន​អ្នកនយោបាយ​ជាប់ទោស ១២ នាក់​ផងដែរ​។ ក៏ប៉ុន្តែ​មុន​ការលើកលែងទោស និង​ដោះលែង​អ្នកទោស​ទ្រង់ទ្រាយ​ធំ​ទាំងនោះ សម្តេច​តេ​ជោ បាន​ព្រមាន​ទុកជាមុន​ថា ការដោះលែង​អ្នកទោស ដែល​សម្តេច​ប្រហែលជា​សំដៅលើ​អ្នកនយោបាយ​គណបក្សប្រឆាំង ជាប់ពន្ធនាគារ​នោះ គឺ​មិនមែន​ដោយសារ​សំពាធ​របស់​បរទេស​ណា​មួយ​ឡើយ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ ដែល​បណ្តា​ខេត្ត​ជាច្រើន កំពុង​ជួបប្រទះ នាពេលនេះ​ផងដែរ​។​
​ចំណែក​គ្រោះទឹកជំនន់​ទន្លេមេគង្គ បាន​បន្ត​ហក់​ឡើង​ខ្ពស់​ជាថ្មីទៀត នៅក្នុង​សប្តាហ៍​ទី​៣ នៅ​ខែសីហា​នេះ បណ្តាល​ឲ្យ​ទំហំ​នៃ​ការខូចខាត និង​ការប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា គ្រោះទឹកជំនន់​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រហូតដល់​ជាង ៨​ម៉ឺន​គ្រួសារ និង​បណ្តាល​ឲ្យ​អ្នកស្លាប់​កើន​ដល់​ជាង ២០ នាក់​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា បាន​បើក​កិច្ចប្រជុំ ជាបន្ទាន់​មួយ ដើម្បី​ទប់ស្កាត់ និង​ពិនិត្យ​បញ្ហា​សន្ដិសុខ​ឡើងវិញ ក្រោយ​មាន​អំពើ​ប្លន់​ធនាគារ ទាំង​កណ្តាលថ្ងៃត្រង់ នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣​សីហា​។ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានដាក់​បញ្ជា​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ សហការគ្នា តាម​ចាប់​ក្រុមចោរ យកមក​ផ្តន្ទាទោស និង​បន្ត​ទប់ស្កាត់​បទល្មើស​នានា​។​

​កាលពី​ថ្ងៃទី​២៤ ខែសីហា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា កម្ពុជា​នឹងរង​សម្ពាធ​ខ្យល់មូសុង​និរតី ធ្វើដំណើរ​ពី​តំបន់​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ប្រទេស​ឡាវ​។ ឥទ្ធិពល​នេះ នឹងធ្វើ​ឲ្យ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​បណ្ដា​ខេត្ត ដែល​ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម អាច​នឹង​បង្ក​មាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ ចំណែក បណ្ដា​រាជធានី​-​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​តិច​ទៅ​បង្គួរ​។ ក្នុងនោះ កម្ពស់​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ក៏​នឹង​បន្ត​កើនឡើង​ជាថ្មី​។

​កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា លោក អ៊ុំ សំអាន អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ បន្ទាប់ពី​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​ការ​ទូល​ស្នើសុំ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ លោក អ៊ុំ សំអាន ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​វិលត្រឡប់​ពី​អាមេរិក តាម​យន្តហោះ ចុះ​នៅ​ខេត្តសៀមរាប​។ លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ ញុះញង់​ឱ្យមាន​ការរើសអើង តាម​មាត្រា​៤៩៥ និង ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​។ លោក​អ៊ុំ​សំអាន បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុងការ​បោះបង្គោល កំណត់ព្រំដែន​រវាង​ក​ម្ពុ​ជា និង​វៀតណាម ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​៕