​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

696
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ចុងខែ​សីហា​ឆ្នាំ​២០១៨ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ក្នុងនោះ រួមមាន​ព្រឹត្តិការណ៍​លេចធ្លោ​ជាងគេ គឺ​ការដោះលែង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១៤​នាក់ និង​សកម្មភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល រួមទាំង​ការជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ ជាដើម​។​

សម្តេច​តេ​ជោ​ហ៊ុនសែន​ជួប​កម្មករ កម្មការិនី ក្នុង​សប្តាហ៍​កន្លងទៅនេះ​(​រូបថត​ផេ​ក​សម្តេច​ហ៊ុនសែន​)

​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែសីហា អគ្គលេខាធិការ​រដ្ឋសភា បានប្រកាសថា នៅ​ថ្ងៃ​ពុធ ទី​៥ ខែកញ្ញា វេលា​ម៉ោង ៨​ព្រឹក រដ្ឋសភា​នីតិកាល​ទី​៦ នឹង​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​ដំបូង ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ពិធី​ដ៏​មហា​ឡា​រឹក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ឥស្សរជន​ជាន់ខ្ពស់ អង្គទូត និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏ត្រូវ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផងដែរ​។ តាម​សេចក្តីជូនដំណឹង​ដដែល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែកញ្ញា វេលា​ម៉ោង ៨​ព្រឹក រដ្ឋសភា នឹងធ្វើ​ការបោះឆ្នោត ដើម្បី​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​។​

.​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​តេ​ជោ​បាន​ណែនាំ​អំពី​ការកែទម្រង់​ទាំងឡាយ​របស់​គណៈមេធាវី គឺត្រូវធ្វើ​ឲ្យ​ស្របតាម​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​និយាម​អន្តរជាតិ​។ ក្នុងនោះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​គណៈមេធាវី អំពី​ការបញ្ចេញ និង​បញ្ជូន​មេធាវី ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សមត្ថភាព​មេធាវី ព្រមទាំង​ត្រូវ​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​មេធាវី​។ ក្នុងនោះ គណៈមេធាវី ក៏ត្រូវ​គិតគូរ​ពង្រាយ​មេធាវី ដើម្បី​ជួយ​ដល់​កូនក្តី នៅតាម​បណ្ដា​ខេត្ត និង​ជនបទ​ផងដែរ​។​

លោក សុង ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​

.​កាលពី​ថ្ងៃទី​២៨ ខែសីហា គណៈប្រតិភូ​ចិន មកពី​សហព័ន្ធ​ពាណិជ្ជករ​ចិន ទាវ​ជីវ​សាកល ប្រមាណ ៤០​រូប និង​គណៈប្រតិភូ​មកពី​សមាគម​ខ្មែរ​-​ចិន ប្រមាណ ៣០​រូប​បន្ថែមទៀត បាន​ចូលជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ការពន្យល់​ពី​គោលនយោបាយ និង​ផែនការ​លម្អិត​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងន័យ​ផ្តល់នូវ​ចក្ខុវិស័យ​ដល់​ពួកគេ ដើម្បី​កំណត់​ផែនការ​វិនិយោគ​នៅ​កម្ពុជា​។ ក្រោយ​ស្តាប់​ការពន្យល់​លម្អិត​ពីស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រួចរាល់ គណៈប្រតិភូ​ចិន បាន​បេ្ត​ជ្ញា​បន្ត​វិនិយោគ​បន្ថែមទៀត នៅ​កម្ពុជា ស្រប​ពេលដែល​បច្ចុប្បន្ន អ្នក​វិនិយោគិន​ចិន បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ រួចស្រេច​ទៅហើយ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។

.​កាល​យប់​ថ្ងៃទី​២៧ ឈានចូល​ថ្ងៃទី​២៨ ខែសីហា អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១៤​នាក់ ដឹកនាំ​ដោយ​លោក មា​ជ​សុវណ្ណារ៉ា ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស ក្រោយពេល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​ការ​ទូល​ស្នើសុំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ។ សំណើរ​របស់​សម្តេច​តេ​ជោ បន្ទាប់ពី​ទណ្ឌិត​ជា​អតីត​សកម្មជន​អតីត​គណបក្សប្រឆាំង​ទាំងនោះ បាន​សរសេរ​លិខិត​ជូន​សម្តេច ហើយ​បាន​សន្យា​ឈប់​ប្រព្រឹត្ត​កំហុស និង​សន្យា​ដក​ពាក្យ​ប្តឹង​ទាំងអស់​។ នៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា ក្រុមមន្ត្រី និង​សកម្មជន​អតីត​គណបក្សប្រឆាំង​ទាំងនេះ បាននាំគ្នា ទៅធ្វើ​ពិធី​និមន្ត​ព្រះសង្ឃ ស្រោច​ទឹក នៅ​វត្ត​ចាស់ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

.​បន្ទាប់ពី​បានទទួល​ជោគជ័យ ក្នុង​ការជួប​សំណេះសំណាល​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​កម្មការិនី​ប្រមាណ ជាង ៧៦​ម៉ឺន​នាក់ ក្នុងជំនួប ៥៥​លើក​កន្លងមកនេះ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ក្នុងជំនួប​ជាមួយ​កម្មក​កម្មការិនី​ជាង ១​ម៉ឺន ៤​ពាន់​នាក់​បន្ថែមទៀត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​គម្រោង​បន្ត​ចុះ​ជួប​កម្មករ​កម្មការិនី ប្រមាណ ១០ លើក​បន្ថែមទៀត ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នា​អាណត្តិ​ទី​៦​នេះ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់ ក្នុងន័យ​ជំរុញ​អនុវត្ត​អោយបាន​ជោគជ័យ​នូវ​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-​ឆ្នាំ​២០២៥ ខាងមុខ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួប​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​

.​កាលពី​ថ្ងៃទី​២៩ ខែសីហា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច បាន​មកដល់​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ទាំង​នៅ​ខេត្តសៀមរាប​។ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩​សីហា លោកស្រី​រដ្ឋមន្ត្រីការបរទេស បាន​ដឹកនាំ​ប្រតិភូ ចូលជួប​ពិភាក្សា​ងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង​បាន​ធ្វើជា​អធិបតី​នៃ​ការចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​ពីរ​។ ក្រោយមក នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួប​លោកស្រី ស៊ុ​ស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​។ នៅក្នុង​ជំនួប​នេះ លោកស្រី បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​លទ្ធផល​បោះឆ្នោត​របស់​ក​ម្ពុ​ជា នាពេល​កន្លងទៅ​ថ្មីៗ​។

.​ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​លោក សុង ថាវ (SONG TOA) រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្នុ​យ​នី​ស្ត​ចិន ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​ចិន នាពេលនេះ ពិតជា​បាន​នាំមក​នូវ​ការពង្រឹង​ពង្រីក​នូវ​ចំណងមិត្តភាព សាមគ្គីភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

.​ព្រឹក​ថ្ងៃទី​៣០ ខែសីហា លោក សុង ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ក៏បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ផងដែរ​។ ក្នុងជំនួប លោក សុង ថាវ បានប្រកាស​ជំហរ​រដ្ឋាភិបាល​ចិន​សា​ថ្មី​ចំពោះ​កម្ពុជា​ថា ចិន​នឹង​នៅតែ​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ទៅលើ​អ្វី​ដែលជា​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា​។ ក្នុងនាម​រដ្ឋាភិបាល​ចិន លោក ស៊ុន​ថាវ ក៏បាន​សម្តែង​ការគាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​គាំទ្រ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​កម្ពុជា ដើម្បី​ឆ្ពោះទៅកាន់​ការអភិវឌ្ឍ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ផងដែរ​។

.​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី បានសម្រេច បន្ត​ឃុំខ្លួន​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល ០៦​ខែ​បន្តទៀត​។ ការសម្រេច​ពន្យារពេល​ឃុំខ្លួន​លោក​កឹម​សុខា ជា​លើក​ទី​២​នេះ ក្រោយពេល​ចៅក្រម​ស៊ើបសួរ បាន​ដំណើរការ​នីតិវិធី​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ចំពោះមុខ​ជន​ត្រូវ​ចោទ លោក​កឹម​សុខា ក្រុម​មេធាវី និង​តំណាង​អយ្យការ កាលពី​ព្រឹក​ថ្ងៃទី​៣០​សីហា​។​

​ដោយឡែក ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទឹក​ទន្លេសាប នៅ​បន្ត​កើនឡើង​នៅឡើយ ហើយ​នៅ​ខេត្តស្ទឹងត្រែង ទោះបីជា​ទឹក​ស្រក​ចុះ​បន្តិច នៅ​កាលពី​ល្ងាច​ថ្ងៃទី​៣០​សីហា តែ​ក៏​នៅលើ​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅឡើយ​។ ដោយឡែក ចំនួន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ គិត​ត្រឹម​ថ្ងៃទី​៣០​សីហា បាន​កើន​ឡើងដល់​ជិត ១០​ម៉ឺន​គ្រួសារ ខណៈដែល​អ្នករងគ្រោះ ស្លាប់​ដោយ​ទឹកជំនន់ បាន​កើន​ដល់ ៣២​នាក់​ហើយ​។​

.​ថ្ងៃទី​២៨ ខែសីហា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​យល់ព្រម​ឲ្យ​ក្រសួងមហាផ្ទៃ សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​ខេត្ត​ថ្មី ចំនួន ពីរ​។ នោះ​គឺ​ខេត្ត​ថ្មី​មួយ បំបែក​ចេញពី​ខេត្តកណ្តាល និង​ខេត្ត​ថ្មី​មួយទៀត នឹងត្រូវ​បំបែក​ចេញពី​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​។ តាម​ក្រសួងមហាផ្ទៃ ដំណើរការ​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​ខេត្ត​ថ្មី​នេះ នឹង​ចប់​រួចរាល់ នៅ​ខែមករា ឆ្នាំ​២០១៩​។

​កាលពី​ថ្ងៃទី​៣១ ខែសីហា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានទូល​ថ្វាយ​ស្នើសុំ​ព្រះមហាក្សត្រ តែងតាំង​មន្ត្រីនគរបាល​ជាន់ខ្ពស់​បី​រូប គឺ​ទី​១-​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​បន្ថែម​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទី​២-​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ជា​អគ្គនាយក​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​ទី​៣- លោក សេង យូ​អ៊ា​ន់ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ អគ្គនាយករង ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​។ ដោយឡែក អគ្គនាយក​ចាស់ ត្រូវបាន​ដាក់​ឲ្យ​ចូល​និវត្ត​។

​ជាមួយគ្នា​នោះ កាលពី​ថ្ងៃទី​៣១ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ទូលថ្វាយ​ព្រះមហាក្សត្រ ស្នើសុំ​ដាក់​នាយ​នគរបាល​ជាន់ខ្ពស់ ចំនួន ១០​រូប ឲ្យ​ចូល​និវត្ត រួមមាន​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន​, នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា​, នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង សំអាត​, នាយ​ឧ​ត្ត​ម​សេនីយ៍ ផាង ពៅ​, នាយ​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន​, នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍​, នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំណាង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ លី គឹម​ឡុង​៕ ល​