​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1699
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ជាច្រើន​បានកើត​ឡើង ដែល​ក្នុងនោះ រួមមាន​៖ រដ្ឋសភា​បន្ត​ប្រជុំ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​គណៈកម្មការ​ជំនាញ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ចុះ​ជួប​កម្មករ​កាត់ដេរ ព្រមទាំង​ការបញ្ជា​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​ឯកជន កាយ​ដី ដែល​ចាក់​លុប​ឆ្នេរសមុទ្រ យកចេញ​វិញ ឲ្យ​ដូចដើម ជាដើម​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែកញ្ញា ប្រធាន​គណៈកម្មការ​ព័ត៌មាន និង​កិច្ចការបរទេស​នៃ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត នៅ​វិមាន​រដ្ឋសភា ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចិ​ន្ត្រៃ​យ៍​រដ្ឋសភា​ថា លោក​បាន​រកឃើញ​ព័ត៌មាន​មួយ ដែល​នៅ​ពីក្រោយ​ការសម្រេច​របស់​សភា​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​កម្ពុជា​។ បើតាម​លោក​ឈាង​វុន មន្ត្រីជាន់ខ្ពស់​អឺរ៉ុប​មួយរូប រួម​នឹង​បក្ខពួក បាន​ព្យាយាម​យក​ប្រជាធិបតេយ្យ​កម្ពុជា ដើម្បី​ធ្វើជា​លេស បញ្ចប់​ការអនុគ្រោះ ពាក់ព័ន្ធ​នឹង​ការចូល​អង្ករ​ពី​កម្ពុជា ដែល​ប៉ះពាល់​ទីផ្សារ​អង្ករ​ប្រទេស​ពួកគេ​។
​ការលើកឡើង​របស់​ស​មា​ជិ​ក​សភា​កម្ពុជា​ដូច្នេះ បានធ្វើ​ឡើង បន្ទាប់ពី​សភា​អឺរ៉ុប បានអនុម័ត​សេចក្ដីសម្រេច ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ទម្លាក់ចោល​ការចោទប្រកាន់​លើ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ សេចក្ដីសម្រេច កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​របស់​សភា​អឺរ៉ុប​នេះ គឺ​គ្រាន់តែ​ជា​ជំហរ​របស់​សភា​អឺរ៉ុប​ប៉ុណ្ណោះ តែ​វា​គ្មាន​លក្ខណៈ​ចាប់បង្ខំ​ទេ​។ តាម​យន្តការ​អឺរ៉ុប គឺ​ទាល់តែ​ឆ្លងកាត់​គណៈកម្មការ​អី​រ៉ុ​ប និង​ក្រុមប្រឹក្សា​អឺរ៉ុប ទើប​ជា​សេចក្ដីសម្រេច​ចុងក្រោយ​ដែលមាន​លក្ខណៈ​ចាប់បង្ខំ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានរៀបចំ​សន្និសីទ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីអំពី​ការត្រៀម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៨​នេះ​។ ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា នៅតាម​សាលាឃុំ​សង្កាត់ ទូទាំងប្រទេស​។ ក្នុង​សន្និសីទ​ជា​លើកដំបូង នៅ​ទីស្ដីការ​ថ្មី​នេះ ប្រធាន​គ​.​ជ​.​ប​. ក៏បាន​ថ្លែង​អំពី​ការទទួលយក​ទីស្នាក់ការ​ថ្មី ក្រោយ​បំពេញការងារ​នៅក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ប្រមាណ ២០​ឆ្នាំ​មកហើយ​។

​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បានប្រកាស កាលពី​ថ្ងៃទី​១៨ ខែកញ្ញា​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចុះ​ពិនិត្យ​សកម្មភាព​ចាក់ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ នៅ​ចំណុច​ឆ្នេរ​ព្រែកត្រែង ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ សម្តេច​តេ​ជោ ក៏បាន​បញ្ជា​ឲ្យ​កាយ​អាចម៍ដី ដែល​ចាក់​លុប​ឆ្នេរសមុទ្រ​នោះ ចេញ​វិញ​ភ្លាមៗ ដោយ​ធ្វើយ៉ាងណា ឱ្យ​ឆ្នេរ​ធម្មជាតិ​នេះ ឱ្យនៅ​ដូចដើម​ឡើងវិញ​។​

​កាលពីដើម​សប្តាហ៍​នេះ ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាម៉េរិក​ប្រចាំ​ក​ម្ព​ជា ហៅ​កាត់​ថា AMCham Cambodia បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើជូន​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដោយបាន​ផ្ដល់យោបល់​ស្ដីអំពី​ការយល់ឃើញ​របស់​ក្រុម​ពាណិជ្ជករ​អាម៉េរិក ចំពោះ​ប្រទេស​កម្ពុជា ដែល​អាម៉េរិក​ចង់​ដាក់ទណ្ឌកម្ម​។ សម្រាប់​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី សំណេរ​របស់​ក្រុមប្រឹក្សាភិបាល​សភាពាណិជ្ជកម្ម​អាម៉េរិក បានផ្ដល់​ការលើកទឹកចិត្ត​ធំ​ណាស់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដែល​រក្សាបាន​សន្តិភាព និង​ផ្ដល់​ការអនុគ្រោះ​ដ៏​ល្អ​ជូន​ក្រុម​អ្នកវិនិយោគ​។

​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ នៅ​ខេត្តកំពង់ស្ពឺ​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់ក​ម្មករ​-​កម្មការិនី​ទូទាំងប្រទេស​ទាំងអស់ កុំ​ធ្វើ​សកម្មភាព​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​នូវ​បញ្ហា​ផ្សេងៗ​។ បើតាម​សម្តេច សកម្មភាព​បិទផ្លូវ​ជា​រឿង​ខុសច្បាប់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ដល់​អ្នកដទៃ ជាពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ទាំងឡាយ ដែល​កំពុង​ស្វែងរក​សេវា​សង្គ្រោះបន្ទាន់ ជាដើម​។
​ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ជំហ​យ៉ាង​ម៉ឺងម៉ាត់​ជាថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​រូប​សម្តេច​ផ្ទាល់ នឹង​រក្សា​ឯករាជ្យ អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ដោយ​មិន​ឱនក្បាល​ចំពោះ​បរទេស​ណា​ទាំងអស់ ដែល​ចង់​មក​កៀប​កម្ពុជា​។ សម្តេច ក៏បាន​ប្រកាស ច្រានចោល​ព័ត៌មាន ដែលថា អង្គការសហប្រជាជាតិ នឹង​ព្យួរ​អាសនៈ​របស់​កម្ពុជា ហើយ​សម្តេច ហ៊ុន សែន ក៏​បញ្ជាក់ថា កម្ពុជា​មិនមាន​ការបោះឆ្នោត​ឡើងវិញ​នោះឡើយ​។​

​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ផ្សព្វផ្សាយ​នូវ​សារលិខិត និង​ការលើកឡើង​ផ្ទាល់មាត់​របស់​ប្រធានាធិបតី​អាម៉េរិក នាយករដ្ឋមន្ត្រី​បារាំង និង​នាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី ដែល​សុទ្ធតែ​បាន​សម្ដែង​ឆន្ទៈ បន្ត​ពង្រឹង​កិច្ចសហការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ការបង្ហាញ​ឆន្ទៈ​ពី​មេដឹកនាំ​អាមេរិក និង​បារាំង បាន​ក្លាយជា​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត នៅក្នុង​បរិបទ ដែល​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង កំពុង​ស្វះស្វែង​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​កម្ពុជា​។

កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានទទួល​ជួប​សមាជិកសភា​អាល្លឺម៉ង់ លោក ម៉ា​កកូ​ស បេន​យ៉ា​មីន កូប ( Markkus Benjamin Koob )​។ ក្នុង​កិច្ចប្រជុំ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ សមាជិកសភា​អាល្លឺម៉ង់ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ពី​អធិការបតី អាល្លឺម៉ង់ លោកស្រី អេ​ន​ជេ​ឡា ម៉ា​គែល ( Angela Markel ) ដែល​បានប្រកាស​គាំទ្រ​សម្តេច ហ៊ុន សែន ដែល​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ថ្មី របស់​កម្ពុជា ក្នុង​រយៈពេល ៥ ឆ្នាំ​ទៅមុខទៀត​។ ក្រៅពី​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​សម្តេច ហ៊ុន សែន អាល្លឺម៉ង់​ក៏បាន​ប្រកាស​ធ្វើការ​ងារ​ជា​ដៃគូ​ល្អ​ជាមួយ​កម្ពុជា​បន្តទៀត នាពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​ផងដែរ​។

រដ្ឋសភា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា បាន​បន្ត​សម័យប្រជុំរ​បស់​ខ្លួន ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​បញ្ចូល​តំណាងរាស្ត្រ​មួយចំនួន ទៅក្នុង​គណៈកម្មការ​ជំនាញ​នានា​នៃ​រដ្ឋសភា​។ កិច្ចប្រជុំ​រដ្ឋសភា​នេះ បានធ្វើ​ឡើង ក្រោយ​តំណាងរាស្ត្រ ថ្មី​៣៨​រូប ទទួលបាន​ការផ្ដល់​សុពល​ភាពជា​អ្នកតំណាងរាស្ត្រ និង​ចូល​ស្បថ សច្ចាប្រណិធាន នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​១៩ ខែកញ្ញា​។ តំណាងរាស្ត្រ ដែល​ត្រូវបាន​បោះឆ្នោត​បញ្ចូល​ទៅក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា កាលពី​ថ្ងៃទី​២០ ខែកញ្ញា មាន​ចំនួន​៨៣ រូប ដែល​ក្នុង​គណៈកម្មការ​នីមួយៗ មាន​សមាសភាព​ពី ៩ ទៅ ១០ រូប​។​


​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស តែងតាំង​លោក មូល ស៊ុយ​ហេង ជា​នាយក​វិទ្យាល័យ ព្រះស៊ីសុវត្ថិ ឡើងវិញ ដើម្បី​បញ្ចប់​ការតវ៉ា​។ សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង ក្រោយពី​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់​ជួន ណា​រ៉ុ​ន បាន​ចុះ​ដោះស្រាយ​ករណី​តវ៉ា​របស់​គ្រូបង្រៀន នៅ​វិទ្យាល័យ ព្រះស៊ីសុវត្ថិ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ដែល​ការដោះស្រាយ​នោះ បានធ្វើ​ឡើង តាមរយៈ​ការបោះឆ្នោត​។ ជា​លទ្ធផល គ្រូបង្រៀន​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក មូល ស៊ុយ​ហេង បន្ត​ជានា​យក​វិទ្យាល័យ ព្រះស៊ីសុវត្ថិ​។ ជាមួយនឹង​ការសម្រេច​នេះ ក្រសួង​អប់រំ ក៏បាន​តម្រូវ​ឲ្យ​លោកនាយក​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ត្រូវ​សង​ថវិការដ្ឋ ដែល​បាន​បាត់បង់ និង​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​

​ដោយឡែក នៅក្នុង​សប្តាហ៍​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​ក្របខ័ណ្ឌ ទូទាំងប្រទេស រហូតដល់​ថ្ងៃទី​២៦ ខែកញ្ញា ។ ក្នុងនោះ នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​ជួរ​ភ្នំ ក៏​អាច​នឹង​កើតមាន​ជំនន់​ទឹកភ្លៀង​ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា សម្តេច​តេ​ជោ បានអនុញ្ញាត​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ឯក​បំរុង លឿង គឿង (Luong Cuong) ប្រធាន​អគ្គស្នងការ​នយោបាយ នៃ​កងទ័ព​វៀតណាម ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ ឯកឧត្តម លឿង គឿង បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា វៀតណាម អបអរសាទរ ចំពោះ​សម្ដេច​តេ​ជោ ដែល​បានទទួល​ជោគជ័យ​លើ​ការបោះឆ្នោត និង​ទទួលបាន​តំណែង​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​ទៀត​។ ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ក៏បាន​សំដែង​នូវ​ការចូលរួម​សោកស្ដាយ​ចំពោះ​មរណភាព​របស់​ឯកឧត្តម​ប្រធានាធិបតី​វៀតណាម ត្រាន ដៃ​ក្វាង ហើយ​ក៏បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​ឯកឧត្តម លឿង គឿង ដែល​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការអបអរសាទរ ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា ពី​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម ជូន​ចំពោះ​សម្ដេច​។​

​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ក្រសួងការបរទេស ក៏បាន​ប្រកាសថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា​។ នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ឡើង​ថ្លែង​សន្ទរកថា ព្រមទាំង​ជួប​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រី​បណ្តា​ប្រទេស​នានា ព្រមទាំង​ជួប​សហគមន៍​ខ្មែរ នៅ​អាមេរិក និង​នៅ​កាណាដា ផងដែរ​។​

​នៅ​ថ្ងៃទី​២១-២២ ខែកញ្ញា គ​.​ជ​.​ប​. រៀបចំ​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​សាលា​ខេត្តកំពត​។ សន្និបាត​នេះ បាន​ប្រារព្ធ​ពិធី​បិទ កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​៕

#