​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

916
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍ ចុងខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ព្រឹត្តិការណ៍​លេចធ្លោ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​ភ្នំពេញ ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី​២៧-៣០ ខែកញ្ញា ឆ្នាំ​២០១៨​។ ក្រៅពីនោះ ក៏មាន​ព្រឹត្តិការណ៍​ជាតិ សំខាន់ៗ ជាច្រើន​ផ្សេងទៀត​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោក ស្យ​ង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូត ចិន ប្រចាំ​នៅ​កម្ពុជា ដើម្បី​សំដែង​ការគួរសម និង​ជំរាបលា មុននឹង​លោក ត្រូវ​ចប់​អាណត្តិ ជា​ឯកអគ្គរដ្ឋទូត រយៈពេល ២​ឆ្នាំ នៅ​កម្ពុជា​។ ក្នុងជំនួប​នេះ លោក ស្យ​ង់ ព័រ បាន​ថ្លែងអំណរគុណ ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ដែល​សម្តេច​បាន​គាំទ្រ ក្នុង​កិច្ចការងារ​របស់លោក នៅក្នុង​ឱកាស​ដែល​លោក​បំពេញ​បេសកម្ម​ការទូត​នៅ​កម្ពុជា​។ នៅក្នុង​សប្តាហ៍​ចុងខែ​កញ្ញា ឯកអគ្គរដ្ឋទូត​ចិន លោក ស្យ​ង់ ព័រ បាន​ជួប និង​ជម្រាបលា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន សម្តេច​ក្រឡាហោម ស ខេង សម្តេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ព្រមទាំង​លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ផងដែរ​។​

​ពិធីបុណ្យ​កាន់បិណ្ឌ បានចាប់ផ្តើម កាលពី​ថ្ងៃ​១​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកញ្ញា​។ ពិធីបុណ្យ​កាន់បិណ្ឌ នឹង​បន្ត​រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​៩ ខែកញ្ញា​។ ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ បាន​អញ្ជើញ​ទៅ​វត្ត ប្រារព្ធ​ពិធី​កាន់បិណ្ឌ​យ៉ាង​សប្បាយរីករាយ នៅតាម​វត្ត​អារាម នៅ​ទូទាំងប្រទេស​។ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ម្ហូបអាហារ ផ្លែឈើ នំចំណី ភេសជ្ជៈ និង​គ្រឿង​ស្រវឹង​ផង តែងតែ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​លាយឡំ​គ្នា ដែល​អាច​នឹង​បណ្តាលឱ្យមាន​បញ្ហា​សុខភាព រហូតដល់​បាត់​បងជីវិត ប្រសិនបើ​ខ្វះ​ការប្រុងប្រយ័ត្ន​។ ដើម្បី​បង្ការ​បញ្ហា​សុខភាព​ពី​ការពុល​អាហារ និង​ពុល​ស្រា ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នាពេលនេះ ក្រសួងសុខាភិបាល បាន​ណែនាំ មហាជន​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​អនាម័យ ៩ ចំណុច ឱ្យបាន​ខ្ជាប់ខ្ជួន រួមមាន​៖ ប្រើប្រាស់​ទឹកស្អាត ម្ហូបអាហារ​ស្អាត ឆ្អិន​ជានិច្ច លាងដៃ​នឹង​សាប៊ូ និង​មិនត្រូវ​ទទួលទាន​ស្រា​ច្រើន ហើយ​មិនមាន​ប្រភព​ច្បាស់លាស់ ជាដើម នោះទេ​។​

​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយ​ក្វាង នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ក្រៅពី​អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​សព​អតីត​ប្រធានាធិបតី​វៀតណាម នៅ​ទីក្រុង​ហាណូយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្ត្រី​កូរ៉េ ឯកឧត្តម លី ណាក់​យ៉ុ​ន មុននឹង​សម្តេច វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ នា​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា​។

​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស​កម្ពុ​ជា បានប្រកាស​ស្វាគមន៍​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ ជា​ប្រវត្តិសាស្ត្រ និង​ជោគជ័យ ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៨-២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុងយ៉ាង ជាពិសេស​កម្ពុជា បានប្រកាស​ស្វាគមន៍​នូវ​សេចក្តីប្រកាស​រួម ទីក្រុង​ព្យុងយ៉ាង ដែល​កម្ពុជា​ចាត់ទុកថា ជាការ​បោះជំហាន​ដ៏​សំខាន់​មួយទៀត ឆ្ពោះទៅរក​ការផ្សះផ្សា​ជាតិ សន្តិភាព​យូរអង្វែង កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​វិបុលភាព​រួម​នៅ​ឧបទ្វីប​កូរ៉េ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ ក្រៅពី​ចូលរួម​កិច្ចប្រជុំ នៅ​អង្គការសហប្រជាជាតិ ចាប់ពី​ថ្ងៃទី​២៧-៣០ ខែកញ្ញា សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ជួប​មេដឹកនាំ​បរទេស​សំខាន់​មួយចំនួន រួម​នឹង​ជួប​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​សហគមន៍​ខ្មែរ ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា ផងដែរ​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែកញ្ញា សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ក្រុមគ្រួសារ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់ បាន​នាំយក​ចង្ហាន់ និង​ទេយ្យទាន​មួយចំនួន ប្រគេន​ព្រះសង្ឃ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ដ​លង្កា​ព្រះ​កុមា​រាម ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្រៅពី​នាំយក​ចង្ហាន់ និង​ទេយ្យទាន​មួយចំនួន ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ទៅដល់​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​សុំ​ឲ្យ​មគ្គផល​កើតចេញពី​ការធ្វើ​បុណ្យ​នេះ សូម​ឲ្យ​ជាតិខ្មែរ​ទាំងមូល បាន​ជួប​ក្តី​សុខក្សេមក្សាន្ត​ជានិច្ច​និរន្ត ផងដែរ​។

​នៅពេល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅដល់​បុរី​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៧​ខែកញ្ញា សម្តេច​តេ​ជោ ត្រូវបានធ្វើ​គារវកិច្ច​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឥស្សរជន​ជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ និង​មន្ត្រីជាន់ខ្ពស់ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​អាមេរិក និង​កាណាដា​ជាច្រើនរូប​ផងដែរ​។
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ដូច​ការគ្រោងទុក នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​ឡើង​ថ្លែងការណ៍ និង​ជួប​នាយករដ្ឋមន្ត្រី​ប៊ុលហ្គារី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ព្រមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ នៅ​ថ្ងៃទី​២៩ កញ្ញា សម្តេច​តេ​ជោ ហ៊ុនសែន ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​កាណាដា ចំនួន​២​កន្លែង​ផ្សេងគ្នា មុនពេល​សម្តេច​តេ​ជោ ដឹកនាំ​គណៈប្រតិភូ ចាក​ចេញពី​ទីក្រុង​ញូវយ៉ក នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក សម្តេច​តេ​ជោ ហ៊ុនសែន នឹង​អញ្ជើញ​មកដល់​ព្រលានយន្តហោះ​ភ្នំពេញ នៅ​ម៉ោង ៣ និង ១៥ នាទី រសៀល​ថ្ងៃ​ចន្ទ ទី​១ ខែតុលា ឆ្នាំ​២០១៨​។​

​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ក្រសួងការបរទេស បានប្រកាសថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​តួ​ក​គី នៅ​ថ្ងៃទី​១-៣ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​ការទូត​កម្ពុជា រយៈពេល ៣​ថ្ងៃ នៅ​ប្រទេស​តួ​ក​គី ដែលជា​សមាជិក​សហភាព​អឺរ៉ុប រយៈពេល ៣​ថ្ងៃនេះ នឹងធ្វើ​ឡើង មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​តួ​ក​គី​។ នៅ​ប្រទេស​តួ​ក​គី ដែលជា​សមាជិកសភា​អឺរ៉ុប កម្ពុជា​ក៏​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត នៅ​ឆ្នាំ​២០១៩ ផងដែរ​។​

​ដូច​ការគ្រោងទុក នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ( នៅ​ញូវយ៉ក យឺត​ជាង​កម្ពុជា ១១ ម៉ោង ) សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត អង្គការសហប្រជាជាតិ ហើយ​សម្តេច​តេ​ជោ បាន​ឡើង​ថ្លែងការណ៍ ដោយ​អំពាវនាវ​សាជាថ្មី ឱ្យ​ប្រទេស​មហាអំណាច បញ្ឈប់​ការជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​ប្រទេស​ផ្សេង ដើម្បី​ផលប្រយោជន៍​ខ្លួន​តទៅទៀត តាមរយៈ​ការយក​បញ្ហា​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ធ្វើជា​លេស​។

​ជាមួយគ្នា​នោះ ក្នុង​កិច្ចប្រជុំ​ជាមួយ អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ បានលើកឡើង​នូវ​សំណើ ៣ ចំណុច ជូន​អគ្គលេខាធិការ រួមមាន​៖ ទី​១-​កម្ពុជា​បន្ត​អាណត្តិ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ២ ឆ្នាំ​ទៀត ទី​២-​សាលាក្តី​ខ្មែរក្រហម ដែល​កម្ពុជា​បន្ត​សហកា​រ និង​បន្ត​ចេញ​ចំណាយ​លើ​ប្រាក់ខែ​បុគ្គលិក​ជាតិ ព្រមទាំង​ទី​៣-​កម្ពុជា​បន្ត​បេសកកម្ម​ថែរក្សា​សន្តិភាព​ជាមួយ អ​.​ស​.​ប និង​មានលទ្ធភាព​ក្នុង​ការបង្កើន​កងកម្លាំង ទៅកាន់​ប្រទេស ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌ ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​៕