​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

258

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង តែ​ក្នុងនោះ ព្រឹត្តិការណ៍​ជាតិ​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ គឺ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា ដែល​បាន​ធ្វើឡើង​ទ្រង់ទ្រាយ​ធំ​ខុសពី​ឆ្នាំមុនៗ​។ ក្រៅពី​ការជួបជុំ​នៅ​វិមានឯករាជ្យ អង្គ​មិ​ទ្ទិញ​មហាជន ក៏ត្រូវ​បានធ្វើ​ឡើង នៅមុខ​ព្រះបរមរាជវាំង ហើយ​ព្រះករុណា​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ទៅកាន់​អង្គ​មិ​ទ្ទិញ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឡើង​ថ្លែងការណ៍​។​

​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់ ស្តីពី “​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​” កាលពី​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។ ក្នុងពេល​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំផុសគំនិត​ថ្នាក់ដឹកនាំ​តំបន់ និង​ពិភពលោក ឲ្យ​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ និង​ចែករំលែក​ព័ត៌មាន អោយ​គ្នា​ទៅវិញទៅមក អោយបាន​កាន់តែ​សកម្ម​ជាង​ពេលបច្ចុប្បន្ន​បន្ថែមទៀត ក្នុងន័យ​រួមគ្នា វាយ​តបត​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​។ ឱសថ​ក្លែងក្លាយ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ជា​បញ្ហា​សកល និង​ជា​ក្តី​ព្រួយបារម្ភ​រួម ចំពោះ​សុខភាព​សារ​ធារ​ណៈ និង​សេដ្ឋកិច្ច​ប្រទេស​ទាំងអស់ ពិសេស​ប្រទេស ដែលមាន​ការអភិវឌ្ឍ​ន៍​តិចតួច​។​

​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ប្រមាណ​ជិត ៣០០​នាក់ បាន​វិល​ត្រលប់​មកដល់​មាតុភូមិ​វិញ​ហើយ ក្រោយពី​បានបញ្ចប់​បេសកកម្ម​ការងារ ដោយ​ជោគជ័យ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ក្នុង​ពិធី​ទទួល​ដំណើរ​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ទោះបី​ជាមាន​ប្រភព​មួយចំនួន បាន​ផ្សព្វផ្សាយ​ខុសពី​ការពិត​ដោយ គិត​អ​វិ​ជ្ច​មាន​ចំពោះ​កិច្ចសហការ​រវាង​អង្គការសហប្រជាជាតិ និង​កម្ពុជា ក៏ដោយ ក៏​អង្គការ សហប្រជាជាតិ និង​កម្ពុជា តែងតែ​ធ្វើការ​រួមគ្នា​ជានិច្ច ជាពិសេស​លើ​បេសកកម្ម​រក្សា​សន្តិភាព ដើម្បី​បុព្វហេតុ សន្តិភាព សន្តិសុខ និង​មនុស្សធម៌​លើ​ពិភពលោក​។​

​ចំណែក​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ ស្តីពី ការកំណត់​តំបន់​ស្នូល​ស្ទឹងសែន ជាប់​បឹង​ទន្លេសាប និង​តំបន់ដីសើម​ជុំវិញ ជា​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ដែលមាន​ផ្ទៃក្រឡា​សរុប ៩.២៩៣ ហិកតា ( ប្រាំបួន​ពាន់ ពីរ​រយ​កៅសិប​បី​ហិកតា )​។ តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ គឺជា​តំបន់​រ៉ា​ម​សារ ទី​៥ នៅក្នុង​ប្រទេស​កម្ពុជា​យើង ខណៈ​កន្លងមក រាជរដ្ឋាភិបាល បានកំណត់​តំបន់​រ៉ា​ម​សារ ឬ​តំបន់ដីសើម ចំនួន បួន​កន្លែង ដែលមាន​ផ្ទៃក្រឡា សរុប ៧៥.៩៤២ ហិកតា ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ៣​ផ្សេងៗ​គ្នា គឺ​តំបន់​បឹង​ទន្លេសាប តំបន់​ទន្លេមេគង្គ និង​តំបន់ឆ្នេរ​។ តំបន់​រ៉ា​ម​សារ ឬ​តំបន់ដីសើម មាន​សារៈ​សំខាន់បំផុត សម្រាប់​មនុស្ស សត្វ រុក្ខជាតិ និង​ភពផែនដី​។​

​បន្ទាប់ពី​ទទួល​ភារកិច្ច​ពិនិត្យ និង​សិក្សា​សេចក្ដីព្រាងច្បាប់​ថវិកាជាតិ ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា រួចមក កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា បានរៀបចំ​សិក្ខាសាលា ស្វែងយល់​អំពី​ការកសាង​ក្របខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩​។ សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៩ នេះ នឹងត្រូវ​រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ខាងមុខនេះ​។​

​ចំណែក រដ្ឋាភិបាល​អាម៉េរិក តាមរយៈ​ស្ថានទូត​អាម៉េរិក ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​ផ្ដល់ជំនួយ​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ​អាម៉េរិក ជូន​អាជ្ញាធរ​ជាតិ​ព្រះវិហារ សម្រាប់​គម្រោង​ជួសជុល​ជណ្ដើរ​ប្រាសាទព្រះវិហារ របស់​កម្ពុជា នៅជាប់​ព្រំដែន​ថៃ​។ ពិធី​ចុះហត្ថលេខា​ផ្ដល់ និង​ទទួល​ជំនួយ ត្រូវបាន​ធ្វើឡើង នៅ​សារៈមន្ទីរ​ជាតិ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​។ នាឱកាស​នេះ កម្ពុជា​-​អាម៉េរិក ក៏បាន​ចុះហត្ថលេខា​បន្ត​កិច្ចសហការ​រយៈពេល ៥​ឆ្នាំ​ទៀត ពាក់ព័ន្ធ​នឹង​វត្ថុ​បុរាណ​ផងដែរ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ជាង ២​ម៉ឺន​នាក់ មកពី​រោងចក្រ​ចំនួន ២០ នៅ​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ បាន​អំពាវនាវ​អោយ​ថៅកែ​រោងចក្រ និង​កម្មករ​កម្មការិនី ត្រូវ​រួមគ្នា​កសាង​អោយបាន​នូវ “​រោងចក្រ​មួយ សហគមន៍​សុខសាន្ត​មួយ​”​។ រោងចក្រ​មួយ​សហគមន៍​សុខសាន្ត​មួយ គឺ​សម្តេច​តេ​ជោ សំដៅ​ដល់​បរិយាកាស​ការងារ​នៅ​រោងចក្រ​មួយ ដែលមាន​ភាពល្អប្រសើរ មាន​កិច្ច​សហការគ្នា​បានល្អ​ក្នុង​ដោះស្រាយ​បញ្ហា ដោយ​តំកល់​ផលប្រយោជន៍​រួម​ជាធំ​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ជំរុញ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​សហការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​២ ពី​ខេត្តកណ្តាល ទៅកាន់​ខេត្តតាកែវ ផងដែរ​។​

​ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​វិស័យ​សារព័ត៌មាន​។ ពិធី​ចុះហត្ថលេខា ត្រូវបាន​ធ្វើឡើង នៅ​ក្លិប​អ្នកកាសែត​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ រវាង​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​លោក ប្រា​មេ​ដ ឡិ​ក​ភិត ប្រធាន​ប្រតិភូ​សមាគម​អ្នកកាសែត​ថៃ​។ កិច្ចព្រមព្រៀង ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១១ មកនេះ ជាការ​បង្កើន​ទំនាក់ទំនង​រវាង​ក្លឹប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ ក្លាយជា​បងប្អូន​នឹង​គ្នា​។

​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា គណៈកម្មការ​ដឹកនាំ​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ទូកង​វែង​ជាងគេ​លើ​ពិភពលោក គ្រោង​នឹង​បំបែក​ឯ​តគ្គ​ទក​ម្ម​ពិភពលោក នៅ​ថ្ងៃទី​១២ វិច្ឆិកា ខាងមុខ នៅ​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង​។ បន្ទាប់មក ទូកង​វែង​ជាងគេ​នេះ នឹងត្រូវ​នាំយកមក​ចូលរួម​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ភ្នំពេញ នា​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ប្រជាពលរដ្ឋ​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក៏ដូចជា​យក​ដាក់ចូល​ទឹក ដើម្បី​អុំ​បើក​ពិធី​បុណ្យអុំទូក នៅមុខ​ព្រះបរមរាជវាំង​។

​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល ជាមួយ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប ទទួលបាន​និទ្ទេស A ចំនួន ៤០៨ នាក់ នៅ​ឆ្នាំ​២០១៨​នេះ​។ សម្តេច​តេ​ជោ បានប្រកាសថា រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិកា​ប្រមាណ ២០ ម៉ឺន​ដុល្លារ ក្នុងការ​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ទាំងអស់ ដែល​បានមក​ជួបជុំគ្នា តាមរយៈ​សម្ភារៈ​លើកទឹកចិត្ត ដូចជា អាយ​ភេត និង​ថវិកា​ម្នាក់ ២​លាន​រៀល ជាដើម​។ ការចំណាយ​ថវិកា ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី និទ្ទេស A ក្នុងការ​ប្រឡង​បាក់​ឌុប ត្រូវបាន​សម្តេច​តេ​ជោ​អនុវត្ត ចាប់តាំងពី​កំណែទម្រង់​ប្រឡង​បាក់​ឌុប កាលពី​ឆ្នាំ​២០១៤ ហើយ​សម្តេច បានប្រកាសថា នឹង​បន្តធ្វើ​ដូច្នេះ យ៉ាងហោចណាស់ ១០​ឆ្នាំ​ទៀត នៅក្នុង​អាណត្តិ ដែល​សម្តេច នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​បដិសេធ​ថា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី សម្តេច​មិនបាន​តែងតាំង​សាច់ញាតិ​បងប្អូន​កូនក្មួយ ដែល​មិនមាន​សមត្ថភាព ឲ្យ​ធ្វើការ​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះទេ​។ ចំណែក​ការតែងតាំង​កូន​របស់​សម្តេច កាន់ការ​ងារ​ធំ គឺ​ដោយសារតែ​ពួកគេ ជា​ពលរដ្ឋ ដែលមាន​លទ្ធភាព និង​សមត្ថភាព ហើយ​ទទួល​ការបណ្តុះបណ្តាល សុទ្ធតែ​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត មកពី​ក្រៅ​ស្រុក​។​

​ចំណែក លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បានបញ្ចប់​បេសកកម្ម លើក​ទី​៦ នៅ​កម្ពុជា រយៈពេល ១១ ថ្ងៃ កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា​។ លោកស្រី បានធ្វើ​សន្និសីទកាសែត បង្ហាញ​ពី​លទ្ធផល ក្រោយ​ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា ដែល​ផ្ដោត​សំខាន់​លើ​ការធ្វើ​មូលដ្ឋាន​រូបនីយកម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​យុទ្ធសាស្ត្រ ពាក់ព័ន្ធ​នានា ជាពិសេស​គោលដៅ​អភិវឌ្ឍ​ន៍ទី​១៦ ស្ដីពី​”​សន្តិភាព យុត្តិធម៌ និង​ស្ថាប័ន​រឹងមាំ​”​។​

​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា កម្ពុជា​បានរៀបចំ​ពិធី​ជួបជុំ អបអរសាទរ រម្លឹក​ខួប ៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ ពិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ខុសពី​ឆ្នាំមុនៗ ត្រូវបាន​ធ្វើឡើង នៅ​វិមានឯករាជ្យ និង​រៀបចំ​មិ​ទ្ទិញ​មហាជន នៅមុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។

​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មហាជន​ប្រមាណ​ជាង ២ ម៉ឺន​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា ក្នុង​មិ​ទ្ទីង​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥​ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ជំហរ​យ៉ាង​មុតមាំ​ជាថ្មី​ម្តងទៀត ក្នុងការ​ការពារ​ឯក​រាជ្យ​ភាពជា​តិ ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់​បរ​ទេស ដោយ​យក​លំ​អាន​តាម​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ព្រះអង្គ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ជាច្រើន ដើម្បី​ជាតិ និង​មាតុភូមិ​ពិសេស​ការតស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពី​នឹម​អាណានិគម​បារាំង​កាលពី​ឆ្នាំ​១៩៥៣​។
​ចំណែក​ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ គ្រប់​មជ្ឈដ្ឋាន រួបរួមសាមគ្គី​គ្នា ជា​ធ្លុង​មួយ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​តែមួយ ដើម្បី​ការពារ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ដែល​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​សត្រូវ​ណាមួយ រំលោភបំពាន​បានឡើយ​៕