ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុនសែន បានអញ្ជើញបើកការដ្ឋានសាងសង់ឲ្យកាន់តែរឹងមាំ និងពង្រីកឲ្យធំជាងមុននូវកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងប្រមាណ ៨៥គីឡូម៉ែត្រ។ ការដ្ឋានសាងសង់នេះ ផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន ប្រមាណ ១៨៥ លានដុល្លារអាមេរិក។ ជប៉ុន ក៏នឹងធានារ៉ាប់រងក្នុងការសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីរដំណាក់កាលទៀត ចាប់ពីស្ពានព្រែកក្តាម រហូតដល់ប៉ោយប៉ែត ព្រំដែនថៃ។
.ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប កាលពីព្រឹកថ្ងៃទី២៧ ខែមីនា សម្តេចតេជោ ហ៊ុនសែន បានបង្ហាញប្រតិកម្មជាសាធារណៈខ្លាំងៗ ឆ្លើយតបទៅនឹងព័ត៌មាន ដែលសម្តេច ហ៊ុន សែន ចាត់ទុកថា ជាព័ត៌មានបំផ្លើស ជុំវិញការលើកឡើងថា ជប៉ុនបានបង្គាប់បញ្ជា អោយរាជរដ្ឋាភិបាលកម្ពុជា សិក្សាលទ្ធភាពចរចានយោបាយ ជាមួយមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែបើតាមសម្តេចហ៊ុនសែន ជប៉ុនមិនដែលមានទំលាប់បែបនេះទេ តែផ្ទុយទៅវិញប្រទេសជប៉ុន ជាប្រទេសមួយ ដែលគោរពច្បាប់ និងអធិបតេយ្យភាពខ្លាំងណាស់របស់កម្ពុជា។ សម្តេចក៏បានបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា មិនមានការចរចាណាមួយជាមួយអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលសម្តេចចាត់ទុក ជាក្រុមក្បត់ជាតិនោះឡើយ។
.កាលពីរសៀលថ្ងៃទី២៧ ខែមីនា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទសន្និបាត សុខាភិបាល លើកទី៣៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ សម្តេច បានជំរុញឲ្យក្រុមគ្រូពេទ្យ បន្តយកចិត្តទុកដាក់ ផ្តល់សេវាព្យាបាលប្រជាពលរដ្ឋ។
.ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ នៃប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីនាំនូវការសាកសួរសុខទុក្ខពីលោកប្រធានាធិបតីឥណ្ឌូនេស៊ី ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ហើយនោះ លោករដ្ឋមន្ត្រីឥណ្ឌូនេស៊ី ក៏បាននាំនូវលិខិតគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីបញ្ហាសេដ្ឋកិច្ច នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាខែតុលា ដែលមានវត្តមានមេដឹកអាស៊ាន និងធនាគារពិភពលោក ព្រមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ( IM F) ចូលរួមផងដែរ។
.តុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា បានបើកសវនាការជំនុំជម្រះលើបណ្ដឹងរបស់លោក កឹម សុខា ដែលមិនសុខចិត្តនឹងសាលាដំបូងរាជធានីភ្នំពេញ ក្នុងការសម្រេច បន្តឃុំខ្លួនលោក ៦ខែទៀត។ ប៉ុន្តែជាលទ្ធផលនៃសវនាការ ដែលមិនមានវត្តមានរបស់លោកកឹមសុខា ចូលរួមនោះ ត្រូវបានតុលាការសាលាឧទ្ធរណ៍ បានសម្រេចយល់ស្រប ចំពោះសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺបន្តឃុំខ្លួនលោកកឹមសុខា រយៈពេល ៦ខែបន្តទៀត ដើម្បីរង់ចាំការស៊ើបអង្កេត ក្នុងសំណុំរឿងក្បត់ជាតិ។
.កាលពីព្រឹកថ្ងៃទី២៨ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបន្តកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីប្រមាណជាង ១ម៉ឺន ៤ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន ២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៤លាន ៦សែន ដុល្លារ ក្នុងការដោះស្រាយប្រាក់ខែដល់កម្មករកម្មការនីមួយចំនួន ដែលត្រូវម្ចាស់រោងចក្ររត់ចោល។
.លំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើរួមគ្នា រយៈពេល ១៥ថ្ងៃ បានបិទបញ្ចប់ កាលពីថ្ងៃទី២៩ ខែមីនា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ចូវ សុងហឺរ (Zhou Songhe) មេបញ្ជាការរងកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន។ ប្រមុខដឹកនាំក្រសួងការពារជាតិកម្ពុជា បានចាត់ទុកថា លំហាត់សមនេះ ថាក្រៅពីការជួយរឹតចំណងមិត្តភាពកម្ពុជា-ចិន គឺបានជួយលើកកម្ពស់សមត្ថភាព បង្កើនជំនាញបច្ចេកវិទ្យា បទពិសោធន៍ថ្មីៗជាច្រើនលើប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម ដល់កងយោធពលខេមរភូមិន្ទកម្ពុជា។
.កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពី តំបន់ត្រីកោណអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅពីរថ្ងៃ គឺនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ។
.កាលថ្ងៃទី៣០ ខែមីនា កម្ពុជាបានបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់។ ក្នុងឱកាសនេះ ប្រមុខដឹកនាំក្រសួងការពារជាតិ សម្តេច ទៀ បាញ់ បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសទទួលជំនួយផ្នែកបោសសម្អាតមីន ពីបណ្តាប្រទេសជាមិត្ត និងតែងតែបញ្ជូនសិក្ខាកាម ទៅសិក្សានៅបរទេស តែបច្ចុប្បន្ននេះ កម្ពុជាបានប្រែក្លាយ ទៅជាប្រទេស ដែលមានបទពិសោធន៍ មានសមត្ថភាពបោសសម្អាតមីន និងជាប្រទេស ដែលហ្វឹកហ្វឺនគ្រូបង្គោលបោសសម្អាតមីន ដល់សិក្ខាកាមនៅក្នុងតំបន់ និងពិភពលោកថែមទៀតផង។
.នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ប៉ូលិសអគ្គស្នងការនគរបាលជាតិ បានបញ្ជូនអតីតស្នងការរងនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ឡាយ ណារិទ្ធ រួមទាំងបក្ខពួកមួយចំនួន បញ្ជូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ លោកស្នងការរង និងបក្ខពួក ជាប់ពាក់ព័ន្ធសំណុំរឿងឃាតកម្មលើស្ត្រីមេម៉ាយរូបស្រស់ម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា ដែលបានស្លាប់ ហើយត្រូវបានគេអះអាងថា ចងកសម្លាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨៕L
