ដោយ: ម៉េងឆៃ / ភ្នំពេញ: នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ក្នុងនោះ ព្រឹត្តិការណ៍ជាតិសំខាន់ៗ ដែលលេចធ្លោ រួមមាន បើកសម្ពោធដាក់ឲ្យដំណើរការទំនប់វារីអគ្គិសនីសេសានក្រោម២ អនុប្រធានរដ្ឋសភាបារាំង បំពេញទស្សនកិច្ចនៅកម្ពុជា សន្និបាតគណបក្សប្រជាជនកម្ពុជា និងព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចបីថ្ងៃ នៅប្រទេសវៀតណាម ជាដើម។
កាលពីថ្ងៃទី១៧ ខែធ្នូ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនី សេសាន ក្រោម២ ដែលផលិតថាមពលអគ្គិសនី ៤០០ម៉េហ្កាវាត់។ វារីអគ្គីសនីសេសានក្រោម២ មានទីតាំងនៅក្នុងខេត្តស្ទឹងត្រែង។ គិតមកដល់ខែធ្នូនេះ វារីអគ្គិសនីនៅកម្ពុជា មានចំនួន ៧ កន្លែង បូកទាំងវារីអគ្គិសនី សេសានក្រោម២នេះ ដោយបានរួមចំណែក ធ្វើឲ្យទំហំអគ្គិសនី ក្នុងស្រុក កើនឡើងពីប្រមាណ ១៥០ ម៉េហ្កាវាត់ រហូតដល់ជាង ២ពាន់ម៉េហ្គាវាត់ ក្នុងឆ្នាំ២០១៨ នេះ។ ក្នុងន័យនេះ សម្តេចតេជោ ក៏បានប្រកាសបញ្ចុះតម្លៃអគ្គិសនី អោយថោកជាងបច្ចុប្បន្ន ចន្លោះពី ១០០ ទៅ ២០០ រៀលបន្ថែមទៀត រាប់ចាប់តាំងពីឆ្នាំ២០១៩ តទៅ។
អនុប្រធានរដ្ឋសភាបារាំង រួមទាំងប្រតិភូ បានមកបំពេញទស្សនកិច្ចនីកម្ពុជា ជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែធ្នូ។ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ប្រតិភូសភាបារាំង បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មុនបន្តជួបពិភាក្សាជាមួយប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា លោក ឈាងវុន។ បន្ទាប់ពីកិច្ចប្រជុំ លោក ឈាង វុន បានលើកឡើងថា ក្នុងជំនួបទាំងពីរនេះ អនុប្រធានរដ្ឋសភាបារាំង បានអះអាងថា រដ្ឋសភាបារាំង គាំទ្រ និងសន្យាជួយកម្ពុជា សម្រាប់ការតស៊ូមតិក្នុងសំណុំរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA ជាមួយសហភាពអឺរ៉ុប។
ក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានប្រកាសថា ក្នុងប្រតិបត្តិការ ជាប្រចាំ រយៈពេលពេញ ១ឆ្នាំ នៅឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដល់ពលរដ្ឋរងគ្រោះទូទាំងប្រទេស និងសេវាកម្មមនុស្សធម៌ផ្សេងទៀត ជាង ២០ ម៉ឺនគ្រួសារ។ ប្រជាពលរដ្ឋទាំងនេះ រងគ្រោះ ដោយគ្រោះទឹកជំនន់ ដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ ព្រមទាំងរងផលប៉ះពាល់ពីការបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ ជាដើម។
កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១អាណត្តិទី៥ រយៈពេលបីថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតនេះ បានប្រារព្ធឡើង ក្រោមការដឹកនាំផ្ទាល់ដោយសម្តេចចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន។ ជាលទ្ធផល សន្និបាត បានចេញសេចក្តីសម្រេច ១១ ចំណុច ដែលមានទាំងការបោះឆ្នោតសម្រេចបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលចំនួន ៧រូប។ បោះឆ្នោតជ្រើសតាំងលោក ឯក សំអុល ជាសមាជិកនិងជាប្រធានគណៈត្រួតពិនិត្យគណៈកម្មាធិការកណ្តាលគណបក្ស។
កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាមពេលបីថ្ងៃ។ ឥស្សរជនជាតិកំពូលៗ ព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ និងឯកអគ្គរដ្ឋទូតវៀតណាម បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ព្រះករុណា ព្រះមហាក្សត្រ បានយាងវិលត្រឡប់មកដល់ភ្នំពេញ បន្ទាប់ពីព្រះអង្គបានបំពេញព្រះរាជទស្សនកិច្ចរយៈពេលបីថ្ងៃ នៅប្រទេសវៀតណាម។
ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាយ៉ាងកំហិត ដល់មន្ត្រីអគ្គិសនីឲ្យចុះជាបន្ទាន់ ដោះស្រាយតម្លៃភ្លើងអគ្គិសនី នៅតាមផ្សារ ដោយត្រូវតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋ ដើម្បីឲ្យមានតម្លៃ ដូចរាជរដ្ឋាភិបាល បានកំណត់។ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ ត្រូវបានសម្តេចប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រកាសកាលពីថ្ងៃសន្និបាតទី២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ។
សន្និបាតគណបក្សគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤១ រយៈពេលបីថ្ងៃ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ដោយបានបោះឆ្នោតជ្រើសតាំងមន្ត្រីជាន់ខ្ពស់៧ រូប បន្ថែមទៀត ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល រួមមាន លោក ជាសុផារ៉ា លោកអូនព័ន្ធមុនីរ័ត្ន លោកប្រាក់សុខុន លោកសៅសុខា លោកវង្សពិសេន លោកឥតសារ៉ាត់ និងលោក ហ៊ុនម៉ាណែត។ ក្រៅពីនេះ សន្និបាត ដែលដឹកនាំផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន រយៈពេល ៣ ថ្ងៃ ក៏បានដាក់ចេញនូវអនុសាសន៍ និងយទ្ធសាស្ត្រថ្មីៗជាច្រើន ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តទទួលបានជ័យជម្នះ និងដើម្បីបំរើសេចក្តីសុខ ការរីកចំរើន និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិបន្តទៀត។
កាលពីថ្ងៃទី២១ ខែធ្នូ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៥ ក្រោមប្រធានបទ “ពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ”។ ក្នុងវេទិកាប្រចាំឆ្នាំនេះ ក្រុមនិពន្ធនាយកសារព័ត៌មានកម្ពុជា បានរកឃើញយន្តការមួយចំនួន ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតបីទំព័រ ដើម្បីចូលរួមក្នុងវេទិកានិពន្ធនាយក នៅឆ្នាំនេះ ដោយសម្តេចតេជោ បានជំរុញឲ្យអ្នកសារព័ត៌មាន ត្រូវស្តាប់គ្រប់សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត ពោលគឺអ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ។
កាលពីថ្ងៃទី២១ ខែធ្នូ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា សម្ដែងនូវក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះបុគ្គល ដែលមិនស៊ីវិល័យ ដោយតាំងខ្លួនឯង ជាតម្រួតអន្ដរជាតិ និងមាននិន្នាការនយោបាយចក្រពត្តិទាក់ទងទៅនឹងសិទ្ធិមនុស្ស។ អង្គការនោះ មានឈ្មោះថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើង បែបជាការប្រឌិតវាយប្រហារ និងប្រមាថ បំពានដល់ការខិតខំប្រឹងប្រែងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (Football Federation of Cambodia) និងជាស្ថាបនិកស្ម័គ្រចិត្ត ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាពេលវេលាដ៏មានតម្លៃរបស់លោក ក្នុងការរៀបចំ និងធ្វើឱ្យដំណើរការសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះឱ្យទទួលបានជោគជ័យជាបន្ដបន្ទាប់។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាខាងលើនេះ បានធ្វើឡើង បន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងកីឡាករបាល់ទាត់ជប៉ុនលំដាប់ពិភពលោក លោក ហុងដា បានមកធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៕ ល