​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

310
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ​ទី​២ ក្នុង​ខែមករា ឆ្នាំ​២០១៩ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ដែល​ក្នុងនោះ មាន​ព្រឹត្តិការណ៍​លេចធ្លោ​សំខាន់ៗ រួមមាន មហា​មី​ទ្ទិ​ង​អបអរ​ជ័យជម្នះ​ថ្ងៃ​៧​មករា និង​ការជួបជុំ​រវាង​អ្នកកាសែត ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម​។​

ទិដ្ឋភាព​ប្រារព្ធ​ខួប​៤០​ឆ្នាំ​ទិវា​ជ័យជម្នះ​៧​មករា​

​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា មហា​មី​ទ្ទិ​ង ត្រូវបាន​រៀបចំឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រារព្ធ​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា ជា​ទ្រង់ទ្រាយ​ធំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​អ្នកចូលរួម​ជាង​ប្រាំមួយ​ម៉ឺន​នាក់​។ ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ថ្ងៃ​៧​មករា ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះប្រជាជន​កម្ពុជា អោយ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​បានរួម​ចំណែក ធ្វើអោយ​មាតុភូមិ​កម្ពុជា ផ្លាស់ប្តូរ​មុខមាត់​ថ្មី ដោយបាន​កសាង​សមិទ្ធផល​ធំៗ ជាច្រើន​លើ​គ្រប់​វិស័យ​។ គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា អ្នកប្រឆាំង​នឹង​ថ្ងៃ ៧ មករា គឺជា​ជន​អគតិ គាំទ្រ​ពួក​ខ្មែរក្រហម ប្រឆាំងនឹង​ការរស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ប្រឆាំងនឹង​ព្រះមហាក្សត្រ​។​

​នៅក្នុង​អង្គ​មហា​មី​ទ្ទិ​ង កាលពី​ព្រឹក​ថ្ងៃទី​៧​មករា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើក​បង្ហាញ​ពី​ទុក្ខវេទនា​របស់ ប្រជាពលរដ្ឋ​ខ្មែរ ក្នុងសម័យ​ខ្មែរក្រហម និង​បាន​លើក​បង្ហាញ​ពី​ការតស៊ូ​ពលី​កម្ម របស់​យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ក្នុង​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅ​ស្រោចស្រង់ អាយុជីវិត​ប្រជាពលរដ្ឋ និង​ស្តារ​ប្រទេសជាតិ​ឡើងវិញ​។ មិន​ខុសពី​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ទេ ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​មហា​មិ​ទ្ទិញ នា​ព្រឹក​នេះ ក៏​សុទ្ធតែ​ទទួលស្គាល់ថា ជ័យជម្នះ ៧ មករា ១៩៧៩ បាន​សង្គ្រោះ​ប្រទេសជាតិ និង​អាយុជីវិត​ប្រជាពលរដ្ឋ​រាប់លាន់​នាក់ ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​ធ្វើឱ្យ​កម្ពុជា ឈានទៅ​សម្រេចបាន​សុខសន្តិភាព​ពេញលេញ និង​ស្គាល់​ការអភិវឌ្ឍ សម្បូរ​រុងរឿង​ដូច​សព្វថ្ងៃនេះ​។​

​ចំណែក​ច្បាប់​ស្ដី​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ ត្រង់​មាត្រា​៤៥​ថ្មី ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ ជាប់​បម្រាម​តុលាការ​កំពូល អាច​ទទួល​ការលើកលែងទោស បាន​ចូល​ជា​ធរមាន​ហើយ​។ នេះ​បើតាម​ព្រះរាជក្រម កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ ដែល​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៨ ខែមករា​។ ភ្លាមៗ លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់​បូរ៉ា ដែល​ស្ថិត​ក្នុងចំណោម​អ្នក​ជាប់​បម្រាម​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​០៩ ខែមករា បានដាក់​ពាក្យស្នើសុំ​ដាច់ដោយឡែក​ពីគ្នា ជូន​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​លទ្ធភាព មុននឹង​សុំ​នាយករដ្ឋមន្ត្រី ទូលថ្វាយ​ព្រះមហាក្សត្រ ព្រះរាជទាន​លើកលែងទោស ដើម្បី​ឲ្យ​ឪពុក​កូនលោក​ទាំង​២ បាន​វិលត្រឡប់ មក​ធ្វើ​នយោបាយ​ឡើងវិញ​។​

សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ជាមួយ​កម្មករ កម្មការិនី​

​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមករា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត​ពីរម៉ឺន​នាក់​នៅ​ខេត្តតាកែវ​។ សម្តេច​បានប្រកាស​បន្ត​អនុវត្ត​មហិច្ឆតា ពង្រាយ​រោងចក្រ​បន្ថែម នៅតាម​មូលដ្ឋាន​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​ធ្វើ​ជូន​ដល់​ប្រជាពលរដ្ឋ​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស អំពាវនាវ​អោយ​បញ្ឈប់​ការ​ញុះញង់​កម្មករ ដើម្បី​ទាមទារ​បើកប្រាក់​អត្ថប្រយោជន៍​ទាំងអស់ នា​ខែម​ករានេះ​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ការទាមទារ​បែបនេះ ជា​រឿង​ខុសច្បាប់ ដែល​អាចធ្វើអោយ​រោងចក្រ​ប្រមាណ ៨០០ នៅ​ទូទាំងប្រទេស អាច​នឹង​បិទទ្វារ ដែល​នឹង​នាំ​ឲ្យ​កម្មករ​កម្មការិនី​ខាតបង់​ប្រយោជន៍ តាមរយៈ​ការបាត់បង់​ការងារ​ធ្វើ រាល់ថ្ងៃ​ផងដែរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​តំបន់ការពារទេសភាព បឹង​លំ​កុ​ដ ដែលមាន​ផ្ទៃដី​ទំហំ​ជាង ១១០ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។ អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ការសម្រេច​បង្កើត​តំបន់ការពារទេសភាព បឹង​លំ​កុ​ដ ក្នុង​ខេត្តរតនគិរី ធ្វើឡើង ក្នុង​គោលបំណងៈ ធានា​ការថែរក្សា ការពារ​សោភ័ណភាព​ធម្មជាតិ សត្វព្រៃ និង​វប្បធម៌​, រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​, ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​ដល់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​។
​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ កម្ពុជា មាន​តំបន់ការពារទេសភាព ចំនួន ១០ តំបន់ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ព្រះរាជក្រឹត្យ ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដោយមាន​ផ្ទៃដី​សរុប​ជិត ១៥​ម៉ឺន​ហិកតា ស្ថិតនៅ​ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ តាកែវ ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី​។

​ចំណែក​សកម្មភាព​ពង្រឹង​ចំណង​ទំនាក់ទំនង​ការទូត​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​វៀតណាម ត្រូវបាន​ធ្វើឡើង​តំណាល​ពេល​គ្នា ជា​បន្តបន្ទាប់​។ ក្នុងនោះ កាលពី​ថ្ងៃទី​១០ ខែមករា សម្ដេច​ចក្រី ហេង សំរិន បានទទួល​ជួប​ប្រតិភូ​វៀតណាម​មួយក្រុម​ដឹកនាំ​ដោយ​អគ្គលេខាធិការ​ម​ជ្ឈឹ​ម​បក្ស ហើយ​តំណាលគ្នា​នេះ សម្ដេច​ក្រឡាហោម ស ខេង ក៏​កំពុង​ដឹកនាំ​ប្រតិភូ បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ ដោយមាន​ទាំង​កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ រវាង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ​។

សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ពិធី​ជួបជុំ លើក​ទី​៣ ជាមួយ​អ្នកសារព័ត៌មាន​

​ដូច​ការគ្រោងទុក កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែមករា សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន ជា​លើក​ទី​៣​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ការរីកចម្រើន​របស់​ប្រទេសជាតិ មិនអាច​កាត់ផ្តាច់​ពី​ការចូលរួម​របស់​អ្នកកាសែត​បានទេ​។ ក្នុងនោះ ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​វិជ្ជមាន​ពិតប្រាកដ គឺ​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​ដល់​ទេសចរ​បរទេស និង​វិនិយោគ​គិ​នប​រទេស​។​

​ក្នុង​ពិធី​ជួបជុំ លើក​ទី​៣ ជាមួយ​អ្នកសារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​នូវ​សំណូមពរ ៨ ចំណុច ជូន​អ្នកសារព័ត៌មាន រួមមាន​៖ ១-​អ្នកសារព័ត៌មាន ត្រូវ​ធ្វើជា​កញ្ចក់​ឆ្លុះបញ្ចាំង​ការពិត​ក្នុងសង្គម ២-​អ្នកសារព័ត៌មាន ត្រូវ​បន្ត​ធ្វើជា​ស្ពាន​ចម្លង​រវាង​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល ៣-​រិះគន់​ស្ថាបនា ទាំង​គោលនយោបាយ ស្ថាប័ន និង​បុគ្គល ៤-​ចូលរួម​វិភាគ​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​ជាតិ តំបន់ និង​អន្តរជាតិ ៥-​អ្នកសារព័ត៌មាន ត្រូវមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ បង្កើន​សមត្ថភាព ៦-​ខិតខំ​លុបបំបាត់​ក្រុម​ព័ត៌មាន ដែល​ជំរិត​ទារប្រាក់ ៧-​ចូលរួម​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ និង​៨-​អ្នកសារព័ត៌មាន ត្រូវ​បង្កើន​ធនធានមនុស្ស ហើយ​ដើរ​ឲ្យ​ទាន់​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​។​

​កាលពី​ថ្ងៃទី​៩ ខែមករា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារា​ចរណ៍​ណែនាំ ស្តីពី ការផ្តល់​លិខិតឆ្លងដែន​ការទូត ដោយ​ក្នុងនោះ ប្រមុខ​រាជរដ្ឋាភិបាល បាន​ណែនាំ​ថា លិខិតឆ្លងដែន​ការទូត​របស់​កម្ពុជា មិនត្រូវ​ផ្តល់ជូន​ទីប្រឹក្សា ឬ​ជំនួយការ ជា​ជនបរទេស​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ឡើយ​។ ក្នុង​សារាចរ​ណែនាំ​នេះ សម្តេច​តេ​ជោ​ក៏បាន​កំណត់​រយៈពេល​មួយខែ ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ ប្រមូល​មកវិញ​នូវ​លិខិតឆ្លងដែន​ការទូត​ដែល​បានផ្តល់​ឲ្យ​ទីប្រឹក្សា និង​ជំនួយការ​ដែលជា​ពលរ​ដ្ឋ​បរទេស មិនមាន​ដើមកំណើត​ខ្មែរ​៕ ល​