​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

534
ចែករម្លែក
  • 8
    Shares

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃអាទិត្យ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន​។ នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​២១ ខេ​មករា សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ចិន ធំៗ ចំនួន ៣ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ក្រុមហ៊ុន​ចិន​ធំៗ​ទាំង​៣ បានប្រកាស​ពី​ការបង្កើន​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។ ការវិនិយោគ​ថ្មី​របស់​ចិន​នៅ​កម្ពុជា ដែល​នឹង​លេចចេញ​ជា​រូបរាង នាពេលខាងមុខ រួមមាន ការសាងសង់​ផ្លូវ​ល្បឿន​លឿន ការផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម និង​ពន្លឺព្រះអាទិត្យ ការកសាង​ខ្សែកាប​អ៊ុ​ប​ទិ​ក ក្រោម​បាតសមុទ្រ និង​ការកសាង​បំពុង​បង្ហូរ​ប្រេង និង​ឧស្ម័ន ពី​ខេត្ត​ព្រះសីហនុ មក​រាជធានី​ភ្នំពេញ ជាដើម​។​

​ដោយឡែក កាលពី​ថ្ងៃទី​២២ ខែមករា ក្នុងពេល​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៤​ថ្ងៃ នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង​។ ប្រធានាធិបតី​ចិន បានប្រកាស​ផ្តល់ជំនួយ​ជិត ៦០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កម្ពុជា និង​បាន​សន្យា​បង្កើន​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា អោយបាន ៤០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៩ នេះ​។
​ជាមួយគ្នា​នោះ ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា​-​ចិន កាលពី​ថ្ងៃទី​២២ ខែមករា នៅ​ទីក្រុង​ប៉េកាំង សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ពន្យល់​លម្អិត​ពី​គោ​លន​យោ​យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ និង​ធ្វើកំណែទម្រង់ ជា​បន្តបន្ទាប់ ក្នុងន័យ​គាំពារ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​។ ក្នុងន័យនេះ សម្តេច​តេ​ជោ បានប្រកាស​ស្វាគមន៍ និង​លើកទឹកចិត្ត អោយមាន​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត របស់​ចិន នៅ​កម្ពុជា​។​

​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បួន​ថ្ងៃ នៅ​ប្រទេស​ចិន​រួចមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​និវត្តន៍ ដោយ​សុវត្ថិភាព មកដល់​មាតុប្រទេស​វិញ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ចិន លើក​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា សម្រេចបាន​ជោគជ័យ​យ៉ាង​ធំធេង​ជាច្រើន ជូន​ប្រជាជន និង​ប្រទេសជាតិ​ទាំងមូល​។ នោះ​គឺ​ការទទួលបាន​ជំនួយ​ជិត ៦០០ លាន​ដុល្លារ ចិន​សន្យា​បង្កើន​ការទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា អោយបាន ៤០​ម៉ឺន​តោន នៅ​ឆ្នាំ​២០១៩ នេះ រួមទាំង​ការគៀងគរ​អ្នកវិនិយោគ​ចិន ចូលមក​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលមាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ បាន​ប្រារព្ធ​មី​ទ្ទិញ​អបអរសាទរ​ខួប ២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​។ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​មី​ទ្ទិញ​អបអរសាទរ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស ៥ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ អោយ​កងកំលាំងប្រដាប់អាវុធ​គ្រប់​កំរិត វាយកម្ទេច​ចោល​ចលនា​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិនចាំបាច់​រង់ចាំ​បទបញ្ជា​នោះឡើយ​។ សម្តេច​តេ​ជោ អះអាងថា ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ជា​អំពើ​ខុសច្បាប់ ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ដែល​មិនអាច​អត់អោន​អោយបាន​ឡើយ​។

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែមករា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី ប្រមាណ​ជាង ១ ម៉ឺន​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន ១២ ក្នុង​ខេត្តកំពត​។ ពិធី​ជួប​សំណេះសំណាល​នេះ បាន​ប្រារព្ធ​ធ្វើឡើង នៅ​រោងចក្រ ពូ ឈិន ស្ថិតនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ក្នុងឱកាស​នេះ ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅតែ​បន្ត សុំ​ឲ្យ​កម្មករ និង​ម្ចាស់​រោងចក្រ មានការ​យោគយល់​គ្នា​ខ្ពស់​ទៅវិញទៅមក និង​ចង់​ឲ្យ​ការវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ​។ ក្នុង​ពិធី​ជួបជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​រំសាយ​ចោល​នូវ​អង្គភាព​កាំសាប និង​អង្គភាព​កាំកុងត្រូល ហើយ​នៅតាម​ខេត្ត ក៏​រំលាយចោល​នូវ​មន្ទីរ​មួយចំនួន​ផងដែរ​។​

​ជាថ្មី​ម្តងទៀត រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា ចំពោះ​ករណី​ស្នើសុំ​បើក​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ( VOA ) និង​វិទ្យុ​អាស៊ីសេរី ( RFA ) អគ្គនាយកដ្ឋាន​ពន្ធដា​រ បានស្នើ​មក​ក្រសួង​ព័ត៌មាន​ថា មុន​ផ្តល់​អាជ្ញាប័ណ្ណ ឬ​ផ្តល់​ការអនុញ្ញាត ឲ្យ​ចុះបញ្ជី​ស្របច្បាប់​ដល់​ការិយាល័យ​វិទ្យុ​ទាំងពីរ​នេះ គួរ​ភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​ការគោរព​កាតព្វកិច្ច​សារពើពន្ធ​ជាមុនសិន​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ដូច្នេះ តាមរយៈ​លិខិត ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ជូន​រដ្ឋមន្ត្រីការបរទេស ស្តីពី ការផ្តល់​ព័ត៌មាន​អំពី​នីតិវិធី​នៃ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ការិយាល័យ​តំណាង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA និង​វិទ្យុ​អាស៊ីសេរី RFA នៅ​កម្ពុជា​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ជា​ថ្ងៃកំណើត គម្រប់ ៤០​ឆ្នាំ ដែល​កាសែត​កម្ពុជា បានចេញ​ផ្សាយ ជា​លើកដំបូង នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​១៩៧៩​។ ដើម្បី​អបអរសាទរ​ដល់​ថ្ងៃ​ចេញផ្សាយ​កាសែត​កម្ពុជា ជា​លើកដំបូង​នេះ ក្រុមអ្នកកាសែត​កម្ពុជា និង​អតីត​អ្នកកាសែត ដែល​បម្រើ​ការងារ​នៅ​កាសែត​កម្ពុជា បានរៀបចំ​ពិធី​ជួបជុំ អបអរសាទរ ខួប​ទី​៤០​ឆ្នាំ នៃ​ការចាប់បដិសន្ធិ​កាសែត​កម្ពុជា​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អតីត​ប្រធាន​កាសែត​កម្ពុជា​។ កាសែត​កម្ពុជា ដែល​ក្រោយ​ការបោះឆ្នោត ឆ្នាំ​១៩៩៣ បាន​ប្តូរ​មកជា ទស្សនា​វ​ដ្តី​កម្ពុជា ស្ថិតនៅក្រោម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP របស់​ក្រសួង​ព័ត៌មាន រហូតដល់​សព្វថ្ងៃនេះ​៕ ល​