​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

693
ចែករម្លែក
  • 40
    Shares

​ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​នៅ​ចុងខែ​មករា ឆ្លង​ចូល​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​ព្រឹត្តិការណ៍​ជាតិ ជាច្រើន​បានកើត​ឡើង ក្នុងនោះ ព្រឹត្តិការណ៍​លេចធ្លោ​ជាងគេ រួមមាន​៖ គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ការពារ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស នៅ​អង្គការសហប្រជាជាតិ ក្រសួងការបរទេស​រៀ​ប​ចំ​កិច្ចប្រជុំ​ជាមួយ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​បរទេស រួមទាំង​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន ដែល​អាមេរិក លើកឡើងថា កម្ពុជា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កែប្រែ ពី​រាជានិយម ទៅ​របប​សាធារណរដ្ឋ ជាដើម​។​

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)

​កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​ស្វី​ស ដើម្បី​ការពារ​របាយការណ៍ ស្ដីពី​សិទ្ធិមនុស្ស នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ ប្រធាន​ប្រតិភូ លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អំពី​ការវិវឌ្ឍ​និង​ភាពប្រសើរឡើង នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បន្ទាប់ពី​បំពេញបេសកកម្ម​រួចមក គណៈប្រតិភូ​កម្ពុជា បាន​វិលត្រឡប់​មកដល់​រាជធានី​ភ្នំពេញ​វិញ នៅ​យប់​ថ្ងៃទី​០១ ខែកុម្ភៈ​។​

​ដោយឡែក កងវិស្វកម្ម កម្លាំង​មួក​ខៀវ លេខ ៦៩៣ ចំនួន ១៨៤​នាក់ បាន​ចាក​ចេញពី​កម្ពុជា តាម​យន្តហោះ​របស់​អង្គការសហប្រជាជាតិ កាលពី​យប់​ថ្ងៃទី​២៧ មករា ឆ្ពោះទៅកាន់​នៅ​សាធារណរដ្ឋ​លី​បង់​។​ការបញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា ក្រុម​ថ្មី ទៅកាន់​សាធារណរដ្ឋ​លី​បង់ នាពេលនេះ គឺ​ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់ និង​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ស្វែងរក​សន្តិភាព នៅក្នុង​ប្រទេស​លី​បង់​។ ចាប់ពី​ឆ្នាំ​២០០៦ មកដល់ពេលនេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​៥.៧៨៣ នាក់​ទៅ​បំពេញបេសកកម្ម​ចំនួន​១០ ក្នុងប្រទេស​ចំនួន​៨ នៅ​ទ្វីបអាហ្វ្រិក និង​ម​ជ្ឈឹ​ម​បូព៌ា លើ​ជំនាញ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តម្រួត​សណ្តាប់ធ្នាប់ និង​វិស្វកម្ម ជាដើម​។​

​នៅក្នុង​សប្តាហ៍​នេះ មានការ​ផ្សព្វផ្សាយ​ពី​ឯកសារ ដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​លើ​គោលការណ៍​សំខាន់ៗ ចំនួន​ប្រាំពីរ​ចំណុច ក្នុង​កំណែទម្រង់​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រុង​ស្រុក ស្របតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ក្នុងនោះ គឺ​រាជរដ្ឋាភិបាល បានសម្រេច​លុបចោល​កា​រិ​យា​ល័យ​ជំនាញ​របស់​ក្រសួង​ស្ថាប័ន​មួយចំនួន នៅ​ថ្នាក់ក្រុង​ស្រុក​។ គោលបំណង​នៃ​កំណែទម្រង់​នេះ គឺ​ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព​ការបំពេញ​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ក្រុង​ស្រុក​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ក្រសួងការបរទេស បានរៀបចំ​ជំនួប​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​ធ្វើ​ប្រតិបត្តិការ នៅ​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ នៅ​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​ពី​ជំហរ និង​សេចក្ដីប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​កិច្ចសហប្រតិបត្តិការ កន្លងមក បច្ចុប្បន្ន និង​ទៅ​អនាគត​។

​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ ជំនួប​ពិភាក្សា​ការងារ​នេះ បានធ្វើ​ឡើង ក្នុង​គោលដៅ​សំខាន់​ពង្រឹង​ទំនាក់​ទំនាក់​កិច្ចសហការ ដែលមាន​ស្រាប់ និង​កិច្ចសហការ​ថ្មីៗ​បន្ថែមទៀត រវាង​ប្រទេស​កម្ពុជា និង​ចិន ពិសេស​ការរៀបចំ​រួមគ្នា អោយបាន​ជោគជ័យ​ការ​ប្រារព្វ​ខួប​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន នា​ឆ្នាំ​២០១៩ នេះ​។​

ក្រសួងការបរទេស បានរៀបចំ​ជំនួប​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​(​រូបថត ផេ​ក​ក្រសួងការបរទេស​)

​ចំណែក​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​មួយចំនួន នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមករា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ប្រធាន​អង្គភាព​នគរបាល​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចេះ​ផ្ដល់​ការលើកទឹកចិត្ត​មន្ត្រី ដែល​ប្រឹងប្រែង​រៀនសូត្រ និង​មាន​សមត្ថភាព​ពិតប្រាកដ ចៀសវាង​បែងចែក​ការងារ ឋានៈ និង​តួនាទី​ទៅ​ឲ្យ​តែ​មន្ត្រី​រត់ការ ដែល​គ្មាន​សមត្ថភាព​នឹង​បំពេញការងារ​ទាល់តែសោះ​នោះ​។

​នៅក្នុង​សប្តាហ៍​នេះ មានការ​ផ្សព្វផ្សាយ​ពី​លិខិត​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន បានស្នើ​ដល់​អភិបាលខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ត្រូវការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។ សេចក្តីជូនដំណឹង​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់ អំពី​ការទន្ទ្រាន​យក​ដី​សាធារណ​:​របស់​រដ្ឋ រួមទាំង ដី​ចំណី​ឆ្នេរ ធ្វើជា​កម្មសិទ្ធិឯកជន ក្នុងនោះ ក៏​ករណី​ចាក់ដី​លុប​ឆ្នេរសមុទ្រ រំលោភ​ធ្វើ​សម្បត្តិ​ឯកជន នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ប្រកាស​ច្រានចោល និង​បដិសេធ​ព័ត៌មាន ដែល​វិទ្យុ​អាស៊ីសេរី ផ្សាយ​ថា “​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កែប្រែ​ពី​រាជានិយម ទៅ​របប សាធារណរដ្ឋ​”​។ សេចក្តីថ្លែងការណ៍ បាន​លើកយក​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ប្តេជ្ញាចិត្ត​ដាច់ខាត ក្នុងការ​ការពារ​រប​ប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ព្រះរាជ​បល្ល័ង្ក ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​គម្រោង ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ ពី​របបរាជានិយម ទៅជា​របប​សាធារណរដ្ឋ ដូច​ការផ្សព្វផ្សាយ​នោះឡើយ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​វៀតណាម ទទួលរង​ឥទ្ធិពល​ខ្យល់​កខ្វក់ កើតឡើង រហូតដល់​មានការ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ ក៏ប៉ុន្តែ នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​នានា ទូទាំងប្រទេស បរិយាកាស​ខ្យល់អាកាស មានគុណ​ភាពល្អ​ជាធម្មតា​។ ទន្ទឹមនឹងនេះ មន្ត្រី​ជំនាញ​កម្ពុជា ក៏បាន​បន្ត​តាមដាន ដោយ​ប្រើ​ឧបករណ៍​វាស់​ស្ទង់​ខ្យល់ ហើយ​វាយតម្លៃ​រៀងរាល់ ២៤​ម៉ោង​ម្តង​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​៕