​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

823
ចែករម្លែក
  • 20
    Shares

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ទី​២ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ក្នុងនោះ ព្រឹត្តិការណ៍​លេចធ្លោ​ជាងគេ គឺ​សហភាព​អឺរ៉ុប សម្រេច​ដាក់ចេញ​នូវ​ដំណើរការ​នីតិវិធី ក្នុងការ​ព្យុះ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ បញ្ហា​នេះ​នាំ​ឲ្យ​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្លា ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើទោះបីជា​មិនមាន EBA ក៏​កម្ពុជា មិន​ស្លាប់​ឡើយ​។

​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ សហភាព​អឺរ៉ុប បានចេញ​សេចក្តីប្រកាស​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា​អ៊ី​ប៊ី​អេ​( EBA )​ពី​កម្ពុជា​។ ចំពោះ​ការសម្រេច​របស់ សហភាព​អឺរ៉ុប​នេះ ត្រូវបាន​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ បាន​ចាត់ទុកថា ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប ដែល​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា គឺមាន​ទិដ្ឋភាព​នៃ​ហេតុផល​នយោបាយ​នៅ​ពីក្រោយ​។ ចំណែក​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ ក៏បាន​ប្រកាសប្រាប់​ពល​រដ្ឋ​កម្ពុជា​ជាថ្មី​ម្តង​ទៀតថា សេដ្ឋកិច្ចកម្ពុជា នៅតែ​បន្ត​រក្សា​ភាពរឹងមាំ​។ ក្នុងនោះ បើទោះបីជា​មិនមាន EBA ក៏​កម្ពុជា មិន​ស្លាប់​ឡើយ​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកុម្ភៈ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានបង្ហាញ​ការព្រួយបារម្ភ ចំពោះ​ការខ្វះ​ទឹកស្អាត​ប្រើប្រាស់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ខណៈ​កម្ពុជា អាច​នឹងខ្វះ​ទឹកស្អាត​ប្រើប្រាស់ ដោយសារ​គ្រោះរាំងស្ងួត​នៅ​រដូវប្រាំង​ខាងមុខនេះ​។ ជាការ​ឆ្លើយតប នឹង​បញ្ហា​នេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​បញ្ជា​ឲ្យ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម រាជធានី ខេត្ត ទាំងអស់ សិក្សា​ជាបន្ទាន់ និង​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម សិក្សា​អំពី​ប្រភពទឹក​ស្អាត ដែល​ត្រូវ​ផ្គត់ផ្គង់ និង​បញ្ហា​ប្រឈម​នា​ន នៅពេល ដែល​គ្មាន​ភ្លៀង​ជួប​គ្រោះរាំងស្ងួត នៅក្នុង​រដូវប្រាំង​ខាងមុខ​។

​ដោយឡែក ក្រសួងទេសចរណ៍ បានប្រកាសថា ប្រទេស​កម្ពុជា បន្ត​រក្សា​ចំណាត់​លេខ ១ រយៈពេល ៤​ឆ្នាំ​ជាប់​គ្នា រាប់ទាំង​ឆ្នាំ​២០១៩​នេះ ថា​ជា​ប្រទេស ដែលមាន​ការចំណាយ​ទាប​បំផុត សម្រាប់​និវត្ត​ជនបរទេស​។​គេហទំព័រ International Living បាន​បង្ហាញថា ប្រទេស​កម្ពុជា ឈរ​នៅ​លំដាប់​លេខ​១ ខណៈ​ប្រទេស​វៀតណាម​លេខ ២ ថៃ​លេខ ៣ និង​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង ពីរ​ទៀត គឺ ប៉េ​រូ និង​បូ​លី​វី ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៤ និង​លេខ​៥​។​

​សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវបាន​ក្រសួង​ព័ត៌មាន បានប្រកាស កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​ថា បាន​ព្រាង​រួចរាល់​ជា​ស្ថាពរ​ហើយ​។ ក្រសួង​ព័ត៌មាន ជឿជាក់ថា សេចក្តីព្រាងច្បាប់​នេះ នឹង​ត្រូវបាន​បញ្ជូន ទៅសុំ​ការអនុម័ត​ពី​រដ្ឋសភា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ត្រូវបាន​តាក់តែងឡើង ក្នុង​គោលបំណង​ធានា​ឲ្យ សាធារណជន​គ្រប់រូប ទទួលបាន​នូវ​សិទ្ធិ និង​សេរីភាព​ក្នុង​ការទទួល​ព័ត៌មាន​។

សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​ក្រសួងមហាផ្ទៃ

​ក្រសួងមហាផ្ទៃ បាន​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣ និង​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ក្នុង​ពិធី​បើក​សន្និបាត កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ឆ្លៀត​ស្ដីបន្ទោស​មន្ត្រី​មួយចំនួន ដែល​សម្ដេច​សង្កេតឃើញ​ថា មន្ត្រី​ខ្លះ បានធ្វើ​ព្រងើយ មិន​ព្រម​ដោះស្រាយ​បញ្ហា ពាក់ព័ន្ធ​អង្គភាព​ខ្លួន ដែលជា​ប្រធានបទ​ក្ដៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មហាជន​។​

សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ​

​ក្នុង​ពិធី​បិទ​សន្និបាទ​ប្រចាំឆ្នាំ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ជំហ​យ៉ាង​ម៉ឺងម៉ាត់ ប្រាប់​ពលរដ្ឋ​កម្ពុជា​ជាថ្មី​ម្តង​ទៀតថា កម្ពុជា​នឹង​នៅតែ​បន្ត​រស់ ទោះ​គ្មាន​ការអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​។ បើតាម​សម្តេច​តេ​ជោ កម្ពុជា​មិនអាច​ទទួលយក​ការអនុគ្រោះ ឬ​ជំនួយ​ពី​បរទេស​ណាមួយ ដោយ​យក​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់ខ្លួន ទៅ​ដោះដូរ​បានជា​ដាច់ខាត​។ សម្តេច​បញ្ជាក់ថា ការដក ឬ​មិន​ដក EBA ពី​កម្ពុជា នឹង​រួមចំណែក ធ្វើអោយ​កម្ពុជា​កសាង​សមត្ថភាព​របស់ខ្លួន កាន់តែខ្លាំង តាមរយៈ​ការជំរុញ​ការធ្វើកំណែទម្រង់​ផ្ទៃក្នុង អោយ​កាន់តែ​ស៊ីជម្រៅ ពោលគឺ​ការដក ឬ មិន​ដក EBA មិនបាន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់ ហើយក៏​មិន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​អ្នកមាន​ឡើយ​។​
​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​ការងារ ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្ដល់ព័ត៌មាន អំពី​គ្រួសារ ក្នុង​ពេលធ្វើ​ជំរឿន នា​ថ្ងៃទី​៣ ខែមីនា ខាងមុខនេះ​។ សម្តេច​តេ​ជោ បាន​សំណូមពរ កុំអោយ​ពលរដ្ឋ ធ្វើដំណើរ​ចេញពីផ្ទះ ដើម្បី​បង្ក​បរិយាកាស​ងាយស្រួល និង​សហការ​ជាមួយ​ក្រុមការងារ​ជំរឿន​ក្នុងការ​កត់ត្រា និង​ស្រង់​ទិន្នន័យ នៅ​ថ្ងៃទី ៣ មីនា ដែលជា​ថ្ងៃ​ចាប់ផ្តើម​ធ្វើ​ជំរឿន ឆ្នាំ​២០១៩​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ថ្នាក់ដឹកនាំ​ឥណ្ឌូនេស៊ី និង​ថៃ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ កិច្ចពិភាក្សា​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ជា​មូ​យ​ភាគី​ឥណ្ឌូនេស៊ី និង​ថៃ ធ្វើឡើង ក្នុង​គោលបំណង ពង្រឹងពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ល្អ ដែលមាន​ស្រាប់ ក៏ដូចជា​ការពិភាក្សា​ដាក់ចេញ​ផែនការ​ថ្មីៗ ដើម្បី​ដោះស្រាយ​បញ្ហា​រួម ដូចជា បញ្ហា​សន្តិសុខ​តាម​ព្រំដែន និង​បញ្ហា​ជា​ពាណិជ្ជកម្ម ជាដើម​។​
​ដោយឡែក កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា បន្ត​ជំរុញ​ការថែរក្សា​សន្តិភាព ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន ជាពិសេស​បង្កើន​កិច្ចសហប្រតិបត្តិការ​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ដើម្បី​សន្តិភាព និង​សន្តិសុខ​តាម​តំបន់​ព្រំដែន ក៏ដូចជា ការពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​កង​ទ័ព និង​កងឯកភាព​សន្តិ​សុខ​ពាក់ព័ន្ធ ជាដើម​។ ការប្រកាស​ឯកភាពគ្នា បន្ត​ជំរុញ​ការថែរក្សា​សន្តិភាព តាម​បណ្តោយ​ព្រំដែន​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ លើក​ទី​១៤ ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ កម្ពុជា​បានទទួល​ជំនួយ​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​រដ្ឋាភិបាល​ចិន តាមរយៈ​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ ពិធី​ចុះ​ត្ថ​លេខា​ផ្ដល់ និង​ទទួល​ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង នៅ​ក្រសួងការបរទេស​កម្ពុ​ជា​។ កញ្ចប់​ថវិកា​ជាង ៧​លាន ៦​សែន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចុះហត្ថលេខា​ផ្ដល់ជូន​កម្ពុជា​នេះ គឺ​ការ​អនុវត្តតាម​ស្មារតី​នៃ​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង នៅ​ទីក្រុង​វៀង​ចន្ទ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​អនុវត្ត​នូវ​គម្រោង ចំនួន ១៩ ពាក់ព័ន្ធ​នឹង​ការពង្រឹង​សមត្ថភាព ការអប់រំ ការសិក្សា​ស្រាវជ្រាវ និង​ការផ្លាស់ប្ដូរ​កម្មវិធី​។

​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​។ នៅតាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤​កុម្ភៈ ហាក់​ពុំ​សូវ​មានការ​ដាក់លក់​ផ្កា និង​វត្ថុ​អនុស្សាវរីយ៍​ច្រើន ដូច​បណ្តា​ឆ្នាំមុនៗ​នោះទេ​។ អ្នកលក់​ផ្កា បានឱ្យដឹងថា ការលក់​ផ្កា​កុលាប និង​កាដូ​ផ្សេងៗ នៅ​ថ្ងៃ​ក្តី​ស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ ឆ្នាំនេះ មានការ​ថមថយ ហើយ​អ្នកទិញ ក៏​មិនសូវ​ឈូរ​ឆរ​ដូច​មុន​ទៀត​ដែរ​។ ដោយឡែក យុវជន​កម្ពុជា​កាន់តែ​ច្រើនឡើងៗ បាន​ទៅ​ចូលរួម​បរិចាគ​ឈាម ផ្ដល់​អំណោយ​ជីវិត ដែលមាន​តម្រូវការ​ឈាម​។ យុទ្ធនាការ​បរិច្ចាគ​ឈាម ថ្ងៃ​១៤​កុម្ភៈ នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ត្រូវបាន​ធ្វើឡើង ក្រោម​ប្រធានបទ “​ផ្ដល់​ឈាម ផ្ដល់​ក្ដី​ស្រឡាញ់​”​។​
​កាលពី​ថ្ងៃទី​១៥ ខែ​កម្ភៈ ព្រះករុណា ព្រះបាទ ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាងចុះ​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជារាស្ត្រ​ជា​កសិករ​ជាង ៥០០​គ្រូ​សារ នៅក្នុង​ឃុំ​កំពែង ស្រុក​គិរីវង្ស ខេត្តតាកែវ​។ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ រួមមាន មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១ តង់​កៅស៊ូ ១​ផ្ទាំង មី ១​កេស ត្រីខ ១០​កំប៉ុង ស្បែកជើងផ្ទាត់ ១​គូ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ និង​ថវិកា ១០​ម៉ឺន​រៀល​៕ ល​