​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1158
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល ៣​ថ្ងៃ បានបញ្ចប់ កាលពី​ថ្ងៃទី​១៦ ខែមេសា​។ ក្រសួងទេសចរណ៍ បានប្រកាសថា នៅ​ទូទាំងប្រទេស មាន​អ្នកទេសចរ​សរុប​ជាង ៥​លាន​នាក់​។ ក្នុងនោះ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប មាន​អ្នកទេសចរ​ច្រើនជាងគេ រហូតដល់​ជាង ១ លាន ៨ សែន​នាក់​។ ចំណែក​ចំណូល​បានមកពី​វិស័យ​ទេសចរណ៍ ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ មាន​ចំនួន​ជាង ៣០០ លាន​ដុល្លារ​។​

​នៅក្នុង​អំឡុងពេល​ចូលឆ្នាំ រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បាន​ថយចុះ​ដល់​ទៅ​ចំនួន ៣០​លើក បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ករណី​គ្រោះ​អគ្គិភ័យ បាន​កើនឡើង ៤​លើក​។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៩១​លើក បណ្ដាលអោយ​មនុស្ស​ស្លាប់​ចំនួន ៤៧​នាក់ និង​របួស ១៤៣​នាក់​។ រីឯ​គ្រោះ​អគ្គិភ័យ អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ បាន​កើតឡើង​ចំនួន ១៤​លើក ដែល​ចំនួន​នេះ កើនឡើង ចំនួន ៤​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។​

​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ ពោលគឺ​នៅ​ថ្ងៃទី​១៨ ខែមេសា សម្តេច​តេ​ជោ​ហ៊ុនសែន បាន​លើកឡើងថា កម្ពុជា​ពេលនេះ កំពុង​ក្លាយជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី​។ សម្តេច​លើកឡើង​ដូច្នេះ ដោយយោង​លើ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី កន្លងទៅនេះ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិនថាតែ​នៅ​សៀមរាប​អង្គរ​ទេ គឺ​នៅតាម​តំបន់​សមុទ្រ ក៏មាន​ភ្ញៀវទេសចរ​ច្រើន​ដែរ​។ ទន្ទឹមនឹងនេះ ក៏មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស ស្រប​ពេលដែល​សេវា​ដឹកជញ្ជូន​តាម​យន្តហោះ កំពុង​ប្រកួតប្រជែង និង​កើន ឡើងជា​បន្តបន្ទាប់​នៅ​កម្ពុជា​។

.​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ព្រឹទ្ធសភា នីតិកាល​ទី​៣ បាន​បើ​កិច្ចប្រជុំ​នៅ​ចុង​អាណត្តិ​របស់ខ្លួន ដោយ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី អាជ្ញា​បណ្ណ​បញ្ជា សម្រាប់​សុខភាព​សាធារណៈ ដោយ​សមាជិក​ព្រឹទ្ធសភា ៤៧ រូប​។ សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញា​បណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ មាន​គោលបំណង​លើកកម្ពស់​សិទ្ធិ​ទទួលបាន​នូវ​ផលិតផល​ឱសថ សម្រាប់​សុខភាព​សាធារណៈ តាមរយៈ​ការផ្តល់​អាជ្ញា​បណ្ណ​បញ្ជា​ឲ្យ​ផលិត​នាំចេញ និង​នាំចូល​នូវ​ផលិតផល​ឱសថ​ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​មាន​អាសន្ន ឬ​កាលៈទេសៈ​បន្ទាន់​ផ្សេងទៀត ឬ​ប្រើប្រាស់​ជា​សាធារណៈ​មិនមាន​លក្ខណៈ​ពាណិជ្ជកម្ម ឬ​ស្ថានភាព​សុខភាព​សាធារណៈ​ផ្សេងទៀត ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។​

.​ថ្ងៃទី​១៩ ខែមេសា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា ពី​សង្គ្រាមរ៉ាំរ៉ៃ ដែលមាន​តំបន់​ត្រួតត្រា​ច្រើន មក​កម្ពុជា​តែមួយ​។ ក្នុងនោះ សម្តេច​តេ​ជោ​ហ៊ុនសែន បាន​រម្លឹក​ពី​ជំនាន់​សង្គ្រាម​រាស្ត្រនិយម​របស់​អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៥៥ ដែលមាន​ចលនា​កម្លាំងប្រដាប់អាវុធ ដោយមាន​តំបន់​ត្រួតត្រា​ដល់​ទៅ ៤ ហើយ​នៅ​សម័យ​សាធារណរដ្ឋ នៅ​ឆ្នាំ​១៩៧០ ក៏​ប្រទេស​កម្ពុជា មាន​តំបន់​ត្រួតត្រា​ពីរ រហូតដល់​នៅក្រោយ​ការដួលរលំ​របប​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា ក៏មាន​តំបន់​ត្រួតត្រា ៤​។ ក្នុងនោះ ចាប់ពី​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​ហ៊ុនសែន ទើប​កម្ពុជា អាច​បង្រួបបង្រួម មកជា​កម្ពុជា​តែមួយ រហូតដល់​សព្វថ្ងៃ​។​

.​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​តួ​ក​គី កំពុង​តែមាន​សន្ទុះ​ខ្លាំង ពីព្រោះ​ប្រមុខ​រដ្ឋាភិបាល និង​រដ្ឋមន្ត្រីការបរទេស​ទួរគី បាន​អញ្ជើញ​ជា​បន្តបន្ទាប់ សម្ដេច​តេ​ជោ និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច នៅក្នុង​ឆ្នាំ​២០១៨​នេះ​។ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សម្ដេចនាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​យល់​ព្រមទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទួរគី ហើយ​ភាគី​ទាំងពីរ​រំពឹងថា ឯកសារ​ស្ដីអំពី​កិច្ចសហការ និង​ការ​ផ្ដល់ជំនួយ​ជាច្រើន នឹងត្រូវ​ចុះហត្ថលេខា​នាពេលនេះ​។ ដំណឹង​នេះ ត្រូវបាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​រវាង​ឯកអគ្គរដ្ឋទូត​ទួរគី ប្រចាំ​កម្ពុជា លោកស្រី អៃ​យ​ដា អាន់​លូ និង​ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា​។​

​អាជ្ញាធរ​ជាតិ​អប្សរា នៅក្នុង​សប្តាហ៍​នេះ បានប្រកាសថា ចាប់ពី​ថ្ងៃទី​២៣ ខែមេសា សប្តាហ៍​ក្រោយ​តទៅ នៅ​ស្រះ​ទឹក​ទាំងពីរ (​ខាងជើង និង​ខាងត្បូង​) នៃ​ប្រាសាទ​អង្គ​វត្ត នឹងត្រូវ​រៀបចំ​កំណាយ​សិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា មុននឹង​ធ្វើការ​ជួសជុល និង​កែលំអ​ច្រាំង​របស់​ស្រះ​ទាំងពីរ​។ ក៏ប៉ុន្តែ​អាជ្ញាធរ​ជាតិ​អប្សរា មិនបាន​បញ្ជាក់​ពី​ការប្រើ​ពេលវេលា​ក្នុង​ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្រះ​អង្គរ​នេះឡើយ​។ អាជ្ញាធរ​រ​ជាតិ​អប្សរា គ្រាន់តែ​ស្នើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ព្រមទាំង​សាធារណជន​ទាំងអស់ យោគយល់ និង​ជ្រាប​ពី​ព័ត៌មាន​នេះ​។​

.​ព្រឹក​ថ្ងៃទី​២០ ខែមេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​សំខាន់​មួយ ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​រយៈពេល ៥​ឆ្នាំ នៃ​ការគ្រប់គ្រង​ហិ​រញ្ញា​វត្ថុ​សាធារណៈ និង​ផែន​ការដែល​ត្រូវ​អនុវត្តន៍​បន្ត ក្នុងន័យ​ធានា​អនុវត្តន៍​អោយមាន​ប្រសិទ្ធភាព​នូវ​កំណើនសេដ្ឋកិច្ច ដើម្បី​រួមចំណែក​បែក​ចែក​ចំណូល​ប្រកបដោយ​សមធម៌​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​។ បើតាម​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ការគ្រប់គ្រង​ហិ​រញ្ញា​វត្ថុ​សាធារណៈ​បានល្អ​របស់​កម្ពុជា បានរួម​ចំណែក​ធ្វើអោយ​ប្រទេស​កម្ពុជា​រក្សា​កំ​ណើ​រ​សេដ្ឋកិច្ច​ល្អប្រសើរ ក្នុង​រង្វង់ ៧​ភាគរយ ការ​គ្រប់​បំណុល​ប្រកបដោយ​ប្រសិទ្ធភាព ស្ថិរភាព​មីក្រូ​ហិ​រញ្ញា​វត្ថុ និង​ការរក្សាបាន​ស្ថិរភាព​ល្អប្រសើរ​នៃ​អត្រា​ប្តូរប្រាក់ ជាដើម​។​
.​គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា មាន​គណបក្សនយោបាយ​ជិត ៤០​ហើយ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ក្នុងនោះ មាន​គណបក្ស ៣៧ ត្រូវបាន​ក្រសួង ទទួលស្គាល់​ជា​បន្តបន្ទាប់​។ អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​អះអាង​ពី​ការត្រៀម​សម្រួលការ​ចុះបញ្ជី​ជូន​បក្សនយោបាយ​ថ្មីៗ​បន្ថែមទៀត ឲ្យ​បាន​លឿន ប្រសិនបើ​មាន​បុគ្គល ឬ​ក្រុម​ណាមួយ ចង់​បង្កើត​បក្ស ហើយ​មាន​ឯកសារ​គ្រប់គ្រាន់​។ ដោយឡែក គ​.​ជ​.​ប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មក​ពេលនេះ មាន​គណបក្ស​ជា​បន្តបន្ទាប់ បានចាប់ផ្ដើម​ទំនាក់ទំនង​ការងារ​ជាមួយ​ខ្លួន​។

.​ស្ពាន​បា​ឡេ ដែល​ភ្ជាប់​ពី​ខណ្ឌឫស្សីកែវ ទៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ត្រើយ​ខាងកើត ក្នុង​រាជធានី​ភ្នំពេញ អាច​នឹង​បើក​សាកល្បង​នៅ​ដើមខែ​ក្រោយនេះ ខណៈ​ការសាងសង់​បាន​ចូលដល់​ដំណាក់កាល​ភ្ជាប់​តួ​ស្ពាន​២​ប្រឡោះ​កណ្តាល​ចុងក្រោយ​ហើយ​។ គេ​រំពឹងថា ស្ពាន​ឆ្លងកាត់​ទន្លេសាប​នេះ អាច​នឹង​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ជ្រោយចង្វារ​បាន​ច្រើន នៅពេល​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

.​ដោយឡែក ទណ្ឌិត ២២៨ នាក់ ក្នុងនោះ មាន​ស្ត្រី ១៨​នាក់ ត្រូវបាន​គណៈកម្មការ​ថ្នាក់​ខេត្ត​រាជធានី និង​គណៈកម្មការ​រប​ស់​ក្រសួងមហាផ្ទៃ លើក​ស្នើ​មកកាន់​គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ក្នុងឱកាស​ពិធីបុណ្យ​វិសាខបូជា នា​ថ្ងៃទី​២៩ ខែមេសា​ខាងមុខ​។ គណៈកម្មការ​ថ្នាក់ជាតិ ដឹកនាំ​ដោយ​ឯកឧត្តម អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ទាំងនេះ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៣ ខែមេសា​ខាងមុខ​។​

.​កងកម្លាំង​ដែល​ត្រូវ​ប្រើ​សម្រាប់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ នីតិកាល​ទី​៦ ត្រូវបាន​បណ្តុះបណ្តាល​ស្វែងយល់​ពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត ព្រមទាំង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ចំនួន ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមេសា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ក្នុងនោះ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ លោក ទេព នីថា អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា ការប្រើប្រាស់​កងកម្លាំង​ច្រើនជាង​ការបោះឆ្នោត​មុនៗ នាពេលនេះ ដោយសារ​តែមាន​កើនឡើង​នៃ​ចំនួន​ការិយាល័យ​បោះឆ្នោត មិនមែនជា​ការបង្ហាញ​កម្លាំង ដើម្បី​គំរាមកំហែង ឬក៏​ខ្លាច​អសន្តិសុខ​ក្នុង​ដំណើរការ​បោះឆ្នោត​នោះឡើយ​៕ ល​