​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

542
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ នៅក្នុង​សប្តាហ៍​ចុងខែ​មេសា​ឆ្នាំ​២០១៩​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ក្នុងនោះ មាន​ការតភ្ជាប់​ស្ពាន​ព្រំដែន​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន នៅ​ជិត​ប៉ោយប៉ែត ការភ្ជាប់​ការដឹកជញ្ជូន​ផ្លូវដែក ព្រមទាំង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ជាដើម​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ចំពោះមុខ​មេដឹកនាំ​ចិន និង​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត ក្នុង​ពិធី​បើក​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២(​រូបថត​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុនសែន​)

​កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ​លាក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចាក់​បេតុង ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀន ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ ស្ទឹង​បត់ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង​។ ក្រៅពី​ពិធី​ទាំងបី សម្ដេច​តេ​ជោ​ហ៊ុនសែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា ក៏បាន​ធ្វើដំណើរ​រួមគ្នា តាម​រថភ្លើង​ចេញពី​ស្ថានីយ​បាន​ខ្លង​លឹក របស់​ថៃ ឆ្ពោះ​មកកាន់​ស្ថានីយ​រថភ្លើង​របស់​កម្ពុជា នៅក្នុង​ក្រុង​ប៉ោយប៉ែត​។ នេះ​ជា​ការតភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ដែក រវាង​កម្ពុជា និង​ថៃ ព្រមទាំង​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ចិន​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ សម្តេច​តេ​ជោ បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ ដល់​អាជ្ញាធរ​ថ្នាក់​ក្រោយ​ជាតិ កងកម្លាំងប្រដាប់អាវុធ​គ្រប់​កម្រិត និង​ភាគី​ពាក់ព័ន្ធ ដែល​បាន​សហការ​រួមគ្នា​រៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ កាលពីពេល​កន្លងមក បិទ​បញ្ចប់​ជោគជ័យ ដោយបាន​រៀបចំ​សណ្តាប់​ធ្លាប់ សុវត្ថិភាព និង​ផ្តល់​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ក្នុង​ប្រក​ខណ្ឌ​ទូទាំងប្រទេស​កម្ពុជា​។

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក នៅ​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែមេសា ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កើន​ដល់​ទៅ​ជាង ៣០០​នាក់ និង​រងរបួស​ជិត ៥០០​នាក់​។ សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាស់តឿន​កងកម្លាំងប្រដាប់អាវុធ​គ្រប់​កម្រិត​របស់​កម្ពុជា ឲ្យ​យក​បញ្ហា​នៅ​ស្រី​សង្កា ធ្វើជា​មេរៀន ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​កាន់តែ​ខ្ពស់​ចំពោះ​សន្តិសុខ​ជាតិ​ផងដែរ​។​

​កាលពី​ថ្ងៃទី​២៤ ខែមេសា ថ្នាក់ដឹកនាំ​ចិន ជាថ្មី​ម្តងទៀត បានប្រកាស​ជំហ ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​មាន​ភាព​រីកចំរើន និង​រឹងមាំ​បន្ថែមទៀត នាពេល​អនាគត​។ លោក ឈិន យន់ ប្រធាន​សមាគម​ទំនាក់ទំនង​អន្តរ​ជាតិចិន បានបញ្ជាក់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ក្រុមហ៊ុន​ចិន នឹង​ជួយ​ឲ្យ​កម្ពុ​ជាមាន​សេដ្ឋកិច្ច​ខ្លាំងក្លា និង​រឹងមាំ នៅក្នុង​តំបន់​ឥណ្ឌូចិន និង​ក្នុង​តំបន់​អាស៊ាន តាមរយៈ​ការបន្ត​កៀរគរ​វិនិយោគិន​ចិន មក​កម្ពុជា​បន្ថែមទៀត​។ ការបញ្ជាក់​នេះ នៅក្នុង​ពេលដែល​លោក ឈិន យន់ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ចូល​ជូ​ប​សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ប្រចាំ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ជម្រាបលា​។ នៅក្នុង​ជំនួប​ជាមួយ​ទូត​ហ្វីលីពីន​ចប់​អាណត្តិ សម្តេច​តេ​ជោ បានស្នើ​ឲ្យ​ហ្វីលីពីន បើក​ទីផ្សារ​សម្រាប់​អង្ករ​របស់​កម្ពុជា ទោះបី​អង្ករ​កម្ពុជា មានតម្លៃ​ថ្លៃ​ជាង​អង្ករ​បណ្តា​ផ្សេងៗ​បន្តិច​ក្តី​។​

​ដោយឡែក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ក្រើនរំលឹក​កម្លាំង​នគរបាល និង​សមត្ថកិច្ច​ក្រោម​ឱវាទ ត្រូវ​បង្កើន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការងារ​ទប់ស្កាត់ និង​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​។ សេចក្ដីណែនាំ​នេះ ចុះហត្ថលេខា កាលពី​ថ្ងៃទី​២២​មេសា ធ្វើឡើង បន្ទាប់ពី​ក្រសួងមហាផ្ទៃ បានទទួល​សញ្ញាណ​ពាក់ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ុង​ធ្វើ​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៅតាម​ភូមិសាស្ត្រ​មួយចំនួន ដែលមាន​ការធ្វេសប្រហែស​។

​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមេសា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ខ្លោងទ្វារ​សាលា សម្ពោធ​អគារ​ស្នាក់នៅ​របស់​សិក្ខា​កាម និង​សំណេះសំណាល​ជាមួយ​និស្សិត​នាយទាហាន​សកម្ម​ជំនា​ន់ទី​២២ និង​ជំនា​ន់ទី​២៣ នៅ​សាលា​នាយទាហាន​សកម្ម ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។ ក្នុងឱកាស​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការប្រឡង​ជាប់ ជា​នាយទាហាន​សកម្ម គឺជា​ឱកាស​មាស ដែល​កៅអី​នីមួយៗ មានតម្លៃ មិនអាច​កាត់ថ្លៃ​បានឡើយ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជា​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ និង​កិច្ចប្រជុំ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត រយៈពេល ៥ ថ្ងៃ នៅ​ប្រទេស​ចិន​។

សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​គោរមងារ “​សាស្ត្រាចារ្យ​កិត្តិយស ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​” ពី​សាកលវិទ្យាល័យ​ក្រុង​ប៉េកាំង​

​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​គោរមងារ “​សាស្ត្រាចារ្យ​កិត្តិយស ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​” ពី​សាកលវិទ្យាល័យ នៅ​ទីក្រុង​ប៉េកាំង កាលពី​រសៀល​ថ្ងៃទី​២៥​មេសា​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ចូលរួម​ថ្លែង​សន្ទរកថា​ក្នុង​វេទិកា ខ្សែក្រវាត់ និង​ផ្លូវ កាលពី​ថ្ងៃទី​២៦​មេសា ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​មេដឹកនាំ​មួយចំនួន ពិសេស​សម្តេច​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង​។ ពិធីសារ និង​កិច្ចព្រមព្រៀង​មួយចំនួន រវាង​កម្ពុជា និង​ចិន ក៏​ត្រូវបាន​ចុះហត្ថលេខា ផងដែរ​។​

​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែលជា​យន្តការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្ដល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ ត្រូវបាន​ក្រសួងមហាផ្ទៃ សម្រេច​ថា នឹង​បង្កើត​ឲ្យ​បាន ២៩​កន្លែង​ទៀត ក្នុង​បណ្ដា​ខេត្ត ២១ នៅ​ឆ្នាំ​២០១៩ នេះ​។ នេះ​បើតាម​សេចក្ដីសម្រេច​របស់​សម្ដេច​ក្រឡាហោម ស ខេង ចុះហត្ថលេខា កាលពី​ថ្ងៃទី​២៤​មេសា​។ ការិយាល័យ​ច្រកចេញចូល​តែមួយ គឺជា​កន្លែង​ដែល​ប្រមូលផ្ដុំ​ដោយ​ទម្រង់​បែបបទ ព័ត៌មាន​គ្រប់គ្រាន់ ច្បាស់លាស់​ស្ដីពី​ការផ្ដល់សេវា​រដ្ឋបាល កម្រៃ​សេវា និង​អាករ​ផ្សេងៗ និង​ជា​កន្លែង​ផ្ដល់នូវ​លទ្ធផល​សម្រេច​ជា​ផ្លូវការ​លើ​សេចក្ដីស្នើសុំ​របស់​ពលរ​ដ្ឋ ទាន់ពេលវេលា មាន​តម្លាភាព តាម​នីតិវិធី និង​មាន​ប្រសិទ្ធភាព​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ ចំនួន ៧១ កន្លែង នៅតាម​សាលាខណ្ឌ សាលាស្រុក សាលាក្រុង និង​នៅ​សាលាខេត្ត​រាជធានី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ចំពោះមុខ​មេដឹកនាំ​ចិន និង​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត ក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ ដែល​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៦ ខែមេសា សម្តេច​បាន​អះអាងថា គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ នឹងមិន​ផ្តល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ណាមួយ​ឡើយ រាប់ទាំង​កម្ពុជា​ផងដែរ​។ មិន​ត្រឹមតែ​មិន​ផ្តល់​ផលប៉ះពាល់ តែ​គំនិត​ផ្តួចផ្តើម​នេះ ត្រូវបាន​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា លើកឡើងថា បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​ថែមទៀត ក្នុងនោះ ការអភិវឌ្ឍន៍​ក្នុង​ខេត្ត​ព្រះ​ស៊ី​ហ​នុប​ច្ចុ​ប្បន្ន​ជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ​ខ្សែក្រវាត់ និង​ផ្លូវ រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ចិន​។

​ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​, លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៩​។ ក្រៅពី​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ​មហាក្សត្រី ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​សាយឈុំ សម្តេច​ហេង​សំរិន និង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​នៅ​ចុងបញ្ចប់ នៃ​ដំណើរ​ទស្សនកិច្ច លោកស្រី អោ​ង​សាន ស៊ូ​ជី នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួន នៅ​ខេត្តសៀមរាប​។​

​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានប្រកាសថា កាលពី​ថ្ងៃទី​២៣ ខែមេសា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កងកម្លាំង​នគរបាល​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រី​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន ៣​រូប ដែល​បាន​នាំចូល​សាច់ប្រាក់​ចំនួន ៣​លាន ៥២​ម៉ឺន​ដុល្លារ ដោយ​ពុំមាន​ការបញ្ជាក់​អំពី​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់ ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​យើង​។ បុរស​ចិន​ទាំង ៣​នាក់ ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​«​ខ្សែក្រវាត់ និង​ផ្លូវ​»​លើក​ទី​២ រួចហើយនោះ​កាលពី​ថ្ងៃទី​២៦​ខែមេសា សម្ដេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ បាន​អញ្ជើញ​ទស្សនកិច្ច​ទីស្នាក់ការ​កណ្តាល របស់​ធនាគារ​ចិន នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ក្នុងឱកាស​នោះ សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ធ្វើជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៣ ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ធនាគារកណ្តាល​ចិន ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង និង​ស្ថាប័ន​របស់​កម្ពុជា​ជាមួយ​ភាគី​ធនាគា​ចិន ដូចជា​៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ឧកញ៉ា ពង់ ឃាវ​សែ ប្រធាន​ធនាគារ​កាណាឌីយ៉ា​។

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារ​តែមាន​ភាពរឹងមាំ​នៃ​ចំណងទាក់ទង និង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​នោះ​ហើយ ដែល​បាន​ជំរុញ​ឲ្យ​បណ្តា​ធនាគារ និង​ក្រុមហ៊ុន​ចិន​ជាច្រើន បានមក​បណ្តាក់ទុន ក្នុងប្រទេស​កម្ពុជា ពិសេស​ទៅទៀត​នោះ តាមរយៈ​វត្តមាន​របស់​ធនាគារ​ចិន​នេះហើយ ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន បាន​ទៅ​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើងៗ ពិសេស​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន វា​រី​អគ្គិសនី រោងចក្រ សហគ្រាស​តូចធំ និង​សមិទ្ធផល​សង្គម​ដទៃទៀត​៕