​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍

809
ចែករម្លែក

ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា​បាន​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ដោយមាន​ធ្វើ​ពិធី​ជួបជុំ គោរព​វិញ្ញាណក្ខន្ធ រាប់បាត្រ​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល ជូន​ដល់​អ្នកស្លាប់ ក្នុង​របប​ខ្មែរក្រហម​។ ក្នុងការ​ជួបជុំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០ ឧសភា នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ក្នុង​រាជធានី​ភ្នំពេញ ក៏មាន​ការសម្តែង​ពី​ទាហាន​ខ្មែរក្រហម ធ្វើ​ទារុណកម្ម កាប់សម្លាប់​ប្រជាពលរដ្ឋ ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩​។
​ក្នុងឱកាស​ដែល​កម្ពុជា ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃ​២០​ឧសភា ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត កាលពី​ថ្ងៃទី​២០ ខែឧសភា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ឱ្យបាន​គង់វង្ស ជា​រៀងរហូត​។​

​ដោយឡែក ក្រសួងទេសចរណ៍ បានប្រកាស​ពី​ការដាក់​បេក្ខភាព​ទីក្រុង​ខណ្ឌ ចំនួន ៦ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​។ ទីក្រុង និង​ខណ្ឌ​ទាំង ៦ របស់​កម្ពុជា នឹងត្រូវ​ឆ្លងកាត់​នូវ​ការវាយតំ​លៃ ៥ ដំណាក់កាល មុននឹង​អាច​ទទួលបាន​ជ័យលាភី ដែល​គ្រោង​ប្រកាស​ជា​ផ្លូវការ នៅក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន នៅ​ខែមករា ឆ្នាំ​២០២០ នៅ​ប្រទេស​ប្រ៊ុយណេ​ដា រូ​សា​ឡឹម​។ បេក្ខភាព​ទីក្រុង និង​ខណ្ឌ​ទាំង ៦ នោះ រួមមាន​៖ ទី​១-​ក្រុង​កំពត ក្នុង​ខេត្តកំពត ទី​២-​ខណ្ឌដូនពេញ ក្នុង​រាជធានី​ភ្នំពេញ ទី​៣-​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ទី​៤-​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទី​៥-​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ទី​៦-​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា កម្ពុជា​បាន​ប្រារព្ធ​នូវ​ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល នៅ​ខេត្តតាកែវ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ តាមរយៈ​ការ​ផ្សង​មើល​ប្រផ្នូល តាម​ការបរិភោគ​រប​ស់​គោ​ឧសភរាជ ឬ​គោបា​របស់​ព្រះមហាក្សត្រ នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នា​ឆ្នាំនេះ បង្ហាញថា ស្រូវ ពោត និង​សណ្តែក នឹង​ទទួលបាន​ទិន្នផល​ល្អប្រសើរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ក្រសួងការពារជាតិ បានប្រកាស​បដិសេធ​នូ​វ​គណនី​ហ្វេ​ស​បុក ដែល​បាន​ប្រើប្រាស់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​អំពាវនាវ​ដល់​សមត្ថកិច្ច ឱ្យជួយ​ស្រាវជ្រាវ រក​ចាប់ខ្លួន​អ្នកបង្កើត​គណនី​ហ្វេ​ស​បុក​នោះ​។ ក្រសួងការពារជាតិ ក៏បាន​បដិសេធ​នូវ​រាល់​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​នេះ រួមទាំង​ការ​បង្ហោះ​សារ វាយប្រហារ​លើ​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុង​គោលបំណង​បង្ក​ឱ្យ​សាធារណជន មានការ​ភាន់ច្រឡំ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ចាក​ចេញពី​ភ្នំពេញ ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃទី​២៦ ខែឧសភា​។ ព្រះករុណា ព្រះមហាក្សត្រ នឹង​យាង​ជា​ព្រះ​កិត្តិយស​នៃ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​របស់​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ហៅ​កាត់​ថា ICC-Angkor​។ ICC-Angkor ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​២១-២២ ខែធ្នូ ឆ្នាំ​១៩៩៣ ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អង្គរ ដោយមាន​ប្រទេស​បារាំង និង​ជប៉ុន ធ្វើជា​សហប្រធាន មាន​លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍ ទទួលបន្ទុក​ដោយ​ការិយាល័យ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​មាន​ប្រទេស ៣៧ មកពី ៥​ទ្វីប អង្គការ​អន្តរជាតិ​ចំនួន ១៣ ទៀត ជា​សមាជិក​។​

​ដោយឡែក អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានប្រកាសថា ការ​ដាច់​ចរន្តអគ្គិសនី រាល់ថ្ងៃ ឆ្លាស់​វេន​គ្នា នៅ​ទូទាំងប្រទេស​កម្ពុជា ពិសេស​នៅ​ភ្នំពេញ លែង​កើតមាន​ទៀតហើយ ក្រោយពេល​ទំនប់​វា​រី​អគ្គិសនី មានទឹក​គ្រប់គ្រាន់​ឡើងវិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយសារតែ​រដូវវស្សា បាន​ចូល​មកដល់ ហើយ​មាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​រាល់ថ្ងៃ​។ ចាប់តាំងពី​ចុងខែ​មីនា ឆ្នាំ​២០១៩ ភ្លើងអគ្គិសនី ត្រូវបាន​កាត់ផ្តាច់​តាម​តំបន់ ឆ្លាស់​វេន​គ្នា ម្តង​ថ្ងៃ ម្តង​ព្រឹក ដោយសារតែ​វា​រី​អគ្គិសនី​នៅ​ទូទាំងប្រទេស ខ្វះ​ទឹក ដើម្បី​ផលិត​ថាមពល​អគ្គិសនី​។​

​ប្រទេស​ចិន តាមរយៈ​អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ចិន លោក វ៉ាង យ៉ា​ជុន បាន​ជម្រាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែឧសភា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី នៅ​រាជធានី​ភ្នំពេញ ថា ប្រទេស​ចិន នៅតែ​បន្ត​ចាត់ទុក​កម្ពុជា ជា​មិត្ត​ដ៏​ល្អ​របស់​ចិន ហើយ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ក៏​ស្ថិតនៅលើ​ចំនុច​របត់​មួយ​ល្អប្រសើរ ក្នុងន័យនេះ ថ្នាក់ដឹកនាំ​ចិន នឹង​នៅតែ​បន្ត​ជូ​យ​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ ក្នុងនោះ ក៏​រួមទាំង​ការបើក​ទីផ្សារ​ចិន សម្រាប់​ការនាំ​ចូល​ផលិតផល និង​កសិក​ផល​របស់​កម្ពុជា ផងដែរ​។

​កាលពី​ថ្ងៃទី​២៤ ខែឧសភា គឺជា​ថ្ងៃ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​បានចាប់ផ្ដើម កាលពី​ថ្ងៃទី​១៧ ខែឧសភា​។ គ​.​ជ​.​ប បាន​អះអាងថា ការឃោសនាបោះឆ្នោត រយៈពេល ៨​ថ្ងៃនេះ បាន​ប្រព្រឹត្តិ​ទៅ ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ប៉ុន្តែ​មាន​គណបក្ស​មួយ មិន​បានធ្វើ​សកម្មភាព​សោះតែ​ម្ដង ក្នុង​រយៈពេល​ឃោសនា​នេះ គឺ​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ធ្វើឡើង នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា​។ ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត​អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង ១១៥៧២ នាក់ ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​៕ ល​