ដោយៈ ម៉េងឆៃ
ភ្នំពេញៈ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភាឆ្នាំ២០១៩ កម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ដូចការគ្រោងទុក។ ជាលទ្ធផលមានមានអង្គបោះឆ្នោតរហូតដល់៩៩,៩៤ ភាគរយ បានបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រច្រើនលើសលុបបំផុត។ នេះបើតាមលទ្ធផលបឋម។ ចំណែកសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរបរិយាកាសនៃការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែឧសភា។
កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយពេលមួយថ្ងៃ អញ្ជើញថ្លែងសុន្ទរកថា ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នៅក្នុងសន្និបាតប្រចាំឆ្នាំ លើកទី៧៥ របស់អង្គការសហប្រជាជាតិ(អ.ស.ប) ដែលរៀបចំធ្វើនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ.ស.ប បានសម្រេចអញ្ជើញសម្តេចតេជោ ជាវាគ្មិនកិត្តិយស ត្បិតអង្គការពិភពលោកមួយនេះ ទទួលស្គាល់នូវការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការខិតខំប្រឹងប្រែងជារួមរបស់សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ការកាត់បន្ថយភាពក្រីក្រ និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលនាំឲ្យកម្ពុជា រក្សាកំណើនសេដ្ឋកិច្ចល្អប្រសើរ ក្នុងរង្វង់ប្រមាណ ៧,៧ ភាគរយ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។
កាលពីថ្ងៃទី២៨ ខែឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពី អនាគតអាស៊ី និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ នៅប្រទេសជប៉ុន ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រៅពីអញ្ជើញចូលរួមសន្និសីទអន្តរជាតិ ស្តីពី អនាគតអាស៊ី សម្តេច ក៏បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី បរិយាកាសវិនិយោគនៅកម្ពុជា ជួបពិភាក្សាការងារជាមួយអ្នកវិនិយោគិនជប៉ុន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី ស៊ីន ហ្ស៊ូអាបេ និងអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាមួយចំនួន ជាមួយភាគីជប៉ុនផងដែរ។
កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ប្រធានរដ្ឋសភាកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម និងបន្តដំណើរទៅកាន់ប្រទេសឡាវ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា បានធ្វើឡើង តាមការអញ្ជើញពីប្រធានរដ្ឋសភាវៀតណាម និងឡាវ។
កាលពីថ្ងៃទី២៩ ខែឧសភា ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ចការងារ នៅប្រទេសជប៉ុន។ តាមរយៈសិក្ខាសាលា ស្តីពី ការវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា នៅទីក្រុងតូក្យូ សម្តេចតេជោ ហ៊ុន សែន បានធ្វើបទបង្ហាញដល់អ្នកធុរកិច្ចជប៉ុន ពីគោលនយោបាយគន្លឹះ និងសក្កានុពល ដែលកម្ពុជា មានក្នុងន័យទាក់ទាញអ្នកវិនិយោគជប៉ុនបន្ថែម មកធ្វើអាជីវកម្មនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជាជាប្រទេស ដែលមានសក្កានុពល និងកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ នៅតំបន់អាស៊ីអាគេ្នយ៍។ កម្ពុជា ក៏មានសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានធនធានមនុស្ស គួបផ្សំនឹងការធ្វើកំណែទម្រង់ផ្ទៃក្នុងស៊ីជម្រៅថែមទៀត ដែលនាំឲ្យអ្នកវិនិយោគជប៉ុនពិតជាសម្រេចចិត្តមិនខុសឡើយ ក្នុងការមកវិនិយោគនៅកម្ពុជា។
បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី បរិយាកាសវិនិយោគនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងជួបនាយកប្រតិបត្តិថ្មីរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន។ ទាំងប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងនាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO សុទ្ធដែលបានមើលឃើញ ក្នុងផ្លូវវិជ្ជមានដូចគ្នា នូវការវិវឌ្ឍន៍ល្អប្រសើរនៃទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ជប៉ុន ក៏ទទួលស្គាល់នូវការរីកចំរើន និងការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់នានារបស់កម្ពុជា ក្នុងន័យឆ្លើយតបនឹងតម្រូវការនៃការវិនិយោគ។ ក្នុងន័យនេះ ភាគីជប៉ុន សន្យាបន្តជំរុញការវិនិយោគបន្ថែម មកកម្ពុជា នាពេលខាងមុខ។
នៅប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី២៨ ខែឧសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបសវនាការ និងពិភាក្សាការងារ ជាមួយលោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភាវៀតណាម។ កិច្ចប្រជុំនៅទីក្រុងហាណូយ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឲ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែឧសភា បានអញ្ជើញ ជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ ដល់មេដឹកនាំក្នុងតំបន់ និងពិភពលោក តាមរយៈសន្និសីទអន្តរជាតិ ស្តីពី អនាគតអាស៊ី ដែលរៀបចំធ្វើ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សម្តេចតេជោ មិនត្រឹមតែអញ្ជើញថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់សន្និសីទនោះ តែសម្តេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញឆ្លើយតបសំនួរជាច្រើនរបស់អ្នករៀបចំកម្មវិធី ដែលសុទ្ធសឹងតែជាការរួមចំណែកផ្តល់នូវឧត្តមប្រយោជន៍រួមរបស់ពិភពលោក និងការបង្ហាញការពិតពីកម្ពុជា បច្ចុប្បន្នផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេល ៣ថ្ងៃ រាប់ចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា បានបិទបញ្ចប់ ដោយនាំមកនូវជោគជ័យ គួរឲ្យកត់សំគាល់ សម្រាប់ជាឧត្តមប្រយោជន៍របស់កម្ពុជា និងការពង្រឹងពង្រីកទំនាក់ទំនាក់ល្អបន្ថែមទៀត លើគ្រប់វិស័យជាមួយប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី៣១ ខែឧសភា។
កាលពីថ្ងៃទី៣១ ខែឧសភា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសដោះមីនកម្រិតខ្ពស់ថ្នាក់អាស៊ាន និងតំបន់ សម្រាប់គ្រូបង្គោលក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយកិត្តិយស។ កម្ពុជា បានបង្ហាញមោទនភាព នៅពេលបណ្ដាប្រទេសជាមិត្ត និងអង្គការអន្តរជាតិធំៗ ផ្ដល់ទំនុកទុកចិត្តឲ្យទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសដោះមីនកម្រិតខ្ពស់ថ្នាក់អាស៊ាន និងតំបន់ សម្រាប់គ្រូបង្គោលក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាលើកទី៣នេះ។
កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា កម្ពុជាប្រារព្ធទិវាកុមារអន្តរជាតិ ថ្ងៃ១មិថុនា នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ នៅក្នុងពិធីជួបជុំនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានមានប្រសាសន៍ថា កុមារ គឺជាធនធានមនុស្សដ៏មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធ ត្រូវបានការពារកុមារ និងអភិវឌ្ឍពួកគេឱ្យបានល្អ។ ក្នុងទិវាកុមារអន្តរជាតិ ថ្ងៃ១មិថុនា លោក កែ គឹមយ៉ាន បានផ្តល់អនុសាសន៍ ៨ ចំណុច ដើម្បីកុមារកម្ពុជា រួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្តិ ការកែលម្អយន្តការ ដែលមានស្រាប់ ការពិនិត្យតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ ការការពារ និងថែទាំសុខភាពកុមារ ដោយផ្តោតជាពិសេសលើកុមាររងគ្រោះ និងងាយរងគ្រោះ ជាដើម៕ ល