​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍

1379
ចែករម្លែក

​ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​:
នៅក្នុង​សប្តាហ៍​ទី​៣ ក្នុង​ខែមិថុនា គិត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ មាន​ព្រឹត្តិការណ៍​ជាតិ ជាច្រើន​បានកើត​ឡើង ក្នុងនោះ រួមមាន រដ្ឋសភា​ប្រជុំ​អនុម័ត​ច្បាប់​ប្រេងកាត ការ​ប្រារព្ធ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា នៅ​ថ្ងៃទី​១៨ ខែមិថុនា ព្រឹត្តិការណ៍​រម្លឹក​ខួប​នៃ​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ក្នុង​ការយក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ព្រមទាំង​សកម្មភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ និង​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ជាដើម​។​

​សេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ត្រូវបាន​រដ្ឋសភា ប្រជុំ បោះឆ្នោត​អនុម័ត កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ក្រោម​សំឡេង​ជា​ឯកច្ឆន្ទ គឺ ១០៨ លើ ១០៨ សំឡេង​។ សេចក្ដីព្រាងច្បាប់​នេះ មាន ៩​ជំពូក ៧២​មាត្រា មាន​ខ្លឹមសារ​ចែង​អំពី​សមត្ថកិច្ច និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត ការគ្រប់គ្រង​សកម្មភាព​ស្វែង​រុករក ការអភិវឌ្ឍ និង​ការធ្វើ​ផលិតកម្ម​ប្រេងកាត ការគ្រប់គ្រង​ចំណូល​រដ្ឋ​ពី​ប្រេងកាត និង​ភាគ​លាប​របស់​រដ្ឋ ការគ្រប់គ្រង​លើ​សកម្មភាព​ប្រព្រឹត្ត​កម្ម ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​ប្រេងកាត ការងារ​អធិការកិច្ច និង​ទោស​ប្បញ្ញត្តិ​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧​មិថុនា រដ្ឋសភា ក៏បាន​ប្រជុំ អនុម័ត​លើ​របៀបវារៈ និង​សេចក្ដីព្រាងច្បាប់​មួយចំនួនទៀត រួមមាន ការប្រកាស​សុពលភាព​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ជូន​លោក សុខ ផេង ជំនួស​តំណាងរាស្ត្រ ទើប​ទទួលអនិច្ចកម្ម​ម្នាក់ និង​បានអនុម័ត​សេចក្ដីព្រាងច្បាប់ ៤​ផ្សេងទៀត ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​វិនិយោគ ជាមួយ​ប្រទេស​ជា​មិត្ត និង​កិច្ចព្រមព្រៀង ស្ដីពី ការបង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្ដៅ​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម ដោយ​សម្រេច​ផ្តន្ទាទោស លោក ផែង វណ្ណៈ ដាក់ពន្ធនាគារ រយៈពេល​មួយឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​តែ ២​ខែ និង​១៥​ថ្ងៃ ព្រមទាំង​ពិន័យ​ប្រាក់ ៦​លាន​រៀល ចូល​ថវិការដ្ឋ​។ លោក ផែង វណ្ណៈ ជាប់ទោស​ក្នុង​បណ្តឹង​របស់​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តឹង​របស់​អង្គភាព​សារព័ត៌មាន Fresh News​។ លោក ផែង វណ្ណៈ ត្រូវបាន​ដោះលែង ចេញពី​ពន្ធនាគារ ប៉េ ហ្ស៊ី កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​ជាប់ឃុំ​ឃាំង​អស់​ពេល ២​ខែ និង ១៥​ថ្ងៃ រួចមក​។​

​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ជា​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ គម្រប់ ៨៣ យាង​ចូល ៨៤ ព្រះវស្សា​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មន្ត្រីរាជការ និង​ប្រជាជន​កម្ពុជា​ទូទៅ បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ សូមអោយ​ព្រះអង្គ មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ និង​ព្រះ​ជន្មាយុ​យឺនយូរ​។ ក្រៅពី​សារ​បួងសួង​ថ្វាយព្រះពរ​ព្រះអង្គ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី ជា​ផ្លូវការ ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅក្នុង​ព្រះបរមរាជវាំង ស្របពេល​ដែល​តាម​ទីធ្លា​សាធារណៈ តាម​ក្រសួង ស្ថាប័ន​នានា ក៏មាន​កា​រៀបចំ តាំង​លម្អរូប​ព្រះឆាយាល័ក្ខណ៍ អមដោយ​បដា និង​សារ​ថ្វាយព្រះពរ​ព្រះអង្គ​។ នៅ​ថ្ងៃទី​១៨​មិថុនា ក៏​ជា​ថ្ងៃបុណ្យ​ជាតិ ដែលជា​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។​

​កាលពី​ថ្ងៃទី​១៨ ខែមិថុនា រាជរដ្ឋាភិបាល បាន​ប្រារព្ធ​ខួប​លើក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា ថ្ងៃ​២១​មិថុនា​។ ពិធី​ជួបជុំ​នេះ បានធ្វើ​ឡើង នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមាន​ការចូលរួម​ពី​អតីតយុទ្ធជន​ជាង ៣៤០០​នាក់ មកពី​ទូទាំងប្រទេស​។​

​កាលពី​ថ្ងៃទី​១៩ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា ជាមួយ​មន្ត្រីការទូត​អាល្លឺម៉ង និង​អនុ​ប្រធានសភា​ប្រឹក្សា​ប្រជាជន​ចិន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ ជំនួប​ពិភាក្សា​ការងារ​ដាច់ដោយឡែក រវាង​កម្ពុជា និង​អាល្លឺម៉ង និង​រវាង​កម្ពុជា និង​ចិន ផ្តោត​សំខាន់​លើ​កិច្ចសហការ​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​។ ក្នុងនោះ ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​មន្ត្រី​ទូត​ប្រទេស​អាល្លឺម៉ង ផ្តោតលើ​កិច្ចសហការ​ផ្នែក​ដោះមីន​។ រីឯ​ជំនួប​ជាមួយ​ភាគី​ចិន ផ្តោតលើ​កិច្ចសហការ​លើ​ការងារ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ​។​

​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ក្រសួងការបរទេស​ក​ម្ពុ​ជា បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ លើក​ទី​១ ជាមួយ​ប្រទេស​សិង្ហ​បុរី ដើម្បី​ឈានទៅ​ពង្រីក​កិច្ច​ស​ប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត​។ នៅ​ថ្ងៃទី​១៩ ខែមិថុនា​ដដែល ក្រសួងការបរទេស ក៏បាន​ចុះហត្ថលេខា​ទទួល​ជំនួយ​សម្រាប់​គម្រោង​ចំនួន ១៨ ពី​រដ្ឋាភិបាល​ឥណ្ឌា​ផងដែរ​។

​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ នេះ ជា​ខួប​លើក​ទី​៤២ ឆ្នាំ នៃ​ថ្ងៃ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​យុទ្ធ​មិត្ត​បួនរូប​ទៀត ដោយ​សម្រេចចិត្ត ដោយ​ការឈឺចាប់ យក​ជីវិត ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។ ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ក្រសួងការពារជាតិ ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានរៀបចំ​ពិធី​ជួបជុំ នៅ​តំបន់​កោះ​ថ្ម ឃុំ​ទ​ន្លួ​ង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ដើម្បី​ឧទ្ទិស​ដល់​ទិវា​ចងចាំ​នូវ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុលពត នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ។

​កាលពី​ថ្ងៃទី​២០ ខែមិថុនា លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​លើកដំបូង ដោយមាន​សមាសភាព​អ្នកចូលរួម ជា​អ្នកនាំពាក្យ តាម​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ជា​សមាជិក​ចូលរួម​ប្រមាណ ៣០​រូប​។ កិច្ចប្រជុំ​លើកដំបូង​នៃ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានសម្រេច​ឯកភាព​បង្កើត​ឲ្យ​មាន​សន្និសីទ​សារព័ត៌មាន​មួយ​សប្តាហ៍​ម្តង រួមជាមួយ​វេទិកា​ជួបជុំ​រវាង​អ្នកនាំពាក្យ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ជំនាញ​ទាំងអស់ របស់​រាជរដ្ឋាភិបាល និង​អ្នកសារព័ត៌មាន មួយ ខែម្តង​ផងដែរ​។

​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​សរុប​ជាង ៣​ពាន់ ៣​រយ ករណី ក្នុងនោះ រឹបអូស​បាន​គ្រឿងញៀន​ជាង ៣១០ គីឡូក្រាម​។ ជាការ​កត់សំគាល់ មាន​គ្រឿងញៀន​ជាង​២៨០ គីឡូក្រាម ត្រូវបាន​រឹបអូស​ពី​ទីតាំង​ក្លិប​កម្សាន្ត និង​មេខ្លោង​ធំៗ​។ របាយការណ៍​នេះ ត្រូវបាន​លើក​បង្ហាញ ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ចូលរួម​ចូលរួម​អបអរសាទរ​ទិវា​អតីតយុទ្ធជន​កម្ពុជា​ថ្ងៃ​២១​មិថុនា​។ ទិវា​អតីតយុទ្ធជន​កម្ពុជា ថ្ងៃ​២១​មិថុនា ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់ឡើង​ដើម្បី​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល និង​រំលឹក​ដល់​គុណបំណាច់​របស់​អតីតយុទ្ធជន ដែល​ធ្លាប់បាន​លះបង់​គ្រប់បែបយ៉ាង​ក្នុង បុព្វហេតុ​ជាតិ​មាតុភូមិ​ក្នុង​អតីតកាល ដែល​ធ្លាប់​រ៉ាំរ៉ៃ​ដោយ​សង្គ្រាមស៊ីវិល​។ ម្យ៉ាងទៀត ក៏​ដើម្បីអោយ​ប្រជាជន​ទូទាំងប្រទេស ចងចាំ​នូវ​វីរភាព​របស់​អតីតយុទ្ធជន​ផងដែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើក​កិច្ចប្រជុំពេញអង្គ បោះឆ្នោត​ជ្រើសតាំង​ប្រធាន​សម្រាប់​អាណត្តិ ៣​ឆ្នាំ លើក​ទី​៨ និង​បានប្រកាស​សមាជិក​ថ្មី​ចំនួន ៣​រូប​។ ជា​លទ្ធផល លោក អ៊ឹម ឈុនលឹម បន្ត​ជាប់ឆ្នោត ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ មួយ​អាណត្តិ​ទៀត​។ រីឯ​សមាជិក​ថ្មី ៣​រូប​ទៀត រួមមាន លោក កែវ ពុទ្ធរស្មី លោក ហ៊ី សោភា និង​លោកស្រី លី វួ​ច​ឡេង​។ ក្រុមប្រឹក្សាធម្មនុញ្ញ មាន​សមាសភាព ៩​រូប​។​

​កាលពី​ថ្ងៃទី​២២ ខែមិថុនា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៤ ដែល​ប្រារព្ធ​ធ្វើ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមិថុនា​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នឹង​ផ្តោត​ការយកចិត្តទុកដាក់​ដ​ល់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​និង​ពង្រឹង​កុង​សង់​ស៊ុ​ល ក្នុងចំណោម​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ​។​កិច្ចប្រជុំ​កំពូល​ក៏​នឹង​រិះរក​មធ្យោបាយ​នានា ក្នុងការ​ធ្វើ​ឲ្យ​អាស៊ាន​ឈានទៅ​កាន់​ក​ម្រឹត​ខ្ពស់​ថែមទៀត​ប្រកបដោយ​ចីរភាព និង​មាន​ការតភ្ជាប់​ដោយ​រលូន​។​

​ដោយឡែក នៅ​ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​បាក់​រលំ​អគារ​មួយ ដែល​កំពុងដំណើរការ​សាងសង់​កម្ពស់ ៧​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ភូមិ ៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ សំណង់​អាគារ​នេះ ជា​របស់​ក្រុមហ៊ុន​ចិន មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ បណ្តោយ ៣០ ម៉ែត្រ និង​កំពុងដំណើរការ​សាងសង់ បាន​ប្រមាណ ៧០ ទៅ ៨០ ភាគរយ​។​

​រហូតដល់​ម៉ោងជាង ៣​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចំនួន​អ្នកស្លាប់ ដោយសារ​ការបាក់​រលំ​អាគារ​កម្ពស់ ៧​ជាន់ ដែល​ធ្វើ​ពី​ឆ្អឹង​ដែក​នេះ បាន​កើន​ឡើងដល់​៧​នាក់​។ ចំណែក​អ្នករងរបួស​ជាង ២០​នាក់​ទៀត ត្រូវ​ក្រុមគ្រូពេទ្យ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕