​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

700
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​:
កាលពី​ថ្ងៃ​ចន្ទ ទី​៨ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានប្រកាស ចាត់វិធានការ​ច្បាប់​តឹងរ៉ឹង​លើ​បុគ្គល ឬ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ ការប្រកាស​បែបនេះ បន្ទាប់ពី​អាជ្ញាធរ​មើលឃើញថា នៅតែមាន​ការលួចបន្លំ​កាប់​ឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ គ្រប់​រូបភាព​។​

​កាលពី​រសៀល​ថ្ងៃទី​៩ ខែកក្កដា គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ កងកម្លាំងប្រដាប់អាវុធ បាន​ចាប់ខ្លួន​មនុស្ស​បួន​នាក់ ក្នុងនោះ មាន​ឧកញ៉ា ស៊ឹង សំអុល ដែលជា​ឈ្មួញ​ឈើ​ល្បីល្បាញ​យូរ​ឆ្នាំ​មកហើយ​។ ក្រៅពីនោះ សមត្ថកិច្ច​ចម្រុះ ក៏បាន​ដកហូត​រថយន្ដ​ដឹកឈើ​ជាង ៤០​គ្រឿង ដោយ​ត្រៀម​កម្ទេចចោល​នៅនឹងកន្លែង​។​

​កាលពី​ថ្ងៃ​៩​កក្កដា ជា​ទិវា​រុក្ខទិវា ដែល​បាន​ប្រារព្ធ​ឡើង ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ឃុំ​ក្បាលដំរី ស្រុក​សម្បូណ៌ ខេត្តក្រចេះ​។ មាន​ព្រះរាជបន្ទូល នាឱកាស​ដ៏​ថ្លៃថ្លា​នេះ ព្រះអង្គ​បាន​អំពាវនាវ​ប្រជាពលរដ្ឋ ចូលរួម​ដាំ​ដើមឈើ​តាម​ផ្ទះ ទី​អារាម សាល​រៀន ដងផ្លូវ និង​ដង​ប្រឡាយ ដើម្បី​បង្កើត​ជីវជាតិ​ដី​កសិកម្ម កាត់បន្ថយ​ការ​ប្រាស់​ឈើ និង​ទប់​កម្លាំង​ខ្យល់​កន្ត្រាក់​។​

​ស្រប​ពេលដែល​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​យាង​ជា​ព្រះរាជាធិបតី​ក្នុង​ពិធីបុណ្យ រុក្ខទិវា នៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ដោយមាន​ការដាំ​កូនឈើ​កម្រ និង ប្រណិត​ជាង ១​ម៉ឺន​ដើម លើ​ផ្ទៃដី​ទំហំ ១០ ហិច​តា កាលពី​ព្រឹក​ថ្ងៃទី​៩​កក្កដា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​បណ្តុះ​គំនិត នៃ​ការស្រឡាញ់ និង​ការពារ​ព្រៃឈើ ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួនឯង និង​សង្គមជាតិ​ទាំងមូល​ផងដែរ​។​

​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បានអោយដឹងថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តមណ្ឌលគិរី ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​៩ ខែកក្កដា មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១០ ខែកក្កដា​។ វត្ថុតាង​ជាច្រើន ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប រឹបអូស និង​បំផ្លាញចោល ខណៈ​ជនសង្ស័យ ៤ នាក់ រួមទាំង​លោក​ឧកញ៉ា ស៊ឹង សំអុល ត្រូវ​សមត្ថកិច្ច រៀបចំ​នីតិវិធី កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​។ បើតាម​អ្នកនាំពាក្យ​ដដែល ជនសង្ស័យ អាច​ផ្ទេរ​មកកាន់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​។​

​ស្ថានភាព​ជំងឺគ្រុនឈាម កំពុង​កើនឡើង​ខ្លាំង ដែល​បានធ្វើ​ឲ្យ​មន្ទីរពេទ្យ ទទួល​អ្នកជំងឺ​យ៉ាងច្រើន ក្នុង ១​ថ្ងៃៗ ពិសេស​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​ទទួល​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ​។ ក្នុង​មួយថ្ងៃៗ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​ភ្នំពេញ និង​ទាំង​នៅ​ខេត្តសៀមរាប មាន​អ្នកជំងឺ​ជាង ៤​ពាន់​នាក់ ក្នុងនោះ មាន ៧០០​នាក់ ត្រូវ​ចូល​សម្រាក​ពេទ្យ និង​មាន​អ្នក​កើត​ជំងឺគ្រុនឈាម​ប្រមាណ ២០​ភាគរយ​។ ដោយឡែក នៅ​ទូទាំងប្រទេស គិត​មកដល់​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺគ្រុនឈាម មាន​ចំនួន ១៥.០០០​ករណី និង​ស្លាប់ ២៥​នាក់​។

​កាលពី​ថ្ងៃទី​១១ ខែកក្កដា ក្រសួងមហាផ្ទៃ បានសម្រេច​លុបចោល​នូវ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ចំនួន ៣៣​ក្រុមហ៊ុន បន្ទាប់ពី​បានឃើញ ក្រុមហ៊ុន​ទាំងនោះ ពុំមាន​សកម្មភាព​ធ្វើ​សេវាកម្ម និង​បានប្រកាស​ក្ស័យធន​។ ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ទាំង ៣៣ ក្រុមហ៊ុន​នេះ ក៏​ត្រូវបាន​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ធ្វើលិខិត​ជម្រាប ជូនទៅ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ផងដែរ​។​

ដោយឡែក ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក៏​កំពុង​ឆ្លង​រាលដាល លើ​សត្វ​ជ្រូក នៅ​កម្ពុជា​យើង ក្នុងនោះ ខេត្ត​ចំនួន​បួន​កំពុង​រងគ្រោះ គឺ​ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តតាកែវ​។ គិត​ត្រឹម​ថ្ងៃទី​១១​កក្កដា ជ្រូក​ឈឺ​ងាប់ និង​សម្លាប់ចោល ដោយសារតែ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មាន​ចំនួន​ជាង ២.០០០​ក្បាល​ហើយ​។ ចំពោះមុខ​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានប្រកាសថា រាជរដ្ឋាភិបាល បន្ត​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង ពិសេស​ពី​ប្រទេស​វៀតណាម ដែល​កំពុង​រងគ្រោះ​ដោយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កើត​លើ​តែ​សត្វ​ជ្រូក ដោយ​គ្មាន​ថ្នាំ​ការពារ និង​មិនមាន​ថ្នាំ​ព្យាបាល​ឡើយ​។ តែ​អ្នកជំនាញ​អះអាងថា មិន​ឆ្លង​មក​មនុស្ស​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចុះ​ពិនិត្យ​ដល់ទី​តាំង ដែល​កំពុង​កើតមាន​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដើម្បី​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​។ ការណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ​ឡើង បន្ទាប់ពី​កម្ពុជា បាន​ផ្ទុះ​ការ​រាតត្បាត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​តាម​តួលេខ​ពី​ក្រសួងកសិកម្ម​កម្ពុជា យ៉ាងហោចណាស់ ជ្រូក​មិនតិចជាង ៣​ពាន់​ក្បាល​ទេ ដែល​បាន​ឈឺ ងាប់ និង​យកទៅ​សម្លាប់ ដែល​គិត​ជាការ​ខាតបង់​ថវិកា​ប្រមាណ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​។​

​កាលពី​ថ្ងៃទី​១២​កក្កដា​គណៈរដ្ឋមន្ត្រី​បាន​បើក​កិច្ចប្រជុំពេញអង្គ ដោយបាន​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយចំនួន ក្នុងនោះ សេចក្តីព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្តីពី បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩-២០២៥ និង គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន ៤ ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង​។

​សមត្ថកិច្ច​កម្ពុជា​បានប្រកាស ស្រាវជ្រាវ ស្វែងរក​ប្រភពដើម​នៃ​សាច់ប្រាក់ ដែល​ត្រូវបាន​ជនល្មើស នាំចូល​ដោយ​ខុសច្បាប់ មក​ក្នុងប្រទេស​កម្ពុជា ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់ នា​រយៈពេល​ចុងក្រោយ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោយ​បញ្ចប់​ពិធី​អបអរសាទរ​ទិវា​ប្រជាជន​ពិភពលោក កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា​។​

​កាលពី​ថ្ងៃទី​៦ ខែកក្កដា នៅពេល​វិលត្រឡប់​មកពី​បំពេញបេសកកម្ម​ការងា​រ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ដោយសារ​មាន​បញ្ហា​គ្រេច​ស្មា​ខាងស្តាំ​
​និង​ដោយ​គ្រូពេទ្យ​តម្រូវឱ្យ​សម្តេច​ទៅឱ្យ​គ្រូពេទ្យ​សិង្ហបូរី​ពិនិត្យ និង​ព្យាបាល ដូច្នេះ​សម្តេច​សូម​អធ្យាស្រ័យ​ពី​សំណាក់​មិត្តភក្តិ​ទាំង​បរទេស ទាំង​ខ្មែរ ដែល​ត្រូវ​ជួប​សម្តេច​នៅ​សប្តាហ៍ ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៣ ខែកក្កដា ដែល​សម្តេច ត្រូវ​លុបចោល​នូវ​ជំនួប​នោះ​។

​ប៉ុន្មាន​ថ្ងៃ​ក្រោយមក សម្តេច​តេ​ជោ បាន​ជម្រាបជូន​ជនរួមជាតិ​ថា បន្ទាប់ពី​ការព្យាបាល​ដោយ​យកចិត្ត​ដាក់​ពី​សំណាក់​គ្រូពេទ្យ ក្នុង​ចន្លោះ​ម៉ោង ២ ទៅ​ម៉ោង ៣​ទៀបភ្លឺ ម៉ោង​សិង្ហបូរី គ្រូពេទ្យ​បាន​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​កន្លែង​គ្រេច​ស្មា​ស្តាំ​។​អ្វីដែល​បាត់បង់​គឺ​គ្រូពេទ្យ​តម្រូវឱ្យ​សម្តេច ផ្អាក​វាយកូនគោល​មួយរយ​:​ដែល​សម្តេច​គោរព​តាម​បាន​យ៉ាង​ស្រួល​។ នៅ​ថ្ងៃទី​១១​កក្កដា សម្តេច​តេ​ជោ ហ៊ុន សែន បាន​វិល​ត្រលប់​មកដល់​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​១២ ខែកក្កដា​។​

​ក៏ប៉ុន្តែ​អំឡុង​ពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​ផ្អាក​លេង​កីឡា វាយ​កូន​ហ្គោល ជិះ​កង់ ដើរ​តាម​ធម្មជាតិ លើស​មួយ​ម៉ឺន​ជំហាន​។ ម្យ៉ាងទៀត អំឡុងពេល​សម្រាក​ហាត់​កីឡា​នេះ សម្តេច​ឡើង ៣​គីឡូ​។ ដូចនេះ​សម្តេច​ថា ការខិតខំ​ហាត់ប្រាណ ២​ឆ្នាំកន្លងមក ដើម្បី​បន្ថយ​ទម្ងន់​ពិតជា​ឥតប្រយោជន៍ និង​ត្រូវ​ត្រៀម​បន្ធូរ​ចង្កេះ​ខោ​ហើយ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា នៅ​វត្ត​មួយ ក្នុង​ខេត្ត​ព្រះ​វែង​។ សម្ដេច​ក្រឡាហោម ស ខេង បានប្រកាសថា លទ្ធផល​បឋម​នៃ​ការធ្វើជំរឿន ឆ្នាំ​២០១៩ បង្ហាញថា កម្ពុ​ជាមាន​ប្រជាជន​សរុប​ជាង ១៥​លាន ២​សែន​នាក់​។ ក្រោយពី​ដឹង​លទ្ធផល​នៃ​ការធ្វើជំរឿន កាលពី​ខែមីនា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ប្រាថ្នា​ចង់ឃើញ កម្ពុ​ជាមាន​ប្រជាជន​ជាង ៣០​លាន​នាក់​។ មូលហេតុ​សម្តេច​សខេង លើកឡើងថា ទឹកដី​កម្ពុជា​យើង នៅសល់​ធំ​ទូលំទូលាយ​ណាស់ ដូច្នេះ​បើ​បច្ចុប្បន្ននេះ យើង​មាន​ប្រជាជន​យ៉ាងហោចណាស់ ៣០​លាន​នាក់ នោះ​គឺជា​ការប្រសើរ​មួយ សម្រាប់​ស្ថានភាព​ប្រទេស​របស់​យើង​៕ ល​