​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍

410
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​ភ្នំពេញ​:
ដោយសារ​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី ធ្វើ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ បង្ក​ជា​ទឹកជំនន់ ពិសេស​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ និង​ខេត្ត​នៅ​ភូមិ​ឦសាន កាលពីដើម​ខែសីហា​។ ជំនន់​ទឹកភ្លៀង បាន​លិច​ផ្ទះ​សម្តែង​ប្រជាពលរដ្ឋ និង​លិច​ផ្លូវ​ជាច្រើន ហើយ​នៅក្នុង​សប្តាហ៍​នេះ ជំនន់​ទឹកភ្លៀង បាន​ធូរស្រាល​ជា​បន្តបន្ទាប់​។ ក្នុងនោះ អាជ្ញាធរ​សមត្ថកិច្ច ក៏បាន​ចាប់ផ្តើម​ស្តារ​ការខូចខាត​ឡើងវិញ ដោយ​ជួសជុល​ផ្លូវ​លិច​ទឹក ជាដើម​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ព្រឹទ្ធសភា បានប្រកាស​ទទួល​សមា​ជិ​ក​ព្រឹទ្ធសភា​ថ្មី ចំនួន ៣​រូប ជំនួស​សមាជិក​ព្រឹទ្ធសភា ដែល​ទទួលមរណភាព និង​សុំលាលែង​។ ជាមួយគ្នានេះ ក្នុង​កិច្ចប្រជុំ ព្រឹទ្ធសភា ក៏​បោះឆ្នោត​ជ្រើសតាំង​លោក អ៊ុំ សារិទ្ធ ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​ផងដែរ​។ ដោយឡែក កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២​សីហា សមាជិក​រដ្ឋសភា ក៏បាន​បើក​កិច្ចប្រជុំ និង​បោះឆ្នោត​ជាសំងាត់ ផ្តល់​សេចក្តីទុកចិត្ត ជ្រើសតាំង​លោក អ៊ិត រ៉ា​ឌី ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សម្រាប់​អាណត្តិ​ថ្មី ដើម្បី​ជំនួស​សមាជិក​ចាស់ ដែល​ផុត​អាណត្តិ​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ស្ថិតក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ មាន​សមាជិក​ចំនួន ១១​រូប និង​មាន​បំពេញភារកិច្ច​ធានា​ឯករាជ្យភាព​នៃ​អំណាចតុលាការ​។ តាមរយៈ​តួនាទី និង​ភារកិច្ច​នេះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម មាន​សិទ្ធ​តែងតាំង ផ្ទេរ ព្យួរ និង​ដកហូត​តំណែង​ចៅក្រម និង​ព្រះរាជអាជ្ញា​។

​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​លោក ហ៊ី​ដេ​ហ៊ី​សា ហុ​រិ​ណូ​ជី ( Hidehisa HORINOUCHI ) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា ចូលជួប និង​ជម្រាប​ប​លា ក្នុងឱកាស​ឯកឧត្តម បញ្ចប់​បេសកកម្ម​ការទូត នៅ​កម្ពុជា​។ ក្នុងឱកាស​នេះ លោក​ឯកអគ្គរាជទូត បាន​ថ្លែង​កោតសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​មាន​ការវិវត្ត ក្នុង​ផ្លូវ​វិជ្ជមាន គួរ​ឲ្យ​កត់សម្គាល់​។ បើតាម​លោក​ទូត​ជប៉ុន សេដ្ឋកិច្ចកម្ពុជា រីកចម្រើន​ខ្លាំង នា​រយៈពេល​ចុងក្រោយ​នេះ ពិសេស​កំណើន​នៃ​ការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។​

​នៅក្នុង​សប្តាហ៍​នេះ ក្រុមគ្រូពេទ្យ បានប្រកាសថា កុមារី​ម្នាក់ នៅ​ខេត្តពោធិ៍សាត់ ដែល​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា នាង​ឡើង​កន្ទួល​សើ​ស្បែក បន្ទាប់ពី​នាង​ទទួលទាន​សាច់ជ្រូក​ចៀន គឺ​កុមារី​រូបនេះ មិន​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដូច​ការលើកឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះទេ​។ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ បាន​អះអាងថា កុមារី​រងគ្រោះ មាន​ជំងឺ​អា​លាក់​ស៊ី ហើយ​បាន​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ជិត​ជា​ទាំងស្រុង​ហើយ​។ អ្នកឯកទេស ក៏បាន​អះអាង​បន្ថែមថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មិនកើត​លើ​មនុស្ស​ទេ​។​

​ស្ថានភាព​ទឹកជំនន់ ដោយសារ​ទឹកភ្លៀង នៅ​កម្ពុជា បាន​វិវត្តន៍ មករក​ភាព​ធូរស្រាល​វិញ​ហើយ ក្រោយ​វាយប្រហារ​ខេត្ត ចំនួន​៨ របស់​កម្ពុជា ចាប់តាំងពី​ដើមខែ​សីហា​មក​ម្លេះ​។ ក្រៅពី​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ផ្ទះសម្បែង និង​ផលដំណាំ​ជាច្រើន​នោះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន ក៏​ទទួលរង​ការខូចខាត​មួយចំនួន​ដែរ​។ បើតាម​របាយការណ៍រ​បស់​ក្រសួង​ជំនាញ ជំនន់​ទឹកភ្លៀង បាន​បណ្តាល​ឲ្យ​ផ្លូវ​បាន​បាក់ស្រុត និង​បង្ក​ជា​សំបុកមាន់​ជាច្រើន​កន្លែង នៅក្នុង​ខេត្ត​-​ក្រុង ចំនួន ៥ រួមមាន​៖ ខេត្ត​ព្រះសីហនុ ផ្លូវ​ក្នុង​ខេត្តកំពត កោះកុង កែប និង​ខេត្តរតនគិរី​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានរៀបចំ​សន្និសីទកាសែត ស្តីពី​ស្ថានភាព​គ្រោះទឹកជំនន់ នៅ​កម្ពុជា ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​។ ក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​អះអាងថា ការស្រាវជ្រាវ​រក​មូល​ហេតុ ដែល​នាំ​ឲ្យ​មាន​គ្រោះទឹកជំនន់ ក្រៅពី​បន្ទោស​ទៅលើ​ធម្មជាតិ អាច​នឹងត្រូវ​ធ្វើឡើង ក្រោយ​ការងារ​អាទិភាព គឺ​ការសង្គ្រោះ​ពលរដ្ឋ និង​ការស្តារ​ការខូចខាត ត្រូវបានធ្វើ​ចប់សព្វគ្រប់​។ ទឹកជំនន់ ដែល​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៨ របស់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី រាប់​តាំងពីដើម​ខែសីហា​មក នឹង​ក្លាយជា​មេរៀន​ថ្មី​មួយទៀត សម្រាប់​កម្ពុជា ក្រៅពី​តែ​ការដាក់បន្ទុក​ទាំងស្រុង ទៅលើ​កត្តា​ធម្មជាតិ គឺ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​ក្លាយជា​ទឹកជំនន់​។​

​កាលពី​រសៀល​ថ្ងៃទី​១៤ សីហា នៅ​ខេត្តសៀមរាប មាន​ឧបទ្ទវហេតុ​ផ្ទុះ​ហ្គាស​នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ដែល​បណ្តាលអោយ​មនុស្ស ១៣​នាក់ រងរបួស ដោយមាន​ជនបរទេស ២​នាក់ និង​ប៉ូលិស​ម្នាក់​។ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ កើតឡើង នៅ​ថ្ងៃទី​១៥ ខែសីហា ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញមក​បញ្ជាក់ថា ទីតាំង​បញ្ចូល​ហ្គាស​រថយន្ត​នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់ ក្នុងការ​សាងសង់ និង​ធ្វើ​អាជីវកម្ម​បញ្ចូល​ឧស្ម័ន​នេះ​ទេ ហើយ​ក្រសួង កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែមទៀត​។

​នៅក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ឯកអគ្គរាជទូត​ប្រចាំ នៅ​កម្ពុជា ដែល​ផុត​អាណត្តិ បាន​បន្ត​ថ្លែង​ពី​ការប្ដេជ្ញាចិត្ត​ក្នុងការ​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ នេះ​បើតាម​លទ្ធផល​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ជាមួយ​ឯកអគ្គរដ្ឋទូត​ជប៉ុន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា​។​

​បន្ទាប់ពី​សាកសួរ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃទី​១៥ ខែសីហា លោក​ឧកញ៉ា គង់ ក្រឹ​ង អ្នកជំនួញ​ឈើ​ល្បីឈ្មោះ នៅ​ខេត្ត​ភូមិភាគ​ឦសាន និង​លោក ម៉ាត់ ណា​ស៊ា​ត ដែល​គេ​ដឹងថា​ជា​កូនប្រសារ​របស់លោក ត្រូវបាន​សមត្ថកិច្ច​នៃ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​។ សមត្ថកិច្ច បាន​នាំខ្លួន​លោក​ឧកញ៉ា គង់ ក្រឹ​ង មក​ឆែកឆេរ​ដល់ផ្ទះ នៅ​ស្រុក​ស្នួល ក្នុង​ខេត្តក្រចេះ​។ បទល្មើស​ព្រៃឈើ ក្នុង​ភូមិភាគ​ឦសាន ដែល​អាជ្ញាធរ​សមត្ថកិច្ច ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ស្រាវជ្រាវ ចុះបង្ក្រាប ជាថ្មីទៀត ចាប់ពី​ខែកក្កដា មកដល់ពេលនេះ យ៉ាងហោចណាស់ មាន​ឧកញ៉ា​ល្បីឈ្មោះ​រកស៊ី​ឈើ ២​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន គឺ​លោក​ឧកញ៉ា ស៊ឹង សំអុល និង​លោក​ឧកញ៉ា គង់ ក្រឹ​ង រួមទាំង​អ្នកពាក់ព័ន្ធ​ជា​មន្ត្រីរាជការ​ជាច្រើន​នាក់​ផ្សេងទៀត​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​១៦ ខែសីហា រហូតដល់​ថ្ងៃទី​២២ ខែសីហា ខាងមុខ កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​ច្រើន តាម​តំបន់​មួយចំនួន ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​។ សេចក្តីជូនដំណឹង​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន​៨ និង​បានសម្លាប់​មនុស្ស​បួន​នាក់ នៅក្នុង​ខែសីហា​នេះ ទើបតែ​បាន​ធូរស្រាល និង​វិល​មករក​ភាពប្រក្រតី​វិញ​។​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង បាក់​ឌុប នឹងធ្វើ​ឡើង នៅ​ទូទាំងប្រទេស រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ ខែសីហា មាន​មណ្ឌល​ប្រឡង​តែមួយគត់ ត្រូវបាន​ផ្លាស់ប្ដូរ​ទីតាំង ដោយសា​កត្តា​ធម្មជាតិ ពោលគឺ​មានការ​គំរាមកំហែង ដោយសារ​ជំនន់​ទឹកភ្លៀង​។ នោះ​គឺ​មណ្ឌល​អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល ស្ថិតក្នុង​ក្រុង​កំពត ត្រូវ​ទឹក​លិច ដូច្នេះ​ត្រូវ​ប្ដូរ​ទៅ​មណ្ឌល​សាលារៀន គួ​ង យ៉ុ​ក នៅ​ក្រុង​កំពត​។

​នៅមុន​ថ្ងៃ​ប្រឡង បេក្ខជន​មួយចំនួន និង​អាណាព្យាបាល បាន​អុជ​ធូប ស្រោច​ទឹក បន់ស្រន់​តាម​វត្ត​អារាម និង​ទីសក្ការៈ​នានា ក្នុងន័យ​ជួយ​ពង្រឹង​ផ្នែក​ស្មារតី និង​ផ្លូវចិត្ត​ពួកគាត់ ឲ្យ​កាន់តែ​រឹងមាំ បន្ថែម​លើ​ការខិតខំ​រៀន ដើម្បី​ត្រៀមប្រឡង បាក់​ឌុប នា​ថ្ងៃ​ចន្ទ ទី​១៩ និង​ថ្ងៃ​អង្គារ ទី​២០ ខែសីហា​ខាងមុខ​។ បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​សរុប ១១៩.២១៧ នាក់ និង​មណ្ឌល​ប្រឡង មាន ២០២​មណ្ឌល​៕

#