​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

307
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​
​កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​នូវ​លទ្ធផល នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប សម័យ​ប្រឡង ថ្ងៃទី​១៩-២០ សីហា ឆ្នាំ​២០១៩​ដោយមាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩.០៥២ នាក់ ស្មើនឹង​ជាង ៦៨ ភាគរយ នៃ​ចំនួន​បេក្ខជន​ប្រឡង​សរុប​។ ចំណែក​បេក្ខជន​ជាប់​និទ្ទេស អេ​(A )​នៅ​ឆ្នាំនេះ មាន​ចំនួន ៤៤៣ នាក់ គឺ​កើនឡើង ៣៥ នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។

​ស្រឡាង​បូម​ខ្សាច់​មួយគ្រឿង បាន​បុក​គាប​ជាប់​សសរស្ពាន​ព្រែក​តា​មាក់ កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា​។ ចាប់តាំងពី​ល្ងាច​ថ្ងៃទី​៩ ខែកញ្ញា អាជ្ញាធរ​សមត្ថកិច្ច បាន​ប្រើ​ស្រឡាង និង​កាណូត​ធំៗ ទាញយក​ស្រឡាង ដែល​ជាប់​គឿង​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សសរ​គ្រឹះ​ស្ពាន​។ ប៉ុន្តែ​រហូតដល់​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា ស្រឡាង​ដឹក​ខ្សាច់ ដែល​ត្រូវបាន​គេ​បូម​ខ្សាច់​ចេញ​ហើយ​នោះ នៅតែ​មិនអាច​ទាញ​ចេញរួច​នៅឡើយ​ទេ​។

​កាលពី​ថ្ងៃទី​១០ ខែកញ្ញា សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ ជា​លើក​ទី​២ ស្តីពី វិធានការ​ត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់​។ សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ទឹកទន្លេ​មេគង្គ នឹង​បន្ត​ហក់​ឡើងដល់​ចំណាត់ថ្នាក់ ជា​ជំនន់​ធំ ដោយសារតែ​ភ្លៀង នឹង​បន្ត​ធ្លាក់ នៅ​អាង​ទន្លេមេគង្គ​ប៉ែក​ខាងលើ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

​កាលពី​ថ្ងៃទី​១០ ខែកញ្ញា លោក ធី​ត លីន អន ឯកអគ្គរដ្ឋទូត​មី​យ៉ាម៉ា ប្រចាំ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេល​ឯកឧត្តម មក​បំពេញបេសកកម្ម​ការទូត នៅ​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​មី​យ៉ាម៉ា​ថ្មី បាន​ជម្រាបជូន​សម្តេច​តេ​ជោ ពី​ការប្តេជ្ញា ធ្វើ​កិច្ចសហការ និង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា កាន់តែ​ល្អ ក្នុង​អាណត្តិ​ការទូត​របស់ខ្លួន​។ ក្នុងនោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សន្យាថា ខិតខំ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​មី​យ៉ាន់​ម៉ា ឲ្យ​កាន់តែ​ប្រសើរ នៅពេល​ខាងមុខ ដើម្បី​ជា​ប្រយោជន៍​រួម​រវាង​ប្រទេស​ទាំងពីរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​មេរោគ​អេដស៍ និង​ចាស់ជរា​គ្មាន​ទីពឹង សរុប​ចំនួន ១៧៧៧​គ្រួសារ រស់នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុងឋានៈ​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ សម្តេច​បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ប្រឹងប្រែង​រួមគ្នា ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​បញ្ចប់​អេដស៍​នៅ​កម្ពុជា នា​ឆ្នាំ​២០២៥ គឺ​គ្មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី គ្មាន​ការស្លាប់​ដោយសារ​ជំងឺអេដស៍ និង​គ្មាន​ការរើសអើង​អ្នកជំងឺ​អេដស៍​។

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ គណៈរដ្ឋមន្ត្រី បាន​បើក​កិច្ចប្រជុំ និង​អនុម័ត​ទាំងស្រុង នូវ​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត ដោយ​ធ្យូងថ្ម ២៤០០ មេ​ហ្កា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​។ ក្រៅពីនេះ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក៏បាន​ពិភាក្សា​លើ​ការស្នើសុំ​ការអនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​កិច្ចព្រមព្រៀង ស្តីពី ការបង្កើត​ក្របខណ្ឌ​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង់​លុន ស៊ី​សូលី​ត បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា​។ ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ បាន​ឯកភាពគ្នា ជា​ផ្លូវការ បង្កើត​សន្ធិសញ្ញា​រួម ដើម្បី​ទទួលស្គាល់​ខ្សែបន្ទាត់​ព្រំដែន ដែល​បាន​បោះបង្គោល​រួច​ប្រមាណ​៨៦​ភាគរយ​។ ក្រៅពី​ឯកភាព​បង្កើត​សន្ធិសញ្ញា​រួម នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ ក៏បាន​ប្តេជ្ញា​រួមគ្នា បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់ ១៤​ភាគរយ​ទៀត ដោយ​សន្តិវិធី​។

​ក្នុងពេល​ប្រកាស​នូវ​សេចក្តីប្រកាស​រួម នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ កាលពី​ព្រឹក​ថ្ងៃទី​១២​កញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ លោក ថង​លូន ស៊ី​ស៊ី​លី​ត នាយករដ្ឋមន្ត្រី​ឡាវ នៅ​ចំពោះមុខ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​ប្រ​ទស​ទាំងពីរ បានប្រកាស​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ មិន​អនុញ្ញាត​ដាច់ខាត​អោយ​នរណាម្នាក់ រួមទាំង​អតីត​មេបក្ស​ប្រឆាំង​របស់​កម្ពុ​ជា ឆ្លងកាត់ ឬ​ប្រើប្រាស់​ទឹកដី​ឡាវ មក​បំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា នោះទេ​។ រដ្ឋាភិបាល​ក្រុង​វៀង​ច័ន្ទ​n^ បានប្រកាស​ទុកជាមុន​ថា នឹង​ចាត់វិធានការ​អោយបាន​ម៉ឺងម៉ាត់​តាម ផ្លូវច្បាប់ ប្រឆាំង​ដាច់ខាត ប្រសិនបើ​មាន​បញ្ហា​នេះ​កើតឡើង​។​

​កាលពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ស​និ្ន​សីទ មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វី​ក នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ នៅក្នុង​ឱកាស​ចូលរួម​ស​និ្ន​សីទ​ដ៏​មាន​សារសំខាន់​នេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន ជួបពិភាក្សា​ការងារ ដាច់ដោយឡែក​ពីគ្នា​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ប្រទេស​ចិន អាមេរិក អូស្ត្រាលី ហ្វីលីពីន វៀតណាម សិង្ហ​បុរី និង​ព្រុយ​ណេ ដែល​រាល់​កិច្ច​ជំនួប ភាគី​ទាំងអស់ សុទ្ធតែ​បាន​ប្តេជ្ញា​ការ​ជាមួយ​ភាគី​កម្ពុជា​ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស​លើ​ផ្នែក​សន្តិសុខ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ក្រោម​បរិយាកាស​នៃ​ការគោរព​គ្នា ស្និទ្ធស្នាល និង​រីករាយ​ក្រៃលែង​។​

​កាលពី​យប់​ថ្ងៃទី​១២ ខែកញ្ញា លោក​សមរង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង បានលើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ដោយមាន​ខ្លឹមសារ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ស្ថាប័ន​ជាតិ​ជាច្រើន ពិសេស​ព្រះបរមរាជវាំង និង​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​លោក​សមរង្ស៊ី​។ ភ្លាមៗ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លោក​សមរង្ស៊ី ពីបទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ដែល​ត្រូវ​ផ្តន្ទាទោស ដ​កា់​ពន្ធនាគារ ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។​

​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ក្រសួង​ធនធានទឹក និង​ឧតុនិយម បា​ន្រ​កាស​ថា យ៉ាងហោច មាន​រាជធានី​ខេត្ត មិនតិចជាង ១០​ទេ នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង ដោយសារ​តែមាន​ភ្លៀង​ខ្លាំង រហូតដល់​ថ្ងៃទី​១៩ ខែកញ្ញា​។ ស្ថានភាព​នេះ គឺ​ស្របគ្នា​នឹង​ការបញ្ជាក់​ក្នុង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​អះអាងថា ភ្លៀង​ធ្លាក់ នឹង​បង្ក​ឲ្យ​ទឹកទន្លេ​ហក់​ឡើង រហូតដល់​ចំណាត់ថ្នាក់​ជំនន់​ធំ​។ សេចក្តីជូនដំណឹង​ពី​ជំនន់​ទឹកភ្លៀង​នេះ បានធ្វើ​ឡើង ខណៈ​ទឹកទន្លេ​មេគង្គ នៅ​ផ្នែក​ខាងលើ បាន​ស្រក​យឺតៗ រីឯ​នៅ​ទន្លេមេគង្គ ផ្នែក​ខាងក្រោម នឹង​បន្ត​ឡើង ក្នុង​រយៈពេល បី​បួន​ថ្ងៃ​ខាងមុខ​៕ ល​