​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

257
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា អនុប្រធាន​ធនាគារពិភពលោក នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ឲ្យ​ធនាគារពិភពលោក បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​បន្តទៀត លើ​ការងារ​កសិកម្ម អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការអភិវឌ្ឍ​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​នៅ​តំបន់​ជនបទ​ជាដើម​។ សំណើរ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើ​ឡើង​ស្រប​ពេលដែល​ធនាគារពិភពលោក​បាន​កោត​ស​សើរ​ចំពោះ​ការរីកចម្រើន​ជារួម​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​នៅ​សប្តាហ៍​ទី​៣ ក្នុង​ខែកញ្ញា​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ និង​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ខ្លះ​។ ឥទ្ធិពល​នេះ ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាសថា អាច​បន្ត​រហូតដល់​ថ្ងៃទី​២២ ខែកញ្ញា ហើយ​ក្រសួង ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​។ រីឯ​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប បាន​ស្រក​ចុះ​យឺតៗ ជា​បណ្តើរៗ ផងដែរ​។​

​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា កម្ពុជា និង​បណ្តា​ប្រទេស​បួន​នៅក្នុង​តំបន់ រួមមាន ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម បានរៀបចំ​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប​។ វេទិកា​រដ្ឋមន្ត្រី​ការងារ​ប្រាំ​ប្រទេស​នេះ​បាន​ផ្តួចផ្តើម​ពិភាក្សា​រៀបចំ​យន្តការ​រួមមួយ ដើម្បី​ធានា​នូវ​ការការពារ​ភាពស្របច្បាប់​របស់​កម្ម​ករ​ទេស​ន្ត​ប្រវេសន៍ ជាពិសេស​ការរៀបចំ​ឱ្យមាន​ការ​ចល័ត​របប​សន្តិសុខ​សង្គម​ពី​ប្រទេស​កំណើត​ទៅកាន់​ប្រទេស​សា​ម៉ី ដែល​កម្មករ​ទេស​ន្ត​ប្រវេសន៍ កំពុង​បំពេញការងារ​។

​ចំណែក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បានប្រកាស កាលពី​ថ្ងៃទី​១៧ ខែកញ្ញា​ថា កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន ៨៣​កុងតឺន័រ ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​វិញ​អស់ហើយ​។ កាកសំណល់​ប្លា​ស្ទិ​ក​ទាំងនោះ​ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ បាន​លួច​នាំចូល​ដោយ​ខុសច្បាប់​មកកាន់​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​មន្ត្រី​ជំនាញ ប្រកាស​ឲ្យ​ដឹង កាលពី​ខែកក្កដា កន្លងទៅនេះ​។​

​ក្រុមហ៊ុន CHINT Group របស់​ចិន ដែល​កំពុង​វិនិយោគ​ផ្នែក​វា​រី​អគ្គិសនី តា​តៃ​ខាងក្រោម បានសម្រេច​ចិត្ត​បន្ត​ការវិនិយោគ​វា​រី​អគ្គិសនី ជំហាន​ទី​២ គឺ​វា​រី​អគ្គីសនី​តា​តៃ​ខាងលើ បន្តទៀត​។​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​តា​តៃ​ខាងលើ ត្រូវបាន​ដាក់​ឆ្លង​យោបល់ និង​សម្រេច​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែ កញ្ញា ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ណាន់ ឈុន​ហ៊ុយ ( Nan Cunhui) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន CHINT Group របស់​ប្រទេស​ចិន​ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​
​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ កន់ យ៉ាង របស់​កូរ៉េខាងត្បូង បានប្រកាស ប្ដេជ្ញា​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​បន្ថែម​ទៀត នាពេលខាងមុខ​។ ការប្ដេជ្ញា​បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា​របស់​សាកលវិទ្យាល័យ កន់ យ៉ាង របស់​កូរ៉េខាងត្បូង​នេះ បានធ្វើ​ឡើង នៅក្នុង​ឱកាស​ដែល​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​អោយ​លោក បណ្ឌិត វន់ ម៉ុក​លី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ កន់ យ៉ាង​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៩ ខែ កញ្ញា​។​

​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ បានសម្រេច​ចុះឈ្មោះ​ផ្លូវការ​នូវ​គណបក្ស​ថ្មី​របស់លោក រៀល ខេមរិន្ទ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ “​គណបក្ស​ខ្មែរ​អភិរក្សនិយម​” ចូលក្នុង​បញ្ជី​ផ្លូវការ​ហើយ​។ លោក រៀល ខេ​ម​រិ​ន្ទ្រ បញ្ជាក់ថា ការបង្កើត​បក្ស​ថ្មី​នេះ ព្រោះ​លោក​គ្មាន​ជំនឿ​ឡើយ​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​រស់​ឡើងវិញ​។

​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ នៅ​ឆ្នាំ​២០២០ បានសម្រេច​ថា នៅ​ឆ្នាំ​២០២០ កម្មករ​កាត់ដេរ នឹង​ទទួលបាន​ប្រាក់ខែ​ទាប​បំផុត ១៩០​ដុល្លារ បូករួម​ទាំង​ប្រាក់​អត្ថប្រយោជន៍ ដែល​ធ្លាប់​ទទួលបាន​កន្លងមក​។​លទ្ធផល​នេះ​កើតចេញពី​ការចរចា​ត្រីភាគី​រវាង​រាជរដ្ឋាភិបាល ភាគី​និយោជក និង​ភាគី​និយោជិត ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកញ្ញា​បានរៀបចំ​សិក្ខាសាលា ស្តីពី សេចក្ដីព្រាងច្បាប់ ស្ដីពី សំណង់ មុននឹង​រដ្ឋសភា បើក​កិច្ចប្រជុំ​អនុម័ត​។

​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២០ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ទាក់ទង​នឹង​ផែនការ​នៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី​។ ជារួម ផែនការ​ទាំង​មូលនៃ​ការប្រកាស​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី ត្រូវបាន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់ថា មិនមែនជា​រឿង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នោះទេ ប៉ុន្តែ​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម ឈានដល់​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៤៥១ និង​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ​៕ ល​