​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

371
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ទី​២​ក្នុង​ខែតុលា​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​ជាច្រើន​។ ក្នុងនោះ កាលពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន លើក​ទី​១៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។ កិច្ចប្រជុំ​នេះ ជា​ឱកាស​ឲ្យ​រដ្ឋមន្ត្រី​បរិស្ថាន ជា​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​រក​ដំណោះស្រាយ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​រួម ក្នុងការ​គ្រប់គ្រង​បរិស្ថាន​។

​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី សំណង់​។ សេចក្តីព្រាងច្បាប់​ស្តីពី​សំណង់ ដែលមាន ២២​ជំពូក និង ១១១​មាត្រា ជា​សេចក្តីព្រាងច្បាប់​មាន​សារៈសំខាន់ ដែល​បាន​តាក់តែងឡើង នៅ​បរិបទ ដែល​វិស័យ​សំណង់​នៅ​កម្ពុជា កំពុង​រីកចម្រើន និង​ជា​សសរស្តម្ភ​មួយ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។​នៅ​ថ្ងៃទី​៨​ខែតុលា​រដ្ឋសភា ក៏បាន​បន្ត​សម័យប្រជុំ​ពេញ​មួយថ្ងៃ ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​បី​ទៀត​រួមមាន​សេចក្ដីព្រាងច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​។​

​កាលពី​ថ្ងៃទី​៨ ខែតុលា សម្តេច តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកជំនួញ​ចិន​ថា កុំ​ឲ្យ​មានការ​បារម្ភ​ចំពោះ​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​បាន​ពន្យល់​ក្រុម​អ្នកជំនួញ​ចិន មកពី​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន​ថា ទំនាក់ទំនង​ល្អ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន​គួបផ្សំ​នឹង​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​រប​ស់​កម្ពុជា​ផង​នោះ អ្នក​ធុរកិច្ច​ចិន ពិតជា​ស្ងប់ចិត្ត ក្នុងការ​វិនិយោគ​រប​ស់​ខ្លួន​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​៩ ខែតុលា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ រំលឹក​ឲ្យ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាប់ទាំង​ក្រុមប្រឹក្សាឃុំ​សង្កាត់​ផង​នោះ ខិតខំ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀម​អនុវត្ត​មុខងារ និង​ធនធាន​ថវិកា ដែល​ថ្នាក់ជាតិ នឹង​ផ្ទេរ​ទៅ​ឲ្យ ចាប់ពី​ឆ្នាំ​២០២០ ខាងមុខនេះ​។ ក្នុងនោះ ថវិកា​ឃុំ​សង្កាត់ ក៏​នឹង​កើនឡើង ចាប់ពី​ប្រាំ​ពីរម៉ឺន​ដុល្លារ ទៅ​ជាង ១០​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០២០ ផងដែរ​។ មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត លើក​ទី​២ នៃ​សមាគម​ក្រុមប្រឹក្សា​ជាតិ​រាជធានី ខេត្ត សម្ដេច​ក្រឡាហោម ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ជាតិ និង​ក្រុមប្រឹក្សា​តាមដាន និង​ជួយ​ជ្រោមជ្រែង ការបំពេញ​មុខងារ និង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​មូលដ្ឋាន ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព ដែរ​។

​កាលពី​ថ្ងៃទី​១០ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​រម្លឹក​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ការបង្កើតឡើងវិញ ធនាគារជាតិ​នៃ​កម្ពុជា​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្រៅពី​អបអរសាទរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​សម្រេចបាន​សមិទ្ធ​ផល​ជាច្រើន ធ្វើអោយ​ធនាគារកណ្តាល និង​ប្រាក់រៀល រក្សាបាន​នូវ​និរន្ត​ភាព រហូតមកដល់​ពេលបច្ចុប្បន្ន​ហើយ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ដាក់ចេញ​អនុសាសន៍​គន្លឹះ​មួយចំនួន ដើម្បី​ធ្វើយ៉ាងណា បន្ត​រក្សា​ឲ្យ​បាន​ស្ថិរភាព និង​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​របស់​ជាតិ នាពេល​អនាគត​។​

​កាលពី​ថ្ងៃទី​១០ ខែតុលា លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ជាតិ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចូល​បំភ្លឺ​ចំពោះមុខ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។ បន្ទាប់ពី​កិច្ចប្រជុំ លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង បានស្នើ​សុំ​ឲ្យ​ផ្ដល់ព័ត៌មាន ប្រសិនបើ​អ្នកណា​រកឃើញថា កម្ពុជា​បាន​បាត់បង់​ដី​ត្រង់​កន្លែង​ណាមួយ ទៅខាង​វៀតណាម ដោយសារ​ការបោះបង្គោល​ព្រំដែន​។

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១​ខែតុលា បានអនុម័ត​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព​។ ច្បាប់​នេះ​មាន​ចំនួន ៩​មាត្រា​។ វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព ដែល​គណៈរដ្ឋមន្ត្រី អនុម័ត​នេះ នឹង​ជួយ​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​របស់​អ្នកបម្រើ​ក្នុងផ្ទះ ការសម្រួល​នីតិវិធី​នៃ​ការចុះបញ្ជី​សហជីព និង​ការលើកកម្ពស់​សិទ្ធិ និង​តួនាទី​របស់​សហជីព​។ ក្រៅពីនេះ គណៈរដ្ឋមន្ត្រី ក៏បាន​ប្រជុំ អនុម័ត យល់ព្រម​បញ្ជូន​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី ច្បាប់​សមុទ្រ និង​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​ព្រំដែន ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ រវាង​កម្ពុជា​-​វៀតណាម ចុះ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩ ជូន​រដ្ឋសភា ដើម្បី​ប្រជុំ​អនុម័ត​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែតុលា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ទោះបី​ក្នុងតម្លៃ​ណាក៏ដោយ មិន​អនុញ្ញាត​ឲ្យ​ផែនការ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ កើតឡើង​ជាដាច់ខាត ហើយក៏​មិន​អត់ឱន​ឲ្យ​ដែរ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ថា រាជរដ្ឋាភិបាល អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​ជន ដែល​ចូលរួម​ក្នុង​អំពើ​ក្បត់ជាតិ ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ រាជរដ្ឋាភិបាល នឹង​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជន​ទាំងឡាយណា ដែល​ចូលរួម​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ផ្សព្វផ្សាយ​ផែនការ​រដ្ឋប្រហារ​តាម​ហ្វេ​ស​ប៊ុ​ក និង​ទៅ​ទទួល​ដំណើរ​ជន​ក្បត់ជាតិ សមរង្ស៊ី នា​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី នៅ​តំបន់​អឺរ៉ុប គឺ សាធារណរដ្ឋ​ឆែក ហុង​គ្រី និង​សាធារណរដ្ឋ​ប៊ុលហ្គារី ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ គឺ​ប្រធានាធិបតី ប្រទេស​ហុង​គ្រី នឹង​អញ្ជើញ​មក​ទស្សនកិច្ច នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែតុលា​ខាងមុខនេះ​៕