​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

182
ចែករម្លែក

ដោយៈ ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​វិលត្រឡប់​មកពី​ឥណ្ឌូនេស៊ី​បន្ទាប់ពី​សម្តេច បាន​អញ្ជើញ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​២ របស់លោក ចូ​កូ វី​ដូ​ដូ​។ បន្ទាប់​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​។
​ក្នុង​កិច្ចប្រជុំ មេដឹកនាំ​ទាំងពីរ ចង់ឃើញ​ប្រទេស​ទី​ម័​រ​ខាងកើត ក្លាយជា​សមាជិក​ថ្មី​របស់​អាស៊ាន ដែល​បច្ចុប្បន្ន អាស៊ាន មាន​សមាជិក​ចំនួន ១០​ប្រទេស​។ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ក្តីសង្ឃឹម​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ នឹង​សម្រេច​ពី​ការចង់​ក្លាយជា​សមាជិក​អាស៊ាន របស់​ប្រទេស​ទី​ម័​រ​ខាងកើត ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នាទី​ក្រុង​បាងកក នៅ​ចុងខែ​តុលា​នេះ​។​

​ព្រឹក​ថ្ងៃទី​២១ ខែតុលា ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​ព្រះ​រាជពិធី​រាជាភិសេក ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន ព្រះ​ចៅ ណា​រ៉ូ​ហ៊ី​តុ (Naruhito)​។ ព្រះរាជ​ពិធី​ជា​ផ្លូវការ បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២២ ខែតុលា នៅ​ទីក្រុង​តូ​ក្យូ​។ អំឡុងពេល​គង់ប្រថាប់​នៅ​ជប៉ុន ព្រះករុណា​ព្រះមហាក្សត្រ ក៏បាន​ទទួល​ជួប​សវនាការ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ ផងដែរ​។ ព្រះ​កុរ​ណា ព្រះមហាក្សត្រ បាន​យាង​និវត្ត​មកដល់​ភ្នំពេញ​វិញ កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែតុលា​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​និស្សិត​សាកលវិទ្យាល័យ បៀ​ល​ប្រាយ​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ បានប្រកាស​ដក​អាជ្ញាប័ណ្ណ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​បណ្តោះអាសន្ន​។ បន្ទាប់មក នឹងមាន​ការបែងចែក​តំបន់​ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​យ៉ាងតិច ចំនួន​បួន ចូលរួម​ដេញថ្លៃ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​។ ការសម្រេច​ដក​អាជ្ញាប័ណ្ណ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ប្រកាស នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ផងដែរ​។​

​កាលពី​ថ្ងៃទី​២៣ ខែតុលា ជា​ខួប ២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា ឬ​ហៅថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ភាគី​ជម្លោះ នៅ​កម្ពុជា​បួន ភាគី ចុះហត្ថលេខា ក្រោម​ក្រសែភ្នែក និង​ការជួយ​ដឹងលឺ​ពី​សហគមន៍​អន្តរជាតិ​។ នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​នាយករដ្ឋមន្ត្រី ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ អ្នកនយោបាយ ក្រសួង​ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ពី​គ្រប់​សមាសភាព បានចេញ​សារ​រំលឹក​ខួប​កិច្ចព្រមព្រៀង​នេះ​។​

​កាលពី​ថ្ងៃ​២៣ តុលា ដែលជា​ថ្ងៃ​ឈប់សម្រាក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួល​ជួប​ជា​បន្តបន្ទាប់​នូវ​ឯកអគ្គរដ្ឋទូត​បី​ប្រទេស ដែល​ទើប​មកកាន់​តំណែង នៅ​កម្ពុជា​។ នោះ​គឺ​ឯកអគ្គរាជទូត​ជប៉ុន​,​ទូត​អាល្លឺម៉ង់ និង​ទូត​អាម៉េរិក​។ ក្នុងនោះ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ឯកអគ្គរាជទូត ប្រចាំ​កម្ពុជា បាន​សន្យា​ជួយ​កម្ពុជា រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ​នាពេលខាងមុខ​។ រីឯ​ទូត​អាល្លឺម៉ង់ បាន​ជម្រាបជូន​សម្តេច​តេ​ជោ ថា សភា​ពាណិជ​កម្ម​អាល្លឺម៉ង់ នឹង​បើក​ការិយាល័យ​តំណាង ជា​លើកដំបូង នៅ​កម្ពុជា នាពេល​ឆាប់ៗ​នេះ​។ ដោយឡែក ទូត​អាមេរិក​ថ្មី លោក ប៉ា​ទ្រិ​ក ម័​រ​ហ្វី ( Patrick Murphy ) បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា រដ្ឋាភិបាល​អាមេរិក គ្មាន​គោ​លន​យោ​យ​បាយ​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​នោះទេ ហើយ​លោក មក​ធ្វើការ​នៅ​កម្ពុជា ពេលនេះ គឺ​ដើម្បី​គាំទ្រ ពង្រឹង និង​ស្តារ​ទំនាក់ទំនង​ឡើងវិញ រវាង​កម្ពុជា​-​អាមេរិក​។​

​កាលពី​ថ្ងៃទី​២៤ ខែតុលា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ការពារ​ចំណាត់ការ​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​បាន​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​រប​ស់លោក សម រង្ស៊ី ដើម្បី​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។ បើតាម​សម្ដេច ស ខេង អាជ្ញាធរ​ចាប់ខ្លួន​តែ​មុខសញ្ញា ដែល​គ្រោះថ្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សម្តេច​ក្រឡាហោម ក៏បាន​ព្រមាន​ជាមុន​ថា នរណា​ក៏ដោយ ដែល​ធ្វើ​សកម្មភាព នាំ​ឲ្យ​ប៉ះពាល់​សន្តិភាព​នៅ​កម្ពុជា នឹង​មិនអាច​រួចខ្លួន​បានឡើយ​។

​កាលពី​ថ្ងៃទី​២៤ ខែតុលា ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​នានា នៅ​កម្ពុជា បានចាប់ផ្តើម​ពិភាក្សា និង​ពិគ្រោះ​យោបល់ លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី របប​សារព័ត៌មាន​កម្ពុជា ឆ្នាំ​១៩៩៥​។ ការពិភាក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់ ដែលមាន​អាយុកាល​ជាង ២០​ឆ្នាំ​មកហើយ​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង​ឈានដល់​ការកែលម្អ ឲ្យ​ស្របតាម​ការវិវត្ត​រប​ស់​សង្គម នាពេល​បច្ចុប្បន្ន​។

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដោយ​ចាប់​ផ្តើមដំបូង សម្តេច​អនុញ្ញាត​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​ទូរទស្សន៍​ជាតិ និង​ហ្វេ​ស​ប៊ុ​ក​។ សម្តេច បានប្រកាស​ជាថ្មី ពី​ការសម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ហើយ​នៅពេល រដ្ឋ​គ្រប់គ្រង​មាន​ស្ថិរភាព​នោះ រដ្ឋ​នឹង​ជ្រើសរើស​ក្រុមហ៊ុន​ផ្សេងគ្នា​ចំនួន​បួន ដើម្បី​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ថ្លៃ​សំរាម ក៏​នឹងន​ត្រូវ​ដកចេញ​ពី​វិក្កយបត្រ​អគ្គិសនី ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០​។ ការសម្រេច​ដូច្នេះ ដោយសារតែ​ភាព​អសកម្ម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​មិនអាច​គ្រប់គ្រង និង​ប្រមូល ដឹកជញ្ជូន​សំរាម នៅ​ភ្នំពេញ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ រអ៊ូរទាំ​រៀងរាល់ថ្ងៃ​។​

​ក្នុងពេល​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥​តុលា សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល នោះ​គឺ​រដ្ឋ​នៅតែ​មិន​យកពន្ធ​លើដី​ស្រែចម្ការ និង​មិន​យក​ពន្ធលើប្រាក់បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ​និង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​នោះឡើយ​។ ក្រៅ​នោះ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ មន្ត្រីរាជការ នឹងត្រូវ​ឡើង​ប្រាក់ខែ​បន្ថែមទៀត ហើយ​ក្នុងនោះ ប្រាក់ខែ​គ្រូបង្រៀន និង​គ្រូពេទ្យ ទទួលបាន​ច្រើនជាងគេ​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ត្រូវបាន​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ប្រជុំ​ពិនិត្យ និង​អនុម័ត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា​។ ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ ត្រូវបាន​រាជរដ្ឋាភិបាល គ្រោង​នឹង​ចំណាយ​ចំនួន ៣៣ ៣៣៩ ៦៣៣ លាន​រៀល ស្មើ​ប្រមាណ​ជិត ៨២០០ លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង ២២,៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។ ក្នុងនោះ ក្រសួង​អប់រំ ទទួលបាន​ថវិកា​ចំណាយ​ច្រើនជាងគេ រហូតដល់​ជាង ៩០០​លាន​ដុល្លារ​។​

​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ដល់​ដំបូន្មាន ទៅកាន់​មន្ត្រី ត្រៀម​ចេញទៅ​កាន់​តួនាទី​ជា​ឯកអគ្គរាជទូត​កម្ពុជា​នៅតាម​បណ្ដា​ប្រទេស​នានា ត្រូវ​តម្កល់​ផលប្រយោជន៍ រក្សា​ការពារ​តម្លៃ​កិត្តិយស​ជាតិ និង​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ពលរដ្ឋ​។ ការផ្ដែផ្ដាំ​នេះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ក្នុងឱកាស​មន្ត្រី​ឯកអគ្គរាជទូត​កម្ពុជា ទើប​តែងតាំង​ថ្មី ចំនួន ៩​រូប បាន​ចូលជួប​សម្ដែង​គួរសម នៅ​វិមាន​រដ្ឋសភា​។ ឯកអគ្គរាជទូត​កម្ពុ​ជា​ទាំង ០៩​រូប​ដែល​ទើប​តែងតាំង​ថ្មី​នោះ រួមមាន មួយ​-​លោក ចាយ ណា​វុ​ធ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ,​ពីរ​-​លោក អ៊ា​ត សីហា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សហព័ន្ធរុស្ស៊ី ,​បី​-​លោក ចាន់ រតនា ឯក​អគ្គរាជ​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី ,​បួន​-​លោក អាន សុខ​ខឿន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ស្វី​ស​,​ប្រាំ -​លោក ឈួ​ក ប៊ុណ្ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​, ប្រាំមួយ​-​លោក ចឺ​យ វិចិត្រ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​, ប្រាំពីរ​-​លោកស្រី បាន បូ​រ៉ុ​ម ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​គុយបា​,​ប្រាំបី​-​លោក ហ៊ុន ហាន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​រដ្ឋ​កូ​វ៉ែត និង​៩-​លោក ហុក សុភា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ព្រុយ​ណេ​ដា​រូ​សាឡា​ម​៕ ល​