​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

222
ចែករម្លែក

ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ សាលាឧទ្ធរណ៍ បាន​បើកសវនាការ និង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បដិសេធ​បណ្តឹង​ក្រុម​មេធាវី លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជំនុំជម្រះ​។ ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​០៩ ខែធ្នូ សាលាដំបូង រាជធានី​ភ្នំពេញ ក៏បាន​កំណត់​យក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ ជា​ថ្ងៃ​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​លោក កឹម សុខា ពីបទ​ក្បត់ជាតិ​។​

​កាលពី​ថ្ងៃ​ចន្ទ ទី​០៩ ខែធ្នូ ព្រឹទ្ធសភា បានអនុម័ត​ទាំងស្រុង​នូវ​សេចក្ដីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០២០ សេចក្ដីព្រាងច្បាប់​ទូទាត់​ថវិកាជាតិ​ឆ្នាំ​២០១៨ និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្តីពី សហជីព​។ សេចក្ដីព្រាងច្បាប់​ទាំងនេះ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា អនុម័ត​ក្រោម​សំឡេង​ឯកច្ឆ័ន្ទ ៥៨ សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​កាលពី​ថ្ងៃទី​១០ ខែធ្នូ ក្រសួងការបរទេស​ក​ម្ពុ​ជា តាមរយៈ​អ្នកនាំពាក្យ បានចេញ​សេចក្ដីថ្លែងការណ៍ សម្ដែង​នូវ​ការខកចិត្ត​នឹង​សហរដ្ឋអាមេរិក ដែល​បានដាក់​វិធានការ​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម និង​អ្នកជំនួញ​ខ្នាត​ធំ ដ៏​ល្បីល្បាញ លោក​ឧកញ៉ា ទ្រី ភាព​។ ក្រសួង​កាបរទេស​កម្ពុជា ចាត់ទុក​ហេតុផល​នៃ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​នេះ​ថា មិនមាន​មូលដ្ឋាន និង​បំពាន​ធ្ងន់ធ្ងរ​លើ​គោលការណ៍ មិន​ជ្រៀត​ជ្រែ​ត​កិច្ចការ​ផ្ទៃក្នុង​។​

​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន លើក​ទី​១៩ បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​។ កម្ពុជា ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​នៃ​មហាសន្និបាត​នេះ បានរៀបចំ កិច្ចប្រជុំ​ថ្នាក់​តំបន់​មួយ ដោយ​រលូន តាមរបៀប​វារៈ ដែល​បាន​គ្រោងទុក នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន ក្នុងន័យ​គាំទ្រ លើកទឹកចិត្ត និង​ជំរុញ​ការអភិវឌ្ឍន៍​ដល់​អតីតយុទ្ធជន អាស៊ាន ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត នាពេលខាងមុខ​។​

​កាលពី​ថ្ងៃទី​១១ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ជិត ៧០០០​នាក់​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​អោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាណិជ្ជ ធ្វើការ​រួមគ្នា​ជួយ​កសិករ ក្នុងការ​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​នៅពេល​បច្ចុប្បន្ន​។ ក្រៅពី​បញ្ជា​ដល់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នកទទួល​ទិញស្រូវ កុំអោយ​ទម្លាក់​ថ្លៃ​ស្រូវ ពេល​ទិញ​ពី​កសិករ​ផងដែរ​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ជំហរ​ម៉ឺងម៉ាត់​ជាថ្មី ជុំវិញ​បញ្ហា EBA ថា កម្ពុជា​មិន​យក​អធិបតេយ្យភាព​ជាតិ ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ការអនុគ្រោះ​ណាមួយ​ដាច់ខាត​។ សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា​នឹងដាក់​ការឆ្លើយតប ទៅ​សហភាព​អឺរ៉ុប ជុំវិញ​បញ្ហា EBA នេះ​។​

​កាលពី​ថ្ងៃទី​១២ ខែធ្នូ ក្រសួងការបរទេស បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​របាយការណ៍​ចុងក្រោយ ជុំវិញ​បញ្ហា EBA ទៅ​គណៈកម្មការ​អឺរ៉ុប រួចហើយ ។​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បង្ហាញថា កម្ពុជា សង្ឃឹមថា អឺរ៉ុប​នឹង​ពិចារណា​ដល់​ផលប្រយោជន៍​កម្មករ និង​អធិបតេយ្យភាព​ជាតិខ្មែរ ហើយ​បន្ត​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​ប្រទេស​កម្ពុជា​។ នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​សម្រេច ថា​តើ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬក៏​ផ្តាច់​ពី​កម្ពុជា​។​

​កាលពី​ថ្ងៃទី​១២ ខែធ្នូ ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលរង ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ជន​អន្តោ​ប្រវេ​ស៍​វៀតណាម រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ដែល​ត្រូវ​បន្លាស់​ទី ទៅ​រស់នៅ​ទីតាំង​ថ្មី​លើគោក គឺ​មិនមាន​កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី​នោះទេ ពោលគឺ​រស់នៅក្នុង​ស្ថានភាព​ជួល​ដី និង​គ្រប់គ្រង​ដោយ​រដ្ឋបាល អាជ្ញាធរ​ដែនដី​ខ្មែរ​។ ការបញ្ជាក់​របស់លោក​ដូចនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់ ដែលថា អាជ្ញាធរ​បន្លាស់​ទី​ជនអន្តោប្រវេសន៍​វៀតណាម រស់នៅ​បណ្តែត​ទឹក នៅក្នុង​ខេត្តកំពង់ឆ្នាំង ទៅ​នៅលើ​ដីគោក​ទំហំ ៤០​ហិច​តា ថា​រាជរដ្ឋាភិបាល បាន​កាត់​ដី​អោយ​ជនជាតិ​វៀតណាម​ទាំងនោះ​។

​ដោយឡែក លោក ជឿ​ង ហ័​រ​ប៊ិ​ញ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​១៣ ខែធ្នូ បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងឱកាស​នេះ លោក ជឿ​ង ហ័​រ​ប៊ិ​ញ បាន​ស្នើអោយ​កម្ពុជា គាំទ្រ និង​ធ្វើ​កិច្ចសហការ​ជាមួយ​ខ្លួន គ្រា​ដែល​វៀតណាម ធ្វើជា​ប្រធាន​អាស៊ាន និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​ក្រោយនេះ​៕ ល​