​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1256
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​កម្ពុជា​ជាថ្មី​ម្តងទៀត ពី​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ គឺ​ប្រព្រឹត្តធ្វើ នា​ថ្ងៃទី​២៩ កក្កដា ខាងមុខ​។ ការបោះឆ្នោត​នេះ ត្រូវបាន​សម្តេច​តេ​ជោ ចាត់ទុកជា​ថា​ឱកាស​ដ៏​ល្អ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ដើម្បី​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ពេញចិត្ត​តាម​របប​លទ្ធិប្រជាធិបតេយ្យ​។

.​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ សម្រាប់​ការបោះឆ្នោត បាន​បើក​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណៈ​សម្បត្ដិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។ ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ សម្រាប់​ការបោះឆ្នោត បាន​ចាត់ទុកថា ការប្រើប្រាស់​ពាក្យសំដី អំពាវនាវ​មិនអោយ​ប្រជាពលរដ្ឋ ទៅ​ចូលរួម​ការបោះឆ្នោត គឺជា​ការរារាំង​ដល់​ដំណើរការ​បោះឆ្នោត ដែល​អាច​ប្រឈមមុខ​នឹង​ទោស តាមច្បាប់​។​

.​កាលពី​រសៀល​ថ្ងៃទី​២៧ ខែឧសភា លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន នៅក្រៅ​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើជា​អធិបតី ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស​ថ្មី ចំនួន ៥៦៨ នាក់ ដែលជា​ពលករ និស្សិត និង​អនិកជន​ខ្មែរ កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ប្រទេស​កូរ៉េ ជា​កន្លែង ដែល​លោក ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ បាន​ទៅ​បំពេញ​ទស្សនកិច្ច និង​ជួប​ជាមួយ​បងប្អូន​ខ្មែរ​រាប់រយ​នាក់​។ ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​កុដិ សម្រាប់​ព្រះសង្ឃ គង់នៅ និង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អាច​ប្រតិបត្តិ​ជំនឿ ធ្វើ​បុណ្យទាន​។ លោក​ក៏បាន​អញ្ជើញ​សម្ពោធ​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ថ្មី​មួយកន្លែង​ទៀត សម្រាប់​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ផងដែរ​។

.​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា គ​.​ជ​.​ប បានរៀបចំ​ពិធី​ចាប់ឆ្នោត យក​លេខ​រៀង​គណបក្សនយោបាយ​ទាំង ២០ នៅលើ​សន្លឹកឆ្នោត​។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈរ​នៅ​លេខ​រៀង​ទី​២០ ចុងក្រោយ​គេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ ហើយ​ថា គណបក្ស​ប្រជ​ន​កម្ពុជា ដែល​ទទួលបាន​លេខ​រៀង ទី​២០ ចុងក្រោយ​នេះ ជា​លេខ​ងាយស្រួល​ចំណាំ​ដល់​ពលរដ្ឋ​ទូទាំងប្រទេស​។​

.​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កំណាត់​ផ្លូវ​រថភ្លើង បាត់ដំបង​-​ពោធិ៍សាត់ ប្រវែង ១០៧ គីឡូម៉ែត្រ​។ មកដល់ពេលនេះ ផ្លូវ​រថភ្លើង ប្រវែង​សរុប ២២០ គីឡូម៉ែត្រ ពី​ប៉ោយប៉ែត ព្រំដែន​ថៃ រហូតដល់​ខេត្តពោធិ៍សាត់ បានដាក់​ឲ្យ​ដំណើរការ​រួចហើយ​។ នៅសល់តែ​កំណាត់​ផ្លូវដែក​ចុងក្រោយ ភ្ជាប់​ពី​ខេត្តពោធិ៍សាត់​-​ភ្នំពេញ ប្រវែង ១៦៦ គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ​។ កំណាត់​ផ្លូវ​រថភ្លើង ពោធិ៍សាត់​-​ភ្នំពេញ ត្រូវបាន​លោក​រដ្ឋមន្ត្រី ស៊ុនចាន់ថុល ប្រកាសថា នឹងដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះហើយ​។​

.​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី នៅក្នុង​ស្រុក​ស្អាង នៃ​ខេត្តកណ្តាល​។ សម្តេច​បាន​ដាស់តឿន​ជាថ្មី​ម្តងទៀត ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ដោះស្រាយ​អោយមាន​ប្រសិទ្ធភាព តាមរយៈ​ការបើកប្រាក់​បុ​រេ​ប្ប​ទាន​របស់​រាជរដ្ឋាភិបាល ជូន​កម្មករ​កម្មការិនី​អោយបាន​ឆាប់រហ័ស ក្នុងករណី​ថៅកែ​បិទ​រោងចក្រ​រត់ចោល​។ ក្រៅពីនេះ សម្តេច​លើកឡើងថា រាជរដ្ឋាភិបាល បានរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ ក្នុងន័យ​ការពារ​ផលប្រយោជន៍​របស់​កម្ម​ករ​កម្មការិនី ពោលគឺ​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​កាត់ដេរ បើកប្រាក់​អតីតភាព​ការងារ ដល់ក​ម្មករ រយៈពេល ៦​ខែម្តង​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ពី​ការឃោសនា​ភូតភរ​របស់​អ្នកនយោបាយ ដែល​សន្យាថា ជាប់ឆ្នោត នឹង​លុបចោល​បំណុល​របស់​ប្រជាពលរដ្ឋ ដែល​ជំពាក់​ធនាគារ ដែល​ចំណុច​សម្តេច​លើកឡើងថា មិនអាច​ទៅរួច​នោះឡើយ ព្រោះ​អ្នកនយោបាយ ដែល​ឃោសនា​នោះ ក៏​កំពុង​ជំពាក់​លុយ​សម្តេច​ផងដែរ​។

.​កាលពី​ថ្ងៃទី​៣០ ខែឧសភា លំ​ហាត់​សមយុទ្ធ ដែលមាន​ឈ្មោះថា “​ហនុមាន​មាស ឆ្នាំ​២០១៨” ដែល​បាន​ចាប់ធ្វើ​កាលពី​ថ្ងៃទី​២០ ខែឧសភា បាន​បិទ​បញ្ចប់ ដោយ​ជោគជ័យ​។ លើកឡើង​នៅក្នុង​ពិធី​បិទ នា​ព្រឹក​មិញ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា លំ​ហាត់​បាញ់​គ្រាប់​ពិត​ហនុមាន​មាស គឺជា​ការបង្ហាញអោយឃើញ​នូវ​សមត្ថភាព និង​ប​ច្ចេ​សក​ទេស​ថ្មីៗ របស់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ការបង្កើន​គុណភាព និង​មាន​សមត្ថភាព កងទ័ព​កម្ពុជា​អោយបាន​ឈានដល់​កម្រិត​មួយ​ដែលជា​លក្ខណៈ​អន្តរជាតិ និង​ក្នុង​តំបន់​។​

.​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន និង​ភរិយា កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នៅ​ខេត្តបាត់ដំបង​។ សម្តេច បានប្រកាស​ពី​ម​ហិ​ច្ច​តា ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​ផលិត​ស៊ីម៉ង់ត៍ សម្រាប់​នាំចេញ នាពេល​អនាគត​។ រហូតដល់​ពេលនេះ កម្ពុជា បាន​សាងសង់ និង​ដាក់អោយ​ប្រើប្រាស់​រួចរាល់​ហើយ​នូវ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ចំនួន ៤ ដែលមាន​ទីតាំង នៅ​ខេត្តកំពត និង​ខេត្តបាត់ដំបង ដោយមាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ បាន​ប្រមាណ ៧ លាន​តោន នៅក្នុង​មួយឆ្នាំ ដែល​អាច​ប្រើប្រាស់ ក្នុងស្រុក​បាន ១០០ ភាគរយ​។

.​កាលពី​ថ្ងៃទី​១ ខែមិថុនា ជា​ទិវា​កុមារ​អន្តរជាតិ​។ កម្ពុជា តែងតែ​ចូលរួម​ប្រារព្ធ​ទិវា​នេះ ជា​រៀងរាល់ឆ្នាំ​។ នៅ​ឆ្នាំ​២០១៨​នេះ កាលពី​ថ្ងៃទី​១ ខែមិថុនា ពិធី​អបអរសាទរ ខួប​លើក​ទី​៦៩ ទិវា​កុមារ​អន្តរជាតិ ត្រូវបាន​ធ្វើឡើង​នៅ​ស្នាក់ការ​នៃ​អង្គការ​ផ្ទះបាយ​កុមារ ស្ថិតនៅ​ខាងក្រោយ​សាលាបឋមសិក្សា​ជ័យជំនះ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្នុងការ​ជួបជុំ​នេះ ក៏មាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ខួបកំណើត​រួម ដល់​កុមារ​ចំនួន​ជាង ៥០០ នាក់​។ កុមារ​ទាំងនេះ សុទ្ធសឹងតែ​ជា​ក្មេង​អនាថា និង​ជា​ក្មេងៗ ដែល​គ្មាន​ទីពឹង ហើយ​ត្រូវបាន​អង្គការ​ផ្ទះបាយ​កុមារ ផ្តល់ជូន​អាហារ​ជាប្រចាំ​ថ្ងៃ ផ្តល់​សម្លៀកបំពាក់ និង​ការសិក្សា​រៀនសូត្រ​។

.​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០២ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតក្នុង​ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០២ ខែមិថុនា​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ដឹកនាំ​កសាង​ដោយ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា​។ អគារ​នេះ មាន​បណ្តោយ ៨០ ម៉ែត្រ ទទឹង ៥៤ ម៉ែត្រ មាន​កម្ពស់ ២ ជាន់ រួមទាំង​ជាន់​ផ្ទាល់​ដី លើ​ផ្ទៃក្រឡា ៥០២៣ ម៉ែត្រ​ការេ និង​លើ​ផ្ទៃដី​សរុប ១៥២០២ ម៉ែត្រការ៉េ​៕