​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1138
ចែករម្លែក

​ដោយ​:​ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ទី​៣ ក្នុង​ខែមិថុនា គិត​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង ក្នុងនោះ មាន​ហេតុការណ៍​លេចធ្លោ​ជាងគេ គឺ​គ្រោះថ្នាក់​ចរាចរ​លើ​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៧​មិថុនា បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា មរណភាព​ហើយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រងរបួស​ធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅក្រៅ​ប្រទេស និង​ការតវ៉ា​របស់​អតីត​បុគ្គលិក​ផ្នែក​សន្តិសុខ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ជាដើម​។​

.​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែមិថុនា ក្បួន​រថយន្ត​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នោះ បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​។ រីឯ​សម្តេចក្រុមព្រះ រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ សព​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​តម្កល់ ធ្វើបុណ្យ នៅ​វត្ត​បទុម​វ​ត្តី ជិត​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ មុននឹង​បូជា នៅ​ព្រឹក​ថ្ងៃទី​២០​មិថុនា​។

.​ថ្ងៃទី​១៨ ខែមិថុនា ជា​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ គម្រប់ ៨២ យាង​ចូល ៨៣ ព្រះវស្សា​។ ដូច​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ ត្រូវបាន​រាជរដ្ឋាភិបាល កំណត់​ជា​បុណ្យជាតិ ហើយ​សារលិខិត​ថ្វាយព្រះពរ​ជាច្រើន ត្រូវបាន​ឥស្សរជន និង​ថ្នាក់ដឹកនាំ​កំពូលៗ ថ្វាយ​សម្តេចព្រះ​មហាក្សត្រី ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​នេះ​។ សម្តេចព្រះ​មហាក្សត្រី ក៏បាន​យាង​កាត់​នំ​ខួបកំណើត នៅក្នុង​ព្រះបរមរាជវាំង នា​ថ្ងៃទី​១៨ ខែមិថុនា ផងដែរ​។​

.​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វុ​ង​ហឺ បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រមុខ​ការពារ​ជាតិចិន បាន​ជួប​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ព្រមទាំង​មានការ​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង ការពារ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ផងដែរ​។​

.​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​គោរមងារ ជូន​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ៨​រូប​។ ពិធី​នេះ បានធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។ មន្ត្រីជាន់ខ្ពស់​ទាំង ៨​រូប ត្រូវបាន​ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​គោរមងារ វិទ្យាសាស្ត្រ និង​គោរមងារ​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​
.​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា រដ្ឋសភា នីតិកាល​ទី​៥ បាន​បន្ត​សម័យប្រជុំ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ ពាក់ព័ន្ធ​នឹង​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ដល់​ក្រុមហ៊ុន​វិនិយោគ​ថាមពល​អគ្គិសនី ប្រើ​ពន្លឺព្រះអាទិត្យ នៅ​ខេត្តកំពង់ស្ពឺ និង​រោងចក្រ​ផលិត​អគ្គិសនី ប្រើ​ធ្យូងថ្ម នៅ​ខេត្ត​ព្រះសីហនុ​។

.​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី តាមរយៈ​ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​កម្ពុជា បាន​ជម្រាប​ទៅកាន់​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ថា ប្រទេស​ធំ នៅ​អាស៊ាន​មួយ​នេះ នឹង​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់ ២​ក្រុម មក​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​។ នេះ​បើតាម​ការ​ថ្លែង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស ក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុខុន ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ប្រចាំ​កម្ពុជា លោក ស៊ូ​ឌី​រ៉​ម៉ាន់ ហាស់​សេង កាលពី​ព្រឹក​ថ្ងៃទី​១៩​មិថុនា​។

.​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា អតីត​បុគ្គលិក​ផ្នែក​សន្តិសុខ បម្រើ​ការងារ​នៅ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ចំនួន ៣២ នាក់ បានធ្វើ​បាតុកម្ម​តវ៉ា ជំទាស់​នឹង​ស្ថានទូត​អាមេរិក ដែល​បាន​បណ្តេញ​ពួកគេ​ចេញពី​ការងារ កាលពី​ខែមីនា​។ តំណាង​អតីត​បុគ្គលិក​ខ្មែរ​ទាំងនោះ បាន​លើកឡើងថា ស្ថានទូត​អាមេរិក បានរៀបចំ​ទុកជាមុន ក្នុងការ​ចោទប្រកាន់ និង​បណ្តេញ​ពួកគេ ចេញពី​ការងារ តាមរយៈ​ការលើក​ហេតុផល​ថា មានការ​ចែកចាយ និង​រក្សាទុក​រូបភាព និង​វិ​ដេ​អូ​អាសអាភាស នៅក្នុង​ក្រុម​សារ​ហ្វេ​ស​ប៊ុ​ក​។ ការតវ៉ា​នោះ មិនមាន​ដំណោះស្រាយ នៅឡើយ​ទេ ទោះបីជា​អតីត​បុគ្គលិក​ទាំងនោះ បានដាក់​ញត្តិ​ស្នើសុំ​អន្តរាគមន៍ ទៅកាន់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និង​ក្រសួង​ការងារ​កម្ពុជា រួចហើយ​ក៏ដោយ​។ រហូតដល់​ព្រឹក​ថ្ងៃទី​២២​មិថុនា ក្រសួង​ការងារ បាន​ជួប​ជាមួយ​អតីត​បុគ្គលិក​ខ្មែរ​ទាំងនោះ តែ​មិនទាន់មាន​ដំណោះស្រាយ​បែបណា​នៅឡើយ​ទេ​។​

.​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត ២​ម៉ឺន​នាក់ ដែល​អញ្ជើញ​មកពី ១៣ រោងចក្រ នៅ​ខេត្តតាកែវ​។ ក្នុងជំនួប​នេះ សម្តេច​តេ​ជោ បាន​អំពាវនាវ​អោយ​អ្នកវិនិយោគ បន្ត​មក​វិនិយោគ​បន្ថែមទៀត នៅក្នុង​ខេត្តតាកែវ ស្រប​ពេលដែល​ខេត្តតាកែវ បច្ចុប្បន្ន នៅមាន​សក្តានុពល សម្រាប់​ការវិនិយោគ​ច្រើន បើ​ប្រៀបធៀប​នឹង​ខេត្ត​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា​។ គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ មកដល់​ខែមិថុនា​នេះ សម្តេច​ហ៊ុនសែន បាន​ជួប​សំណេះ​សំ​ណា​ជាមួយ​កម្មករ​កម្មការិនី បាន​ចំនួន ៤៥ លើក ដែលមាន​កម្មករ​កម្ម​ការិនី​សរុប​ជាង ៥​សែន ៨​ម៉ឺន​នាក់ បាន​ចូលរួម​។​

.​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានប្រកាសថា ករណី​គ្រោះថ្នាក់​ចរាចរ​លើ​រថយន្ត​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ជា​ករណី​គ្រោះថ្នាក់​ចរាចរ​សុទ្ធសាធ ដែល​កើតឡើង ដោយ​ការធ្វេសប្រហែស​របស់​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​។​នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន​ទាំងឡាយណា ដែលថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ដែល​បណ្តាល​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព ហើយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ របួសធ្ងន់​នោះ ថា​ជា​រឿង​ឃាតកម្ម បែប​នយោបាយ​។ ពោលគឺ​ករណីនេះ ជា​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្តឈ្នួល​ប៉ុណ្ណោះ​។

.​រសៀល​ថ្ងៃទី​២១ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តីពី កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​។ ក្នុង​ពិធី​នេះ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​ធនាគារ​ឯកទេស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ នៅ​កម្ពុជា សិក្សា​លទ្ធភាព ក្នុង​ការផ្តល់​ប្រាក់កម្ចី​ជាមួយ​អាត្រា​ការប្រាក់​ទាប ដល់​និស្សិត​ខ្មែរ ដើម្បី​មានឱកាស​បាន​សិក្សា​រៀនសូត្រ​លើ​ជំនាញ​ទេសចរណ៍​។

.​ព្រឹក​ថ្ងៃទី​២២​មិថុនា សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត ជ័យលាភី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ សម្តេច បានដាក់​បទបញ្ជា​ឲ្យ​ក្រសួង​អប់រំ រៀបចំ​ឲ្យ​និស្សិត អាច​ឈប់សម្រាក ដើម្បី​ទៅ​ចូលរួម​ការបោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា​ខាងមុខ​។ សម្តេច លើកឡើងថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​លិខិត​រួចរាល់​ហើយ ដោយ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត ឈប់សម្រាក ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែកក្កដា ដើម្បី​ទៅ​បោះឆ្នោត​។ ក្នុងឱកាស​នេះ សម្តេច​ហ៊ុនសែន ក៏បាន​ប្រកាស​ពី​កែសម្រួល​តម្លៃ​ពន្ធ ដើម្បី​បញ្ចុះ​ថ្លៃ​ប្រេងឥន្ធនៈ​បន្ថែមទៀត ចាប់ពី​ថ្ងៃទី​១ ខែកក្កដា​ផងដែរ​។​

.​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អង់គ្លេស នា​យប់​ថ្ងៃទី​២២ ខែមិថុនា​។ ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អង់គ្លេស​។ សមាជិក​គ​.​ជ​.​ប លោក ឌឹ​ម សុ​វណ្ណា​រុំ ជា​អ្នកដឹកនាំ​ប្រតិភូ គ​.​ជ​.​ប កម្ពុជា ទៅកាន់​ប្រទេស​អង់គ្លេស​។​

.​សួនសត្វ ភ្នំពេញ សា​ហ្វា​រី បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ សួនសត្វ​ដ៏​ធំ​នេះ ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​របស់​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ស្ថិតក្នុង​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​សួន​នេះ​វិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ​អាមេរិក​។​

.​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រោយ​ពិធីបុណ្យ ៧ ថ្ងៃ សព​អ្នក​ម្នាង អ៊ុក ផល្លា នៅ​វត្ត​បទុម​វ​ត្តី ក្នុង​រាជធានី​ភ្នំពេញ​។ លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លើកឡើងថា ស្ថានភាព​របស់​សម្តេច​ក្រុមព្រះ បាន​ធូរស្បើយ​ច្រើន​ហើយ​។ ប៉ុន្តែ​ព្រះអង្គ​មានការ​ក្តុកក្តួល​នៅពេលដែល​បានដឹង​ដំណឹង​អំពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គ​។ នៅពេល​ឆាប់ៗ​ខាងមុខនេះ ព្រះអង្គ នឹង​យាង​មកពី​ប្រទេស​ថៃ​វិញ​ហើយ​៕ ល​