​ព្រឹត្តិការណ៍​នៃ​ការសម្លាប់​រង្គាល​នៅ​កោះ​ជេ​ជូ នៃ​ប្រទេស​កូរ៉េខាងត្បូង​

1387
ចែករម្លែក

​ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ: ការអភិវឌ្ឍ​លើទឹក​ដី​ដែល​ធ្លាប់​តែមាន​រឿងរ៉ាវ​អតីតកាល​ដ៏​ខ្មៅ​ងងឹត ឲ្យ​ក្លាយជា​ទីកន្លែង​ដ៏​រីកចម្រើន និង​មាន​ភាពស្រស់ស្អាត មិនបាន​ធ្វើ​ឲ្យ​យើង​បំភ្លេច​នូវ​ប្រវត្តិសាស្ត្រ​របស់​ទីក​ន្លែ​ង​នោះទេ​។ ផ្ទុយទៅវិញ វា​បាន​រំឭក និង​ធ្វើ​ឲ្យ​យើង​កាន់តែ​ចង់​ស្វែងយល់​អំពី​អតីតកាល​ទាំងនោះ​ក្នុង​រូបភាព​ដ៏​ស្រស់ស្អាត​នាពេល​បច្ចុប្បន្ន និង​ជា​វិធីសាស្ត្រ​មួយ​អាចធ្វើ​ឲ្យ​មនុស្សជាតិ​ចងចាំ​ពី​អតីតកាល​របស់ខ្លួន​តា​ម​វិធីសាស្ត្រ​បែប​ទំនើប​មួយ​។

​កោះ​ជេ​ជូ គឺជា​កោះ​ដ៏​ស្រស់ស្អាត​មួយ ស្ថិត​ក្នុងប្រទេស​កូរ៉េខាងត្បូង ដែលមាន​សំណង់​អគារ​ខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រណិត បរិយាកាស​ល្អ​បរិសុទ្ធ និង​ការរស់នៅ​របស់​ប្រជាជនមាន​ភាព​ហ៊ឺហា និង​ស៊ីវីល័យ ដែល​យើង​ស្ទើរតែ​មិន​ចង់​ជឿថា កោះ​ដ៏​ស្រស់ស្អាត​នេះ ធ្លាប់ជា​កន្លែង​ដែល​អ្នកគាំទ្រ​ចលនា​កុម្មុយនីស្ត​នៅ​ក្នុងសម័យ​សង្គ្រាមត្រជាក់ ហើយ​ដែល​បានធ្វើ​បាតុកម្មហិង្សា ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​កូរ៉េខាងត្បូង កាលពី​៧០​ឆ្នាំមុន និង​ឈានទៅដល់​ការបះបោរ​ទ្រង់ទ្រាយ​ធំ រហូត​ធ្វើ​ឲ្យ​ប្រជាជន​ស្លាប់​ប្រមាណ ៣០០.០០០​នាក់​។

​នៅ​ចន្លោះ​ថ្ងៃទី ៤ ដល់​៦ ខែតុលា ឆ្នាំ​២០១៨ វិទ្យាស្ថាន​ស្រាវជ្រាវ​ជេ​ជូ​៤.៣ ដែល​ស្ថិតនៅលើ​កោះ​ជេ​ជូ​ក្នុងប្រទេស​កូរ៉េខាងត្បូង បានរៀបចំ​សន្និសីទ​អន្តរជាតិ​សម្រាប់​ខួប​លើក​ទី​៧០ ដើម្បី​រំឭក​ដល់​ព្រឹ​ត្ត​ការណ៍​នៃ​ការសម្លាប់​រង្គាល ដែល​បាន​កើតឡើង​នៅ​កំឡុង​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៤៨​ដល់​ខែឧសភា ឆ្នាំ​១៩៤៩ គឺជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​កុម្មុយនីស្ត ដើម្បី​បង្ក្រាប​ការបះបោរ​របស់​ប្រជាជន​ដែល​រស់​នៅលើ​កោះ​ជេ​ជូ និង​ឈានទៅដល់​ការសម្លាប់​ទាំង​ក្មេង​និង​មនុស្ស​ចាស់​យ៉ាង​សាហាវព្រៃផ្សៃ​។​មូលហេតុ​ចម្បង​នៃ​ការបះបោរ​នេះ គឺពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​១៩៤៨ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​កូរ៉េ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​សម្រាប់​ប្រទេស​កូរ៉េ​ទាំងពីរ​។ ការបោះឆ្នោត ត្រូវ​បានគ្រោង​សម្រាប់​ភាគខាងត្បូង​នៃ​ប្រទេស ដែល​ពាក់កណ្តាល​នៃ​ឧបទ្វីប​កូរ៉េ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មការ​ប​ណ្តោះ​អាសន្ន របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កូរ៉េ​។ ការភ័យខ្លាច​ថា ការបោះឆ្នោត​នឹង​ពង្រឹង​កងពលធំ​បន្ថែមទៀត ក្រុម​អ្នកបះបោរ​បាន​ប្រតិកម្ម​ដោយ​ហិង្សា​ដោយ​ធ្វើការ​វាយប្រហារ​ទៅលើ​ក្រុម​ប៉ូលីស​ក្នុងស្រុក និង​ក្រុមយុវជន​ស្តាំនិយម​ដែល​ឈរជើង​នៅលើ​កោះ​ជេ​ជូ​។​

​សន្និសីទ​ថ្នាក់​អន្តរជាតិ​សម្រាប់​ខួប​លើក​ទី ៧០​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ សណ្ឋាគារ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ ស្ថិត​លើ​កោះ​ជេ​ជូ​នៃ​ឧ​ប​ទ្ធី​ប​កូរ៉េខាងត្បូង ក្រោម​ប្រធានបទ “​ការពិត និង​យុត្តិធម៌ ៖ ដំណើរ​ឆ្ពោះទៅរក​យុត្តិធម៌​ប្រកបដោយ​និរន្តរភាព​”​។ ការរៀបចំ​សន្និសីទ​នេះ ក្នុង​គោលបំណង​ផ្តល់នូវ​វេទិកា​មួយ​សម្រាប់​ការណែនាំ​អំពី​របៀប​ដោះស្រាយ​បញ្ហា​ដោយ​ការចែករំលែក​គំនិត និង​ការពិភាក្សា​ទៅលើ​ករណី​ស្រដៀង​គ្នា ដែល​បាន​កើតឡើង​ក្នុងប្រទេស​ដ៏ទៃទៀត​។ កម្មវិធី​នេះ ក៏​នឹងធ្វើ​ការពិភាក្សា​ទៅលើ​ការទទួលខុសត្រូវ និង​តួនាទី​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ទៅលើ​ការស្លាប់​របស់​ប្រជាជន​កូរ៉េ ក្នុងខណៈពេល​ដែលមាន​ការបះបោរ​របស់​ប្រជាជន​កូរ៉េ​នៅលើ​កោះ​ជេ​ជូ ចន្លោះ​ពី​ឆ្នាំ​១៩៤៨ និង​១៩៤៩​។

​សន្និសីទ​ថ្នាក់​អន្តរជាតិ​សម្រាប់​ខួប​លើក​ទី​៧០​នៃ​ការ​រំឭក​ដល់​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​៣ ខែមេសា ត្រូវបាន​បែង​ចែកជា​សម័យប្រជុំ​ធំៗ​៣​គឺ​៖
១)​សម័យប្រជុំ​ទី​១ នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ ការ​ប្រជុំបាន​ពិភាក្សា​លើ​ប្រធានបទ “​សង្គ្រាមត្រជាក់ អំពើ​ប្រល័យពូជសាសន៍ និង​តួនាទី​របស់​សហរដ្ឋអាមេរិក​”​។ ការពិភាក្សា​លើ​ប្រធានបទ​នេះ បាន​ស្វែងយល់​បន្ថែម​អំពី​របៀប​ដែល​សោកនាដកម្ម​បានកើត​ឡើង​នៅក្នុង​បរិបទ​សង្គ្រាមត្រជាក់​ក្រោម​ការធ្វើអន្តរាគមន៍រ​បស់​សហរដ្ឋអាមេរិក និង​ការសម្លាប់​រង្គាល​ក្នុង​កំឡុង សង្គ្រាមត្រជាក់ និង​តួនាទី​របស់​សហរដ្ឋ​មេ​រិ​ក​។ សហរដ្ឋអាមេរិក និង​សង្គ្រាមស៊ីវិល ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ក្រិច​ចន្លោះ​ពី​ឆ្នាំ​១៩៤៦ ដល់​ឆ្នាំ​១៩៤៩ និង​ការបង្ហាញ​អំពី​ការសម្លាប់​រង្គាល​នៅលើ​កោះ​ជេ​ជូ​នៃ​ឧ​ប​ទ្ធី​ប​កូរ៉េខាងត្បូង ដែល​បាន​កើតឡើង​នៅក្នុង​ខណៈពេល​ប្រហាក់ប្រហែលគ្នា​ដែរ​។
២) សម័យប្រជុំ​ទី​២ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ បាន​ផ្តោត​សំខាន់​ទៅលើ “​ការតស៊ូ​ប្រឆាំង​អំពើ​ប្រល័យពូជសាសន៍ និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​”​។ លោក Nai Wei Cheng អ្នកស្រាវជ្រាវ​នៅ​សាល​មហោស្រព​ជាតិ បានធ្វើការ​ពិភាក្សា​អំពី ”​ការស្តារ​ឡើងវិញ​នូវ​ឧបទ្ទវហេតុ ២.២៨ តៃវ៉ាន់​”​។ បន្ទាប់មក លោក Gu-Byeong មកពី​សាកលវិទ្យាល័យ Ajou បាន​បកស្រាយ​អំពី “​សង្គ្រាមត្រជាក់ និង​ការ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​ហ្គា​តេ​ម៉ា​ឡាៈ ការសម្លាប់​រង្គាល​លើ​ជនជាតិភាគតិច​នៅក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០”​។ Park Chan មកពី​មជ្ឈមណ្ឌល​សិក្សា​អំពី​កោះ​ជេ​ជូ​៤.៣ ក៏បាន​រៀបរាប់​អំពី “​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​របស់​សហគម​ន៍​នៅលើ​កោះ​ជេ​ជូ​”​។ ជា​ចុងក្រោយ ក៏មាន​វាគ្មិន​២​រូប​ទៀត​ដែលជា​អ្នកពិគ្រោះ​យោបល់​គឺ Kim Yoon-Kyung មកពី​សាកលវិទ្យាល័យ​សេ​អ៊ូ​ល និង​លោក Jeong Sim Yang មកពី​សាកលវិទ្យាល័យ Ihwa Women’s University​។
៣) សម័យប្រជុំ​ទី​៣ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ ដោយមាន​ការពិភាក្សា​អំពី​ប្រធានបទ “​ការពិត យុត្តិធម៌ និង​សាមគ្គីភាព ៖ ផ្តោត​សំខាន់​លើ​កិច្ចការ និង​សកម្មភាព​ការងារ​របស់​អង្គការក្រៅរដ្ឋាភិបាល​”​។​

​លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ជា​វាគ្មិន​មួយរូប​មកពី​ប្រទេស​កម្ពុជា បាន​ចូលរួម​ចែករំលែក​អំពី​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ហេតុការណ៍ ដែល​បាន​កើតឡើង​នៅលើ​កោះ​ជេ​ជូ​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ក្រោយ​ជម្លោះ​ដ៏ទៃទៀត​។ លោក ឆាំង យុ ក៏បាន​ចែករំលែក​បទពិសោធន៍​ការងារ និង​បកស្រាយ​លើ​ប្រធានបទ “​ការឆ្លើយតប​ទៅនឹង​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា ក្នុង​បរិបទ​ជាស​កល ៖ គម្រោង​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩ ដល់ ឆ្នាំ​២០២១”​។ លោក បានធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​ទាំងនេះ ជា​ភាសា​ខ្មែរ​នៅក្នុង​ការប្រជុំ​នៅលើ​កោះ​ជេ​ជូ​ថា៖
​ក្រុម​ចលនា​កុម្មុយនីស្ត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៤៥ គឺ​ប្រហាក់ប្រហែល​នឹង​ដើមកំណើត​ដែល​បាន​កើតឡើង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា ចលនា​កុ​ម្មុនី​ស្ត​បាន​តស៊ូ រួបរួម និង​បាន​ចំណាយពេល​វេលា​អស់​ប្រហែល​៣០​ឆ្នាំ ដើម្បី​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ នៅពេលដែល​ចលនា​កុម្មុយនីស្ត ទទួលបាន​ជ័យជម្នះ​ភ្លាម យើង​គិតថា ប្រទេសជាតិ​ទទួលបាន​សន្តិភាព​ពេញលេញ ពីព្រោះ​នៅក្នុង​ប្រទេស​កម្ពុជា យើង​មិនដែល​ជួបប្រទះ​សង្គ្រាម ការបាក់​បែក ទោះបីជា​យើង​ស្ថិតក្រោម​អាណានិគម​បរទេស​អស់​រយៈពេល​ប្រហែល​១​សតវត្សរ៍​យ៉ាងណាក៏ដោយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ នៅពេលដែល​ចលនា​កុម្មុយនីស្ត​ឡើងកាន់​អំណាច​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មនុស្សជាតិ​ស្គាល់​ថា របប​ខ្មែរក្រហម ដោយ​រឿងរ៉ាវ​ដំបូង​ដែល​ក្រុម​កុម្មុយនីស្ត​បានធ្វើ គឺ​បណ្តេញ​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ទាំងអស់ និង​ក្នុង​រយៈពេល​ប្រហែល​ត្រឹមតែ​៤​ឆ្នាំ​ប៉ុណ្ណោះ មនុស្ស​ជាង​២​លាន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​បន្សល់ទុក​គុក​ជិត​២០០​កន្លែង កន្លែង​តម្កល់សព​មាន​ជាង​១០០​កន្លែង និង​ប្រជាជន​ប្រហែល​២៥​ភាគរយ ដែលជា​ជនរងគ្រោះ​មាន​ជំងឺ​បាក់ស្បាត​។

​លោក ឆាំង យុ បានបង្ហាញ​រឿងរ៉ាវ​ទាំងនេះ​ចេញពី​បរិបទ​សកល​ថា ក្នុងករណី​ប្រទេស​កម្ពុជា និង​ការ​ពិនិត្យមើល​ប្រទេស​ផ្សេងៗ វា​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​។ នៅពេលដែល រដ្ឋាភិបាល​ចាប់ផ្តើម​សម្លាប់​ប្រជាជន​ខ្លួនឯង តែងតែមាន​កងកម្លាំង​ខាងក្រៅ​ចូលមក​ធ្វើ​អន្តរា​¬​គម​ន៍ ហើយ​ដែលជា​ទូទៅ​ស្ថិតនៅ​ក្រោមរូបភាព​២៖ ឈ្លានពាន និង​ជួយ​រំដោះ​។ ក្នុងករណីនេះ ប្រជាជន​តែងតែ​មើលឃើញ​រូបភាព​ពីរ​ផ្សេងគ្នា គឺ​១)​ប្រជាជន​មួយចំនួន​គិតថា​កងកម្លាំង​ខាងក្រៅ​ចូលមក​ជួយ​រំដោះប្រជាជន​ពី​ការសម្លាប់​របស់​រដ្ឋាភិបាល និង​២) វា​ជាការ​ឈ្លានពាន និង​ឆ្លៀតឱកាស​ពី​បរទេស​។ បន្ទាប់ពី​ការរំដោះ និង​អន្តរាគមន៍​ពី​កងទ័ព យើង​ក៏មាន​ការ​រំឭក​ដល់​ការដាក់ទណ្ឌកម្ម និង​ការស្វែងរក​យុត្តិធម៌ គឺជា​ជំហាន​ទី​២​។ នៅក្នុង​បរិបទ​របស់​ប្រទេស​កម្ពុជា បន្ទាប់ពី​មាន​សង្គ្រាម មានការ​លុកលុយ ដែល​ឈានដល់​ការបង្កើត​ឲ្យ​មានការ​ពិភាក្សាគ្នា​ពី​បញ្ហា​យុត្តិធម៌ និង​បន្ទាប់ពី​តម្រូវការ​នៃ​យុត្តិធម៌ មនុស្សជាតិ​ក៏បាន​ចាប់ផ្តើម​និយាយ​អំពី​ការផ្សះផ្សា​។ លោក​ចង់បង្ហាញ​អំពី​ការពិត​នៃ​ជីវិត និង​ភាពផ្ទុយ​គ្នា​រវាង​ភាពអាក្រក់ និង​ល្អ​។ នៅពេលដែល​យើង​គិតពី​អតីតកាល និង​ភាព​សោកសៅ​គឺ​មិនមែន​ដើម្បី​សងសឹក មិនមែន​ដើម្បី​រស់នៅក្នុង​អតីតកាល​នោះទេ ប៉ុន្តែ​យើង​ត្រូវ​រក​ភាព​វិជ្ជមាន​ដើម្បី​បោះជំហាន​ទៅមុខ​។

​លោក ឆាំង យុ ក៏បាន​រៀបរាប់​អំពី​កិច្ចការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចំពោះ​ការឆ្លើយតប​ទៅនឹង​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​ជា​សាកល ៖ គម្រោង​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២១​។ គម្រោង​យុត្តិសាស្ត្រ​នេះ បង្ហាញ​ពី​ជំហាន​បន្ទាប់​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ចូលរួម​ដោះស្រាយ​ទៅលើ​ស្រមោល​អន្ធការ​នៃ​ភាព​តក់ស្លុត ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម និង​ប្រែក្លាយ​សង្គម​កម្ពុជា​ឲ្យ​មាន​អនាគត​ភ្លឺស្វាង​ឡើងវិញ តាមរយៈ​គោល​គំនិត​សំខាន់ៗ​៣​គឺ​៖
១) កេរដំណែល​ជាក់ស្តែង ៖ ការសាងសង់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​អចិន្ត្រៃយ៍​
២)​កេរដំណែល​នៃ​ការចងចាំ ៖ ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ ការចងចាំ​អំពី​ប្រវត្តិ​របស់​ជនរងគ្រោះ និង​ដំណើរការ​ពិភាក្សា​លើ​ការចងចាំ​
៣)​កេរដំណែល​យុត្តិធម៌ ៖ រឿងរ៉ាវ​ពី​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អតីត​កាលដែល​ត្រូវបាន​លាតត្រដាង និង​ដំណើរការ​នៃ​ការដាក់​ឲ្យ​ប្រើប្រាស់​ឯកសារ​ប្រវត្តិសាស្ត្រ​ជាស​កល​។
​បន្ទាប់មក កញ្ញា Nisrina Nadhifah Rahman ជា​វាគ្មិន​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រៀបរាប់​អំពី ”​ភាពចលាចល​នៃ​យុត្តិធម៌​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​រយៈពេល​២០​ឆ្នាំ​នៃ​កំណែទម្រង់​” និង​វាគ្មិន Takazato Suzuyo មកពី​តំបន់​អូ​គី​ណា​វ៉ា​នៃ​ប្រទេស​ជប៉ុន បាន​បកស្រាយ​លើ​ប្រធានបទ “​ប្រវត្តិ​នៃ​ការតស៊ូ​របស់​តំបន់​អូ​គី​ណា​វ៉ា​ចំពោះ​ការរើសអើង​និង​ការគាបសង្កត់​។ Yung Sun Heo នាយក​នៃ​វិ​ទ្យ​សា្ថ​ន​ស្រាវជ្រាវ​ជេ​ជូ ៤.៣ ក៏បាន​បកស្រាយ​អំពី​ដំណើរ​ឆ្ពោះទៅកាន់​ប្រវត្តិសាស្ត្រ​នៃ​ការពិត​និង​យុត្តិធម៌ និង Ho Jin Kang គណៈ​ក​ម្មា​ធិ​នៃ​ការចងចាំ​សម្រាប់​ខួប​លើក​ទី​៧០ នៃ​ការបះបោរ និង​ការសម្លាប់ ក្នុង​ថ្ងៃទី​៣ ខែមេសា នៅ​កោះ​ជេ​ជូ បានលើកឡើង​អំពី​ការរស់នៅ​ដោយ​សាមគ្គីភាព​អស់​រយៈពេល​៧០​ឆ្នាំ​នៃ​ជេ​ជូ​៤.៣ ដែល​នេះ​ជា​ពេលវេលា​មួយ​សម្រាប់​ធ្វើការ​នាពេល​បច្ចុប្បន្ន​។

នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៨ អ្នកចូលរួម​ទាំងអស់​ក៏បាន​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​សារមន្ទីរ​ជេ​ជូ​៣ មេសា និង​វាលពិឃាត​នៅក្នុង​ភូមិ​មួយ​ជាប់មាត់​សមុទ្រ​។

​សន្និសីទ​អន្តរជាតិ​សម្រាប់​ខួប​លើ​ទី​៧០​នៃ​ការ​រំឭក​ដល់​ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​៣ ខែមេសា គឺជា​កម្មវិធី​មួយ​សម្រាប់​ការ​រំឭក​អំពី​ប្រវត្តិសាស្ត្រ​របស់​កោះ​ជេ​ជូ ការចែករំលែក​អំពី​បទ​ពិសោធន៍​ការងារ និង​ផ្លាស់ប្តូរ​គំនិត​គ្នា​រវាង​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ ដែល​បាន​ប្រឈមមុខ​នឹង​បញ្ហា​ដែល​បាន​បន្សល់ទុក ក្នុងពេល​អតីតកាល​ដែល​នៅ​បន្ត​រហូតដល់​បច្ចុប្បន្ន​៕ ល​