​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ប៊ែ​ល​ធី​ក្របខណ្ឌ​U-13 ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​

677
ចែករម្លែក

ដោយៈ តា​អំ / ភ្នំពេញៈ ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​សាលា​ប៊ែ​ល​ធី អន្តរជាតិ​ក្របខណ្ឌ​U-13​បានបញ្ចប់​ដោយ​ជោគជ័យ នា​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​នេះ ហើយក៏​ទទួលបាន ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​សិស្សានុសិស្ស និង​អាណាព្យាបាល​។​

​លោក លី ប៊ុនឆៃ អគ្គនាយករង​ប៊ែ​ល​ធី​គ្រុប​បាន​ឲ្យ​ដឹងថា សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បញ្ចូល​កម្មវិធី​កីឡា​បួន​ប្រភេទ រួមមាន ទី​១-​អប់រំ​កាយ សម្រាប់​សិស្ស​ថ្នាក់​ទី​១​ដល់ទី​៦, ទី​២-​កីឡា តៃ​ក្វាន់​ដូ សម្រាប់​សិស្ស​ថ្នាក់​ទី​៧​ដល់ទី​៨, ទី​៣-​កីឡាបាល់ទាត់ Futsal (U-13)​សម្រាប់​សិស្ស​ថ្នាក់​ទី​៧​ដល់ទី​៨, និង​ទី​៤-​កីឡាបាល់ទាត់ Futsal (U-16)​សម្រាប់​សិស្ស​ថ្នាក់​ទី​១០ និង​ទី​១១​។​

​លោក​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃទី​២៤ ខែឧសភា នេះ ព្រឹត្តិការណ៍​នោះបាន​ឈានដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​U-13 ដែលមាន​ការចូលរួម​ពី​១៩​ក្រុម​មកពី​១៩​សាខា និង​មាន​កីឡាករ​សរុប​២៤៧​នាក់​ដើម្បី​ដណ្តើម ជើងឯក​ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩​។ លោក​ថា ពានរង្វាន​នេះ​ចែកចេញជា ២​ក្រុម គឺ ក្រុម​U-13 និង ក្រុម U-16 នឹង​ទទួល​រង្វាន់​ដូចជា​ក្រុម​ជើងឯក​(TheWinner)​ពានរង្វាន់​ជើងឯក​សាលា ប៊ែ​ល​ធី អន្តរជាតិ ទទួលបាន​មេដាយមាស និង​ថវិកា​ចំនួន​បី​លាន​រៀល ។ ចំណែក​ក្រុម​ជើងឯក​រង (Runner-up)​ទទួលបាន​មេដាយប្រាក់​និង​ថវិកា​ចំនួន​ពីរលាន​រៀល​។ ដោយឡែក​ក្រុម​លេខ ៣ ទទួលបាន​មេដាយ​សំរឹទ្ធិ​និង​ថវិកា​ចំនួន​មួយ​លាន​រៀល​។
​ទន្ទឹម​នោះ​ក៏មាន​រង្វាន់​សម្រាប់​ក្រុម​គំរូ (Fair Play Team) ទទួលបាន ថវិកា​ចំនួន​ប្រាំ​សែន​រៀល​ផងដែរ ។ ដោយឡែក​ចំពោះ​ការប្រកួត U-16 វិញ​នឹងត្រូវ​ធ្វើការ​ប្រកួត​បិទ​ដណ្តើមពាន​រង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩ នៅ​វិមាន​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ចុងខែ​កក្កដា​ខាងមុខ​។​

​លោក លី ប៊ុនឆៃ បានបញ្ជាក់​បន្ថែមថា ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩ (BELTEI CHAMPIONS TROPHY 2019)​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ ក្នុងការ​ពង្រឹង​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង ស្របតាម​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានដាក់​បញ្ចូល​កម្មវិធី​កីឡា​នេះ ទៅក្នុង​កម្មវិធីសិក្សា​នៅ​ទូទាំងប្រទេស​។​

​លោក លី ប៊ុនឆៃ ក៏បាន​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ខិតខំ​រៀនសូត្រ ទៅ​សាលា​ឲ្យ​បាន​ទៀងទាត់ និង​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​ទៅ​ហាត់​កីឡា ដើម្បី​បង្កើន​ថាមពល​រឹងមាំ និង​នាំមក​នូវ​សុខភាព​ល្អ ក៏ដូចជា​បង្កើន​នូវ​ភាពស្និទ្ធស្នាល រវាង​មិត្តភក្តិ សិស្សានុសិស្ស​រៀន​ជាមួយគ្នា ជាពិសេស​ដើម្បី​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព បោះបង់​ការសិក្សា កើតមាន​អំពើហិង្សា លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​កម្លាំង​ធនធានមនុស្ស ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ថែមទៀត ។​

​លោក​ក៏​ថ្លែង​ការកោតសរសើរ​ផងដែរ​ចំពោះ ក្រុម​កីឡាករ​ទាំងអស់​ដែល​បាន​ប្រកួត​ជាមួយគ្នា តាម​លក្ខណៈ​បច្ចេកទេស សីលធម៌ យុត្ដិធម៌ និង​ប្រកបដោយ​ឆន្ទៈ​មុតមាំ ហើយ​ចេះ​គោរព​ដៃគូ​ប្រកួត​របស់ខ្លួន ព្រោះ​ការប្រកួត​នេះ ជា​លក្ខណៈ​គ្រួសារ​ប៊ែ​ល​ធី បើទោះបី ឈ្នះ ឬ​ចាញ់ ក៏​នៅតែ​ជា​គ្រួសារ​ប៊ែ​ល​ធី ។​

​សូមបញ្ជាក់ថា សាលា ប៊ែ​ល​ធី អន្តរជាតិ ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ និង ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី ០៣ មិថុនា ២០១៩ បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផុតកំណត់ ០៧ មិថុនា ២០១៩៕ ល​