​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ព្រៃ​ឡង់​

778
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​,​ព្រៃ​ឡង់​ក្រោម​ប្រធានបទ​«​រួមគ្នា​ថែរក្សា​បរិស្ថាន​និង​ធនធានធម្មជាតិ​»​។​ព្រឹត្តិការណ៍​នេះ​បានចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៩​នេះ​បន្ទាប់ពី​មាន​ពិធី​បក់​ទង់​ចេញដំណើរ​បស់​ក្រុម​កីឡាករ​កីឡាការិនី​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​«​ខ្មែរ​រ៉ា​លី​រ៉េដ​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។

​ព្រឹត្តិការណ៍​កីឡា​ផ្សាភ្ជាប់​នឹង​ការផ្សព្វផ្សាយ​និង​អប់រំ​បរិស្ថាន​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​ការគាំទ្រ​ដោយ​ក្រសួងបរិស្ថាន​និង​រៀបចំ​ដោយ​ក្រុមហ៊ុន​ខា​រ៉ា​កម្ពុជា​និង​ចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត​រួមមាន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​តូ​តា​ល់​ជាដើម​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក​នេត្រ​ភក្ត្រា​បាន​ថ្លែងថា​«​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​,​ព្រៃ​ឡង់​ខ្មែរ​រ៉ា​លី​រ៉េដ​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​«​រួមគ្នា​ដើម្បី​ថែរក្សា​បរិស្ថាន​និង​ធនធានធម្មជាតិ​»​។​

​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ​និង​ជីវៈចម្រុះ​ដល់​សាធារណជន​ក៏ដូចជា​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ហើយ​យើងទាំងអស់គ្នា​ចូលរួម​ថែរក្សា​បរិស្ថាន​និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​ក៏ដូចជា​លើកតម្កើង​និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​នៅ​ជុំវិញ តំបន់​នោះដែរ​»​។​

​នេះ​ជា​លើក​ទី​៤​ហើយ​ដែល​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ​ឡើង​។​ដោយឡែក​ឆ្នាំ​២០១៩​នេះ​ជា​ឆ្នាំ​ទី​២​ដែល​ក្រសួងបរិស្ថាន​បាន​ចូលរួម​គាំទ្រ​ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នេត្រ​ភក្ត្រា​បង្ហាញ​ជំនឿ​ថា​រូបភាព​ស្តីពី​នៃ​ភាព​សម្បូណ៌​បែប​នៃ​ធនធានធម្មជាតិ​ក៏ដូចជា​ជីវភាព​បងប្អូន​ប្រជា​សហគមន៍​មូលដ្ឋាន​នឹងត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ការប្រណាំង​យានយន្ត​ឆ្លងកាត់​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នេះ​ក៏ដូចជា​តាមរយៈ​កីឡាករ​កីឡាការិនី​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​នេះ​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​លោក​នេត្រ​ភក្ត្រា​បាន​គូសបញ្ជាក់ថា​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​សម្រាប់​ទាញ​ការចាប់អារម្មណ៍​របស់​សាធារណជន​ឱ្យចូល​រួម​ថែរក្សា​ការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​លោក​បាន​ថ្លែងថា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ទំហំ​៤៣.១៦៨៣​ហិកតា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​,​ខេត្តកំពង់ធំ​,​ខេត្តក្រចេះ​,​និង​ខេត្តព្រះវិហារ​។

​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ​និង​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ដែនដី​នៃ​ខេត្ត​ទាំង​៤​ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន​ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

​កីឡា​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​រួមគ្នា​ថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ​» ដោយ​ចេញដំណើរ​ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៩​ឆ្លងកាត់​ខេត្ត​ចំនួន​៣​រួមមាន​៖​ខេត្តកំពង់ធំ​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​ពិសេស​គឺ​នឹង​ឆ្លងកាត់​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​លើ​ចម្ងាយ​ផ្លូវ​សរុប​ជាង ៦២៤ គីឡូម៉ែត្រ​។

​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នេះ​មានការ​ចូលរួម​ពី​ការប្រកួត​ម៉ូតូ​និង​រថយន្ត​ចំនួន​៤៥​គ្រឿង​និង​មាន​កីឡាករ​កីឡាការិនី​ចំនួន​៧២​នាក់​មកពី​ប្រទេស​ចំនួន ៨ រួមមាន កម្ពុជា ថៃ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ វែ​ល ស្ត​ត់លែ​ន បារាំង និង​ហូរ​ឡង់​៕S/​