​ព្រឹត្តិការណ៍​រត់ប្រណាំង ចម្ងាយ​ឆ្ងាយ នៅ​តំបន់​អង្គរ លើក​ទី​៥ ឆ្នាំ​២០២០

259
ចែករម្លែក

*** មាន​អត្ត​ព​លិ​ក​ប្រមាណ ១.៣០០ នាក់ មកពី ៤៤ ប្រទេស ចូលរួម​
​ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ នៅ​តំបន់​អង្គរ​លើក​ទី​៥ ខេត្តសៀមរាប ឆ្នាំ​២០២០ ឬ ព្រឹត្តិការណ៍ Angkor Ultra Trail 2020 លើក​ទី​៥ ដែលជា​ព្រឹត្តិការណ៍​កីឡា បែប​ទេសចរណ៍ រត់​ផ្សងព្រេង​ចម្ងាយ​ឆ្ងាយ ១២៨ គីឡូម៉ែត្រ នៅ​តំបន់​អង្គរ នឹង​ចាប់ផ្ដើម នៅ​ថ្ងៃទី ១៨-១៩ ខែមករា ខាងមុខនេះ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹង ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៩ មករា​នេះ​ថា ព្រឹត្តិការណ៍​នេះ មាន​កីឡាករ​-​កីឡាការិនី ចូលរួម​រត់ ប្រមាណ ១.២០០ នាក់ ទៅ ១.៣០០ នាក់ ក្នុងនោះ មាន​បរទេស​ជាង ៧០០ នាក់ មកពី ៤៤ ប្រទេស លើ​ពិភពលោក​។ ក្នុងនោះ បារាំង​ច្រើនជាងគេ បន្ទាប់មក​អង់គ្លេស និង​កូរ៉េ​។ លោក​បានកត់សម្គាល់​ឃើញ​ថា នៅក្នុង​ការរត់​ចម្ងាយ ឆ្នាំនេះ កីឡាករ​កម្ពុជា ចូលរួម​ច្រើនជាង​ឆ្នាំមុនៗ ហើយ​មាន​ខ្មែរ ៣ នាក់ ដែល​ចូលរួម​រត់​ចម្ងាយ​ឆ្ងាយ ១២៨ គីឡូម៉ែត្រ​នេះ ដែល​នាំ​ឲ្យ​ចំនួន អ្នកចូលរួម កើន​ប្រមាណ ១០% គឺ​ប្រមាណ ១.២០០ នាក់ ទៅ ១.៣០០ នាក់ ។​

​ព្រឹត្តិការណ៍​រៀបចំឡើង ក្រោម​កិច្ចសហការ រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រុមហ៊ុន Phoenix Voyage នេះ ចាប់ផ្ដើម​ចេញដំណើរ​រ​ត់ ពីមុខ​ទីលាន ប្រជល់​ដំរី នៅ​ម៉ោង ៤ ភ្លឺ ថ្ងៃទី​១៨ មករា សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ ១២៨ គីឡូម៉ែត្រ ហើយ​គ្រោង នឹង​បញ្ចប់ នៅ​ថ្ងៃទី ១៩ ខែមករា កីឡាករ -​កីឡាការិនី​ម្នាក់ៗ អាច​ចំណាយ​ពេលវេលា ប្រមាណ ២៤ ម៉ោង ដើម្បី​រត់​កាត់​វាលស្រែ ផ្លូវលំ ផ្លូវ​ព្រៃ​ជុំវិញ​តំបន់​អង្គរ ដោយ​គ្មាន​ការឈប់​សម្រាក​ឡើយ​។

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមថា ចំពោះ​ការរត់​ចម្ងាយ​ឆ្ងាយ លើក​ទី​៥ លើ​ទឹកដី​អង្គរ​នេះ គឺមាន​កំណើន​អ្នកចូលរួម ច្រើន​រហូតដល់​ទៅជា​ង ១.៣០០ នាក់ ពោលគឺ​ច្រើនជាង កាលពី​ឆ្នាំ​២០១៩ ដែលមាន​អ្នកចូលរួម​ត្រឹម ១.០០០ នាក់​ប៉ុណ្ណោះ ។ ប៉ុន្ដែ​បន្ថែម​លើ​ការចូលរួម​រត់ អត្ត​ព​លិ​ក​ម្នាក់ៗ ក៏មាន​គ្រួសារ សាច់ញាតិ និង​មិត្ត​ភ័ក្ត្រ អមដំណើរ​ជាច្រើន រយ​នាក់​ផងដែរ ដែល​ជួយ​ជំរុញ​ឲ្យ​មាន កំណើន​ទេសចរណ៍ និង​រួមចំណែក​លើកកម្ពស់ ជីវភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា «​ការរៀបចំ​ព្រឹត្តិការណ៍ កីឡា​បែប​ទេសចរណ៍​នេះដែរ គឺ​ផ្ដោតលើ​គោលបំណង​សំខាន់ៗ​ជាច្រើន «​គោលដៅ​ទី​១ គឺ​ផ្សព្វផ្សាយ​ឲ្យ បណ្ដា​ប្រទេស លើ​ពិភពលោក ពិសេស​ភ្ញៀវទេសចរ ជាង ៤៤ ប្រទេស ចូលរួម បានដឹង​ពី​ស្ថេរភាព សន្ដិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ផ្សព្វផ្សាយ និង​ចូលរួម​ថែរក្សា គោលដៅ​ទេសចរណ៍ ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​កម្ពុជា គឺ​តំបន់​អង្គរ ខេត្តសៀមរាប​។ ទី​២ គឺ​ការរួមចំណែក ស្វែងរក​មូលនិធិ សម្រាប់​ជួយ​ដល់​ការងារ មនុស្សធម៌​តាម​អង្គការ និង​មន្ទីរពេទ្យ​មួយចំនួន និង​ទី​៣ គឺ​ការទាក់ទាញ​ភ្ញៀវទេសចរ កាន់តែច្រើន​ផងដែរ​»​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ​២០២០ គឺ​បែង​ចែកជា ៥ វិញ្ញាសា សម្រាប់​រត់​ដូច​ឆ្នាំ​កន្លងទៅ​ដែរ រួមមាន វិញ្ញ​សារ​ត់​ចម្ងាយ ១២៨ គីឡូម៉ែត្រ​, រត់​ចម្ងាយ ៦៤ គីឡូម៉ែត្រ​, រត់​ចម្ងាយ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ និង រត់​ចម្ងាយ ១៦ គីឡូម៉ែត្រ ដែល​ត្រូវ​ចេញដំណើរ ជា​បន្ដបន្ទាប់​។ ជាមួយគ្នានេះដែរ លោក វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ខ្មែរ នៅ​តំបន់​អង្គរ ចូលរួម​អបអរសាទរ ការរត់​របស់​កីឡាករ​- កីឡាការិនី​ជាតិ និង​អន្ដរជាតិ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​មួយ​នេះ ឲ្យ​កាន់តែ​ទទួលបាន ជោគជ័យ​ទៀតផង ៕v