​ព្រឹត្តិការណ៍​សម​រាត្រី​ឆ្នាំ​២០១៨​មកដល់​ទៀតហើយ​

1146
ចែករម្លែក
  • 5
    Shares

​ដោយៈ​បាយ័ន​/​សៀមរាបៈ​តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សម​រាត្រី​នា​រដូវវស្សា​ឆ្នាំ​២០១៨​នេះ នឹង​ត្រូវចំ​ថ្ងៃអាទិត្យ ១៤​កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

​ជា​រៀងរាល់ឆ្នាំ សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែកញ្ញា​។ សម​រាត្រី​ជា​វេលា​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។ ក្រៅពីនេះ ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះទៀត យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។​

​ជា​ករណី​ពិសេស​នៅ​អង្គរវត្ត វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ព្រះអាទិត្យ​តែងតែ​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹក​ព្រលឹម​ស្រាងៗ​។ ចំពោះ​សម​រាត្រី​រដូវវស្សា​នៅ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ ព្រះអាទិត្យ​នឹង​រះ​ទ្បើង​ចំ​កំពូល​កណ្តាល ដែល​យើង​អាច​មើលឃើញ​ពី​ក្លោងទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ក្លោង​ទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី​ដល់​ម៉ោង​ប្រហែល​៧​ព្រឹក​។ សង្ឃឹមថា អាកាសធាតុ​នឹង​អំណោយផល​សម្រាប់​ការ​ផ្តិត​យក​រូបភាព​របស់​ថ្ងៃ​រះ​ជាមួយ​ប្រាសាទអង្គរវត្ត​ដ៏​ស្អាត​អស្ចារ្យ​៕S/​

​ព្រឹត្តិការណ៍​សម​រាត្រី​ឆ្នាំ​២០១៨​មកដល់​ទៀតហើយ​