​ព្រឹត្តិការណ៍ ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង នឹងធ្វើ​នៅ​ដើមខែ​កុម្ភៈ​

140
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​” ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី​២ ដែល​គ្រោង​នឹងធ្វើ​ឡើង នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ​ឆាប់ៗ​នេះ នឹងត្រូវ​បង្កើន​រយៈពេល​រហូតដល់ ៣ ថ្ងៃ គឺ​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ ដើម្បី​ទាក់ទាញ និង​ពង្រីក​សក្តានុពល ឲ្យ​កាន់តែ​កក្រើក នៅលើ​អតីត ទឹកដី នៃ​ការតស៊ូ​ចុងក្រោយ នៃ​របប​ខ្មែរក្រហម​។​

លោក ​វ៉ា​ត់ ចំរើន

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា បាន​មានប្រសាសន៍ថាៈ ” ដើម្បី​បង្កើន​ការអភិវឌ្ឍ​បន្ថែម នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា បាន​សហការគ្នា ដោយមាន​ភាគី​ថៃ ក៏បាន​ចូលរួម​ដែរ នឹងធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ នៅ​តំបន់​តស៊ូ​ចុងក្រោយ នៃ​របប​ខ្មែរក្រហម​មួយ​នេះ កាន់តែ​ទាក់ទាញ បន្ថែមទៀត “​។​

​លោក​បាន​បញ្ជាក់ថាៈ ” ព្រឹត្តិការណ៍​នេះ កំពុង​វិ​វ​ឌ្ឍ​ពីមួយ​ជំហាន ទៅមួយ​ជំហាន ដោយ​កាលពី​លើក​ទី​១ ឆ្នាំ​២០១៩ ព្រឹត្តិការណ៍ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ -​អន្លង់វែង​” ខេត្ត​ឧ​ត្ត​រ​មានជ័យ នេះ មាន​លក្ខណៈ​តូចចង្អៀត ដែលជា​ការចាប់​ផ្តើមដំបូង ប៉ុន្តែ​ឆ្នាំ​ទី​២ ដែល​គ្រោង​នឹងធ្វើ​នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ នឹង​កាន់តែ​ធំ និង​ទាក់ទាញ ពី​អ្នកចូលរួម កាន់តែច្រើន ដែលមាន​រយៈពេល​វែង​ជាង​មុន និង​មាន​សកម្មភាព​ច្រើនជាង​មុន ដោយ​តាម​ការគ្រោងទុក នឹងមាន​អ្នករត់ ចូលរួម​ប្រមាណ ១.៥០០ នាក់ ក្នុងនោះ​អ្នករត់​មកពី​ប្រទេស​ថៃ មាន​ចំនួន ៧៥០ នាក់​។ ក្រៅពីនេះ នឹងមាន​ការ​ជិះ​កង់​កម្សាន្ត ១០ គីឡូម៉ែត្រ ដែលមាន​ចន្លោះ ៧០០ ទៅ ៨០០ នាក់ ក្នុងនោះ​អ្នកជិះ​កង់ មកពី​ថៃ ប្រមាណ ៣០០ នាក់​ដែរ ” ។​

ទិដ្ឋភាព​“​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​”​កាលពី​ឆ្នាំមុន​

​លោក​បាន​បន្ថែមថាៈ ” យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឆ្នាំនេះ ធំ​ជាង​ឆ្នាំមុន តាមរយៈ​ការអំពាវនាវ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ជាពិសេស គឺ​យើង​នឹង​បញ្ជ្រៀប​ការផ្សព្វផ្សាយ ទៅតាម​ស្ថានទូត​នានា តាមរយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​ផងដែរ​។ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​” ឆ្នាំ​ទី​២​នេះ នឹង​រៀបចំ ក្នុង​រយៈពេល ៣ ថ្ងៃ ដោយសារ​ការគាំទ្រ និង​ចូលរួម​កាន់តែច្រើន ជាពិសេស គឺ​យើង​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល ពីមួយ​ព្រឹត្តិការណ៍ ទៅមួយ​ព្រឹត្តិការណ៍ ឲ្យ​មាន​ភាព​ប្លែក និង​អស្ចារ្យ​។ យើង​មើល​ទៅលើ​លទ្ធភាព នៃ​ការរៀបចំ ដោយ​ក្រៅ​អំពី ការឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​ម្ចាស់ផ្ទះ គឺ​យើង​តែងតែ​ស្វែងរក​ដៃគូ ឧបត្ថម្ភ​គាំទ្រ​បន្ថែម តាមរយៈ​ការរៀបចំ ទីតាំង​លក់ដូរ​ផលិតផល ការរៀបចំ​សិល្បៈ​កម្សាន្ត​ជាដើម ហើយ​នៅ​ថ្ងៃ​ចុងក្រោយ នឹងមាន​ការបាញ់​កាំជ្រួច អបអរ​ទិវា​នេះ ឲ្យ​កាន់តែ​គគ្រឹកគគ្រេង ផងដែរ ” ។​

​លោក​បាន​អះអាងថាៈ ” តាម​គោលដៅ​របស់​គណៈកម្មកា​រ គឺ​នឹង​ពង្រីក​ព្រឹត្តិការណ៍​នេះ ឲ្យ​កាន់តែ​ធំ​ឡើង​បន្ថែមទៀត នា​ឆ្នាំ​បន្តបន្ទាប់ ដោយ​គ្រោង​នឹង​ពង្រីក វិញ្ញាសា​ថ្មើរជើង ប្រវត្តិសាស្ត្រ​នេះ​ពី ៤ គីឡូម៉ែត្រ ទៅ ១០ គីឡូម៉ែត្រ ឬ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង ២១ គីឡូម៉ែត្រ ហើយក៏​នៅក្នុង​ស្រុក​អន្លង់វែង​នេះ មាន​តំបន់​ទាក់ទាញ​ច្រើន ដែល​អាច​រៀបចំ ទិវា​រត់​ចម្ងាយ​ឆ្ងាយ ១២៨ គីឡូម៉ែត្រ (Ultra Trail) លក្ខណៈ​ផ្សងព្រេង ពី​ខាងក្រោម មកដល់​លើ​កំពូលភ្នំ​ដងរែក នៃ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ” ។​

ទិដ្ឋភាព​“​ថ្មើរជើង​ប្រវត្តិសាស្ត្រ​-​អន្លង់វែង​”​កាលពី​ឆ្នាំមុន​

​លោក​បាន​បន្តថាៈ ” ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ “​ថ្មើរជើង​ប្រវត្តិសាស្ត្រ​” នៅលើ​ភ្នំ​ដងរែក ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ការចាប់ផ្តើម​ថ្មី សម្រាប់​ស្រុក​អន្លង់វែង ដើម្បី​គាំទ្រ​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព នៅក្នុង​តំបន់​តស៊ូ​ចុងក្រោយ នៃ​ចលនា​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ព្យាយាម​តម្រង់​ការចាប់អារម្មណ៍ ទៅលើ​សារសំខាន់ ផ្នែក​ប្រវត្តិសាស្ត្រ របស់​អន្លង់វែង និង​ទៅលើ​ចំណុច​គោល នៃ​សន្តិភាព សន្តិសុខ និង​វិបុលភាព របស់​ប្រទេស​កម្ពុជា​” ។

​អន្លង់វែង គឺជា​តំបន់​តស៊ូ​ចុងក្រោយ របស់​ខ្មែរក្រហម ប៉ុន្តែ​តំបន់​នេះ ក៏​ជា​ចំណុច​របត់​និមិត្តរូប​មួយ នៃ​ការ​ងើប​ចេញពី​អតីតកាល ដ៏​សោកសង្រេង​របស់ កម្ពុជា​ដែរ​។ ការធ្វើសមាហរណកម្ម​របស់​តំបន់​នេះ គឺ​មានន័យ​ស្មើនឹង​ការចាប់ផ្តើម​សាជាថ្មី សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ដែរ​ដែល​បានបញ្ចប់​នូវ រយៈកាល​ជាង បី​ទសវត្សរ៍​នៃ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​។ អន្លង់វែង បង្កប់​នូវ​ភាពអាថ៌កំបាំង ដំណើរ​ផ្សងព្រេង សម្រស់​ធម្មជាតិ និង​ហានិភ័យ​ខ្លះៗ​ដែរ​។ តំបន់​នេះ ធ្លាប់ជា​ចំណុច​ជួរមុខ​នៃ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​តំបន់​ព្រៃស្រោង​មួយចំនួន នៅតែ​មិនអាច​ចូលទៅ​ដល់ ដោយសារតែ​គ្រាប់មីន​ជាដើម​។​

​សៀវភៅ​មគ្គុទ្ទេសក៍ មុនៗ បាន​ពណ៌នា​ពី​តំបន់​អន្លង់វែង​ថា ជា​គោលដៅ នៃ​ដំណើរ​ផ្សងព្រេង យ៉ាង​ប្រថុយប្រថាន ដោយ​តំបន់​នេះ បែរជា​ទទួលបាន​នូវ សុខ​សុវត្ថិភាព និង​សន្តិភាព ដែល​មិន​នឹកស្មាន​ដល់​៕v