​ព្រឹទ្ធសភា​បើក​សម័យប្រជុំ​លើក​ទី​២​នីតិកាល​ទី​៤

1040
ចែករម្លែក

​ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា​នីតិកាល​ទី​៤​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ស៊ឹម​កា​ប្រធានស្តីទី​ព្រឹទ្ធសភា​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​ដោយ​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​៥៣​រូប​។​

​សម័យប្រជុំ​លើក​ទី​២​នេះ​បាន​ដំណើរការ​ដោយមាន​របៀបវារៈ​តែមួយ​គឺ​ស្តា​ប់របាយ​-​ការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៤​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការ​ព្រឹ​ទ្ឋ​សភា​។

​ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​ព្រឹទ្ធសភា​រយៈពេល​បី​ខែ​នេះ​ថ្នាក់ដឹកនាំ​គណៈ​ក​ម្មា​-​ធិ​ការ​អចិន្ត្រៃយ៍​គណៈកម្មការ​នា​នា​ក្រុម​សមាជិកា​ព្រឹទ្ធសភា​ក្រុម​ភូមិភាគ​និង​ក្រុម​នានា​ព្រមទាំង​សមាជិក​សមាជិកា​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បានរួម​គ្នា​ខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន​។ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ ។​

​ព្រឹទ្ធសភា​បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​២​លើក​ដើម្បី​រៀបចំ​របៀបវារៈ​និង​កំណត់​កាលបរិច្ឆេទ​ប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ​និង​បើក​សម័យប្រជុំ​លើក​ទី​២​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​ព្រឹទ្ធសភា​បាន​ប្រជុំ​វិសាមញ្ញ​ចំនួន​១​លើក​ដើម្បី​ប្រកាស​ទទួលស្គាល់​សមាជិក​ព្រឹទ្ធសភា​ថ្មី​នីតិកាល​ទី​៤​និង​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ទី​១ ព្រឹទ្ធសភា នីតិកាល​ទី​៤​។​

​ព្រឹទ្ធសភា​បានទទួល​ពាក្យបណ្តឹង​ចំនួន​១៣​ករណី ធ្វើលិខិត​អន្តរាគមន៍​ទៅ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​ចំនួន​៥​ករណី ទទួល​លិខិត​ឆ្លើយតប​ពី​ការដោះស្រាយ​ពាក្យបណ្តឹង​ចំនួន​២​ករណី ។​ធ្វើ​កំណត់​បង្ហាញ​ពាក្យបណ្តឹង​ចំនួន​២​ករណី ទទួល​ឯកសារ​ជូនជ្រាប​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចម្លងជូន​ព្រឹទ្ធសភា​ចំនួន​១៩​ករណី ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​អំពី​ចំណាត់ការ​របស់​គណៈកម្មកា​រ ចំនួន​២​ករណី​ព្រមទាំង​ធ្វើលិខិត​រំលឹក​ជំរុញ​ការដោះស្រាយ​ពាក្យបណ្តឹង​បាន​ចំនួន​២​ករណី​។​

​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​នានា បាន​អញ្ជើញ​ចុះ​ឈ្វេងយល់​អំពី​វឌ្ឍនភាព ព្រមទាំង​ផ្តល់ និង​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​អំពី បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ១០​លើក នៅ​ខេត្តព្រៃវែង តាកែវ កំពត កែប ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន ឧ​ត្ត​រ​-​មានជ័យ សៀមរាប និង​រាជធានី​ភ្នំពេញ ។

​ក្រៅពីនេះ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅតាម​បណ្តា​រាជធានី​ខេត្ត និង​សម្ពោធ​អណ្តូងទឹក​ស្អាត​ចំនួន​២​កន្លែង នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

ក្រុម​សមាជិកា​ព្រឹទ្ធសភា​បានរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ស្តីពី​ពង្រឹង​ភាពជា​តំណាង​របស់​សមាជិកា​ព្រឹទ្ធសភា​និង​សមាជិកា​ក្រុមប្រឹក្សាឃុំ​សង្កាត់​(​ភូមិភាគ​ទី​៣​ខេត្តកណ្តាល​)​។​នៅក្នុង​ការងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ព្រឹទ្ធសភា​បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត​កិច្ចប្រជុំ​អន្តរជាតិ​វេទិកា​និង​ទស្សនកិច្ច​ផ្លូវការ​នានា​ចំនួន​១១​លើក​។

នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​១​និង​លើក​ទី​២​គណៈកម្មការ​នានា​រប​ស់​ព្រឹទ្ធសភា​បាន​យកចិត្តទុកដាក់​ខ្ពស់​តាមដាន​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ច្បាប់​និង​គោលនយោបាយ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ដាក់ឱ្យអនុវត្ត​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅលើ​គ្រប់​វិស័យ​របស់​ប្រជាជន​នៅ​ទូទាំងប្រទេស​។​

​ព្រឹទ្ធសភា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​និង​សមិទ្ធផល​ដ៏​ធំធេង​លើ​គ្រប់​វិស័យ​ដែល​រាជរដ្ឋាភិបាល​ខិតខំ​សម្រេចបាន​ដោយ​សកម្ម​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​ប្រសិទ្ធភាព​និង​គុណភាព​មួយ​ថ្មី​ដែល​ឈរលើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​ជាពិសេស​ការតម្រង់ទិស​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​

​ព្រឹទ្ធសភា​សូម​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ដ៏​ថ្លៃថ្លា​ពី​គ្រប់​មជ្ឈដ្ឋាន​និង​គ្រប់​ស្ថាប័ន​ជាពិសេស​ការចូលរួម​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​ប្រទេស​ជា​មិត្ត​និង​ដៃគូ​នានា​ដែល​ញុំ​ា​ង​ឱ្យ​ព្រឹទ្ធសភា​ដំណើរការ​ទៅមុខ​ដោយ​រលូន​និង​ល្អ​ប្រពៃ ៕S/​