​ព្រឹទ្ធសភា​ពិនិត្យ​និង​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​៤

1331
ចែករម្លែក
  • 22
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នេះ​បាន​បន្ត​សម័យប្រជុំ​លើក​ទី​១ ព្រឹទ្ធសភា​នីតិកាល​ទី​៤​ក្រោម​អធិបតីភាព​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥៩​រូប​មាន​វត្តមាន​នៅក្នុង​អង្គប្រជុំ​។​

​សម័យប្រជុំ​លើក​ទី​១​នេះ បាន​ដំណើរការ​តាមរបៀប​វារៈ​ចំនួន ៤ រួមមាន​៖១-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​។​​សេចក្តីព្រាងច្បាប់​នេះ បាន​តាក់តែងឡើង​ដោយមាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ការងារ គណនេយ្យភាព​របស់​រា​ជ​រដ្ឋាភិបាល​ចំពោះ​រដ្ឋសភានិង​ប្រជាពលរដ្ឋ ការទទួលខុសត្រូវរ​បស់​រាជរដ្ឋាភិបាល​និង​ការកំណត់​សមាសភាព​រាជរដ្ឋាភិបាល​ដែល​មានចែង​ក្នុង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​សង្គតិភាព​ជាមួយនឹង​រដ្ឋធម្មនុញ្ញ​។
​ ​
​សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍​ដល់​អង្គការនីតិប្រតិបត្តិ និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​មូលដ្ឋាន​គ្រប់គ្រាន់ យកទៅ​អនុវត្តតាម​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់ខ្លួន​បានល្អនិង​លើកកម្ពស់​ការទទួលខុសត្រូវ​ក្នុង​ការធានា​ការអនុវត្ត​ច្បាប់ ធានា​ការពារ​នីត្យានុកូលភាព ធានា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ ។ជាពិសេស​ធានា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាពនិង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​និង​រួមចំណែក​កសាងបាន​គ្រឹះ​ដ៏​រឹងមាំ​ក្នុងការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ​ក្នុងសង្គម​កម្ពុជា​។​
​ ​
​សេចក្តីព្រាងច្បាប់​នេះតាក់តែងឡើង​មាន​៩​ជំពូក ចែកចេញជា ៥៩​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាអនុម័ត​យល់ព្រម​ចំនួន១១១​សំឡេងនៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​។

​កិត្តិ​នីតិកោសល​បណ្ឌិតប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​២-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី សញ្ជាតិ​
​ ​
​សេចក្ដីព្រាងច្បាប់​នេះ មាន​គោលបំណង​ធានា​ការអនុវត្ត​ដែន​យុត្ថាធិការ​របស់​ព្រះរាជា​-​ណា​ចក្រ​កម្ពុជា ទៅលើ​រូបវន្ដបុគ្គល ដើម្បី​កំណត់​នូវ​សិទ្ធិ​ទទួលបាន និង​សិទ្ធិ​លះបង់​សញ្ជាតិ​ខ្មែរ ចំពោះ​ជន​ដែល​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​បរទេស និង​ដែល​បាន​បំពេញ តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ​។

សេចក្តីព្រាងច្បាប់​នេះ គឺជា​ឧបករណ៍​គតិយុត្ត​ដ៏​មាន​សារសំខាន់ ក្នុងការ​កំណត់​អំពី​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ស្មុំ​កូន​ពេញលេញ ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​អាពាហ៍ពិពាហ៍ ការទទួលបាន​សញ្ជាតិ​ខ្មែរ​ដោយ​សញ្ជាតូបនីយកម្ម ការបាត់បង់​សញ្ជាតិ និង​ការផ្តន្ទាទោស​ចំពោះ​ជន​ណា​ដែល​ផលិត កាន់កាប់ និង​ប្រើប្រាស់ ដោយ​ក្លែងបន្លំ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សេចក្ដីព្រាងច្បាប់​នេះ ជា​ក្របខ័ណ្ឌ​ច្បាប់​ដ៏​មាន​សារសំខាន់ ដែលមាន​លក្ខណៈ​សមស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ក្នុង​គោលដៅ​គ្រប់គ្រង​កិច្ចការ សញ្ជាតិ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ធានា​នូវ​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ភាពសមរម្យ ថ្លៃថ្នូរ ការពារ​សន្ដិភាព និង​ការពារ​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សេចក្តីព្រាងច្បាប់​ស្តីពី សញ្ជាតិ​នេះ តាក់តែងឡើង​មាន ១០​ជំពូក ចែកជា ៣៨​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១២​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​លើក​ទី​១០ នីតិ​-​កាល​ទី​៥​។​
​ ​
​លោក ព្រំ​សុខា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​អមដោយ​មន្ត្រីជាន់ខ្ពស់​និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ​និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​៣-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការ​អនុ​ម័​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី​
​ ​
​សេចក្តីព្រាងច្បាប់​នេះ បាន​តាក់តែងឡើង​មាន​គោលបំណង​ធ្វើឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ក្នុងការ ៖-​គ្រប់គ្រង អភិរក្ស និង​ស្តារ​ព្រៃឈើ​ឡើងវិញ​ប្រកបដោយ​និរន្តរភាព និង​បង្កើន​កាបូន ស្តុក​ព្រៃឈើ​-​កាត់បន្ថយ​ការបាត់បង់​គុណភាព​ដី​និង​ទប់ស្កាត់​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​ការបាត់បង់​ព្រៃឈើ​-​បង្កើន​សមត្ថភាព​តាមរយៈ​ការស្រាវជ្រាវ ការអភិវឌ្ឍ ការចែករំលែក​បទពិសោធ​ន៍ ការផ្ទេរ​បច្ចេកវិទ្យា ការអប់រំ និង​ការផ្លាស់ប្តូរ​កម្មវិធី​នានា​លើ​វិស័យ​ព្រៃឈើ​រវាង​បណ្តា​ភាគី​ពាក់ព័ន្ធ​-​បង្កើន​ភាពជា​ដៃគូ​រវាង​បណ្តា​ភាគី និង​ស្ថាប័ន​ដទៃទៀត​ក្នុងការ​អនុវត្ត​កិច្ច​សហ​ប្រតិ​- ប​ត្តិ​ការ ដោយ​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​ស្តីពី ព្រៃឈើ​។​
​ ​
​តាមរយៈ​ការផ្តល់​សច្ចាប័ន​លើ​សេចក្តីព្រាងច្បាប់​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព្រៃឈើ ក្រោម​កម្មវិធី​អង្គការ​អា​ហ្វូ​កូ​នេះ និង​កម្មវិធី​របស់​ម​ជ្ឈ​មណ្ឌល​សហប្រតិបត្តិ​ការ​ព្រៃឈើ​កូរ៉េ​-​មេគង្គ ដើម្បី​ធ្វើ​ការដាំដុះ និង​ស្តារ​គម្រប​ព្រៃឈើ​ឡើងវិញ ឆ្លើយតបបាន​ទៅនឹង​គោលនយោបាយ​វិស័យ​ព្រៃឈើ​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា​។

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១២​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​។​
​ ​
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

៤-​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣​មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ មាត្រា​៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៧០១/០៩ ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០១​។​

​ធនធាន​រ៉ែ គឺជា​សារធាតុ​ទាំងឡាយណា ទោះជា​ក្នុង​ទម្រង់​រឹង រាវ ឧស្ម័ន​ដែល​កកើតឡើង​ដោយ​ធម្មជាតិ​តាម​ដំណើរ​វិ​វត្ត​ភូគព្ភសាស្ត្រ ឬ​ជា​លទ្ធផល​នៃ​ការជីក​យក​ពី​ក្នុង​ដី លើដី ក្រោម​បាតសមុទ្រ មាន​ជាអាទិ៍ ធ្យូងថ្ម រ៉ែ​អ​លោហៈ រ៉ែ​លោហៈ ទឹកខនិជ ថ្ម ក្រួស ខ្សាច់ ដីឥដ្ឋ ប្រេងកាត និង​ឧស្ម័ន​។​

​សេចក្តីព្រាងច្បាប់​នេះ នឹង​ជំរុញ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែម ទៀត ក៏ដូចជា ការកាត់បន្ថយ​ជា​អតិបរិមា​នូវ​គ្រប់​រូបភាព នៃ​បទល្មើស​ក្នុង​វិស័យ​រ៉ែ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សំដៅ​បង្កើន​ចំណូល​ថវិកាជាតិ ។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ០២​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា​ណា​-​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១២​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​។

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​តំណាង​រាជរដ្ឋាភិបាល បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៩​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕S/

ចំណងជើង​រូបថត​៖​ព្រឹទ្ធសភា​បាន​ពិនិត្យ​និង​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​ចំណួន​៤​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨