​ព្រឹទ្ធាចារ្យ​ប្រដាល់ ២០ រូប ត្រូវបានតែងតាំង ជា​អ្នក​ជួយផ្ដល់​យោបល់​

456
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ថ្មីៗ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានសម្រេច​ចិត្ត តែងតាំង ព្រឹទ្ធាចារ្យ ២០ រូប ធ្វើជា​អ្នក​ជួយផ្ដល់​យោបល់ អប់រំ​ពង្រឹងសមត្ថភាព កីឡាប្រដាល់​គុន​ខ្មែរ​។​

​ព្រឹទ្ធាចារ្យ​ទាំង ២០ រូបនោះ សុទ្ធតែជា​អ្នក​ធ្លាប់​ពាក់ព័ន្ធ ជាមួយ​ប្រដាល់ ដែល​ខ្លះ​ធ្លាប់ ជា​មន្ត្រី​បច្ចេកទេស ខ្លះ​ជា​គ្រូបង្វឹក ហើយក៏​មាន​ខ្លះ ជា​អតីត​កីឡាប្រដាល់ ទៀតផង ។​

​នៅក្នុង​សេចក្ដីប្រកាស​តែងតាំង​នោះ បាន​បញ្ជាក់ថា ព្រឹទ្ធាចារ្យ​ទាំង ២០ រូបនេះ មាន​សិទ្ធិ​ពេញលេញ ក្នុងការ​ផ្ដល់យោបល់ និង​បទពិសោធន៍ បានជា​មូលដ្ឋាន ដល់​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី គ្រប់​បណ្ដា​សមាគម​-​ក្លិប នូវ​ចំណេះដឹង ដើម្បី​ពង្រឹងគុណភាព បច្ចេកទេស ក្បាច់គុន​ខ្មែរ​យើង ឲ្យ​មានការ​អភិវឌ្ឍ និង​រីកចម្រើន ។ ព្រឹទ្ធាចារ្យ​ទាំង ២០ រូបនេះ ត្រូវបំពេញ​ការងារ ដោយ​ស្ម័គ្រចិត្ត ។​

​ព្រឹទ្ធាចារ្យ ទាំង ២០ រូបនោះ មាន​លោក ខុង គឹម​ស៊ិន -​លោក គង់ ឌៀប -​លោក​ប៊ូ វិ​ឡុង -​លោក​ឈិ​ត សារឹម -​លោក​ខាត់ ភិន -​លោក​ឆោម ឆា​រី -​លោក​ញ៉ូ​វ ម៉ាក់ -​លោក​សៅ ធិ​ន -​លោក​ហង្ស ស៊ឺន -​លោក​អ៊ូ សាត -​សេក គឹម​សន -​លោក​ហួត ហុក -​លោក​ផង់ ចិន្តា -​សឿ​ម សឿ​ប -​លោក​ចាន់ ប៊ុនធឿន -​លោក​ឈួន ណា​រិ​ទ្ធ -​លោក​ម៉ែន យូ​ហាក់ -​លោក​សុខ វិជ័យ -​លោក​តេង សុខ និង លោក​ផុន ដាំ​ផា ។​

​ព្រឹទ្ធាចារ្យ​ទាំង ២០ រូប​ខាងលើនេះ ម្នាក់ៗ សុទ្ធតែ​ឆ្លងកាត់ និង​ប្រឡូក​ជាមួយ​កីឡាប្រដាល់ សឹងតែ​មួយជីវិត របស់​ពួកគាត់ ដែល​បច្ចុប្បន្ន មាន​អាយុ ចាប់ពី​ក្រោម ៧០ ឆ្នាំ ដល់​ជិត ៨០ ឆ្នាំ​ហើយ​នោះ​៕v

ទិដ្ឋភាព​ប្រគល់​លិខិត​តែងតាំង​