​ព្រៃកោងកាង​ជាង​៨​ហិកតា​ត្រូវ​ជនខិលខូច​កំពុង​លួច​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​

682
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​តំបន់​ដី​ព្រៃកោងកាង​និង​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​អភិរក្ស​ការពារ​ជាប់​អនុ​ក្រិ​ត្យ​លេខ​៨០​ជាង​៧​ហិកតា​កំពុង​ត្រូវ​ជនខិលខូច​លួច​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ទាំង​បំពាន​ច្បាប់​។​ដីព្រៃ​នោះ​ស្ថិតនៅ​ភូមិ​ស្មាច់មានជ័យ​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង​។

សកម្មភាព​លួច​កាប់​ទន្ទ្រាន​ដីព្រៃ​ហាមឃាត់​នេះ​អាជ្ញាធរ​និង​មន្ទីរ​បរិស្ថាន​អះអាងថា​មាន​វិធានការ​ហើយ​។​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើ​បានឱ្យដឹង​នៅ​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​ថា​ប៉ុន្មាន​សប្តាហ៍​នេះ​ពួកគាត់​សង្កេតឃើញ​មាន​ជនខិលខូច​ដែលមាន​អំណាច​ចំនួន​២​រូប​។​ជន​នោះ​បានដាក់​គ្រឿងចក្រ​ជីក​ឈូសឆាយ​និង​ដឹក​ដី​ចាក់​បំពេញ​លើ​ព្រៃកោងកាង​និង​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​ការពារ​ប្រមាណ​ជាង​៨​ហិកតា យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ដោយ​ជនខិលខូច​ទាំងនោះ អះអាងថា ពួកគេ​មាន​ឯកសារ​ទិញ​លក់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ភូមិ និង​សង្កាត់​។

​ផ្ទុយ​មកវិញ​ដីព្រៃ​លិច​ទឹក​និង​ដើម​កោង​កាង​តូចធំ​ស្ថិតនៅក្នុង​តំបន់​ការពារ​ហាមឃាត់​បន្ទាប់​លួច​ចាក់ដី​រួចរាល់​ជន​មានអំណាច​ទាំងនោះ​បាន​ជួល​គេ​ដាំ​ដើម​ដូង​ធំៗ​និង​ស្មៅ​ក្នុង​១​ថ្ងៃ​៤​ម៉ឺន​រៀល​ក្រោមរូបភាពបន្លំភ្នែកសាធារណជន​ថា ជា​ដី​អាច​ប្រើប្រាស់​បាន​។​

​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់ថា​ពួកគាត់​មិន​ហ៊ាន​ប្រាប់​ឈ្មោះ​ជនខិលខូច​ទាំងពីរ​នាក់​នោះទេ​។​ព្រោះ​ពួកគាត់​ជា​ពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ខ្លាច​គេ​ធ្វើបាប​ទៅ​ថ្ងៃ​មុខក្រោយ​រាយការណ៍​នេះ​ទៅ​អ្នកសារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​។​ពលរដ្ឋ​ធ្លាប់​ទទួល​ចំណូល​បន្តិចបន្តួច​ពី​ការរក​ក្តាម​ខ្យង​និង​ត្រី​ក្នុង​តំបន់​ខាងលើ​ដើម្បី​រកប្រាក់​មក​ចិញ្ចឹម​ជីវភាព​គ្រួសារ​តាំងតែ ពី​ឆ្នាំ​១៩៩០​មកម្ល៉េះ​។​

​ប្រសិនបើ​ព្រៃកោងកាង ត្រូវគេ​បំផ្លាញ​យ៉ាង​ដូច្នេះ​ថា​តើ​ឱ្យ​រំពឹង​អី្វ​?​គឺ​មានតែ​ស្នើសុំ​លោកស្រី​មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ចុះ​មាន​វិធានការ​បង្ក្រាប និង​ដោះស្រាយ​ជាបន្ទាន់​ផង​។​សាធារណជន នៅចាំ​បាន​ថា​កាលពី​២០១៧​អា​ណិ​ត្ត​លោក​ប៊ុនលី​ត​អតីត​អភិបាល​ខេត្តកោះកុង​នៅ​គ្រប់គ្រង​រដ្ឋបាល ដីព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង​ភូមិ​ស្មាច់មានជ័យ​ធ្លា​ប់រង​ការទន្ទ្រាន​ឈូ​ល​ឆាយ​ធ្វើជា​កម្មសិទ្ធិឯកជន​ម្តង​រួចមកហើយ​។

ប៉ុន្តែ​ត្រូវមាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​និង​មន្ទីរជំនាញ​ចុះបង្ក្រាប​និង​ទប់ស្កាត់​មិនឱ្យ​កើតមាន​សកម្មភាព​ល្មើសច្បាប់​បន្តទៀត​ឡើយ​។​ជាក់ស្តែង​ទើបតែ​ប៉ុន្មាន​សប្តាហ៍​ក្នុង​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​នេះ​តំបន់​ខាងលើ​រង​ការរំលោភបំពាន​ជា​លើក​ទី​២​ដែល​ឈ្នួ​ញ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​។​

តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ​ភាគ​ខាងជើង​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​ជា​តំបន់​ចម្រូងចម្រាស​មួយ​ចំពោះ​ការស្នើសុំ​ទៅ​ក្រសួងបរិស្ថាន​និង​រាជរដ្ឋាភិបាល​កម្ពុជា​ពី​អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​ដើម្បី​កាត់ចេញ​អនុក្រឹត្យ​លេខ​៨០​លើ​ផ្តល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​និង​អាស្រ័យ​ផល​ជាក់ស្តែង​។​ខណៈ​គ្មាន​អាជ្ញាធរខេត្ត​ក្រុង​ឬ​មន្ទីរជំនាញ​ណាមួយ​ហ៊ាន​ទទួល​ចុះហត្ថលេខា​ទទួលស្គាល់​លើ​ឯកសារ​ទិញ​លក់​ផ្លូវការ​នោះទេ​។​

ទាក់ទិន​នឹង​ការទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង​នេះដែរ​លោក​ម៉ន​ផល្លា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង​លើកឡើងថា​ការចាក់​លួច​ដី​លុប​ប្រឡាយ​ធម្មជាតិ​និង​ព្រៃកោងកាង​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ​បាន​កើតមាន​តាំងពី​ឆ្នាំ​២០០៧​គឺ​ពុំមែន​ទើបតែ​កើតមាន​ពេលនេះ​ទេ​។​ដោយ​ជាគោលការណ៍​មាន​ទីតាំង​ខ្លះ​អនុគ្រោះ​ឱ្យប្រើ​ប្រាស់​តែ​គ្មាន​ឯកសារ​ទទួល​ស្គាល់ផ្លូវ​កា​រលើ​ប្លង់រឹង​ទេ និង​ទីតាំង​ខ្លះទៀត មិនអាច​យក​ធ្វើជា​កម្មសិទ្ធិ​ប្រើប្រាស់​បានឡើយ​។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង អះអាងថា លោក​នឹង​សហការ​ជាមួយ​មន្ទីរជំនាញ និង​អាជ្ញាធរខេត្ត ក្រុង សង្កាត់ ចុះ​ពិនិត្យមើល​ទីតាំង​ដែល​គេ​រំលោភបំពាន និង​មាន​វិធានការ​តាមច្បាប់​បរិស្ថាន​។ តំបន់​ដែល​ជនខិលខូច​លួច​ចាក់ដី​លុប​ខាងលើ​ពិតជា​ស្ថិតក្នុង​តំបន់​ការពារ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​អនុក្រឹត្យ​លេខ​៨០ មែន​។

​លោក​សុខ​សុ​ទ្ធី​អភិបាលរង​ខេត្ត​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​បានឱ្យដឹងថា​លោក​ក៏បាន​ទទួល​ព័ត៌មាន​អំពី​ការចាក់ដី​លុប​ព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង​ក្នុង​តំបន់​ការពារ​តា​តៃ​ហើយ​ដែរ​។​ដោយ​បច្ចុប្បន្ន​លោក​កំពុង​កំណត់ពេល​វ​លា​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង​នៃ​ការរំលោភបំពាន​សម្បត្តិ​រដ្ឋ​ព្រមទាំង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​អ្នក​លួច​បំពាន​។​

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្តកោះកុង លោក មាន ព្រហ្ម​មុនី បាន​យល់ឃើញថា ករណី​ចាក់ដី​លុប​អូរ​ព្រៃកោងកាង​និង​ដី​ចំណី​ព្រែក​កើតមាន​ច្រើន​ខណៈ​តម្លៃ​អចលនទ្រព្យ​ដីធ្លី​នៅក្នុង​ខេត្ត​មាន​ទីផ្សារ​ទិញ​លក់​សម្រាប់​ការអភិវឌ្ឍន៍​អ្វីមួយ​។​

អ្វីដែល​លោក​កត់សម្គាល់ថា​នៅពេលដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​និង​រកឃើញថា​ពិត​មានការ​រំលោភបំពាន​ដីព្រៃ​លិច​ទឹក​កោង​កាង​និង​ចំណី​ព្រែក​ហើយ​កម្រ​ឃើញ​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​ណាស់​។​

​បញ្ហា​នេះ​ធ្វើឱ្យ​ចំណាត់ការ​ផ្នែក​ច្បាប់​ហាក់​ពុំមាន​ប្រសិទ្ធភាព​ចំពោះ​ជនល្មើស​។​រីឯ​លោក​ឈេ​ង​សុ​វណ្ណដា​អភិបាលក្រុង​ខេមរភូមិន្ទ​អះអាងថា​លោក​បានត្រឹមតែ​រង់ចាំ​សហការ​ជាមួយ​មន្ទីរជំនាញ​ដើម្បី​មាន​ចំណាត់ការ​លើ​បញ្ហា​នេះ​ដោយ​ករណី​ជីក​ប្រឡាយ​ព្រែក​ធ្វើ​ឃឿន​យក​ដី​រដ្ឋ​ជា​កម្មសិទ្ធិ​កើតមាន​មុន​លោក​ឡើងកាន់តំណែង​ម្ល៉េះ​។

​ទោះយ៉ាងណា​លោក​មិនអាច​បង្ហាញ​ឱ្យ​ច្បាស់លាស់​ទេ​ថា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​១​និង​ភូមិ​ស្មាច់មានជ័យ​មាន​ចំនួន​ប៉ុន្មាន​នាក់​និង​កំពុង​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ផ្ទៃដី​ប៉ុន្មាន​ដែល​គ្រោង​ស្នើសុំ​ទៅ​ក្រសួងបរិស្ថាន និង​រដ្ឋាភិបាល​កាត់​ចេញពី​តំបន់​អភិរក្ស​តា​តៃ អនុក្រឹត្យ​លេខ​៨០៕S/​