​ព្រៃឈើ និង​យោធា​ខ្មែរក្រហម​

1844
ចែករម្លែក

ដោយ​: ផាត ចាន់​សុ​និ​តា
​ភ្នំពេញ​:
ព្រៃឈើ​បាន​ផ្តល់នូវ​ជីវៈចម្រុះ​ដ៏​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​របស់​មនុស្ស សត្វ​នៅលើ​ផែនដី​។ ព្រៃឈើ​បាន​ដើរតួនាទី​ដ៏​មាន​សារសំខាន់​ក្នុងការ​ថែរក្សា​ការប្រែប្រួល​អាកា​សស​ធាតុ ផ្តល់​ជា​អាហារ ជា​ម្លប់ និង​ជា​ជម្រក​សម្រាប់​មនុស្ស​សត្វ​ជ្រកកោណ​។ ប្រទេស​កម្ពុជា​សម្បូ​ណ៍​ទៅដោយ​សត្វព្រៃ និង​ដើមឈើ​គ្រប់​ប្រភេទ ក្នុងចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។
​ធនធានធម្មជាតិ​ទាំងនេះ​បានធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រស់នៅ​បាន​យ៉ាង​ងាយស្រួល​។​ក្រោយមក​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ​ដោយ​ការ​សឹករេចរឹល ការកាប់​រាន និង​សង្គ្រាម​។​បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​ខ្មែរក្រហម​បាន​បង្កើត​កម្លាំង​ឧទ្ទាម​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគខាងត្បូង និង​ខាងលិច ព្រមទាំង​នៅតាម​បណ្តោយ​ភ្នំ​ដងរែក​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​។​

ពិធី​សមាហរណកម្ម​ជា​ផ្លូវការ​ពេលដែល​យោធា​ខ្មែរក្រហម ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ស្រុក​អន្លង់វែង នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​១៩៩៩

​នៅ​ទីនោះ​កងកម្លាំង​ឧទ្ទាម​ខ្មែរក្រហម បានទទួល​ជំនួយ​ពី​ក្រៅប្រទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដែល​គាំទ្រ​ដោយ​ប្រទេស​វៀតណាម​។ ក្រោយមក​សហគមន៍​អន្តរជាតិ​ក៏បាន​ផ្តាច់ជំនួយ​ពី​កងកម្លាំង​ឧទ្ទាម​ខ្មែរក្រហម ដែល​ធ្វើ​ឲ្យ​ខ្មែរក្រហម​កាប់​ព្រៃឈើ​កាន់តែ​ច្រើនឡើង​លក់​ទៅ​ឲ្យ​ឈ្មួញ​ថៃ ដើម្បី​យកលុយ​មក​ទិញ​ម្ហូបអាហារ សម្ភារ​ប្រើប្រាស់ និង​អាវុធ​សម្រាប់​កងទ័ព​។

​គឹម ណន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ អតីត​យោធា​ខ្មែរក្រហម មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​រៀបរាប់​ពី​ជីវិត​នៅក្នុង​ព្រៃ និង​ការងារ​ជា​យោធា​ថា ខ្ញុំ​បាន​ចូល​ធ្វើជា​យោធា​ខ្មែរក្រហម​តាំងពី​អាយុ​១៤​ឆ្នាំ នៅ​ស្រុកកំណើត​ក្នុង​ខេត្តសៀមរាប​។ អំឡុងពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្ញុំ​ក៏ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ទៅ​ប្រចាំការ​នៅ​អង្គភាព​កាំភ្លើង​ធំ​។ ពេលនោះ​ខ្ញុំ​បាន​ដាំ​ដំណាំ​សម្រាប់​ហូប ដូចជា ឪឡឹក ម្នាស់ និង​ដំណាំ​ផ្សេងៗ​ទៀត​។ ក្រៅពីនោះ ខ្ញុំ​បាន​ចិញ្ចឹម​ជ្រូក មាន់ ទា ថែមទៀត​។ ខ្ញុំ​មាន​អាហារ​សម្រាប់​ហូបចុក​គ្រប់គ្រាន់​មិន​ខុសពី​សព្វថ្ងៃនេះ​ទេ ដោយ​ក្នុង​មួយថ្ងៃ​ខ្ញុំ​ហូបបាយ​បី​ពេល​។ ខ្ញុំ​មិនបាន​ដឹងថា ឪពុកម្តាយ បងប្អូន សាច់ញាតិ និង​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ពុំមាន​អាហារ​ហូប​ទេ​។ អំឡុង​ពេលនោះ ខ្ញុំ​គិតថា​ប្រជាជន​ខ្មែរ​មាន​របប​អាហារ​ហូប​គ្រប់គ្រាន់​ដូច​នៅ​អង្គភាព​របស់ខ្ញុំ ព្រោះ​អង្គការ​បាន​ប្រាប់ថា​ប្រជាជន​ទទួលបាន​របប​អាហារ​ហូបចុក​បរិបូ​ណ៍​គ្រប់ៗ​គ្នា​។​

រូបថត​ព្រៃឈើ​ដែល​នៅសល់​នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ខេត្ត​ឧ​ត្ត​រ​មានជ័យ ថត​ពីលើ​អាកាស

​រហូតមកដល់​ឆ្នាំ​១៩៧៩ ពេលដែល​កងទ័ព​វៀតណាម​ចូលមក ខ្ញុំ​ត្រូវបាន​ប្រធាន​កងពល​ខ្មែរក្រហម​បញ្ជូន​ឲ្យ​ទៅកាន់​កាំភ្លើង​ធំ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។ ពេល​ខ្ញុំ​ទៅដល់​ដំបូង ខ្ញុំ​មិនឃើញ​វត្តមាន​កងទ័ព​វៀតណាម​ទេ គឺ​ឃើញតែ​ព្រៃ​ត្បែង​ស្ងាត់ជ្រងំ​។ ស្រាប់តែ​ព្រឹក​ឡើង កងទ័ព​វៀតណាម​បាន​វាយ​សម្រុក​ចូលមក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ក៏​ចាប់ផ្តើម​ផ្ទុះឡើង​។ ប្រធាន​អង្គភាព​របស់ខ្ញុំ បាន​បញ្ជា​ឲ្យ​ខ្ញុំ​បាញ់​បណ្តើរ និង​ដកខ្លួន​បណ្តើរ​។ បន្ទាប់មក ក្រុម​របស់ខ្ញុំ​ក៏​បែកខ្ញែក​គ្នា​អស់​។ កងទ័ព​វៀតណាម​បាញ់រះ​មកលើ​ខ្សែត្រៀម​ខ្ញុំ​បី​យប់​បី​ថ្ងៃ​។ ខ្ញុំ​ស្ថិតនៅ​ក្នុងព្រៃ​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ឡាវ ដែលមាន​សភាព​ងងឹត​ឈឹង​មើលមិនឃើញ​ពន្លឺ​ថ្ងៃ​ឡើយ​។ ខ្ញុំ​ឮសូរ​តែ​សម្រែកសត្វ​ចចក ខ្លា ដំរី ស្រែក​កងរំពង​ពេញ​ព្រៃ​។ ខ្ញុំ​គិតក្នុងចិត្ត​ថា ជីវិត​ខ្ញុំ​ដែល​មិន​ស្លាប់​នៅពេល​វាយ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​បែ​ជា​មក​ត្រូវស្លាប់​ដោយសារ​សត្វ​ស៊ី​ទៅវិញ​។ សំណាងល្អ​ពេលនោះ ខ្ញុំ​អាច​ឡើងដើមឈើ​បាន ដូច្នេះ​ពេលយប់​ខ្ញុំ​ក៏បាន​ឡើងទៅ​ដេក​នៅលើ​ចុងឈើ​។ ខ្ញុំ​វង្វេង​នៅក្នុង​ព្រៃ​មិនដឹង​ទិស​តំបន់ ព្រោះ​ពេលនោះ​ព្រៃ​ក្រាស់​ខ្ញុំ​មិនអាច​មើលឃើញ​ជួរ​ភ្នំ​ដូច​បច្ចុប្បន្ន​ឡើយ​។ ក្រោយមក ខ្ញុំ​បានឮ​ស្នូរ​កាំភ្លើង​ផ្ទុះ ខ្ញុំ​បាន​ដោះ​ខោអាវ​ចេញពី​ខ្លួន​ហើយ​ដើរទៅ​វាល​មួយ ដោយ​ស្រែក​សួរថា «​បងៗ​នៅ​អង្គភាព​ណា​? »​។ អ្នក​ទាំងនោះ​ក៏បាន​បោយ​ដៃ​ហៅ​ខ្ញុំ​។ ពេល​ខ្ញុំ​ដើរចូល​ទៅជិត​ទើប​ដឹងថា ជា​កងទ័ព​វៀតណាម​។ ដោយសារ​ខ្ញុំ​ខ្លាច​កងទ័ព​វៀតណាម​ទាំងនោះ​សម្លាប់ ខ្ញុំ​ក៏​រត់​ចូល​ព្រៃ​វង្វេង​ពីរ​យប់​ពីរ​ថ្ងៃ​ទៀត​។ ក្រោយមក​ខ្ញុំ​ក៏បាន​ឮសូរ​សំឡេង​រថ​យន្ត ពេល​ខ្ញុំ​ចេញទៅ​លបមើល​ក៏​ដឹងថា​ជា​រថយន្ត​របស់​ខ្មែរក្រហម​។ ខ្ញុំ​អង្គុយចាំ​រថយន្ត​ខ្មែរក្រហម​ត្រឡប់មកវិញ រហូតដល់​ថ្ងៃ​រៀប​លិច​។ ខ្ញុំ​បាន​ជិះ​រថយន្ត​នោះ​ត្រឡប់​មកដល់​កងពល​កាំភ្លើង​ធំ​វិញ​។ ក្រោយមក កងទ័ព​វៀតណាម​បាន​វាយ​បណ្តេញ​យោធា​ខ្មែរក្រហម​រហូតមកដល់​ជើងភ្នំ​ដងរែក​ក្នុង​តំបន់​អន្លង់វែង​។

​ខ្ញុំ​បាន​រៀបការ​នៅក្នុង​ឆ្នាំ​១៩៨៣​។ មួយឆ្នាំ​ក្រោយមក​ខ្ញុំ​មានកូន​ម្នាក់ ប៉ុន្តែ​ខ្ញុំ​មិនបាន​រស់នៅ​ជុំគ្នា​ជាមួយ​ប្រពន្ធ​កូន​ទេ​។ នៅ​ឆ្នាំ​១៩៨៧ ប្រធាន​កងពល​បាន​ចាត់តាំង​ខ្ញុំ​ដឹកជញ្ជូន​គ្រាប់​ទៅ​ខេត្តសៀមរាប​។ ពេល​ត្រឡប់មកវិញ ខ្ញុំ​ក៏បាន​ជាន់មីន​ខ្យល់​ដែល​កងទ័ព​វៀតណាម​ដាក់​បង្កប់​នៅ​ម្តុំ​អូ​ស្មាច់​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង​។ ដោយសារ​ខ្ញុំ​ពិការ​ជើង​ម្ខាង តា​ម៉ុក ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅ​បិត​ចម្រូង​លើ​នៅលើ​ភ្នំ ជាមួយ​យោធា​ខ្មែរក្រហម​ដែល​ពិការ​ជាច្រើនរូប​ទៀត​។ ក្រៅពី​បិត​ចម្រូង តា​ម៉ុក បាន​ប្រើ​ខ្ញុំ​ឲ្យ​ដើរ​ដោត​ចម្រូង​ការពារ​ការ​រុលចូល​មកពី​សំណាក់​កងទ័ព​វៀតណាម រហូតដល់​អូរ​សំរោង​។ ខ្ញុំ​ទទួលបាន​ការផ្គត់ផ្គង់​របប​អង្ករ អំបិល ប្រហុក ត្រី សាច់​ផ្សេងៗ​ពី​ឃ្លាំង​របស់ តា​ម៉ុក​។

ដើមឈើ និង​វាលស្មៅ​ព្រេច នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​នៅ​ឆ្នាំ​១៩៨៩ ពេល​កងទ័ព​វៀតណាម​បាន​ដកចេញ​ទៅវិញ យោធា​ខ្មែរក្រហម​បាន​វាយ​រំដោះទឹកដី​ពី​កងទ័ព​រដ្ឋ​កម្ពុជា​មកវិញ​ខ្លះ​។ បន្ទាប់មក យោធា​ខ្មែរក្រហម​ក៏បាន​ចុះ​ពីលើ​ភ្នំ​ដងរែក​មក​រស់នៅ​ខាងក្រោម​វិញ​។ កងពល​លេខ​៧៨៥​របស់ខ្ញុំ​បាន​ចុះ​មកដល់​ក្រោម​មុន​កងពល​ផ្សេងទៀត ហើយ​ក៏បាន​សង់ផ្ទះ​រស់​នៅ​ម្តុំ​មន្ទីរ​ស្រុក​អន្លង់វែង​។ ពេលនោះ​ទិដ្ឋភាព​នៅ​ជើងភ្នំ​ដងរែក​នៃ​តំបន់​អន្លង់វែង​ស្រស់ស្អាត​យ៉ាងខ្លាំង ហើយ​សម្បូរ​ដោយ​ដើមឈើ​ធំៗ​មាន​ម្លប់​ត្រឈឹងត្រឈៃ ជាពិសេស​ដើមឈើ​ដែល​ដុះ​តាម​ដងអូរ​មាន​ទំហំ​រហូតដល់​ប៉ុន​កង់រទេះ​ដុះ​តម្រៀប​គ្នា​ណែនណាន់តាន់តាប់​។ ចំណែកឯ​សត្វព្រៃ និង​ត្រី​វិញ​មាននៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​នេះ​។ នៅ​មន្ទីរ​ស្រុក​អន្លង់វែង ក៏​សម្បូរ​ទៅដោយ​សត្វ​ដំរី​ធំៗ​ដែរ​។ គ្រួសារ​ខ្ញុំ និង​ប្រជាជន​ដទៃទៀត​រស់នៅ​ដោយ​ពឹងផ្អែក​ទៅលើ​ប្រភពធនធាន​ធម្មជាតិ​ទាំងនេះ​។​

​ក្រោយមក​ព្រៃឈើ​ទាំងនេះ​ក៏​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ​ដោយសារតែ តា​ម៉ុក បាន​លក់​ឈើ​ទាំងនេះ​ទៅ​ឲ្យ​ឈ្មួញ​ថៃ​។ តា​ម៉ុក បាន​ហៅ​ឈ្មួញ​ទាំង​នោះមក​កាប់​ឈើ​ដោយផ្ទាល់​នៅក្នុង​តំបន់​អន្លង់វែង​នេះ​តែម្តង ដោយ​ក្នុង​មួយថ្ងៃៗ​មាន​ឡាន​ប្រមាណ​៥០​ទៅ​៦០​គ្រឿង បាន​ដឹកឈើ​រាប់ម៉ឺន​គីប​ទាំងថ្ងៃទាំងយប់​នាំ​ចេញទៅ​ប្រទេស​ថៃ​។ ឈើ​ដែល​កាប់​លក់​ទាំងនោះ មានដូចជា បេង ផ្ចឹក សុ​ក្រំ គគីរ ត្បែង និង​ឈើទាល​ជាដើម​។ តា​ម៉ុក​បាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​កាប់​ឈើ​លក់​គឺ​ដើម្បី​យកប្រាក់​ទៅ​ចិញ្ចឹម​កងទ័ព​។ នៅ​ឆ្នាំ​១៩៩៣ មានការ​រៀបចំ​បោះឆ្នោត​ដោយ​អ៊ុនតាក់​។ ខ្មែរក្រហម​បាន​បដិសេធ​មិន​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​បន្តធ្វើ​សង្គ្រាម​ទ័ពព្រៃ​ប្រឆាំង​រដ្ឋាភិបាល​ភ្នំពេញ​។ អំឡុង​ពេលនោះ​កងទ័ព​រដ្ឋាភិបាល​ភ្នំពេញ​បាន​វាយ​បណ្តេញ​កងទ័ព​ខ្មែរក្រហម​ឲ្យ​ឡើង​ទៅលើ​ភ្នំ​ម្តងទៀត​។ ខ្ញុំ​ក៏បាន​រត់ឡើង​ទៅលើ​ភ្នំ​ជាមួយ តា​ម៉ុក ដែរ​។ រហូតមកដល់​ឆ្នាំ​១៩៩៩ ទើប​ខ្ញុំ​បាន​ចុះមក​រស់នៅ​ឃុំ​ត្រពាំង​ត្រាវ ស្រុក​អន្លង់វែង​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​៕ ល​