​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត គឺជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​

423
ចែករម្លែក
  • 51
    Shares

​ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​: ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​មាន​ទំហំ​សរុប ៣០.២៥៦ ហិកតា លាតសន្ធឹង​ក្នុងស្រុក​ចំនួន​បី រួមមាន ស្រុក​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង​។ ព្រៃ​នេះ​ត្រូវបាន​ចាត់​ចូល​ជា​ព្រៃ​ដែល​ទទួលបាន​ការពារ តាមរយៈ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត គឺជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​

​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​សង្ឃដីកា​ថា «​តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត គឺជា​ព្រៃ​សេសសល់​ចុងក្រោយ​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​»​។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែមថា ពីមុន​តំបន់​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត ត្រូវបាន​ទន្ទ្រាន និង​កាប់​លក់​ទៅ​ឲ្យ​ឈ្មួញ ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​នេះ​ចាប់ផ្តើម​រេចរឹល​បន្តិច​ម្តងៗ ហើយ​ជម្រក​សត្វព្រៃ​ក៏បាន​បាត់បង់​ជា​បណ្តើរៗ​ដែរ​។ ដូច្នេះ​ព្រះអង្គ​ក៏​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​ថែរក្សា​ព្រៃ​នេះ និង​បាន​បំពេញ​ឯកសារ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ក្រសួង និង​រដ្ឋាភិបាល ដើម្បី​សុំ​សិទ្ធិ​ការពារ ថែរក្សា និង​អភិរក្ស​តំបន់​ព្រៃ​សហគមន៍​នេះ ចាប់តាំងពី​ឆ្នាំ​២០០១ មក​។ ព្រះអង្គ​បង្កើត​កម្មវិធី​ផ្សេងៗ​តាមបែប​សាសនា រួមមាន ការរៀបចំ​ពិធីបុណ្យ​ទាន ការ​បំបួស​ដើមឈើ​ដើម្បី​អប់រំ និង​ណែនាំ​ប្រជាជន​ក្នុង​សហគមន៍​អំពី​សារសំខាន់​នៃ​ព្រៃឈើ​។ សព្វថ្ងៃ​ព្រះអង្គ​សង់​ទីស្នាក់ការ​ចំនួន​៧​កន្លែង​សម្រាប់​ឃ្លាំមើល​ព្រៃឈើ ដោយ​ទីស្នាក់ការ​នីមួយៗ​មាន​កម្លាំង​យាមល្បាត​ចំនួន​៣-៤​នាក់ រួមមាន ទាំង​ព្រះសង្ឃ​។

​ព្រះ​តេជគុណ ប៊ុន សា​លួត មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​(​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ទោះបីជា​ជួប​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការបំពេញ​ការងារ​កន្ល​ង​មក ក៏​ព្រះអង្គ​មិនដែល​មានចិត្ត​រុញ​រា ឬ​ចង់​បញ្ឈប់​សកម្មភាព​របស់​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ស្រឡាញ់​ធម្មជាតិ និង​ចង់​អភិរក្ស​តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ចម្រុះ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មកពី​គ្រប់​ទីកន្លែង​ឲ្យ​ចូលមក​ដើរ​កម្សាន្ត​នៅក្នុង​ព្រៃ​នេះ​។ ជិត​២០​ឆ្នាំ​កន្លងមកនេះ ព្រះអង្គ​បាន​ខិតខំ​អភិរក្ស​តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​នេះ ហើយ​ជា​លទ្ធផល សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​ក៏បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យ​ផល​ពី​អនុផល​ព្រៃឈើ​ក្នុង​តំបន់​នេះ​ចំនួន​ប្រាំបួន​ភូមិ ស្មើនឹង​ជិត​មួយរយ​គ្រួសារ​។ ជាពិសេស តំបន់​សហគមន៍​ព្រៃ​សង្ឃ​រុក្ខ​វ័​ន្ត​នេះ ក៏បានផ្តល់​ជាទី​ជម្រក​ដល់​សត្វព្រៃ​ជាច្រើន​សន្ធឹកសន្ធាប់​ដែរ​។ ព្រះអង្គ​សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹងមាន​ការយល់ដឹង​ច្រើន​អំពី​សារសំខាន់​នៃ​ព្រៃឈើ ព្រោះ​ព្រៃឈើ និង​មនុស្ស​ត្រូវតែមាន​ទំនាក់ទំនង និង​អាស្រ័យ​ផល​គ្នា​ទៅវិញទៅមក​។ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នឹងត្រូវ​បានការ​ពារ និង​ថែរក្សា​ដោយ​យកចិត្តទុកដាក់​ដើម្បី​រក្សា​ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​កាលពីមុន ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ក៏​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមខ្មែរក្រហម​ដែរ​។ យោធា​កម្មាភិបាល​ខ្មែរក្រហម និង​ប្រជាជន​ដែល​រត់​ភៀសខ្លួន​ពី​ការវាយប្រហារ​ពី​សំណាក់​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ បាន​រត់​មក​ប្រមូល​ផ្តុំគ្នា និង​រស់នៅ​ក្នុងព្រៃ​នេះ​។ ខ្មែរក្រហម​បាន​កេណ្ឌ​ប្រជាជន​រាប់ម៉ឺន​នាក់​ចូលមក​រស់នៅ​ក្នុងព្រៃ​នេះ និង​នៅលើ​ជួរ​ភ្នំ​ដងរែក (​លាតសន្ធឹង​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​) ឲ្យ​ចូល​ជា​យោធា​ដើម្បី​វាយ​ប្រយុទ្ធ​តទល់​នឹង​រដ្ឋាភិបាល​។ តំបន់​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ​សម្រាប់​ក្រុមខ្មែរក្រហម​លាក់ខ្លួន ព្រោះ​សម្បូរ​ណ៍​ទៅដោយ​ព្រៃឈើ​ក្រាស់ៗ និង​ជួរ​ភ្នំ​វែង​អន្លាយ​។ នៅ​អំឡុង​ពេលនោះ ខ្មែរក្រហម​ក៏បាន​កាប់​ឈើ​ពី​ក្នុងព្រៃ​នេះ​ដើម្បី​យកមក​សាងសង់​ផ្ទះ​សម្រាប់​យោធា សង់​មូលដ្ឋានទ័ព ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ ក្រោយមក យោធា​ខ្មែរក្រហម​បានចាប់ផ្តើម​កាប់​ព្រៃឈើ​កាន់តែច្រើន​ក្នុង​គោលបំណង​ដោះដូរ​ស្បៀង គ្រឿងឧបភោគ និង​សម្ភារ​ប្រើប្រាស់ ជាមួយ​ឈ្មួញ​ថៃ ដែល​បណ្តាល​ឲ្យ​ព្រៃឈើ​ជាច្រើន​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ រួមមាន ស្រុក​អន្លង់វែង ស្រុក​សំរោង និង​ស្រុក​ចុងកាល់ បាត់បង់​ជា​បន្តបន្ទាប់​។​

​ក្រោយមក ដោយសារ​តម្រូវការ​ឈើ និង​ការជួញដូរ​ឈើ​កាន់តែ​ច្រើនឡើង​ធ្វើ​ឲ្យ​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​នេះ​ទទួលរង​គ្រោះ​កាន់តែខ្លាំង​តាមរយៈ​ការកាប់​រំលំ ទោះបី​មាន​វិធានការ​ការពារ​ជា​បន្ត​បន្ទាប់ពី​អាជ្ញាធរ និង​រដ្ឋាភិបាល​ក៏ដោយ​។

​ព្រៃឈើ​បានផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​មនុស្ស និង​ជម្រក​សត្វព្រៃ​។ ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ និង​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​។ ព្រៃឈើ គឺជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ ដែល​ទំនាក់ទំនង​ជាមួយនឹង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស និង​សត្វ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម ការគ្រប់គ្រង និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​វិចារណញ្ញាណ ដើម្បី​ធានា​នូវ​តុល្យភាព​បរិស្ថាន ព្រមទាំង​ផ្តល់ឱកាស​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទទួលបាន​ផលប្រយោជន៍​ពី​ធនធាន​ទាំងអស់នេះ​។ ព្រៃឈើ​បាន​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ និង​សម្រស់​ស្រស់បំព្រង​ពណ៌​បៃតង ព្រមទាំង​បាន​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​៕ ល​