​ព្រះមហាក្សត្រ​កម្ពុជា​ស្តេចយាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ

658
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​តាម​ម​កម្មវិធី​ដែល​បានគ្រោង​ទុក និង​បើ​មិនមាន​ការប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ​នេះ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​នឹង​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ព្រះរាជទស្សនកិច្ច​រប​ស់​ព្រះមហាក្សត្រ​កម្ពុជា​នៅ​វៀតណាម គឺ​ចាប់ពី​ថ្ងៃទី​១៩-២០-២១ ខែធ្នូ ឆ្នាំ​២០១៨ តាម​ការ​សូម​យាង​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​។

​យោងតាម​ព្រះរាជ​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៨ ខែធ្នូ បាន​ព្រះរាជ​ខ្លឹមសារ​ថា ” ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូម​ព្រះអនុញ្ញាត​និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ និង​ព្រ​ញ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស​ថ្ងៃទី​១៩-២០-២១ ខែធ្នូ ឆ្នាំ​២០១៨ តទៅ​។ ដើម្បី​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ទីក្រុង Hanoiនិង​ទីក្រុង Danang នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម តាម​សំណើ​សូម​យាង​របស់​រាជរដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​”​។​

​នៅក្នុង​ព្រះរាជ​សារបាន​បញ្ជាក់ថា ” នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ដំណើរ​ព្រះមហាក្សត្រ​ស្តេច​នឹង​យាង​ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺមាន​ការជូន​ដំណើរ​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន , សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​រួមទាំង​សែ​រាជវង្សានុវង្ស​និង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ព្រះរាជ​បំពេញ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ស្តេចយាង​ទៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គឺ​បន្ទាប់ពី​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ថ្លែងថា ប្រទេស​វៀតណាម​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុង​ខែធ្នូ​ខាងមុខនេះ​។

​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨៕S/​