​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រី​យាង​សម្ពោធ «​អគារ​គន្ធបុប្ផា​-​សីហមុនី មុនិនាថ​» នៃ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​

395
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖ ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​និង​សម្ដេចព្រះ​មហាក្សត្រី មុនិនាថ សីហនុ​ នៅ​ព្រឹក​ថ្ងៃទី ១ ​ខែសីហា​ឆ្នាំ​២០១៩​នេះ​បាន​យាង​ជា​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​«​អគារ​គន្ធបុប្ផា​-​សីហមុនី មុនិនាថ​» នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ដែល​ស្ថិតនៅ​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

«​អគារ​គន្ធបុប្ផា​-​សីហមុនី មុនិនាថ​»នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ គឺជា​អគារ​វះកាត់​បេះដូង​នេះ​មាន​ទទឹង​ ៤០​ម៉ែត្រ បណ្តាយ ៥០​ម៉ែត្រ កម្ពស់​៣​ជាន់ ​ក្នុងទិសដៅ​ជួយសង្គ្រោះ​ដល់​អាយុជីវិត​កុមារ​មកពី​គ្រប់ទិសទី​ដែលមាន​បញ្ហា​បេះដូង​និង​ប្រព័ន្ធ​ប្រសាទ​។​អគារ​ថ្មី​នេះ​មាន​បន្ទប់​ចំនួន​៦ ​និង​អាចដាក់​គ្រែ​បាន​ចំនួន ​២០០និង ចំណាយ​ថវិកា​អស់​ប្រមាណ ៨ លានដុល្លារ​។ថវិកា​ទាំងអស់​បានមកពី​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​និង​បានមកពី​ព្រះរាជទាន​ ១ ​លាន​ដុល្លារ​អាម៉េរិក​ពី​ព្រះមហាក្សត្រ​កម្ពុជា​និង​សម្ដេចម៉ែ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ ។

​កន្លងមក​ ទារក​ខ្លះ​កើតមក​ភ្លាម​មាន​បញ្ហា​ប្រហោង​បេះដូង​ចាំ​ចាច់​ត្រូវបញ្ជូន​តាម​ឡាន​ទៅ​ព្យាបាល​នៅ​សៀមរាប ។ ប៉ុន្តែ​ចាប់ពី​ខែក្រោយ​ទៅ​មិនចាំបាច់​បញ្ជូនទៅ​សៀមរាប​ទៀត​ទេ ​គឺ​ធ្វើការ​វះកាត់​នៅ​ភ្នំពេញ​តែម្ដង​។​ក្នុង​មួយឆ្នាំៗ​មាន​កុមារ​រាប់ពាន់នាក់​ដែល​ត្រូវ​វះកាត់​ បើ​រង់ចាំ​យូរ​​ធ្វើឱ្យ​កុមារ​កាន់តែ​ធំ បេះដូង​កាន់តែ​រីក សរសៃឈាម​សួត​កាន់តែ​ក្រិន នោះ​អាច​បង្ក​ឲ្យ​មានការ​លំបាក​ក្នុង​ការវះកាត់។អគារ​ថ្មី​នេះ​ក៏មាន​ការវះកាត់​ប្រព័ន្ធ​ប្រាសាទ ​វះកាត់​ផ្នែក​ឆ្អឹង​និង​ការសង្គ្រោះ​បន្ទាន់​ទារក​និង​អាចមាន​បើក​ផ្នែក​ផ្សេង​បន្ថែមទៀតទៅ​ថ្ងៃ​ខាងមុខ​។ ប៉ុន្តែ​ជា​ជំហាន​ដំបូង​គឺ​វះកាត់​បេះដូង​កុមារ​ដោយមាន​ក្រុមគ្រូពេទ្យ​ឯកទេស​មកជួយ​បង្រៀន​ពី​ខេត្តសៀមរាប​ ​ខណៈ​ការវះកាត់​គឺអាចវះ​បាន​កុមារ​ម្នាក់​ក្នុង​មួយថ្ងៃ ។​

​គួរ​បញ្ជាក់ថា​៖​ ការវះកាត់​បេះដូង​និង​ប្រព័ន្ធ​ប្រសាទ​បាន​ដំណើរការ​ជិត​១០​ឆ្នាំ​មកហើយ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧​ក្នុង​ខេត្តសៀមរាប​។​ប៉ុន្តែ​ដោយសារ​តម្រូវការ​មានការ​កើនឡើង​​ ទើប​មូលនិធិ​គន្ធបុប្ផា​ស្វី​ស​សម្រេច​បង្កើត​ទីតាំង​បន្ថែម​មួយទៀត​នៅ​ភ្នំពេញ ។​

​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​វត្ត​មាននៅ​អំឡុង​ទសវត្ស​ឆ្នាំ១៩៧០ ហើយ​ត្រូវបាន​បិទទ្វារ​ទៅវិញ​នៅពេល​ខ្មែរក្រហម​ឡើងកាន់​អំណាច និងបាន​ចាប់ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​នាំ ១៩៩២ ក្រោម​ព្រះ​រាជ្យ​តម្រិះ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ​ខ្មែរ​និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វី​ស​ជា​ស្ថាបនិក​៕​Ha