​ព្រះរាជអាជ្ញា​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ​ប្តេជ្ញាចិត្ត​គោរព​រដ្ឋធម្មនុញ្ញ​

941
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហនុៈ​លោក​សៀង​សុខ​ព្រះរាជអាជ្ញា​ថ្មី​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​​ព្រះសីហនុ​បាន​ប្តេជ្ញាចិត្ត​គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​ព្រះរាជាណាចក្រ​កម្ពុជា​ច្បាប់​បទដ្ឋាន​គតិយុត្ត​ព្រមទាំង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត ។

​ការប្តេជ្ញាចិត្ត​របស់លោក​សៀង សុខ ជា​អតីត​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាពេលនេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នា​សាលាខេត្ត​ព្រះសីហនុ ។​ពិធី​ប្រកាស​ដំណែង​នេះ ធ្វើឡើង​ក្រោម​វត្តមាន​លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ព្រមទាំង​មន្ត្រី​អ្នក​មុខ អ្នកការ ជាច្រើនរូប​ទៀត ។

​លោក​អង្គ វង្ស វ​ឌ្ឍ​នា ថ្លែង​កោតសរសើរ​ចំពោះ​លោកស្រី ចា​ត សូរ​ស្មី ជា​ព្រះរាជអាជ្ញា​ចាស់​នៃ​តុលាការខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ផ្ទេរ​ទៅជា​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ អំពី​សមិទ្ធផល​ជាច្រើន ដើម្បី​យុត្តិធម៌​ក្នុង​ខេត្ត​ព្រះសីហនុ ។​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំរុញ​ឱ្យ​លោក សៀង សុខ ជា​ព្រះរាជអាជ្ញា​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ បន្ត​ការអនុវត្ត​ច្បាប់ ដោយ​តម្លាភាព និង យុត្តិធម៌ ដើម្បី​ចូលរួម​ផ្តល់​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ស្របតាម​ការចង់បាន​របស់​សង្គម និង រាជរដ្ឋាភិបាល​កម្ពុជា ។

​ជាមួយគ្នានេះ លោក សៀង សុខ ព្រះរាជអាជ្ញា​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ ប្តេជ្ញាចិត្ត​គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់ បទដ្ឋាន​គតិយុត្ត ព្រមទាំង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​គោលដៅ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​បន្ថែមទៀត ។

​លោក​សៀង សុខ បន្ត​ប្តេជ្ញា​អនុវត្ត​និង​គោរព​ក្រម​វិជ្ជាជីវៈ​ចៅក្រម ដើម្បី​ពង្រឹង​យុត្តិធម៌ ដើម្បី​ចៀសវាង​នូវ​អគតិ​ទាំង​៤ ព្រមទាំង​ប្តេជ្ញា​ថែរក្សា​សមិទ្ធផល​របស់​អយ្យកា​រ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​ទទួលបាន​កន្លង​មក និង បន្ត​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ។

​ជា​ចុងបញ្ចប់ លោក​សៀង សុខ ប្តេជ្ញា​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពិសេស​អាជ្ញាធរខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យមាន​តម្លាភាព និង យុត្តិធម៌ ជូន​ដល់​ប្រជាពលរដ្ឋ ៕S/​

​ព្រះរាជអាជ្ញា​ថ្មី​នៃ​ខេត្ត​ព្រះសីហនុ​ប្តេជ្ញាចិត្ត​គោរព​រដ្ឋធម្មនុញ្ញ​