​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្វាយ​គ្រឿង​ឥស្សរិយយស​ជូន​សម្តេច​នរោត្តម​សិរីវុឌ្ឍ​

432
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ លោក​ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ថ្វាយ​ជូន​គ្រឿង​ឥស្សរិយយស​ព្រះ​ចៅ​អធិរាជ​ជប៉ុន​GrandCordonoftheOrderoftheRisingSun​ថ្វាយ​សម្តេច​នរោត្តម​សិរិវុឌ្ឍ​អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​និវេសនដ្ឋាន​របស់លោក​។​

​ការថ្វាយ​ជូន​គ្រឿង​ឥស្សរិយយស​នេះ​ត្រូវបាន​សម្រេច​ដោយ​គណៈរ​ដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ថ្ងៃទី ២១ ខែឧសភា​ឆ្នាំ​២០១៩​ដើម្បី​ទទួលស្គាល់​ការរួមចំណែក​របស់​ស​ម្តេច​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​មិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា​។​ដោយឡែក​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ជប៉ុន​បានចេញ​លិខិត​កោតសរសើរ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​២​រូប​ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ​ដើម្បី​ជាការ​ទទួលស្គាល់​នូវ​ការរួមចំណែក​របស់​ពួកគាត់​លើ​ការជំរុញ​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ។​

​លោក​បណ្ឌិត​អ៊ុ​រ៉ាវី​សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ចូលរួមចំណែក​ជំរុញ​ការយោគយល់​គ្នា​រវាង​ជប៉ុន​និង​កម្ពុជា​ជាពិសេស​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​សាកលវិទ្យាល័យ​នៃ​ប្រទេស​ទាំងពីរ​និង​លោក​ឯក​ប៊ុន​ថា​អគ្គនាយករង​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ចូលរួមចំណែក​ជំរុញ​ការយោគយល់​គ្នា​រវាង​ជប៉ុន​និង​កម្ពុជា​ជាពិសេស​ការផ្លាស់ប្តូរ​ទំនាក់ទំនង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​

​ចំណែក​បុគ្គល​ឆ្នើម​ម្នាក់ទៀត​គឺជា​ជនជាតិ​ជប៉ុន​លោកតា​កា​កា​ហ្សឹ​យ៉ាម៉ាដា​សាស្ត្រាចារ្យ​ពិគ្រោះ​យោបល់​នៃ​មហាវិទ្យាល័យ​សិល្បៈ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​ជានា​យក​នៃ​សាលា​វិចិត្រសិល្បៈ​យ៉ាម៉ាដា​ព្រមទាំង​ជា​សមាជិក​នៃ​វិទ្យាស្ថាន​សិល្បៈ​ជប៉ុន​(​នី​ហុន​ប៊ី​ជ្សិ​ត្សឹ​អ៊ិន​)​បាន​ចូលរួមចំណែក​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​តាមរយៈ​សិល្បៈ​រវាង​ជប៉ុន​និង​កម្ពុជា​ជាពិសេស​លើកទឹកចិត្ត​វិចិត្រករ​កម្ពុជា​តាមរយៈ​ការអប់រំ​វិចិត្រសិល្បៈ​៕S/

​ចំណងជើង​រូបថត​៖​ព្រះ​ចៅ​អធិរាជ​ជប៉ុន ថ្វាយ​គ្រឿង​ឥស្សរិយយស​ជូន​សម្តេច នរោត្តម សិរីវុឌ្ឍ ខណៈ​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ជប៉ុន​បានចេញ​លិខិត​កោតសរសើរ​មន្ដ្រីជាន់ខ្ពស់​កម្ពុជា​២​រូប​